VOA News: ព័ត៌មាន: “តុលាការ​អ.ស.ប.​បាន​កាត់​ទោស​ប្រធាន​គុក​ខ្មែរ​ក្រហម​​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត” plus 3 more

VOA News: ព័ត៌មាន: “តុលាការ​អ.ស.ប.​បាន​កាត់​ទោស​ប្រធាន​គុក​ខ្មែរ​ក្រហម​​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត” plus 3 more


តុលាការ​អ.ស.ប.​បាន​កាត់​ទោស​ប្រធាន​គុក​ខ្មែរ​ក្រហម​​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត

Posted: 03 Feb 2012 07:56 AM PST

តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​គាំទ្រ​ដោយ​អ.ស.ប.​ក្នុង​ប្រទេស​កម្ពុជា​បាន​ចេញ​ដីកា​ឱ្យ​មេ​គុក​សំខាន់​ជាង​គេ​នៃ​ពួក​ខ្មែរ​ក្រហម​ចំណាយ​ពេល​វេលា​ដែល​នៅ​សេសសល់​ក្នុង​ជីវិត​របស់​គាត់​នៅ​ក្នុង​ពន្ធនាគារ​សម្រាប់​ឧក្រិដ្ឋកម្ម​ដែល​តុលាការ​នេះ​និយាយ​ថា​ជា​"ឧក្រឹដ្ឋកម្ម​មួយ​ក្នុង​ចំណោម​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​ដែល​បាន​កត់​ត្រា​ទុក"។

សេចក្តី​សម្រេច​​នេះ​បាន​បង្កើន​សាលក្រម​កាត់ទោស​មួយ​របស់​តុលាការ​ជាន់​ទាប​ដែល​បាន​កាត់​ទោស​ឱ្យ​គាត់​ជាប់​គុក​តែ​១៩​ឆ្នាំ​ដែល​បាន​ត្រូវ​តវ៉ា​ដោយ​ពួក​ព្រះរាជ​អាជ្ញា​ថា​ទោស​នេះ​ស្រាល​ពេក។

លោក គង់ ស្រ៊ីម (Kong Srim) ប្រធាន​ក្រុម​ជំនុំ​ជម្រះ​នេះ​បាន​និយាយ​នៅ​ពេល​អាន​សាលក្រម​​នេះ​ថា​លោក កាំង ហ្គេច អ៊ាវ (Kaing Guek Eav) ហៅ ឌុច ជា​បុគ្គល​ម្នាក់​ដែល​"សាហាវ​យង់​ឃ្នង" ដែល​សម​នឹង​ទទួល​"ទោស​ធ្ងន់​បំផុត​ដែល​មាន។"

តុលាការ​នេះ​បាន​ឱ្យ​ដឹង​ថា​​ឌុច​បាន​មើល​ការ​ខុស​ត្រូវ​ "រោងចក្រ​មរណៈ"​មួយ​នៅ​ឯ​គុក​ទួល​ស្លែង​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​ហើយ​គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដល់​ការ​ស្លាប់​នៃមនុស្ស​ប្រមាណ​​១ម៉ឺន​៤​ពាន់​នាក់។

ឌុច​បាន​ទទួល​សារភាព​អំពី​មុខ​នាទី​របស់​គាត់​ក្នុង​ឧក្រិដ្ឋកម្ម​ទាំង​នេះ​ ក៏​ប៉ុន្តែ​គាត់​បាន​សុំ​ឱ្យ​ការ​លើកលែង​ទោស​​ដោយ​និយាយ​ថា​គាត់​គ្រាន់តែ​បាន​ទទួល​បញ្ជា​យ៉ាង​តឹង​រឹង​ពី​ពួក​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ប៉ុណ្ណោះ។

ព័ត៌មាន​អន្តរជាតិសំខាន់​​ៗ​ដទៃទៀត៖

អេហ្ស៊ីប៖ ពួក​មន្ត្រី​សុខាភិបាល​ក្នុង​ប្រទេស​អេហ្ស៊ីប​​បាន​និយាយ​ថា​បាតុករ​២នាក់​ដែល​ខឹង​សម្បា​នឹង​កុបកម្ម​កីឡា​បាល់ទាត់​ដ៏​ប្រល័យ​កាល​ពី​ថ្ងៃ​ពុធ​នេះ បាន​ត្រូវ​គេ​បាញ់ ហើយ​សម្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួយ​ពួក​ប៉ូលីស​នៅ​ក្នុង​ក្រុង​ស៊ឺស (Suez)។

