Koh Santipheap Daily

Koh Santipheap Daily


ឃ្លាំងគ្រាប់​របស់​ស្នងការ​នគរបាល​ខេត្ត​ស្ទឹង​ត្រែង​បាន​ផ្ទុះ​កក្រើក​ផ្អើលមនុស្សភ័យរន្ធត់

Posted: 11 Feb 2011 09:55 PM PST

ខេត្តស្ទឹងត្រែង ៖ ឃ្លាំងគ្រាប់របស់ស្នងការដ្ឋាននគរបាលត្រូវបានផ្ទុះកក្រើកផ្អើលអ្នក​ក្រុងស្ទឹងត្រែង​ បង្កឱ្យ​មាន​ការភ័យរន្ធត់​កាលពីវេលាម៉ោង​១២​ ថ្ងៃទី១២ កុម្ភៈ ២០១១​  ដោយ​គេនឹកស្មានថា​ ទាហានកម្ពុជា​បាញ់គ្នា​ជាមួយ​នរណាទៀតហើយ?​ ឬថា​ សមត្ថកិច្ចប្រយុទ្ធគ្នាដ៏ធំមួយជាមួយក្រុម​ចោរកម្ម​ តែតាមពិតផ្ទុះឃ្លាំង​គ្រាប់​របស់​ស្នងការនគរបាលសោះ ៕

សម្តេច​នាយករដ្ឋមន្រ្តី​ប្រកាស​កាត់បន្ថយ​ការប្រើប្រាស់រថយន្ត​ស៊ីរ៉ែន​របស់មន្រ្តីជាន់ខ្ពស់

Posted: 11 Feb 2011 08:07 PM PST

អ្នកលឿង ៖ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់​គោលការណ៍​ឱ្យអ្នកប្រើ​ប្រាស់​រថយន្ត​ស៊ីរ៉ែន​ចាប់ពីថ្នាក់ឧបនាយក​រដ្ឋមន្រ្តីចុះក្រោម​ ពីព្រោះថា មានរថយន្ត​ស៊ីរ៉ែន​ខ្លះ​បន្លឺ​សំលេងខុស​តួនាទី​ នាំឱ្យបាត់បង់​សណ្តាប់​ធ្នាប់សង្គម ។

សម្តេច​នាយករដ្ឋមន្រ្តីបានប្រកាសថា អនុញ្ញាតឱ្យប្រើប្រាស់រថយន្តស៊ីរ៉ែនតែ៤ស្ថាប័ន៤កំពូលៗប៉ុណ្ណោះ​ គឺ​១-ព្រះមហា​ក្សត្រ, ២-នាយករដ្ឋមន្រ្តី, ៣-ប្រធានរដ្ឋសភា និង៤គឺ ប្រធានព្រឹទ្ធសភា ។

សម្តេចបានលើកឡើងបែបនេះក្នុងឱកាសសម្តេចអញ្ជើញ​​​ជា​អធិប​តី​​ក្នុងពិធីសម្ពោធ​​បើក​ការដ្ឋាន​​ស្ថាបនា​​​ស្ពាន​ អ្នកលឿង​ឆ្លងកាត់​​ទន្លេ​មេគង្គ​ក្រោមដ៏ធំ​​មួយនាព្រឹកនេះ​​ទី​១២ កុម្ភៈ ២០១១ នេះ ៕

អគ្គីភ័យលេបត្របាក់លំនៅ​ឋាន​អ្នក​ក្រីក្រឆៀងខាង​លិចក្រោយ​ផ្សារ​ពោធិ៍ចិនតុង

Posted: 11 Feb 2011 04:46 PM PST

រាជ​ធានី​ភ្នំ​ពេញ ៖ អគ្គីភ័យ​មួយ​បាន​ឆាប​ឆេះ​ទៅ​លើ​លំ​នៅ​ឋាន​អ្នក​ក្រីក្រ​ គឺលេប​ត្របាក់អស់ចំនួន៤​ខ្នង​ ខណៈអ្នកផង​កំពុងលង់​លក់​កាលពីវេលា​ម៉ោង​ប្រមាណ​១១ អធ្រាត្រ​ ថ្ងៃទី១១​ កុម្ភៈ ២០១១​ នៅភូមិ​តាងួនខាងជើង​ ជាប់ស្ថានីយរថភ្លើង​ឆៀងខាងលិច ក្រោយផ្សារ​ពោធិ៍ចិនតុង​ ក្នុងសង្កាត់​កាកាប ខណ្ឌដង្កោ បង្កឱ្យមានការភ្ញាក់ផ្អើល​ភ័យរន្ធត់ជាមួយសម្លេង​​រញៀវ​ប្រកូកប្រកាស​ឱ្យជួយ​ផង ។

អគ្គីភ័យ​នេះបានឆាបឆេះ​ប្រើពេល​ប្រមាណ​ជិតមួយម៉ោង​ទើបត្រូវ​បាន​រលត់​ជា​ស្ថាពរ​ក្រោម​ការ​បាញ់​ទឹកយ៉ាង​សកម្ម​ពី​សមត្ថកិច្ច​កងពន្លត់​អគ្គីភ័យ​ដែល​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ​១០គ្រឿង​ទៅកាន់​កន្លែងកើត​ហេតុ​ ប៉ុន្តែបាញ់ទឹកអស់​តែ​៣គ្រឿងប៉ុណ្ណោះ​ ។​ អគ្គីភ័យនេះមិន​បាន​បង្កឱ្យ​មនុស្សស្លាប់​ ឬរបួសនោះទេ​ ព្រោះម្ចាស់ផ្ទះ​បានដឹងខ្លួន​ និងរត់ចេញទៅក្រៅ​ផ្ទះទាន់ពេល ព្រមទាំង​ដង្ហោយអ្នកភូមិជួយស្រោចទឹក​ ជះផង​ដែរ...ផ្ទះតូចៗ៤ខ្នង​សង់​អំពីឈើ​ដំបូលប្រក់សង្កសី​ ត្រូវឆេះ​ម៉ដ្ឋ​បណ្តាលឱ្យខូចខាត​ទ្រព្យសម្បត្តិមួយចំនួន ។

ដើមហេតុនៃអគ្គីភ័យនេះ​ត្រូវ​បានគេដឹងថា មុនដំបូង​ទុស្សេខ្សែភ្លើង​ផ្តើមចេញពីបង្គោលភ្លើងនៅអមផ្លូវ ហើយបែកផ្កា​ភ្លើង យ៉ាង​ខ្លាំង​គួបផ្សំក្បែរនោះសំបូរផ្ទះឈើផង​ក៏រាលឆ្លងសន្ធោសន្ធៅតែម្តង ៕

ប៊ិះ​បាញ់គ្នា​ភ្ជង់​​ទៅ​ភ្ជង់​​មក​ដោយសារ​ទាហាន​​សៀម​សំរុក​ចូល​មក​ដោះ​យក​ឆ្កែ​ជាប់​​អន្ទាក់​នៅក្នុង​ទឹកដី​កម្ពុជា

Posted: 11 Feb 2011 03:31 AM PST

ព្រំដែន​​ប្រាសាទព្រះវិហារ ៖ ​ទាហាន​​​ការ​ពារ​ទឹកដី​កម្ពុជា​បានលើក​​កាំភ្លើង​​ច្រូង​ច្រាង ភ្ជង់​​ទៅលើ​​កង​ទាហានសៀមប្រមាណ​​៥​ទៅ​​៦នាក់ ដែល​​ប៉ុនប៉ង​​ចូលមក​ដោះ​យក​ឆ្កែ​​​របស់គេ​ជាប់​អន្ទាក់​​​នៅខ្សែ​ត្រៀម​​​ជួរ​មុខ​ក្នុង​​ទឹកដី​​ក​ម្ពុជា​តំបន់​​​ភ្នំទ្រព្យ​​​កាលពីវេលា​​ព្រលប់​ម៉ោង​ប្រមាណ​​៦​និង​​៤០នាទី​​​ថ្ងៃទី​​១០ កុម្ភៈ ២០១១ ញ៉ាំង​ឱ្យ​ទាហាន​សៀម​​លើកកាំ​ភ្លើង​​​ភ្ជង់​តប​វិញ ​បំរុង​នឹង​បាញ់គ្នា​​ទៅ​​ហើយ​​​​ ប្រសិន​បើ​ទាហាន​សៀម​​នៅតែ​ចចេស​រឹង​រូស​ដើរចូល​ដោយ​​គ្មានការ​អនុញ្ញាត​​​២ ឬ​៣ ជំហាន​ទៀត ។​

សូម​បញ្ជាក់​ថា ​ឆ្កែ​​របស់ទាហាន​សៀម​មួយ​ក្បាល​​ដែល​ចូល​មក​ជាប់​អន្ទាក់​​ក្បែរ​ខ្សែ​ត្រៀម​ជួរមុខ ក្នុងទឹកដីកម្ពុជា​​តំបន់​​​ភ្នំទ្រព្យ​​​នោះគឺជា​​​ឆ្កែ​​​ពូជ​​បៀកហ្សែ៊ ​មាន​ជំនាញ​ខាង​ហិត​មីន ហើយ​ការ​ដែល​​ចូលមក​​ជាប់អន្ទាក់​​នេះអាច​​ថា ជា​ចេត​នា​​របស់ទាហាន​សៀម លែង​ឆ្កែ​​​របស់គេ​ឱ្យ​​ចូល​​រាវ​មីន​ក្នុង​ទឹកដី​​ប្រទេស​កម្ពុជា​ងាយស្រួល​​ក្នុង​​ការចេញ-ចូល​...​ឬ​ចង់​​ដឹង​ថា ក្នុង​ខ្សែ​ត្រៀម​របស់​កម្ពុជា​​មាន​មនុស្ស​ឬ​ក៏អត់? នេះ​ក៏​ជា​​ល្បិច​មួយដែររបស់​សៀម​ គេ​យក​ឆ្កែ​មក​ពិសោធន៍ ដើម្បី​​ងាយ​ស្រួល​ធ្វើ​​ការ​វាយ​លុយ​​ក្នុងប្រការ​​ណាមួយ​​របស់ពួក​គេ។ ​ពេល​ឆ្កែ​​​ចាប់​ផ្តើម​​ជាប់​អន្ទាក់ និង​ស្រែកឮៗ​​​ដល់ទាហានសៀម​​​ដែល​ឈរ​ជើង​​​នៅ​ខ្សែ​ត្រៀម​​​ម្ខាង​ទៀត​នោះ ស្រាប់​តែ​​​ពួកទាហាន​​ប្រមាណ​​៥​ទៅ​​៦​នាក់ ស្ទុះ​​ស្រ​ចូល​មក​ក្នុង​បំណង​​ដោះ​យក​ឆ្កែ​​របស់គេ​​ត្រឡប់​ទៅ​វិញ ​តែ​ទាហាន​​កម្ពុជា​ដែល​​រវាស​រវៃ​នោះ ក៏លើក​កាំ​ភ្លើង​​ញ៉ាច់ ឯ​ខាង​សៀម​​ក៏​លើក​​កាំ​ភ្លើង​​ភ្ជង់​​​វិញ​ដូចគ្នា ប៉ុន្តែ​យ៉ាង​ណាក៏ដោយ ​ប្រសិនបើ​​​​​ទាហាន​​សៀម​នៅ​តែ​ចចេស​រឹង​រូស​​ដើរ​ចូល​ ឬ​កំរើក​ខ្លួន​​ច្រងេង​ច្រងាង ទាហាន​កម្ពុជា​​ច្បាស់​ជា​បាញ់​កំទេច​ហើយ ។​