អ.ស.ប/ស៊ីរី៖ នៅ​ថ្ងៃ​សុក្រ​នេះ ពួក​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​បាន​ពិចារណា​អំពី​សេចក្តី​ព្រាង​លើ​សេចក្តី​សម្រេច​ថ្មី​មួយ​ដើម្បី​បញ្ឈប់​ការ​បង្ហូរ​ឈាម​ក្នុង​ប្រទេស​ស៊ីរី​ជាមួយ​វិសោធនកម្ម​មួយ​ដែល​បាន​ត្រូវ​រៀបរៀង​ទ្បើង​ដើម្បី​ពុះពារ​ទៅ​នឹង​ការ​ជំទាស់​របស់​ប្រទេស​រុស្ស៊ី។

ស៊ីរី៖ ក្រុម​អ្នក​សិទ្ធិ​មនុស្ស​មួយ​ដែល​មាន​មូលដ្ឋាន​ក្នុង​ស.រ.អា.​បាន​និយាយ​ថា​ពួកគេ​មាន​ភស្តុតាង​ដែល​ថា​កង​កម្លាំង​ស៊ីរី​បាន​ចាប់​ពួក​ក្មេង​ៗ​ដែល​មាន​អាយុ​ត្រឹម​១៣​ឆ្នាំ​​ហើយ​បាន​ធ្វើ​ទារុណកម្ម​ពួកគេ​នៅ​ពេល​សាកសួរ​ចម្លើយ។

អូតង់/អាហ្វហ្គានីស្ថាន៖ នៅ​ក្នុង​ការ​ប្រជុំ​២​ថ្ងៃ​ក្នុង​ក្រុង​ព្រុចសែល (Bruxelles) ពួក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​នៃ​អង្គការ​អូតង់​បាន​ចូលរួម​ជា​មួយ​ស.រ.អា.​និង​ប្រទេស​បារាំង​ក្នុង​ការ​អំពាវនាវ​ដល់​កង​កម្លាំង​អាហ្វហ្គានីស្ថាន​ឱ្យ​ធ្វើការ​នាំ​មុខ​ក្នុង​កិច្ច​ប្រតិបត្តិការ​ប្រយុទ្ធ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​នៅ​ត្រឹម​ឆ្នាំ​២០១៣​ត​ទៅ​--គឺ​មួយ​ឆ្នាំ​មុន​ពេល​កំណត់​ដែល​បាន​គ្រោង​ទុក។

សូម៉ាលី៖ អ.ស.ប.​បាន​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ការ​ចប់​គ្រោះ​ទុរភិក្ស​ក្នុង​ប្រទេស​សូម៉ាលី​ ក៏​ប៉ុន្តែ​បាន​ព្រមាន​ថា​ប្រជាពលរដ្ឋ​ជិត​មួយ​ភាគ​បី​ក្នុង​ប្រទេស​ដែល​យារយី​ដោយសារ​សង្គ្រាម​មួយ​នេះ​នៅ​តែ​ត្រូវការ​ជំនួយ​ម្ហូប​អាហារ​ជា​បន្ទាន់។

<!--AV-->

 