ខណៈ​នោះ​​​សំណាង​ណាស់ ចេះ​បាន​​មេ​បញ្ជា​ការ​​ប្រចាំ​ខ្សែ​​ត្រៀម​​របស់សៀម​​ចេញមុខ​ចូល​មក​សំរប​សំរួល​​ជាមួយ​មេបញ្ជា​ការ​​ទាហាន​កម្ពុជា​សុំ​​អង្វរ​យក​ឆ្កែ​ទៅ​វិញ ​​​ប៉ុន្តែ​​​មេ​បញ្ជា​ការ​​ទាហាន​​កម្ពុជា​មិនអនុញ្ញាត​ឱ្យ​ចូល​ទេព្រោះខ្លាច​គ្រោះ​ថ្នាក់​ដោយ​ទីនោះ​សំបូរមីន ហើយ​ខាង​ទាហាន​កម្ពុជា​ក៏មិន​រវល់​​ចូលទៅ​យក​ឆ្កែ​នោះ​ដែរ ។ មេ​បញ្ជា​ការ​ទាហាន​កម្ពុជា​បាន​​​ប្រាប់​កូន​ចៅ​ថា អត់​ធ្មត់​...​យោគ​​យល់​​ចុះ​...ទុក​​ឱ្យ​ឆ្កែ​​​នេះ​ជាប់​អន្ទាក់​នៅទីនោះ​ចុះ​​...​ទើប​ការ​ភ្ជង់​គ្នា​​ត្រូវ​​​បាន​បញ្ចប់ ៕​

វេលាម៉ោង​​៦ល្ងាច​​នេះ​រដ្ឋ​មន្ត្រី​​ក្រសួង​ការ​បរទេស​កម្ពុជា ដឹកនាំ​ប្រតិភូ​​ និង​ភស្តុ​តាង​​ទៅកាន់​​ អ.ស.ប បង្ហាញ​ពី​ការ​ឈ្លាន​ពាន​​​របស់សៀម

Posted: 11 Feb 2011 03:25 AM PST

លោក​ហោ ណាំហុង ឧបនាយករដ្ឋ​​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងការបរទេស

រាជធានីភ្នំពេញ ៖ ​លោក​កុយ គួង អនុ​រដ្ឋ​លេខាធិការ​​ក្រសួង​ការបរទេស​​កម្ពុជា បាន​មាន​ប្រសាសន៍​​​កាលពីថ្ងៃទី​​១១ កុម្ភៈ ២០១១ ថា លោក​ហោ ណាំហុង ឧបនាយករដ្ឋ​​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងការបរទេស​​ និងដឹក​​​នាំ​​គណៈ​​ប្រតិ​ភូ​​រាជ​រដ្ឋាភិបាល​​​កម្ពុជាមួយក្រុម និង​ឯកសារ​​ជា​ច្រើន​​ទៅកាន់​ក្រុម​ប្រឹក្សា​​សន្តិសុខ អង្គការ​សហ​ប្រជាជាតិ​ ដែលមាន​​ទីស្នាក់​ការ​​នៅទីក្រុង​​ញូវ​យ៉ក សហរដ្ឋអាមេរិក​ ហើយ​គណៈ​ប្រតិភូ​​រាជ​រដ្ឋាភិបាល​​គ្រោងចេញ​ដំណើរ​ពី​រាជ​​ធានីភ្នំពេញ ​នៅវេលាម៉ោង​​៦ល្ងាច​នេះ ។​

លោក​​កុយ គួង ប​ន្ត​ថា ​​លោក​មិន​​អាច​​បញ្ជាក់ប្រាប់​​អ្នកកាសែត​ថា តើ​លោក​ឧប​នាយក​រដ្ឋម​​ន្ត្រី​​​ហោ​ ណាំហុង ​នឹង​យក​ទៅជាមួយនូវ​​ឯក​សារ​​​អ្វីខ្លះនោះទេ ប៉ុន្តែ​ច្បាស់​ណាស់ថា ប្រមុខ​ការ​ទូត​​កម្ពុជា នឹង​ដាក់​ឯកសារ​​​​​ពិសេសៗជូន​ដល់​​ អ.ស.ប ពាក់ព័ន្ធ​​នឹង​​ជម្លោះ​ឈ្លានពាន​​នេះ ។ លោក​ប​ន្ត​​ថា កម្ពុជា​បាន​រៀប​​ចំ​រួច​រាល់​​អស់​ហើយនូវ​​លក្ខណសម្បត្តិ​​ដោះស្រាយ​​ជម្លោះ​ ។ លោក​​ឧបនាយករដ្ឋ​មន្ត្រី​​​​នឹង​ថ្លែង​​ដោយ​ផ្ទាល់​ក្នុង​កិច្ចប្រជុំ​​ក្រុមប្រឹក្សា​​សន្តិសុខ​អង្គការ​សហប្រជា​ជាតិ​នៅថ្ងៃទី​១៤ កុម្ភៈ ២០១១ ខាង​មុខ តាមការ​គ្រោង​ទុក​ ហើយ​កម្មវិធីប្រជុំ​មិន​មាន​ការ​​ប្រែប្រួល​​នោះទេ ៕​

ស្ពានអ្នកលឿង​​ត្រូវបើក​ការ​ដ្ឋាន​​ស្ថាបនា​ព្រឹកនេះ ក្រោមការ​​ចុច​ប៊ូតុង​បញ្ជា​ពី​​សម្តេច​តេជោ​ហ៊ុន សែន

Posted: 11 Feb 2011 03:19 AM PST

​អ្នកលឿង​​ត្រើយខាង​កើត ៖ ​ព្រឹកនេះ​​ទី​១២ កុម្ភៈ ២០១១ សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ហ៊ុន សែន ​នាយករដ្ឋ​ម​ន្ត្រី​​ អញ្ជើញ​​​ជា​អធិប​តី​​ក្នុងពិធីសម្ពោធ​​បើក​ការដ្ឋាន​​ស្ថាបនា​​​ស្ពាន​អ្នកលឿង​ឆ្លងកាត់​​ទន្លេ​មេគង្គ​ក្រោមដ៏ធំ​​មួយ ​ដែល​​ប្រជា​ពលរដ្ឋ​​កម្ពុជា​ទន្ទឹង​រង់ចាំ​​ជា​យូរ​មក​ហើយ ព្រោះនេះ​ជា​ស្ពាន​ពង្រីក​​ភាពលូត​លាស់​​​​ជាច្រើន​​វិស័យ​​នាំ​មកនូវ​​ការរីកចំរើន​​ដល់​សេដ្ឋ​កិច្ច​​​ជា​តិ​ដ៏ធំ​ផងដែរ ។​

គួរ​រំលឹក​ថា ​អាជ្ញាធរ​​ខេត្តព្រៃវែងបាន​រៀប​ចំ​​​ធ្វើពិធីក្រុងពាលី​សុំ​ម្ចាស់ទឹក​ ម្ចាស់ដី​​​​រួច​ហើយ​ដើម្បីឈានទៅបើក​ការដ្ឋាន​​ស្ថាបនា​ស្ពាន​​អ្នក​លឿង​​​ដ៏ធំ​​ឆ្លង​​ទន្លេ​​មេគង្គ​​​ក្រោម​នេះ​កាល​ពី​វេលា​ម៉ោង​​៧​ព្រឹក ថ្ងៃទី​៦ កុម្ភៈ ២០១១ ​ក្រោម​អធិប​តី​​ភាព​​លោកស្លូត ​សំបូរ អនុរដ្ឋ​លេខាធិការ​​ក្រសួង​​​សាធារណ​ការ​​​​ និង​ដឹកជញ្ជូន​ និង​លោក​អ៊ូ សំអួន អភិបាល​​រង​ខេត្ត​​​ព្រៃ​វែង ​ដោយ​មាន​​​​មន្ត្រី​រាជ​ការ ​អ្នក​មុខ​ អ្នកការ​​ជាច្រើន​រូប​ទៀត​​ចូលរួម​យ៉ាង​​អធិក​អធម ។​

​សូមបញ្ជាក់​ថា ស្ពានអ្នក​លឿង​​ជា​ប្រភេទ​ស្ពាន​​ហាយវ៉េ ឆ្លងទន្លេមេគង្គ ភ្ជាប់ពី​ខេត្ត​កណ្តាល​ ទៅ​ខេត្ត​ព្រៃ​វែង និង​ឆ្ពោះ​ទៅ​​ខេត្ត​ស្វាយ​រៀង ដែល​គេទន្ទឹង​រង់ចាំ​ជាយូរ​មក​ហើយ ​នោះ តាមគំរោង​នឹង​ត្រូវ​​ចាប់ផ្តើម​​បើកការ​ដ្ឋាន​​​សាង​សង់​​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ ​២០១១ នេះ ដើម្បី​ភ្ជាប់​​ទំនាក់ទំនង​​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ដល់​​ប្រជាពលរដ្ឋ​ អ្នក​ដំណើរ​​​ ការ​ដឹក​ជញ្ជូន​ភ្ញៀវ​​ទេសចរ និង​ការពង្រីក​ពាណិជ្ជ​កម្ម​-សេដ្ឋ​​កិច្ច ។​ ស្ពាន​​នេះ​​ធំជាង​គេ​​ក្នុងចំណោម​​ស្ពាន​​ដែលសាង​សង់​​រួច មិនត្រឹមតែ​ប៉ុណ្ណោះ​​វាវែង​ជាង​គេ​​បំផុត និង​ខ្ពស់​​ជា​ងគេ​ទៀតផង​ សំរាប់អនុ​គ្រោះ​​​ឱ្យ​កប៉ាល់​​​​ដឹកទំនិញ​-​​ភ្ញៀវទេសចរចេញ-ចូល​​​ដោយ​ងាយ​ស្រួល​​ ដូច្នេះ​ហើយទើប​យើង​​​ធ្វើការ​សិក្សា​​យូរ​បន្តិច ​ហើយ​គ្រោង​នឹង​​កសាង​រួច​រាល់​​នៅឆ្នាំ​​២០១៥ ​ចំណាយ​ទឹកប្រាក់អស់​​​​១៣០​លាន​​ដុល្លារ ។ ការ​ដេញថ្លៃ​​គឺធ្វើ​​​ឡើង​នៅ​ប្រទេស​ជប៉ុន​ទាំង​អស់ ដែលវា​មិន​​មែនជា​ផល​ប្រយោជន៍​​សំរាប់​ប្រទេស​កម្ពុជា​មួយ​មុខ​ទេ គឺ​​ជា​ផលប្រយោជន៍​​សំរាប់​សមា​ហរណកម្ម​​​នៃ​អនុ​តំបន់​​​ទន្លេ​មេគង្គ​​​ផង និងអាស៊ានផង ព្រោះ​​វា​ជា​ស្ពាន​​​ហាយវ៉េ​អាស៊ាន ៕​​

លួច​អាវ​​រោង​ចក្រ​​បាន​រាប់​ពាន់​អាវ​យក​ទៅ​​លក់​ញ៉ាម​លួច​​ទៀត​អស់​លក្ខណ៍

Posted: 11 Feb 2011 03:15 AM PST

ជន​សង្ស័យ​៤​នាក់​ដែល​សកម្ម​ខាង​លួច​អាវរោង​ចក្រ​បាន​​ជា​ច្រើន​ដង​រាប់​ពាន់​អាវ​ទី​បំផុត ត្រូវ​អស់​លក្ខណ៍

ខេត្ត​កណ្តាល ៖ ជន​សង្ស័យ​៤​នាក់​ដែល​សកម្ម​ខាង​លួច​អាវរោង​ចក្រ​បាន​​ជា​ច្រើន​ដង​រាប់​ពាន់​អាវ​ទី​បំផុត ត្រូវ​អស់​លក្ខណ៍​ ហើយ​ត្រូវ​ប៉ូលិស​​ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលា​​ដំបូង​ខេត្ត​កណ្តាល កាល​ពី​រសៀល​ថ្ងៃ​ទី​១០ កុម្ភៈ ​បន្ទាប់​​ពី​ជន​សង្ស័យ​​ទាំង​​នោះ​បបួល​គ្នា​​ទៅ​លួច​អាវ​រោង​ចក្រ​ឈ្មោះ​​រោង​ចក្រ​​​តម្បាញ​ខ្មែរ ស្ថិត​នៅ​​​ភូមិ​​ថ្កុល ឃុំ​សំពៅ​លូន ស្រុក​កោះ​ធំ កាល​ពីវេលា​ម៉ោង​១​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៩ កុម្ភៈ ។ ​