This posting includes an audio/video/photo media file: Download Now

បាតុករប៉ាឡេស្ទីនចោល​ស្បែក​ជើង​និង​ដុំថ្មទៅ​លើក្បួន​រថយន្ត​លោក​បាន គីមូន​

Posted: 02 Feb 2012 11:10 PM PST

អ៊ីស្រាអែល៖ ក្រុម​បាតុករ​ ផាឡេស្ទីន (Palestine)​ ប្រមាណ​៤០​នាក់ រួម​ទាំង​ញាតិ​សន្តាន​របស់​អ្នក​ទោស​ ផាឡេស្ទីន​ នៅ​ក្នុង​គុក​ អ៊ីស្រាអែលដែល​មាន​កំហឹង​នឹង​នយោបាយ​របស់​លោក​អគ្គលេខាធិការ​​អង្គការ​សហប្រជាជាតិ បាន គីមូន (Ban Ki-moon)​ បាន​ចោល​ស្បែក​ជើង​ ដំបង​ និង​ដុំ​ថ្ម​ ទៅ​លើ​ក្បួន​រថយន្ត​លោក​ នៅ​ពេល​លោក​ចូល​ទៅ​បំពេញ​ទស្សនកិច្ច​ដ៏​ខ្លី​មួយ​នៅ​តំបន់​ កាហ្សា ស្រ្តីប (Gaza Strip)​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ប៉ាគីស្ថាន៖ ភាព​តាន​តឹង​នយោបាយ​ដែល​មាន​ជា​យូរ​មក​ហើយ​នៅប៉ាគីស្ថាន​បាន​ចាប់​ផ្តើម​ពុះ​កញ្ជ្រោល​ជា​ថ្មី​ឡើង​វិញ​ នៅ​ពេល​ដែល​តុលាកា​ជាន់​ខ្ពស់​បំផុត​របស់​ប្រទេស​នេះ​ហាក់​ដូច​ជា​កំពុងត្រៀមបង្ខំ​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ យួសហ្វ រ៉ាហ្សា គីឡានី (Yousuf​ Raza​ Gilani) ​ ចុះ​ចេញ​ពី​តំណែងពី​បទ​មិន​ស្តាប់​បង្គាប់។

អាហ្វហ្គានីស្ថាន៖ មន្រ្តី​កំពូល​របស់​អង្គការ​អូតង់​បាន​គាំទ្រ​ផែនការ​មួយ​ដែល​នឹង​ប្រគល់​មុខ​នាទី​សន្តិសុខ​នាំ​មុខទៅ​ឲ្យ​កង​កម្លាំង​អាហ្វហ្គានីស្ថាន​នៅ​ឆ្នាំ២០១៣​ មួយ​ឆ្នាំ​មុន​ពេល​ដែល​បាន​គ្រោង​ទុក​ជា​មុន។ តែ​លោក​បាន​ព្រមាន​ថា​គ្មាន​ផែនការ​នឹង​ចាក​ចេញ​ពី​ប្រទេស​នេះ​ភ្លាមៗ​ទេ។

អេហ្ស៊ីប៖ សកម្មជនបាន​ចេញ​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ដើម្បី​តវ៉ា​នឹង​បរាជ័យ​របស់​កង​នគរបាល​ក្នុង​ការ​ធ្វើ​អន្តាគមន៍​និង​ជៀសវាង​អំពើ​ហិង្សា​ក្នុង​ការ​ប្រកួត​កីឡា​បាល់​ទាត់​មួយ​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​៧៤​នាក់​បាត់​បង់​ជីវិត​ និង​ធ្វើ​ឲ្យ​របួស​មនុស្ស​ជា​ច្រើន​រយ​នាក់​ទៀត​នៅ​ក្នុង​ទី​ក្រុង​ផត សេត​ (Port Said)​ នៅ​ភាគ​ខាង​ជើង​ប្រទេស។

កុងហ្គោ៖ លទ្ធផលបោះ​ឆ្នោតផ្លូវ​ការ​​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ កុងហ្គោល (Congo)​ បង្ហាញ​ថា​ គណបក្ស​របស់​លោក​ប្រធានាធិបតី​ ជូសឺផ កាប៊ីឡា (Joseph Kabila) បាន​ឈ្នះ​អសនៈ​៦៣​ ចុះ​ថយ​ពី​១១១​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​ កាល​ពី​ខែ​វិច្ឆិកា តែ​គណបក្ស​របស់​គាត់​នៅ​តែ​មាន​សំឡេង​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា។