ប្រភព​ពី​មន្ត្រី​ប៉ូលិស​​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​ទាំង​៤​នាក់ ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ ១-ឈ្មោះ​សឿន សុខ​​ជា ភេទ​ប្រុស អាយុ​​១៩​ឆ្នាំ ​ជា​​​​សន្តិ​សុខ​ ២-ឈ្មោះ​​ជឿន ជាង ភេទ​ប្រុស អាយុ​​២៥​ឆ្នាំ​ ជា​ជាង​ភ្លើង ជន​ទាំង​ពីរ​នាក់​នេះ ធ្វើ​ការ​​នៅ​​ក្នុង​រោង​ចក្រ​ខាង​លើ​ជា​មួយ​គ្នា ៣-ឈ្មោះ​​ទី សារុន ភេទ​ប្រុស អាយុ​​៣២​ឆ្នាំ ​និង​៤-ឈ្មោះ​សុខ ជឿន ​ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខ​របរ​ជា​កសិ​ករ ។ អ្នក​ទាំង​៤​មាន​ទី​លំនៅ​ភូមិ​​ខ្ពប ឃុំ​​សំពៅ​​លូន ស្រុក​កោះ​ធំ ។ ​ចំណែក​ដើម​បណ្តឹង​ឈ្មោះ​​នូ សុផល ​ភេទ​ប្រុស អាយុ​​៤១​ឆ្នាំ មុខ​ងារ​ជា​ប្រធាន​រដ្ឋ​បាល​​រោង​ចក្រ​​​តម្បាញ​ខ្មែរ​នៅ​ភូមិ-ឃុំ​កើត​ហេតុ​ ។ ​​តាម​ព័ត៌​មាន​ពី​ប៉ូលិស​បាន​ឱ្យ​ដឹង​​ថា កន្លង​មក​រោង​ចក្រ​តម្បាញ​​ខ្មែរ​​ធ្លាប់​បាត់​អាវ​យឺត​អស់​៦.២៧០​អាវ កាល​ពី​អំឡុង​​ឆ្នាំ​២០១០ ហើយ​នៅ​ឆ្នាំ​ដដែល​​នោះ​ធ្លាប់​បាត់​​អស់​ចំនួន​៤៣២​អាវ​​ម្តង​ទៀត ។ ​​ពេល​នោះ​​ខាង​រោង​ចក្រ​បាន​បន្ថែម​​កំលាំង​យាម​កាម​យ៉ាង​តឹង​​រឹង ។ រហូត​មក​ដល់​យប់​​ថ្ងៃ​ទី​៩ កុម្ភៈ ​បក្ស​ពួក​ជន​សង្ស័យ​ទាំង​៤​នាក់​ខាង​លើ បាន​ធ្វើ​សកម្ម​ភាព​ចូល​លួច​អាវ​យឺត​ក្នុង​រោង​ចក្រ​​ម្តង​ទៀត ដោយ​មាន​ជន​សង្ស័យ​ឈ្មោះ​សឿន សុខ​ជា ជា​អ្នក​មើល​ផ្លូវ ។ ​

ខណៈ​ជន​សង្ស័យ​កំពុង​យក​​តម្ពក់​ថ្ពក់​អាវ​យឺត​​​ចេញ​ពី​ក្នុង​បន្ទប់​​​អគា​រ «សេ» ទើប​តែ​បាន​អាវ​​យឺត​ចំនួន​ពីរ​​ប៉ុណ្ណោះ​ក៏​ត្រូវ​​ស​ន្តិ​សុខ​ទៅ​ទាន់ ហើយ​ដេញ​ចាប់​បាន​យក​មក​ប្រគល់​ឱ្យ​ប៉ូលិស ។ ​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ជន​សង្ស័យ​បាន​សារ​ភាព​​ថា ​ក្នុង​អំឡុង​​​ឆ្នាំ​២០១០ ពួក​គេ​បាន​សហ​ការ​គ្នា​​លួច​អាវ​យឺត​រោង​ចក្រ​តម្បាញ​ខ្មែរ​ចំនួន​២លើ​ក បាន​អាវ​យឺត​ជាង​៦​ពាន់​អាវ ដឹក​យក​ទៅ​​លក់​នៅ​ភ្នំពេញ ​បាន​លុយ​​​​យក​​មក​ចែក​បក្ស​ពួក​ ។ លុះ​ដល់​​យប់​ថ្ងៃ​​ទី​៩ ក៏​បាន​​បបួល​​គ្នា​​ចូល​ទៅ​លួច​ម្តង​ទៀត ដោយ​មាន​ឈ្មោះ​​សឿន សុខ​ជា ជា​សន្តិ​សុខ​រោងចក្រ​​​​នេះ ​​​ជា​អ្នក​​​មើល​ផ្លូវ​ ខណៈ​កំពុង​ថ្ពក់​អាវ​បាន​តែ​ពីរ​ក៏​ត្រូវ​សន្តិ​សុខ​ទៅ​ទាន់​តែ​ម្តង ៕

នាង​ខារ៉ាអូ​ខេ​ម្នាក់​​​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​អត់​ស្គាល់​ឈ្មោះ

Posted: 11 Feb 2011 02:59 AM PST

សពនារី​រង​គ្រោះ​ខាង​លើ​នេះ ​

រាជធានីភ្នំពេញ ៖ នារី​ខារ៉ាអូខេ​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ​ដែល​បាន​កើត​ឡើង​នៅ​លើ​កំណាត់​ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើម​​ថ្កូវ ខណ្ឌ​ចំការ​មន កាល​ពី​វេលា​ម៉ោង​១​​​​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០១១។ ​នារី​រង​គ្រោះ​ខាង​លើ​នេះ ​ក្រោយ​ពេល​កើត​ហេតុ​​ត្រូវ​បាន​រថយន្ត​​សាមុយ​ដឹក​យក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ហើយ​បាន​​​ស្លាប់​​​ក្រោយ​​ពេល​​ដឹក​ដល់​មន្ទីរ​​ពេទ្យ​​បាន​មួយ​សន្ទុះ ។ បច្ចុ​ប្បន្ន​​​សព​​ត្រូវ​បាន​តម្កល់​ទុក​នៅ​​​សាល​តម្កល់​សព​នៃ​មន្ទីរ​ពេទ្យ​រង់​ចាំ​ក្រុម​​​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​​ ។

សូម​បញ្ជាក់​ថា ​នារី​រងគ្រោះ​ខាង​លើ​ស្លៀក​ខោ​ខ្លី​ពណ៌​ក្រហម ពាក់​អាវ​​ដៃ​ខ្លី​ពណ៌​ស្វាយ។​ ជា​មួយ​គ្នា​នេះ​ ប៉ូលិស​ផ្នែក​​ចរា​ចរណ៍​​ខណ្ឌ​ចំការ​មន បាន​អំពាវនាវ​ដល់​ក្រុម​​គ្រួសារ​​ប្រជា​ពល​រដ្ឋ​​ណា​ដែល​មាន​បាត់​សមា​ជិក​ដូច​ភិន​ភាគ​ខាង​លើ​ សូម​មេត្តា​មក​ទំនាក់​ទំនង​សួរ​នាំ​ព័ត៌​មាន​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ចំការ​មន ។ ​តាម​ប្រភព​ព័ត៌​មាន​ទាក់​ទិន​នឹង​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍​ខាង​លើ​នេះ បាន​ឱ្យ​ដឹ​ង​ថា មុន​​ពេល​កើតហេតុ​​នារី​​រង​គ្រោះ​ជិះ​ម៉ូតូ​​​នៅ​​លើ​ផ្លូវ​លេខ​២៧១ ហើយ​ត្រូវ​​រថយន្ត​កាមរី​ពណ៌​​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-1957 ​បុក​បណ្តាល​ឱ្យ​​ដួល​របួស​ធ្ងន់​​រហូត​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។ ពុំ​មាន​ព័ត៌​មាន​​បញ្ជាក់​ថា​ រថយន្ត​និង​​ម៉ូតូ​​​ដែល​នារី​​រង​គ្រោះ​​ជិះ​ធ្វើ​ដំណើរ​​​ក្នុង​​ទិស​ដៅ​ពី​ណា​ទៅ​ណា​ឡើយ ។

​សូម​រំលឹក​ផង​ដែរ​ថា ​កាល​ពី​យប់​ថ្ងៃ​ទី​១ កុម្ភៈ កន្លង​មក ក៏​មាន​បុរស​ម្នាក់​​អាយុ​​ប្រហែល​​ជាង​២០​ឆ្នាំ ត្រូវ​រថយន្ត​បុក​​ស្លាប់​​នៅចំណុច​ផ្លូវ​លេខ​៣៦០ កែង​មហា​វិថី​​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​​បឹង​​កេង​កង​ទី​៣ ហើយ​រហូត​មក​​​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​នរណា​ស្គាល់​អត្ត​សញ្ញាណ​​ជន​រង​គ្រោះ​នៅ​ឡើយ​ ។ ​សព​បុរស​ដែ​លស្លាប់​​កាល​ពី​យប់​ថ្ងៃ​ទី​១ កុម្ភៈ នោះ​ ពាក់​អាវ​ដៃ​វែង ពណ៌​ខ្មៅ​ឆ្នូត​ស ស្លៀក​ខោ​ខូវ​ប៊យ ពណ៌​​ទឹក​ប៊ិច។ ជាង​នេះ​ទៅ​ទៀត​បុរស​រង​គ្រោះ​​​ជិះ​ម៉ូតូ​​ធុន C70 ពណ៌​ទឹក​សមុទ្រ ពាក់​ស្លាក​លេខ ១៨១៤ ភព១។ តាម​រយៈ​ភិន​ភាគ​​នេះ​ប៉ូលិស​ខណ្ឌ​ចំការ​មន ក៏​សូម​ធ្វើ​ការ​អំពាវ​នាវ​​រក​ក្រុម​គ្រួសារ​​សព​ដែល​មាន​ភិន​ភាគ​ដូច​ចុះ​ផ្សាយ​នេះ សូម​​មក​ទំនាក់​ទំនង​ជា​មួយ​សមត្ថ​កិច្ច​​ដើម្បី​បាន​ដឹង​ព័ត៌​មាន​ជុំ​វិញ​ហេតុ​ការណ៍​គ្រោះថ្នាក់​​ចរា​ចរណ៍​​ក៏​ដូច​ជា​សព​ជន​រងគ្រោះ​នេះ​ផ​ង​ដែរ៕         

ដេញ​ចាប់​​​បុរសម្នាក់​​បើក​រថយន្ត​​ទួរីស​​រត់ទៅឈប់​នៅ​​ម្តុំ​វិទ្យាល័យ​​បុរី​១០០ខ្នង

Posted: 11 Feb 2011 02:54 AM PST

រាជធានីភ្នំពេញ ៖ ​តាមប្រភពព័ត៌មាន​​ពី​ប្រជាពលរដ្ឋ​​នៅម្តុំ​​វិទ្យាល័យ​​បុរី​​១០០ខ្នង តាម​​បណ្តោយ​​មហាវិថី​​សហព័ន្ធ​​រុស្ស៊ី​​​​ស្ថិត​ក្នុង​​ភូមិ​ទឹក​​​ថ្លា សង្កាត់​ទឹកថ្លា​ ​ខណ្ឌសែនសុខ ​បាន​ឱ្យ​ដឹ​ងថា ​កាលពី​វេលាម៉ោង​​៤​និង​​៣០នាទី​​រសៀល​ថ្ងៃទី​​១១ កុ​ម្ភៈ ​២០១១ មាន​រថយន្ត​ប្រភេទ​ទួរីស​ពណ៌ស​មួយ​គ្រឿង បានបើក​​លឿន​ហាក់​ដូចជា​​មានរឿង​​ប្រថុច​ញ៉ុច​ណាស់ទៅ​ឈប់​នៅ​ខាង​លិច​វិទ្យា​ល័យ​​បុរី​​១០០ខ្នង ​រួចហើយ​​បុរសម្នាក់​​​បាន​បើក​​ទ្វារ​ចុះ​​​រត់​​ចូល​ទៅក្នុងភូមិ​​​មួយ​តាម​ផ្លូវ​​លំ ដើម្បី​​​គេ​ចខ្លួន ដោយមាន​ប៉ូលិស​​ចរាចរ​ និង​អ្នក​​​ស្លៀក​ពាក់​​​ស៊ីវិល​​ដេញ​តាម​​ពីក្រោយ ។

តាមប្រភពព័ត៌មាន​​បាន​ឱ្យ​ដឹង​ទៀត​ថា បុរស​​ដែលរត់​គេច​ខ្លួន​​នោះគេ​មិន​ដឹង​ថា ជា​ចោរ​ឬ​ជា​​អ្នក​បង្ករបួស​ស្នា​ម​ ឬ​ជា​​អ្នក​បើក​រថយន្ត​​បុកគេ​នៅកន្លែង​​ណាមួយ​នោះទេ ប៉ុន្តែ​​បានរត់​​ចូលទៅក្នុង​​ភូមិ​មួយ​រហូត​ជិត​ដល់​អង្គ​​​​ភាព​ស្ថាបនា​ស្ពាន​​ ទើប​ចាប់​បាន​​បុរស​នោះ​​យកមក​វិញ ។ គ្មាន​​នរណា​​សួរ​នាំ​ដឹង​រឿងអ្វី​ទេ​...​ចំណែក​​​ប៉ូលិសចរាចរ​​ក៏​​នាំ​យក​បុរស​​នោះ​ចេញ​ទៅ​ដោយ​ដាក់​​​ឱ្យ​ជិះម៉ូតូ​កណ្តាល​ប៉ូលិស​ម្នាក់​បើក និង​ប៉ូលិស​​ម្នាក់អង្គុយ​​ពីក្រោយ ចំណែក​​រថយន្ត​ត្រូវ​ប៉ូលិស​​បើក​យក​ចេញ​ទៅ​បាត់ផងដែរ​ ដោយ​​​មិន​បាន​ប្រាប់រឿង​​អ្វីនោះទេ ។ គេ​សង្ស័យ​​ថា ទំនង​​បុរស​នោះ​បង្កគ្រោះ​ថ្នាក់​ចរាចរណ៍​ពីកន្លែង​​ណា​មួយ ហើយត្រូវ​​ប៉ូលិស​​ចាប់​ឃាត់​​ខ្លួន​​យកទៅ​​កន្លែង​កើតហេតុ​​វិញ ឬ​ការិយាល័យ​​ប៉ូលិស​ ដើម្បីដោះស្រាយហើយ​ ៕​

ឆែកឆេរ​លំនៅឋាន​​​ជនជាតិវៀ​ត​ណាម​​ដក​ហូត​បានថ្នាំញៀន​​១៨០គ្រាប់ និង​ម៉ាទឹកកក​៤០កញ្ចប់

Posted: 11 Feb 2011 02:38 AM PST

ឆែកឆេរ​លំនៅឋាន​​​ជនជាតិវៀ​ត​ណាម​​ដក​ហូត​បានថ្នាំញៀន​​១៨០គ្រាប់ និង​ម៉ាទឹកកក​៤០កញ្ចប់​
វត្ថុតាង

រាជធានីភ្នំពេញ ៖ ​លំនៅឋាន​​របស់ជន​ជាតិ​វៀតណាម​​លេខ​​៣៧៣C ​ស្ថិត​ក្នុង​ភូមិលូ សង្កាត់​ស្វាយប៉ាក ​​ត្រូវកំលាំង​សមត្ថ​កិច្ច​​ប៉ូលិស​​ខណ្ឌ​​ឫស្សីកែវ សហការ​ជាមួយ​មន្ត្រី​តុលាការ​​ឆ្មក់​ចូល​​ឆែកឆេរ​​កាលពីវេលាម៉ោង​​១​និង​​២០នាទី​​រសៀល​ថ្ងៃទី​​១១ កុម្ភៈ ​ហើយ​ដក​ហូត​ថ្នាំញៀន ​ប្រភេទ​យ៉ាម៉ា​ចំនួន​​១៨០គ្រាប់ និង​ម៉ា​ទឹក​កក​ចំនួន​​៤០កញ្ចប់​​ ក្នុងនោះ​​មានកញ្ចប់​​តូចៗ​ចំនួន​​៣៩កញ្ចប់​​ ។

ទោះបីជា​​​យ៉ាង​ណា ​​ម្ចាស់​ផ្ទះ​​​ឈ្មោះ​​ង្វៀង យ៉ាំង​ថូក ​​ហៅ​ធូក ​ភេទប្រុស អាយុ​​​៣៦​ឆ្នាំ ​ដែល​ជា​​មេ​​ចែកចាយ​​គ្រឿងញៀន​​បានគេ​ចខ្លួន​​​បាត់ទៅហើយ​ ។ ការឈាន​ចុះ​ទៅឆែក​ឆេរ​​លំនៅ​​ឋានជនជាតិវៀតណាម​នេះ បន្ទាប់ពី​​សមត្ថ​កិច្ច​​ប៉ូលិស​​​ស្វាយប៉ាក​​ឃាត់ខ្លួន​ក្មេង​ស្រី​​ជំទង់​ជន​ជាតិ​​វៀតណាម​​ម្នាក់​ឈ្មោះ​​ឡាំង គីម​ហេង អាយុ​​១៤​ឆ្នាំ ​មាន​ទី​លំនៅ​​ផ្ទះលេខ​​២៥៧ ភូមិ​លូ សង្កាត់​​​ស្វាយ​ប៉ាក ដក​ហូតបាន​ថ្នាំញៀន​​ប្រភេទ​យ៉ា​ម៉ា​​ចំនួន​៣គ្រាប់ ។ លោកម៉ៅ ផល្លា ​នាយ​ប៉ុស្តិ៍​​​ស្វាយប៉ាក បាន​ឱ្យ​​​ដឹង​ថា ដោយមានការ​សង្ស័យ​​ទៅលើ​​លំនៅ​ឋានខាងលើ សមត្ថកិច្ច​​បានដាក់កំលាំង​តាម​ដាន​​រយៈ​ពេល​​១អាទិត្យ​​​មកហើយ ។ នៅវេលាម៉ោង​​១០​និង​​៣០នាទី​ព្រឹក ​​​ថ្ងៃទី​១១ កុម្ភៈ សមត្ថ​កិច្ច​​ឃើញ​​ក្មេងស្រី​​ជន​ជាតិ​វៀតណាម​​ម្នាក់បាន​​ធ្វើ​ដំណើរ​​ចូល​ទៅ​ក្នុង​ផ្ទះ​​ជនជាតិវៀតណាមខាង​លើ។

​ពេល​ក្មេងស្រី​​ចេញ​​មក​​វិញ​​ សមត្ថ​កិច្ច​​​ឆែក​ឆេរ​​រកឃើញ​​ថ្នាំញៀន​​ចំនួន​​៣គ្រាប់ ​ឃាត់​ខ្លួន​​​នាំ​យក​ទៅ​​ប៉ុស្តិ៍​​​សាកសួរ​​ត្រូវក្មេង​​នោះ​ឆ្លើយ​ថា ទិញ​​ពី​ផ្ទះ​ខាងលើ ។ យោង​​តាម​ចំលើយ​​ក្មេង​ស្រី​ សមត្ថ​កិច្ច​​​ក៏បាន​រាយការណ៍​​ទៅ​ព្រះរាជអាជ្ញា​​​សុំ​គោ​ល​ការណ៍​​​ឆែកឆេរ​​លំនៅ​ឋាន​​ជនជាតិ​​វៀត​ណាម ​ព្រមទាំង​​ដក​ហូត​បានថ្នាំ​ញៀន​​តែម្តង ៕​

រទេះ​ដឹក​​ត្រី​បង្ហូរ​ទឹក​​ឆ្អេះ​ឆ្អាប​នៅ​ច្រ​ក​ទ្វារ​អន្តរ​ជាតិប៉ោយ​ប៉ែត

Posted: 11 Feb 2011 02:32 AM PST

រទេះ​ដឹក​​ត្រី​បង្ហូរ​ទឹក​​ឆ្អេះ​ឆ្អាប​នៅ​ច្រ​ក​ទ្វារ​អន្តរ​ជាតិប៉ោយ​ប៉ែត

ក្រុង​ប៉ោយ​ប៉ែត ៖ ក្រុម​ហ៊ុន​រក​ស៊ី​​នាំត្រី​​ទឹក​សាប​ចូល​កាន់​ទឹក​ដី​សៀម​​ដែល​​នាំ​យក​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ​​មកកាន់​តំបន់​ប៉ោយ​ប៉ែត​​នៅ​​តែ​បង្កការ​ប៉ះពាល់​ដល់បរិស្ថាន​ដោយ​សារ​តែ​កើត​មានការបង្ហូរ​​ទឹក​ស្អុយ​ឆ្អេះ​ឆ្អាប​​តាម​​ដង​ផ្លូវ និង​ធ្វើ​ឱ្យ​មាន​ការ​ប៉ះ​ពាល់​ដល់បរិស្ថាន​​ ។​ មុន​នេះ​អាជ្ញា​ធរ​ ក៏​ដូច​ជា​សមត្ថ​កិច្ច​​ហាក់​បាន​ប្រឹង​ប្រែង​មួយ​ឈុត​ក្នុង​ការ​រៀបចំ​​ឱ្យ​មានការធ្វើ​​អនា​​ម័យ​ជុំ​វិញ​ការ​នាំត្រី​នេះ​ ព្រោះ​តែ​បង្ក​ឱ្យ​ប៉ះ​ពាល់​​បរិស្ថាន​ធ្ងន់ធ្ងរ​ដល់​ច្រកទ្វារ​ដែល​មាន​ភ្ញៀវ​ទេស​ចរ​​ជាតិ-អន្តរជាតិឆ្លង​កាត់ ។

អាជ្ញា​ធរ​​ក្រុង​ប៉ោយ​ប៉ែត​បាន​ធ្វើការ​អប់រំ​ណែ​នាំ​ឱ្យ​ក្រុម​ហ៊ុន​ទាំង​អស់​ដែល​ដឹកត្រី​តាម​រទេះ​​ត្រូវ​មាន​ការ​វេច​ខ្ចប់​ឱ្យ​បានត្រឹម​ត្រូវ​ ។ ​ទោះ​បី​ជា​បែបណា​​បាន​តែ​មួយរយៈ​ពេល​ខ្លី​​តែប៉ុណ្ណោះ ​ជាក់​ស្តែង​​​នៅព្រឹក​ថ្ងៃទី១០ កុម្ភៈ គេសង្កេត​ឃើញ​​​មាន​រទេះ​ដឹកត្រី​ជា​ច្រើន​​បាន​អូស​ចេញ​ទៅ​ប្រទេស​​សៀម​តាមច្រក​ទ្វារ​ប៉ោយ​ប៉ែត​​ ហើយ​បានបង្ហូរ​ទឹក​ស្អុយ​ឆ្អេះ​ឆ្អាប​​​ស្រោច​ពេញតាមផ្លូវ​បង្ក​ជា​បញ្ហា​ធ្វើ​ឱ្យ​​ប៉ះ​ពាល់​ដល់​បរិស្ថាន​ និង​សុខ​ភាព​ភ្ញៀវ​ទេស​ចរ​ជាតិ និងអន្តរ​ជាតិ​ដែល​ចេញ​ចូលឆ្លង​កាត់​តាម​ច្រកទ្វារ​ប៉ោយ​ប៉ែត​នេះ ។