សូម៉ាលី៖ លោក​រដ្ឋមន្រ្តី​ការ​បរទេស​អង់គ្លេស​ វីលៀម ហេក (William Hague) បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា ​អង់គ្លេស​នឹង​តែង​តាំង​ឯកអគ្គរាជទូត​ទី​មួយ​គឺ​លោក​ឯកអគ្គរាជទូត​ ម៉ាត់ ប៉ាជ (Matt Baugh)​ ទៅ​កាន់សូម៉ាលី ក្នុង​មុខ​នាទី​ជា​ប្រេសិត​ជាន់​ខ្ពស់​ថ្មី​របស់​ក្រុង​ឡុងដ៍។

សហរដ្ឋអាមេរិក៖ នាយក​ធនាគារ​កណ្តាល​សហរដ្ឋអាមេរិច​ថ្លែង​ថា​ ឱនភាព​ថវិកា​ប្រចាំ​ឆ្នាំ​ដ៏​មហិមា​របស់​រដ្ឋាភិបាល​ «មិន​អាច​ទុក​ឲ្យ​នៅ​មាន​ត​ទៅ​យូរ​បាន​ទេ»​ ហើយ​ធ្វើ​ឲ្យ​មាន​ «ផល​វិបាក​សេដ្ឋកិច្ច​ដ៏​ធ្ងន់​ធ្ងរ»​ សម្រាប់​ប្រទេស។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ជនជាតិខ្មែរនៅក្រុង Long Beach ​រៀន​ពីប្រជាធិបតេយ្យ ​និង​រៀន​ចូលសញ្ជាតិ

Posted: 02 Feb 2012 08:07 PM PST

ជនជាតិ​ខ្មែរ​នៅរដ្ឋ ​California ​នឹង​បាន​ការ​ជួយ​សម្រួល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​នេះ។

ដោយសារ​មាន​ខ្មែរ​ច្រើន​ ដូច្នេះ​សម្ភារៈ​បោះឆ្នោត​មាន​សរសេរ​ជា​ភាសា​ខ្មែរ។  នៅ Long Beach​ សិស្សខំរៀន​ការ​ចូល​សញ្ជាតិ។​ វីអូអេ​ខ្មែរ​រាយ​ការណ៍​ពីក្រុង ​Long Beach​ រដ្ឋ ​California។

នៅ​សហគមន៍​ខ្មែរ​ក្រុង Long Beach​នេះ ​ជន​អន្តោ​ប្រវេសន៍​ខ្មែរ​រៀន​ពី​ប្រជាធិបតេយ្យ​នៅ​អាមេរិក។

កម្មវិធី​នេះ​ជួយ​ឲ្យ​គេ​មាន​សញ្ញាត​ផង​ បាន​បោះឆ្នោត​ប្រធានាធិបតី​ផង។

អ្នកស្រី​សារា ​ផល្លីន នាយិកា​ប្រតិបត្តិ​សហគម​ខ្មែរក្រុង Long Beach​និយាយ​ថា៖

«គេ​មិន​គ្រាន់តែ​បាន​រៀនចូល​សញ្ជាតិ​ទេ​ គឺ​គេ​អាច​ចូលរួម​សកម្មភាព​ពលរដ្ឋ​ រៀន​និង​យល់​ដឹង​ពី​ដំណើរ​ការ​បោះឆ្នោត​ និង​សកម្មភាព​នានា​ក្នុង​នាម​ជា​ពលរដ្ឋ»។

នៅឆ្នាំ​នេះ​ ខ្មែរ​នៅ​ទីនេះ​នឹង​បាន​ការ​ជួយ​សម្រួល។​ សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឆ្នេរ​ខាង​លិច​នេះ​មាន​ខ្មែរ​ច្រើន​ ដែល​នាំឲ្យ​គេ​សរសេរ​ភាសា​ខ្មែរ​លើ​ឯកសារ​បោះឆ្នោត។