តាម​ការ​បំភ្លឺ​ពីសមត្ថ​កិច្ច​​ប៉ូលិស​អន្តោ​ប្រវេសន៍​ឈរជើង​ច្រកទ្វារប៉ោយ​ប៉ែត​បានឱ្យ​ដឹងថា ចំពោះ​ក្រុម​ហ៊ុន​រកស៊ី​ដឹកជញ្ជូនត្រី​តាម​រទេះ​ទៅ​ប្រទេស​​​សៀម ​គួរ​តែ​មានការ​សំអាត​ឱ្យ​ល្អ​​ផង​ គឺ​​នៅពេលដែលពួកគេ​អូស​រទេះ​ត្រីហូរ​ទឹកស្អុយ​នោះគួរ​តែ​យករថ​យន្ត​បាញ់​ទឹក​មក​បាញ់សំអាត​ឱ្យ​បាត់​ក្លិន​ស្អុយ​ឆ្អេះ​ឆ្អាប​ ទើប​ត្រឹម​ត្រូវ​ មិន​គួរ​​ឱ្យ​​ទឹកស្អុយ​ទាំង​អស់​នោះ​បង្ក​ផល​ប៉ះពាល់​ដល់​សុខ​ភាព​ប្រជាពល​រដ្ឋ​ទេ ។ លោកទ្រី ណារិន ​អភិ​បាល​ក្រុង​ប៉ោយ​ប៉ែត ធ្លាប់​បានប្រាប់​​ឱ្យ​ដឹង​ថា ជុំវិញបញ្ហាខាង​​លើ​នេះ​លោក​នឹង​ចាត់​វិធាន​ការ​ឱ្យ​បានល្អប្រសើរ​ផង​​ ដែរ ​គឺដើម្បី​កុំ​ឱ្យខ្មាស​ដល់​ភ្ញៀវ​ទេសចរ​ដែលឆ្លង​កាត់​តាមច្រក​ប៉ោយ​ប៉ែត​នេះ ។ ដូច្នេះ​អាជ្ញា​ធរ​​​ក្រុងប៉ោយ​ប៉ែត​​គួរ​ចាត់វិធាន​ការ​ចំពោះ​ក្រុម​​ហ៊ុន ​ដឹកត្រី​តាម​រទេះ​ដែលបង្ហូរ​ទឹក​ស្អុយ​ទាំង​អស់​នេះ ឱ្យ​​បាន​ប្រសើ​ឡើង​វិញ និង​កុំ​ឱ្យមាន​ការ​រិះគន់​​ពី​សំណាក់ភ្ញៀវ​ទេស​ចរ​ដែល​ឆ្លង​កាត់​តំបន់នេះ​វា​ជា​មុខ​មាត់​របស់​ប្រទេស​កម្ពុជា​​យើង ៕

ជនទំនើង​ស្រវឹង​​ស្រា​ប្រើ​អំពើ​ហិង្សា​វាយ​ប្រពន្ធ​គេ

Posted: 11 Feb 2011 02:29 AM PST

ជន​ដៃ​ដល់​​ឈ្មោះ​ប៉ូច ពេត កម្លាំង​ជំនាញកំពុង​​រៀប​ចំ​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​

ខេត្ត​បន្ទាយ​មានជ័យ ៖ អំណាច​ស្រា​ដែល​បាន​ជ្រាប​ចូលក្នុង​ខ្លួន​ជនទំនើង​ម្នាក់​ ​ហ៊ាន​​​ដើរ​​ចូលទៅ​ផ្ទះ​អ្នក​ជិត​ខាង​ និង​ជេរ​ប្រមាថ​ថែម​ទាំង​​វាយ​ប្រពន្ធ​គេ​ខណៈ​ដែល​បុរស​​ជា​ប្តី​មិន​​នៅ​ផ្ទះ​ ។ ទោះជាបែបណា​ បុរស​អគតិ​​​​​​រូបនេះ​នៅ​ដឹង​​ខ្លួន​បន្ទាប់​ពី​ប្រើ​​អំពើ​ហិង្សា​​ទៅ​លើ​ស្ត្រី​​រង​គ្រោះ ​ហើយ​បាន​រត់​គេច​ខ្លួន​​បាត់​​ ។ លុះ​វេលា​​ម៉ោង​​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១០ កុម្ភៈ ត្រូវ​បាន​​កម្លាំង​​ប៉ូលិស​​ក្រុង​សិរី​សោភ័ណ​​​​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​​បញ្ជូន​មក​កាន់​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​ដើម្បី​រៀបចំ​​សំណុំ​រឿង​​តាម​នីតិវិធី​ច្បាប់ ។

លោក​វរសេនីយ៍​​ត្រី​រ៉ែម វីរៈ អធិការ​នគរ​បាល​​ក្រុង​សិរីសោភ័ណ​ បាន​ឱ្យ​ដឹងថា ក្រោយ​ពី​ទទួល​​បណ្តឹង​ពីស្ត្រីរងគ្រោះ​​ឈ្មោះ​​ថឺង ធូ អាយុ​​៣២ឆ្នាំ នៅភូមិកងវ៉ា សង្កាត់​​កំពង់​ស្វាយ ក្រុង​​សិរីសោភ័ណ​ បាន​ប្តឹង​​ចោទ​ប្រកាន់​​ទៅលើ​ឈ្មោះ​​ប៉ូច ពេត អាយុ​២៦ឆ្នាំ នៅភូមិ​ជាមួយ​គ្នា​នោះថា កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​៩ កុម្ភៈ ខណៈ​នាង​កំពុង​រៀបចំ​​បាយ​ឱ្យ​កូនហូប​ ​ស្រាប់​តែ​ជនទំនើង​​​ឈ្មោះ​ប៉ូច ពេត បាន​ដើរ​ចូល​ទៅផ្ទះ​របស់​នាង​ទាំង​​យប់ ក្នុង​សភាព​ស្រវឹងដាបពេល​ដឹង​ថា​ ប្តីនាង​មិន​នៅ​ផ្ទះ ជន​អគតិ​នេះ​បាន​ស្ទុះ​​ទៅ​វាយ​នាង​ចំនួន​​៥​ដៃ​ត្រូវ​​ចំមុខ​​និង​​កញ្ចឹង​.ក​ ​​ហើយ​បាន​ជេរ​ប្រមាថ​ទៅ​​លើ​នាង ដោយ​ពាក្យ​អសុរោះ​​យ៉ាង​​ចាស់​ដៃ​ទៀត​ផង​ ។ ដោយ​ការ​ភិតភ័យ​ផង​នោះ​នាង​នាំ​កូន​រត់​ទៅ​ផ្ទះ​លោក​មេ​​ភូមិ​​ឱ្យជួយ​អន្តរាគមន៍​ព្រមទាំង​ប្រជាពលរដ្ឋ​​​នៅ​ក្នុង​ភូមិ​ក៏​បាន​ជួយ​រកកន្លែង​​ឱ្យ​នាង​​និងកូន​សំរាក​​នៅ​ផ្ទះ​របស់​គាត់​​មួយ​យប់​ ព្រោះ​តែ​គេ​ឃើញ​​​ជន​ប្រមឹក​​ធ្វើ​សកម្មភាព​មិន​គប្បី​មក​លើ​រូបគាត់​ ។​

លោក​អធិការ​នគរ​បាល​ក្រុង​បាន​បន្ត​ឱ្យ​ដឹង​​ថា ក្រោយ​ពីឃាត់​ខ្លួន​និង​សាកសួរ​ចម្លើយ​​រួច​ជន​អគតិនេះ បាន​អះអាងថា ខ្លួន​មិន​បាន​ប្រព្រឹត្តអ្វី​ដូច​ការ​ចោទ​ប្រកាន់​របស់​ស្ត្រី​រង​គ្រោះ​​នោះទេ ប៉ុន្តែ​នៅយប់​នោះ​ខ្លួន​ពិតជា​ស្រវឹង​​ស្រា​​មែន ។ លោក​​វរសេនីយ៍​ត្រីរ៉ែម វីរៈ បាន​បញ្ជាក់​ថា ទោះ​ជាជន​​ល្មើស​រូបនេះ​​មិន​​​សារភាព​ពីទង្វើ​របស់​ខ្លួនក៏ដោយ​ ប៉ុន្តែ​យោង​តាម​ពាក្យ​បណ្តឹង​របស់​​ស្ត្រី​រងគ្រោះ​​និង​សាក្សី​​ដែល​ជួយ​បំភ្លឺ​​ក្នុង​ករណី​ខាង​លើ​ ពិសេស​​គឺលោក​មេភូមិ​  ដូច្នេះ​ជន​ដៃ​ដល់​​ឈ្មោះ​ប៉ូច ពេត កម្លាំង​ជំនាញកំពុង​​រៀប​ចំ​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ៕

ក្រុម​សិល្បករមួ​យក្រុម​មក​ពី​តៃវ៉ាន់​សំដែង​នៅភ្នំពេញ

Posted: 11 Feb 2011 02:15 AM PST

ក្រុម​សិល្បករមួ​យក្រុម​មក​ពី​តៃវ៉ាន់​សំដែង​នៅភ្នំពេញ​

រាជធានីភ្នំពេញ ៖ នៅសណ្ឋាគារ​ Almond  កាលពី​យប់​ថ្ងៃទី​១០ កុម្ភៈ ​​មាន​ការ​ប្រគំតន្ត្រី​​មួយដែល​ធ្វើ​ឡើងដោយ​ក្រុម​សិល្បករ​មានគ្នា​៩​នាក់​មកពី​តៃវ៉ាន់​​ដែល​ការ​ប្រគំ​តន្ត្រី​នោះ​ធ្វើ​ឡើង​​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​​ពី​សណ្ឋាគារ​​ Almond ​ភោជនីយដ្ឋាន​ TOPAZ ​និង​ក្រុម​ហ៊ុន​ Artistic Resouce Pte Ltd ​ហើយ​​សាលា​តន្ត្រី​​ស៊ីម​ហ្វូនី​ ជាអ្នក​អញ្ជើញ​​​​ក្រុម​សិល្បករទាំង​នោះ​​ឱ្យមក​សំដែង​​នៅរាជធានី​ភ្នំពេញ​ ចាប់​ពី​ថ្ងៃទី៧ កុម្ភៈ ដល់​១៤ កុម្ភៈ ។​
ក្រុមយុវជន​ Orchestra ​នេះ​បាន​ទទួល​​ការ​បណ្តុះ​បណ្តាល​​នៅ​ប្រទេស​តៃវ៉ាន់​ បន្ថែម​ពីលើ​​ភាពប៉ិន​ប្រសប់​​តាំងពី​ក្មេង​វ័យ ហើយ​ពួកគាត់​​​បាន​ធ្វើ​​ដំណើរ​ទៅ​គ្រប់​​ទីកន្លែង​ក្នុង​ប្រទេស​​តៃវ៉ាន់​ និង​ទៅប្រទេស​ជាច្រើន​នៅលើ​​ពិភព​លោក​ ដើម្បី​សំដែង​និងផ្សព្វ​ផ្សាយ​​វិស័យ​តូរ្យ​តន្ត្រី។​ 

នៅ​ថ្ងៃនេះ​ ពួកគាត់​នឹង​សំដែង ​ច្រៀង​​បទ​ចំរៀង​​ចង្វាក់​ភ្លេង​ចិន និង​បែប​បស្ចិម​​​​​ប្រទេស​ នៅ​សណ្ឋាគារ​Almond ​និង​​ថ្ងៃស្អែក​​នៅ​ភោជ​នីយ​ដ្ឋាន​ Topaz  ហើយ​ថ្ងៃទី​១២ នៅ​សាលា​តូរ្យ​តន្ត្រី​ស៊ីម​ហ្វូនី ។ លោក​លូ ម៉េង មាន​ប្រសាសន៍​ថា ប៉ុន្មាន​​ខែ​កន្លងទៅ ​សណ្ឋាគារ​ Almond ​បាន​រៀបចំ​​ព្រឹត្តិ​ការណ៍​សំដែង​លក្ខណៈ​ក្នុង​ស្រុក និងអន្តរជាតិ ដូចជា​ការ​សំដែង​ជាលក្ខណៈ​ប្រពៃណី​ជាមួយ​នឹង​​ឧបករណ៍​​ភ្លេង​ខ្មែរ​ បុស្បាប៉ាន់​ខន​សឺត ការ​សំដែង​​តន្ត្រី​ឥណ្ឌូណេស៊ី​ ការ​សំដែង​តន្ត្រី​​អន្តរជាតិ​ អាល្លឺម៉ង់ និង​របាំ​លៀន​របស់​ជនជាតិ​ចិន ។ បច្ចុប្បន្ន​ ​សាលា​តូរ្យតន្ត្រី​ស៊ីម​ហ្វូនី​ នឹង​រៀបចំ​ការ​សំដែង​ផ្ទាល់​ដោយ​ក្រុម​​យុវជន​ Rueifang Youth Symphony Orchestra ​មកពី​​តៃវ៉ាន់​ ដែល​​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃទី​១២ ខែកុម្ភៈ ។ យើង​មិន​មែន​គ្រាន់​​តែ​មាន​បំណង​​ផ្សព្វ​ផ្សាយ​​តែសណ្ឋាគារ​ និង​ភោជនីយ​ដ្ឋានប៉ុណ្ណោះ​ទេ គឺដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​​​នូវ​សិល្បៈ​ខ្មែរ ឧបករណ៍​​តន្ត្រីខ្មែរ​ និង​​សេវា​​ផ្សេងៗ​ ទៅ​ដល់​​ភ្ញៀវ​​ទេសចរ​​ក្នុង​ស្រុក​ និង​អន្តរជាតិ​។​

លោក​ហ៊ុន ឡាក់ ​ក៏​បាន​ថ្លែង​ដែរថា នេះ​គឺជា​ឱកាស​ដ៏​ប្រសើរ​សំរាប់​សាលា​តូរ្យតន្ត្រី​​ស៊ីម​ហ្វូនី​ ដើម្បី​ផ្លាស់​ប្តូរ​បទពិសោធន៍​​​ជាមួយ​នឹង​​សាលា​តូរ្យ​តន្ត្រី​​ Rueifang Youths ymphony Orchestra ។ យើង​​ខ្ញុំ​ព្យាយាម​បង្កើត​​នូវ​កម្ម​វិធី​​ និង​សកម្មភាព​​សប្បាយ​​រីករាយ​ដល់​សិស្សា​នុសិស្ស​ទាំងអស់​​ ដើម្បី​រៀន​សូត្រ​ និង​ចែក​រំលែក​​នូវ​ចំណេះ​ដឹង​ផ្នែក​​តូរ្យតន្ត្រី​​ជាមួយ​យុវជន​ដែល​​មាន​អាជីព​ និងពោរពេញ​​ទៅ​ដោយ​បទ​ពិសោធន៍​​​ខាងតូរ្យតន្ត្រី ៕

យុវជនវៀតណាម​ញៀន​ថ្នាំ​ចង.ក​សម្លាប់​ខ្លួន​ក្នុង​ផ្ទះ​សំណាក់​អូរគីណាវ៉ា

Posted: 11 Feb 2011 02:09 AM PST

ខេត្តព្រះ​សីហនុ ៖ យុវជន​វៀត​​ណាម​​ម្នាក់​​​បាន​ចង.ក​ធ្វើ​អត្តឃាត​​ដែល​សង្ស័យ​ថា បណ្តាល​មក​ពី​ប្រើ​ប្រាស់​គ្រឿងញៀន​ជ្រុល ​ត្រូវ​បាន​ឪពុក​ម្តាយ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​​៥​ល្ងាច​ថ្ងៃទី​៩ កុម្ភៈ នៅ​ក្នុង​​បន្ទប់​ផ្ទះជួល​មួ​យកន្លែង ​ដែល​ស្ថិត​ក្នុង​​ប្លុក​​ក្រោយ​ផ្ទះ​​​សំណាក់​​អូរគីណាវ៉ា​ ស្ថិត​ក្នុង​ក្រុម​ទី​៣ ភូមិ១ សង្កាត់​លេខ​៤ ក្រុងព្រះ​សីហនុ​ ។​ តាមប្រភព​​ឱ្យដឹងថា យុវជន​ដែល​ចង.ក​ធ្វើ​អត្ត​ឃាត​​នោះ​ឈ្មោះ​​ឡេកុងផាក ភេទ​ប្រុស អាយុ​​២០ឆ្នាំ ជាអ្នក​ដើរ​លក់​វ៉ែន​តា​តាម​មាត់​​​សមុទ្រ​ ឪពុក​ឈ្មោះ​ឡេ កុងឌឺក អាយុ​៤៩ឆ្នាំ ម្តាយ​​ឈ្មោះ​ងៀង ធីង៉ា អាយុ​៤៦ឆ្នាំ បច្ចុប្បន្ន​​​​រស់​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ ។

​យោង​តាម​ប្រភព​ពីមិត្តភក្តិ​​ជនរងគ្រោះ​​បាន​​ឱ្យ​​ដឹង​ថា ឡេ កុងផាក មិន​មាន​​មុខ​របរអ្វី​ក្រៅ​អំពី​​ដើរ​លក់​វ៉ែន​តា​តាម​មាត់​សមុទ្រ​នោះទេ ។ តែនៅ​​ពេល​​លក់​​បាន​លុយ​បន្តិច​​បន្តួច​ឈ្មោះ​​ឡេ កុងផាក នេះ​បាន​យក​ទៅទិញ​ថ្នាំ​ញៀន​មក​​សេព​អស់​គ្មាន​សល់​ ពេល​ខ្លះ​​​ចូល​លុយ​ដើម​​ទៀត​ផង ។ ប្រភពដដែល​បន្ត​ថា មុន​កើត​​ហេតុ​រយៈ​ពេល​បីថ្ងៃ​​គេពុំ​បាន​​ឃើញ​​កុង​ផាក ទៅ​លក់​វ៉ែន​តា​​​ទេនៅតែផ្ទះ​ ។ រហូត​ដល់​ថ្ងៃ​កើត​ហេតុ​ ឈ្មោះ​កុង​ផាក ចូល​ក្នុង​បន្ទប់​ដោយ​​ដាក់​គន្លឹះ​​ជាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ម៉ោង​៥​ល្ងាច​ ដោយ​មាន​ការ​សង្ស័យ​ម្តាយ​ព្រមទាំង​​បងប្អូន​​ចាក់សោ​ទ្វារ​​ចូល​ទៅ​ក្នុង​បន្ទប់​ក៏​បាន​ឃើញ​ឈ្មោះ​ឡេ កុង​ផាក បាន​ចង.កស្លាប់​បាត់​ទៅ​ហើយ ។​

តាម​ព័ត៌​មាន​ពី​អ្នក​ជិត​ខាង​ម្នាក់​បាន​​ឱ្យ​ដឹង​ថា ឡេ កុងផាក​ ចង.ក​សម្លាប់​​ខ្លួននេះ​ក៏ព្រោះ​បាន​យក​លុយ​ដើមទុន​ទិញ​វ៉ែន​តា​​លក់​នោះ​ ទៅ​សេព​​គ្រឿង​ញៀន​អស់​ ទើប​​សំរេច​​ចិត្ត​ចង.ក​សម្លាប់​​ខ្លួន​ទាំង​វ័យ​ក្មេង​​បែបនេះ ។ ក្រោយហេតុ​ការណ៍​​សមត្ថ​កិច្ច​ប៉ូលិស​បច្ចេកទេស​​បាន​ទៅធ្វើ​កោ​សល្យ​​វិច័យ​ ឃើញ​ថា ពិតជា​ស្លាប់​​ដោយការ​​ចង.ក​​ប្រាកដ​មែន​ មិន​មាន​ឃាតកម្ម​ណាមួយ​កើត​ឡើង​ទេ ហើយ​​ស្លាប់​​នៅចន្លោះ​ម៉ោង​៣​រសៀល ​៕

សាលាបារាំង​ចុង​បូព៌ា​មាន​បំណង​ជួយ​អភិរក្ស​ និង​អភិ​វឌ្ឍ​ប្រាសាទ​បុរាណ​កម្ពុជា

Posted: 11 Feb 2011 02:02 AM PST

សាលាបារាំង​ចុង​បូព៌ា​មាន​បំណង​ជួយ​អភិរក្ស​ និង​អភិ​វឌ្ឍ​ប្រាសាទ​បុរាណ​កម្ពុជា​

រាជ​ធានី​ភ្នំពេញ ៖ នៅក្នុងជំនួបពិភាក្សា​ការងារកាល​ពី​ពេល​ថ្មីៗ​នេះ​នៅទីស្តីការគណៈ​រដ្ឋមន្រ្តីជាមួយលោកគ្រី​ស្ទាន កូណាន់ (Chri​stian Connan) ឯកអគ្គរដ្ឋទូតនៃ​សាធារណរដ្ឋ​បារាំងប្រចាំនៅកម្ពុជា និងលោកហ្រ្វង់ស៊ីស្គុស វ៉ារី​ឡែន (Franciscus Varellen ) នាយកសា​លា​បារាំងចុងបូព៌ា លោក​​បណ្ឌិតសុខ អាន ឧប​នា​​យករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទី​ស្តីការ​គណៈ​រដ្ឋមន្រ្តីបានមានប្រសាសន៍ថ្លែង​អំណរ​គុណ​ចំពោះ​សាលាបារាំងចុងបូព៌ា និងរដ្ឋា​ភិបាល​សាធារណរដ្ឋបារាំង ដែលបានជួយជួសជុលប្រាសាទបាពួន និងមាន​បំណងប្រគល់ឯកសារ និងផ្ទេរចំណេះដឹងស្តីពីការអភិរក្ស និងអភិវឌ្ឍ​ប្រាសាទបុរាណ ព្រមទាំងបំណងចង់ជួយជួស​ជុល​ប្រាសាទ​មេបុណ្យខាងលិចឲ្យកម្ពុជា។