ដូច្នេះ​អ្នកស្រីឡន​ វួច​កំពុង​ខំរៀន​ណាស់។

«ខ្ញុំមក​នៅទី​នេះ ​អត់​ចេះ​ភាសា​អង់គ្លេស​ គឺ​ថា​ ពិបាក​បន្តិច។​ រាល់​ថ្ងៃទៅ​រៀន ​ESL ​ចេះ​បន្តិចៗ។​ ខ្ញុំចង់​ចូល​ទៅ​បោះឆ្នោត​នឹងគេ​ដែរ​ ដើម្បី​ឲ្យ​ដឹង​ថា ​គេ​បោះឆ្នោត​ហ្នឹង​វាយ៉ាងម៉េច? ​ខ្ញុំមាន​អារម្មណ៍​ដូច​ថា​ ភ័យ​ផង ​សប្បាយ​ផង​ ចង់​ទៅ​បោះឆ្នោត​ តែ​ខ្វះ​មិនទាន់​បាន​ចូល​សញ្ជាតិ​ នៅ​កន្លះ​ឆ្នាំទៀត។​ រាល់ថ្ងៃ​ខំរៀន​ឲ្យចេះ​ទៅ​ ដើម្បី​ដាក់​ឈ្មោះ​ចូល​សញ្ជាតិ​នឹង​គេ»។

អ្នកស្រី​វួច​គិត​ថា ​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់​ចុះ​ជា​រៀប​វារៈ​ចម្បង​ ព្រោះ​សាច់​ញាតិ​ខ្លះ​បាត់​បង់​ការងារ​ធ្វើ។

«កូនស្រី​ខ្ញុំកាល​មុន​ធ្វើការ​នៅ​ធនាគារ ​បាន​បីបួន​ឆ្នាំ​ដែរ​  តែ​ត្រូវ​អត់​ការងារ​ធ្វើ​គឺ​ ​អត់ការ​ធ្វើឆ្នាំ​ទៅម៉ិច​ ហើយ​កូន​ប្រសា​ក៏​អត់ការ​ធ្វើ​ដែរ។​ អត់​ការធ្វើ​បីបួន​ប្រាំឆ្នាំ​ហើយ។​ ដល់​អញ្ចឹង​ទៅ​ ពីរ​នាក់​ប្តី​ប្រពន្ធ​ក៏​នាំ​គ្នា​ទៅ​លេង​ស្រុក​ខ្មែរ។ ​ហើយ​មក​វិញ​នឹង​ទៅ​រកការ​ធ្វើ​ តែ​មិន​ដឹង​រកបាន​ឬអត់។ ​ពិបាក​ចិត្ត​ពេក​បាន​ជា​ទៅលេង​ស្រុក​ខ្មែរ»។

ជួន​កាល​ការរៀន​សូត្រ​មាន​លក្ខណៈ​តាន​តឹង។

Michel​ Skidmore ​អ្នក​ជា​ស្ម័គ្រ​ចិត្ត​នៅ​សហគមន៍​ខ្មែរ​ក្រុង ​Long Beach។

«ខ្ញុំ​គិត​ថា ​សំណួរ​ខ្លះ​ពិបាក​ និង​ស្មុគស្មាញ​បំផុត ​ឧទាហរណ៍​ សំណួរ​ថា ​តើ​រដ្ឋាភិបាល​អាមេរិក​បង្ហាញ​លទ្ធិ​ប្រជាធិបតេយ្យ​ពីរ​របៀប​ដូម្តេច?​ បើ​អ្នក​សួរ​ពលរដ្ឋ​អាមេរិកាំង​តាមផ្លូវ​ មាន​មិន​ច្រើន​ទេ​ដែល​ អាច​ឆ្លើយ​បាន​នោះ។​ ផ្នែក​ល្អបំផុត​គឺពួក​គេចង់​មក​រៀន។​ ពេល​​គេ​ធ្វើអ្វីខុស​គឺអត់​បញ្ហា ​គេសើច។​ គេ​មក​ទីនេះ​ សប្បាយ​ណាស់​ ​អញ្ចឹង​ហើយ​បាន​ថា​ នេះ​ជា​រឿង​ល្អ​បំផុត»៕

ប្រែសម្រួលដោយ ពិន ​ស៊ីសុវណ្ណ

This posting includes an audio/video/photo media file: Download Now

លោកឆាង យុ​​មាន​​បំណង​​​រក​​យុត្តិធម៌​​តាំងពី​​លោក​ចាប់​ផ្តើម​​​បើក​មជ្ឈមណ្ឌល​​ឯកសារ​ខ្មែរក្រហម​​​​

Posted: 02 Feb 2012 04:52 PM PST

នាយក​មជ្ឈមណ្ឌល​ឯកសារ​ខ្មែរក្រហម​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​លោក​ឆាំង ​យុ ​បាន​ប្រាប់​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក​មាន​បំណង​តាំង​ពី​ដើម​រៀង​មក ​ចង់​ឃើញ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ត្រូវ​នាំ​ខ្លួន​យក​មក​កាត់ទោស។

លោក​ឆាំង​ យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សវនាការ​សំណុំរឿង​០០២​ ដោយ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​មេធាវី​អន្តរ​ជាតិ​របស់​នួន ​ជា ​លោក​ជេពសឺ ផូវ​(Japser Pauw)។​ លោក​ឆាំង ​យុ​បាន​បញ្ជាក់​ថា​ បំណង​នេះ​គឺ​ជា​ក្តីសង្ឃឹម​របស់​លោក។

«ខ្ញុំ​មិន​ដែល​អស់​ក្តីសង្ឃឹម​ថា​ ថ្ងៃ​ណា​មួយ​នឹង​មាន​តុលាការ​នេះ ​ដើម្បី​យក​មេ​ដឹកនាំ​ខ្មែរក្រហម​មក​កាត់ទោស​ទេ។ ​អញ្ចឹង​តាំង​ពី​ដំបូង​ឡើយ ​គឺ​ខ្ញុំ​គិត​អីញ្ចឹង។​ ហើយ​ខ្ញុំ​ដឹង​ខ្លួន​ឯង​ហើយ​ថា​ ខ្ញុំ​មិនមែន​ជា​តុលាការ ​មិនមែន​ជា​ចៅក្រម ​មិនមែន​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់។ ​អញ្ចឹង​ហើយ ​ខ្ញុំ​បាន​កម្រិត​តួនាទី​របស់​ខ្ញុំ​ត្រឹម​តែ​ដើរ​ប្រមែល​ប្រមូល​ឯកសារ ​ដើម្បី​ឲ្យ​សាធារណជន ​ឲ្យ​តុលាការ​មួយ​នេះ ​ធ្វើ​ការ​វិនិច្ឆ័យ​ទោស។​ ខ្ញុំ​ចង់​ឲ្យ​មាន​តុលាការ​នេះ​នៅ​ស្រុក​ខ្មែរ ​ដើម្បី​វិនិច្ឆ័យ​ទោស​ជន​ណា​មួយ​ ដែល​ទទួល​ខុស​ត្រូវ​ពី​ការ​កាប់​សម្លាប់​នៅ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ»។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក៏​បាន​បញ្ជាក់​ច្បាស់ៗ ​នឹង​ត្រង់ៗ​ ដល់​មេធាវី​អន្តរជាតិ​របស់​នួន​ ជា​ ថា​លោក​ធ្លាប់​បាន​និយាយ​ និង​សរសេរ​ជា​អត្ថបទ​គឺ​ចង់​ឲ្យ​អតីត​បង​ធំ​ទី​២​នៃ​របប​ខ្មែរក្រហម​រូប​នេះ​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ​ទោស។

សេចក្តីអះអាង​របស់​លោក​ឆាំង​ យុ​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ដែល​អង្គជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្តី​ខ្មែរក្រហម​បន្ត​ស្តាប់​សក្ខីកម្ម​របស់​លោក​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២​ ដើម្បី​បញ្ជាក់​ទៅ​លើ​យថាភាព​នៃ​ឯកសារ ​ឬ​ភាព​ជាក់​ច្បាស់​អាច​ទុក​ចិត្ត​បាន​នៃ​ឯកសារ​ ដែល​មជ្ឈមណ្ឌល​របស់​លោក​បាន​ផ្តល់​ជូន​សាលាក្តី​ខ្មែរក្រហម។