ករណី​នេះ ​លោក​បណ្ឌិត សុខ អាន បានឲ្យ​អាជ្ញាធរអប្សរានិងអាជ្ញាធរព្រះវិហារបន្តធ្វើការ ងារជាក់ស្តែងជាមួយស្ថានទូតបារាំង និង​សា​លាបារាំងចុងបូព៌ា។ លោកហ្រ្វង់ស៊ីស្គុស វ៉ារីឡែន (Franciscus Varellen) មាន​ប្រសាសន៍​ថា សាលាបារាំង​ចុង​បូព៌ាបាន​បញ្ចប់​ការ​ងារ​​ជួសជុលប្រាសាទបាពួន ហើយមានបំណងបើកធ្វើសិក្ខាសាលាមួយដើម្បី ផ្សព្វ​ផ្សាយ​ការងារដែលសាលាបារាំងចុងបូព៌ា​បាន​ធ្វើ រួមមាន​ការ​សម្តែងសិល្បៈផង និង​ប្រកាស​​ឲ្យដឹងពីការ​ចូល​រួមបន្តជួយជួសជុល ប្រាសាទមេបុណ្យ​ខាង​លិច ដោយមានការ អញ្ជើញចូលរួមពីលោក​នា​យករដ្ឋមន្រ្តីបារាំងផង នៅពេលឆាប់ៗខាងមុខ​នេះ។ លោកហ្រ្វង់ស៊ី​ស្គុស​ វ៉ារីឡែន (Franciscus Varellen) ក៏បានឲ្យដឹង​ផងដែរថា សាលាបារាំងចុងបូព៌ាប្រគល់នូវ​ឯក​សារស្តីពីការអភិរក្ស និងអភិវឌ្ឍប្រាសាទ​បុរាណ​តាំងពីឆ្នាំ១៩០៧ ពេលដែលសាលា​បារាំង​ចុងបូព៌ាចូលមកជួយជួសជុលប្រាសាទ និង​បង្កើត​អភិរក្សដ្ឋាន​អង្គរឲ្យមក​កម្ពុជាក៏ដូចជា​ត្រៀមផ្ទេរចំណេះដឹងដល់ស្ថាបត្យករកម្ពុជាស្តីពី ការអភិរក្សនិងអភិវឌ្ឍប្រាសាទបុរាណតាមរយៈទទួលធ្វើការបណ្តុះបណ្តាលផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ​ លោក គ្រីស្ទាន កូណាន់ (Christian Connan) បាន ឲ្យដឹងថា ស្ថានទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា បានគាំទ្រគម្រោងការនានារបស់សាលា បារាំងចុងបូព៌ានៅកម្ពុជា និងត្រៀមជួយ​សម្រួល​ការងារជូនចំពោះអាជ្ញាធរព្រះវិហារដែលមាន​បំណងចង់សុំអ្នកឯកទេសបារាំងដែលបានជួយ​ជួសជុលប្រាសាទបាពួនធ្វើជាទីប្រឹក្សាពិគ្រោះ​យោបល់។ លោកបណ្ឌិត សុខ អាន មាន​ប្រសាសន៍ថា លោកនឹងស្នើសុំរាជរដ្ឋា​ភិបាលកម្ពុជាដើម្បីធ្វើ​ការ​ប្រគល់ជូននូវគ្រឿង​ឥស្សរិយយសដល់អ្នក​ជំនាញការបារាំងដែលបានមកជួយជួសជុល ប្រាសាទបុរាណកម្ពុជាផងដែរដើម្បីជាការថ្លែង អំណរគុណ៕

មន្ត្រី​ជប៉ុន​នឹង​ចូល​រួម​ចំណែក​ជាមួយ​​កម្ពុជា​ក្នុង​ការ​ប្រឆាំង​ភេរវកម្ម

Posted: 11 Feb 2011 01:55 AM PST

លោក TAKAAKI MOJIMA ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​ជាមួយ​សម្តេច​​តេជោ

រាជ​ធានី​ភ្នំពេញ ៖ លោក​អ៊ាង សុផល្លែត​ ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា​បាន​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​ជាមួយ​សម្តេច​​តេជោ​នា​រសៀល​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ នៅ​វិមាន​សន្តិ​ភាព​នៃ​ទី​ស្តី​ការ​​នាយក​រដ្ឋ​មន្ត្រី​ លោក TAKAAKI MOJIMA ឯក​អគ្គ​រាជ​ទូត​ទទួល​បន្ទុក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ប្រឆាំង​ភេរវ​កម្ម​​ប្រទេស​ជប៉ុន​បាន​ជំរាប​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ថា វត្ត​មាន​របស់​លោក​នៅ​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​ចូល​រួម​ប្រជុំ​អាស៊ាន-​ជប៉ុន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវ​កម្ម​។

លោក​ឯក​អគ្គ​រាជ​ទូត​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវ​កម្ម​នេះ រួម​ទាំង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ល្អ​ជាមួយ​ជប៉ុន​ផង និង​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ផង​។ លោក TAKAAKI មាន​ប្រសាសន៍​​​ថា កិច្ច​ប្រជុំ​ពិគ្រោះ​សន្ទនា​អាស៊ាន​-ជប៉ុន​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវ​កម្ម​នេះ គឺ​បាន​ប្រព្រឹត្ត​ឡើង​តាំង​ពី​ឆ្នាំ​២០០៥​មក ហើយ​ជប៉ុន​បាន​ដើរ​តួ​យ៉ាង​សំខាន់​​នៅ​ក្នុង​កិច្ច​សន្ទនា​នេះ ​ជា​ពិសេស​រវាង​អាស៊ាន​-ជប៉ុន​។ ជប៉ុន​គិត​ថា កិច្ច​សន្ទនា​នេះ​ក៏​ចូ​ល​រួម​ចំណែក​ក្នុង​ការ​ធ្វើ​សមា​ហរណ​កម្ម​​អាស៊ាន​ផង​ដែរ​។ ជប៉ុន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​លើ​បញ្ហា​នេះ​ ហើយ​រូប​លោក​ផ្ទាល់​ និង​​ជប៉ុនក្នុង​ការ​ប្រឹង​ប្រែង​អស់​ពី​កំលាំង​កាយ​ចិត្ត​ក្នុង​ការ​ធ្វើ​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​កម្ពុជា​ធ្វើ​យ៉ាង​ណា​ឱ្យ​កិច្ច​ប្រជុំ​​នេះ​បាន​ទទួល​ផ្លែ​ផ្កា​។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មាន​ប្រសាសន៍ថា វត្ត​មាន​របស់​ជប៉ុន​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ពិត​ជា​នាំ​ទៅ​រក​​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់​មិន​ខាន​។ ទន្ទឹម​នេះ​សម្តេច​បាន​ស្នើ​យោបល់​ឱ្យ​ធ្វើ​ការពិចារ​ណា​ផ្លាស់​ប្តូរ​កិច្ច​ប្រជុំ​នេះ​ចាប់​ពី​ឆ្នាំ​ខាង​មុខ​ពីកិច្ច​ប្រជុំ​ដៃ​គូ​សន្ទនា​អាស៊ា​ន-ជប៉ុន​ឱ្យ​ទៅ​ជា​កិច្ច​ប្រជុំ​ដៃ​គូ​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​អាស៊ាន-ជប៉ុន​វិញ​។ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ជំរាប​លោក TAKAAKI ថា កម្ពុជា​ត្រៀម​ខ្លួន​ជា​និច្ច​ដើម្បី​ធ្វើ​សហ​ប្រតិ​បត្តិការ​ក្នុង​ក្រប​ខណ្ឌ​​កម្ពុជា-ជប៉ុន, កម្ពុជា-អាស៊ាន​ និង​កម្ពុជា​ជាមួយ​ដៃ​គូ​ដទៃ​ទៀត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវ​កម្ម​។ សម្តេច​សង្ឃឹម​ថា ជប៉ុន​នឹង​ជួយ​ចូល​រួម​ចំណែក​ដល់​កម្ពុជា​លើ​វិស័យ​នេះ​។ កិច្ច​ប្រជុំ​នេះ​ធ្វើ​នៅរាជ​ធានី​ភ្នំពេញ​ពី​ថ្ងៃ​ទី​១០ ដល់ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ២០១១៕

លេចព័ត៌មាន​​ពីលោកគឹម ជុង​អ៊ីល រៀបការ​ថ្មី​ទៀត

Posted: 11 Feb 2011 01:45 AM PST

ក្នុងរង្វង់មូលគឺ​​លោកស្រី​​គីម អុក

ព័ត៌មាន​អំពីការ​រៀបការ​​កាលពី​​២​ឆ្នាំ​មុន​ របស់មេ​ដឹកនាំ​​​កូរ៉េ​ខា​ងជើង លោកគីម ជុងអ៊ីល ជាមួយ​សហជីវនី​មួយរូបរបស់លោក​គឺ​​លោកស្រី​​គីម អុក ត្រូវ​បានលើកឡើងទៀត​​កាលពីថ្ងៃទី​​១១ កុម្ភៈ ។ ម្យ៉ាងវិញទៀត ​វត្តមាន​នៃ​​កូន​ប្រុស​​ម្នាក់​អាយុ​​៧​ឆ្នាំ គេ​ថា ដោយសារ​​សម្ព័ន្ធ​ភាព​​ស្នេហា​​​​របស់​​អ្នក​ទាំង​២ ក៏ត្រូវបាន​គេលាត​ត្រដាង​​​ដែរ ។​

លោកស្រី​​ប៉ាក ស៊ុនយ៉ុង សមាជិកា​​សភា​កូរ៉េ​​ខាងត្បូង ស្ថិត​ក្នុង​​គណៈ​កម្មការ​កិច្ច​​ការបរទេស និង​បង្រួប​បង្រួម​របស់សភា​ជាតិ​​អះអាង​​ក្នុងកិច្ច​​​សន្ទនា​​តាម​ទូរស័ព្ទ​​មួយ ជាមួយ​​ទីភ្នាក់ងារ​​​ព័ត៌​មាន​​កូរ៉េ​ខាងត្បូង​​ YONHAP ថា លោកស្រី​​បាន​ទទួល​ព័ត៌មាន​​ទាំង​នេះ​ពីបណ្តា​មន្ត្រី​​​ជាន់ខ្ពស់ ចិន​​ដែលធ្វើការ​​ខាង​ផ្នែក​​ស៊ើប​ការណ៍​​របស់ចិន ។​

យោង​តាម​​លោកស្រី​​ប៉ាក ថា ​លោកស្រីគីម អុក ជា​មនុស្ស​​និយម​​កណ្តាលម្នាក់ ដែល​ប្រឆាំង​នឹង​​ការបាញ់​គ្រាប់​បែក​​​បុក​លើ​នាវា​​ចម្បាំង​​កូរ៉េ​ខាង​ត្បូង CHEONAN រហូត​ដល់​ពេលចុង​ក្រោយ ។ លោកស្រី​​ក៏ជា​អ្នក​​លើកឡើង​ដែរ ពី​មរណភាព​​របស់នាយក​រង​​នាយកដ្ឋាន​​គ្រប់គ្រង​នៃ​បក្ស​​ពលករ​កូរ៉េ​​ខាងជើង​លោក RI JE-GANG កាលពី​ខែ​មិថុនា កន្លងមកនេះ ។ កូរ៉េ​​ខាង​ជើង​ធ្លាប់ប្រកាស​ថា ការស្លាប់របស់ជន​នេះ​ដោយសារ​​គ្រោះថ្នាក់​រថយន្ត​ ក៏ប៉ុន្តែ​​តាមពិត​លោក​ត្រូវ​សម្លាប់​​ដោយសារ​​តែ​លោក​​ហ៊ាន​​ប្រឆាំង​​នឹងការបាញ់នាវា CHEONAN ។

ក៏ប៉ុន្តែ​​អ្នក​ទទួលខុសត្រូវ​ម្នាក់​​របស់រដ្ឋាភិ​បាល​​កូរ៉េ​ខាងត្បូង​​បានសំដែង​​​ការ​សង្ស័យ​​លើ​ព័ត៌មាន​​ថ្មីៗ​ទាំង​នេះ ។ ​ពាក្យ​លេចឮ​ពី​ការរៀប​ការ​​រវាង​​មនុស្ស​ទាំង​២នេះ​ត្រូវ​​លើកឡើង​ជា​ច្រើន​​លើក ក៏ប៉ុន្តែ​​គេពិបាក​ក្នុង​ការ​អះអាង​ណាស់ ។ ​អ្នកទទួលខុសត្រូវ​​​រូបនេះ​បន្ត​ថា តាម​ការ​​យល់ឃើញ​​ផ្ទាល់ខ្លួន​ ខ្ញុំ​គិត​​ថា ព័ត៌មាន​​ទាំង​នោះ​​ពុំ​គួរឱ្យ​ជឿជាក់ឡើយ ៕​