ឯកសារនេះ​ត្រូវ​សាលាក្តី​ខ្មែរក្រហម​យក​ទៅ​ប្រើប្រាស់​ជា​ភស្តុតាង​សម្រាប់​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ជន​ជាប់​ចោទ​នួន ​ជា ​អៀង ​សារី ​ខៀវ ​សំផន ​និង​អៀង ​ធីរិទ្ធ ​នៅ​ក្នុង​សំណុំរឿង​០០២​នេះ។​ ក៏ប៉ុន្តែ​ក្រុម​មេធាវី​របស់​ជន​ជាប់​ចោទ​បាន​តវ៉ា​ទៅ​លើ​យថាភាព​នៃ​ឯកសារ​រាប់រយ​ពី​មជ្ឈមណ្ឌល​នេះ។

ដោយឡែក ​អៀង ​ធីរិទ្ធ​កំពុង​តែ​ឋិត​នៅ​ក្រៅ​ក្របខណ្ឌ​នៃ​ការ​កាត់ទោស​នៅ​ក្នុង​ពេល​នេះ​ ដោយសារ​តែ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។

សហ​មេធាវី​អន្តរជាតិ​របស់​នួន​ ជា ​លោក​ជេពសឺ ផូវ​(Japser Pauw)​បាន​ដេញ​ដោល​លោក​ឆាំង ​យុ ​​យ៉ាង​ខ្លាំងក្លា​អំ​ពី​ចេតនា​របស់​លោក​ដែល​ចង់​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ និង​ផ្តន្ទាទោស​ទៅ​លើ​កូន​ក្តី​របស់​ខ្លួន ​ក៏ប៉ុន្តែ​ត្រូវ​សហ​ព្រះ​រាជ​អាជ្ញារង​ធ្វើ​ការ​ជំទាស់​ជា​ច្រើន​លើក​ច្រើនសារ​ ដោយ​សំអាង​ថា​ នេះ​គឺ​ជា​សំណួរ​ចាក​ប្រធាន។

យ៉ាងណា​ក៏ដោយ​ លោក​ឆាំង ​យុ​បាន​ទទួល​ស្គាល់​ថា ​លោក​បាន​ចងក្រង​ឯកសារ​ មាន​បញ្ជី​ឈ្មោះ​មេដឹកនាំ ​និង​កម្មាភិបាល​ខ្មែរក្រហម​សរុប​ប្រមាណ​ជា​២០​នាក់​ ដែល​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​បាន​បញ្ជាក់​ថា​ ពួក​គេ​បាន​ជាប់​ទាក់ទង​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​យ៉ាង​តិច​១,៧​លាន​នាក់។

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​សហមេធាវី​អន្តរជាតិ​របស់​នួន ​ជា ​លោក​ឆាំង ​យុ​បញ្ជាក់​ថា​ ការ​រៀបចំ​ចងក្រង​ឯកសារ​នៅ​ក្នុង​មជ្ឈមណ្ឌល​របស់​លោក​គឺ​លោក​ចង់​ដឹង​ពី​ខ្សែ​សង្វាក់​នៃ​ការ​សម្លាប់​មនុស្ស ​ដែល​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ​បាន​ឋិត​នៅ​ក្នុង​អាថ៌កំបាំង។

«ពីព្រោះ​យើង​ចង់​ដឹង​ថា ​តើ​អ្នក​ណា​សម្លាប់​ប្រជាជន​ខ្មែរ​ពីរ​លាន​នាក់។​ នៅ​ក្នុង​​ការ​សម្ភាស៍​របស់​យើង ​មាន​មនុស្ស​ប្រហែល​ជា​រាប់ពាន់​នាក់។ ​គ្មាន​នរណា​ម្នាក់​សោះ​ឆ្លើយ​ថា​ បាន​សម្លាប់​មនុស្ស។​ អញ្ចឹង​យើង​ចង់​ដឹង! ​បាទ ​យើង​ចង់​ដឹង​ថា​ ប្រវត្តិសាស្ត្រ​ អ្នក​ណា​បាន​ធ្វើ​អំពើ​ទាំង​អស់​នេះ»។

លោក​ឆាំង ​យុ​នឹង​ត្រូវ​ចូល​ខ្លួន​មក​ផ្តល់​សក្ខីកម្ម​នៅ​អង្គជំនុំជម្រះ​សាលា​ដំបូង​ជា​ថ្មី​ម្តង​ទៀត​ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ៕

This posting includes an audio/video/photo media file: Download Now