ជនដៃ​ឆៅ​បាញ់​មនុស្ស​នៅមុខ​ក្លឹប​​ឡឺ​វេស ត្រូវចាប់ខ្លួន​បានម្នាក់ហើយ

Posted: 11 Feb 2011 01:25 AM PST

រាជ​ធានី​ភ្នំពេញ ៖ ​ជនដៃ​ដល់​​បាញ់​មនុស្ស​មិន​ញញើត​ដៃ​បណ្តាល​​ឱ្យ​និស្សិត​​២នាក់​​រង​របួស​ធ្ងន់ នៅមុខ​ក្លឹប​​ខារ៉ាអូខេ​ឡឺវេស​នោះ ត្រូវបាន​​សមត្ថ​កិច្ច​​​ស្រាវជ្រាវ​​ចាប់ខ្លួន​​បាន​ម្នាក់​​ហើយ​កាល​ពី​ព្រឹកថ្ងៃទី​​១១ កុម្ភៈ ២០១១ គឺ​សហ​ការ​​ជាមួយអង្គ​ភាព​ភូមិ​​ភាគពិសេស​​ចាប់ខ្លួន​​​យក​ចេញពី​បន្ទាយ​តែម្តង ព្រោះជន​ដៃ​​ដល់​ជា​មន្ត្រី​​យោធា​ស័ក្តិ​៣ បំរើការ​​ក្នុងអង្គភាព​​​ភូមភាគ​​ពិសេស ។​

ជនដៃ​ដល់​​ម្នាក់នេះ​ឈ្មោះ​​សុខ សុ​វណ្ណ ជិះ​រថ​យន្ត​ម៉ាកឡិចស៊ីស ស៊េរី​​៤៧០ ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-2220 ឥឡូវ​កំពុងត្រូវ​បាន​សាកសួរ​នៅអធិការដ្ឋាន​នគរបាល​ខណ្ឌ​​ទួល​គោក​​​ ពាក់ព័ន្ធ​​នឹង​ជម្លោះ​​បាញ់​​ប្រហារ​នេះ​ ។ ការ​ស្រាវជ្រាវ​​ចាប់ខ្លួន​បាននេះ គឺធ្វើឡើង​​តាមរយៈ​ស្លាកលេខរថយន្ត​ ភ្នំពេញ 2Q-2220 នេះ​ឯង និង​ដក​ហូត​​បានកាំភ្លើង​​ខ្លី​ ស៊េរី​​ទំនើប​១ដើម...​ឥឡូវ​នេះ​ប៉ូលិស​កំពុង​ស្វែង​រក​ចាប់ខ្លួន​​បក្ស​ពួក​របស់​គេ​​ច្រើននាក់​​ជា​បន្ត​ទៀត ។​

គួររំលឹក​ថា និស្សិត​២​នាក់​បាន​រង​របួស​ដោយ​​ការ​បាញ់​​ពី​​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ជិះ​រថ​យន្ត​ឡិច​ស៊ីស​ ពណ៌ស​​២​គ្រឿង បន្ទាប់​ពី​ចេញ​ពី​ផឹក​ស៊ី​ទាស់​​ពាក្យ​សំដី​គ្នា​នៅ​ក្លឹប​​ខារ៉ា​អូខេ​ឡឺ​វេស ។​ សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​នោះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២រំលង​អធ្រាត្រ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ នៅ​មុខហាង​​ខារ៉ា​អូ​ខេ​ឡឺ​វេស ស្ថិត​នៅ​ផ្លូវ​លេខ​២៣០​ សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំពេញ។ ជន​រង​គ្រោះ​ ១-ឈ្មោះ​ឈួន វិឆ្ឆ័យ ភេទ ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត​ រស់​នៅ​ផ្ទះ​លេខ​១៤៨​A មហា​វិថី​ម៉ៅ​សេ​ទុង​ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌ​ចំការ​មន​ រង​របួស​​១​គ្រាប់​ចំ​ត្រចៀក​ខាង​ស្តាំ​គ្រាប់​បៀម​កំពុង​សំរាក​ព្យាបាល​នៅ​គ្លីនិក​​ទួល​គោក​ និង​២-ឈ្មោះ​ហែម សុធា​រាន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​និស្សិត​ មាន​ទី​លំនៅ​​ក្នុង​ខេត្ត​កំពង់​ចាម​ រង​របួស​១​គ្រាប់​ចំ​ភ្លៅ​ស្តាំធ្លាយត្រូវ​េគ​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​។

សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ​ជន​ដៃ​ដល់​មាន​គ្នា​ប្រមាណ​៥​ទៅ​៦​នាក់​ជិះ​រថ​យន្ត​ម៉ាក​ឡិច​ស៊ីស​៤៧០​ពណ៌​ស​ ២​គ្រឿង​ ប្រដាប់​​ដោយ​កាំ​ភ្លើង​ម៉ាក​ឡុក​​។ ក្រុម​នេះ​បើក​រថយន្ត​ដេញ​បាញ់​រថ​យន្ត​ចំនួន​២​គ្រឿង​​ និង​ម៉ូតូ​​របស់​ក្រុម​ជន​រង​គ្រោះ​ជា​ច្រើន​គ្រាប់​។ ការ​​ផ្ទុះ​អាវុធ​នេះ បន្ទាប់​ពី​ពួក​គេ​ទាំង​២​ក្រុម​ទាស់​​ពាក្យ​សំដី​គ្នា​នៅ​មុខ​ហាង​ខារ៉ា​អូ​ខេ​​ឡឺ​វេស​។ ទោះ​បី​ជា​យ៉ាង​ណា​ក្តី គេ​ពុំ​ដឹង​ថា ពួក​គេ​មាន​ទំនាស់​គ្នា​រឿង​អ្វី​​ឡើយ​ តែបើ​តាម​សាក្សី​ខ្លះ​ថា មក​ពី​ផឹក​ស្រវឹង​​ឌឺ​ដង​ដាក់​គ្នា​ ខ្លះ​ទៀត​ថា ​ទំនាស់​រឿង​ស្រី ៕

ឆ្នេរ​សមុទ្រ​កម្ពុជា​ជាប់​ជា​សមា​ជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរ​​សមុទ្រ​ស្អាត​បំផុត​​លើ​លោក

Posted: 11 Feb 2011 01:11 AM PST

ឆ្នេរ​សមុទ្រ​កម្ពុជា​ជាប់​ជា​សមា​ជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរ​​សមុទ្រ​ស្អាត​បំផុត​​លើ​លោក
ឆ្នេរ​សមុទ្រក្រុងព្រះ​សីហនុនាថ្ងៃចូលឆ្នាំចិន
ឆ្នេរ​សមុទ្រក្រុងព្រះ​សីហនុនាថ្ងៃចូលឆ្នាំចិន

រាជធានីភ្នំពេញ ៖ គណៈ​កម្ម​ការ​អន្តរ​ក្រសួង​ដើម្បី​ដាក់​បញ្ចូល​​ឆ្នេរ​សមុទ្រ​​កម្ពុជា ជា​សមា​ជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​​សាកល​លោក បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ ថា ឆ្នេរ​សមុទ្រ​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សមា​ជិក​ពេញ​សិទ្ធិ​​នៃ​​ក្លឹប​​ឆ្នេរ​សមុទ្រ​ដែល​​ស្អាត​បំផុត​​លើ​​សាកល​លោក ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​​ក្លឹប​កាល​ពី​ថ្ងៃ​ទី​២២ មករា ឆ្នាំ​២០១១​នៅ​ទី​ក្រុង​​កាហ្សែស (Cargese) ប្រទេស​​​បារាំង ដោយ​បាន​បោះ​ឆ្នោត​សំរេច​គាំទ្រ​ដោយ​សំឡេង​ជា​ឯក​ច្ឆន្ទ ។

លោក​អ៊ឹម ​ឈុន​លឹម ទេស​រដ្ឋ​មន្ត្រី​​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​​ដែន​ដី​នគ​រូបនីយ​កម្ម​​ និង​សំណង់​ និង​​ជា​ប្រធាន​គណៈ​កម្ម​ការ​អន្តរ​​ក្រសួង​បាន​ឱ្យ​ដឹង​ថា ការ​សំរេច​ខាង​លើ​នេះ អាស្រ័យ​ដោយ​លក្ខណ​សម្បត្តិ​​របស់​ឆ្នេរ​សមុទ្រ​​កម្ពុជា​បាន​ឆ្លើយ​តប​គ្រប់​គ្រាន់​​រាល់​លក្ខ​ខណ្ឌ​​តំរូវ​ដោយ​ក្លឹប​​ និង​សំណុំ​ឯក​សារ​ប្រកប​ដោយ​គុណ​ភាព​​ពិសេស​គឺ​ភាព​វៃ​ឆ្លាត​របស់​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​រាជ​​រដ្ឋា​ភិបាល​​ដែល​មាន​សម្តេច​​​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​ជា​ប្រមុខ​ដោយ​បាន​ស្នើ​​ដាក់​បញ្ចូល​​ឆ្នេរ​សមុទ្រ​​ទាំង​មូល​ដែល​​មាន​ប្រវែង​​៤៤០​គីឡូ​ម៉ែត្រ ​កាត់​ខេត្ត​៤ គឺ​កោះ​កុង ព្រះ​សីហនុ ​កំពត និង​កែប ក្រោម​ឈ្មោះ​រួម​ថា «ឆ្នេរ​សមុទ្រ​​កម្ពុជា» ។

​លោក​ទេស​រដ្ឋ​មន្ត្រី​​បាន​ឱ្យ​ដឹង​ទៀត​ថា ការ​ជាប់​ជា​សមា​ជិក​ពេញ​សិទ្ធិ​នេះ ផ្តើ​ម​ចេញ​ពី​ការ​ទទួល​យក​បេក្ខ​ភាព​​របស់​ឆ្នេរ​សមុទ្រ​កម្ពុជា​ នា​ឱកាស​មហា​សន្និ​បាត​លើក​ទី​៦ របស់​ក្លឹប​ដែល​បាន​​ប្រព្រឹត្ត​ទៅ​​កាល​ពី​ថ្ងៃ​ទី​២៨ មេសា​ដល់​ថ្ងៃ​ទី​​២ ឧសភា ឆ្នាំ​២០១០ ​នៅ​ទី​ក្រុង​ហាឡុង ​ប្រទេស​វៀត​ណាម ដោយ​មហា​សន្និ​បាត​បាន​សំរេច​ទទួល​យក​បេក្ខ​ភាព​ឆ្នេរ​​ចំនួន​២​ក្នុង​ចំណោម​​ឆ្នេរ​ចំនួន​៣ ដែល​បាន​​ដាក់​សុំ​គឺ​មាន​ឆ្នេរ​សមុទ្រ​កកម្ពុជា ​ឆ្នេរ​សមុទ្រ Patmos របស់​ប្រទេស​​ក្រិច និង​ឆ្នេរ​សមុទ្រ Mackenzie របស់​ប្រទេស​កាណា​ដា ។

​លោក​ទេស​រដ្ឋ​មន្ត្រី​​បាន​បញ្ជាក់​ថា ​រដ្ឋា​ភិបាល​​បាន​សំរេច​បង្កើត​​គណៈកម្ម​ការ​អន្តរ​ក្រសួង​ដើម្បី​ដាក់​បញ្ចូល​ឆ្នេរ​សមុទ្រ​កម្ពុជា ជា​សមា​ជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​​បំផុត​​លើ​សាកល​លោក​ ដោយ​មាន​រូប​​លោក​ផ្ទាល់​ជា​ប្រធាន លោក​ទេស​រដ្ឋ​មន្ត្រី ម៉ុក ម៉ារ៉េត ​រដ្ឋ​មន្ត្រី​ ក្រសួង​បរិ​ស្ថាន​​ ជា​អនុ​ប្រធាន និង​លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ជា​អនុ​ប្រធាន​​អចិ​ន្ត្រៃយ៍ ។ គណៈ​កម្ម​ការ​អន្តរ​ក្រសួង​នេះ ​មាន​តួ​នាទី​សហ​ការ​ជា​មួយ​ក្រុម​ប្រឹក្សា​ភិបាល​ក្លឹប​ដើម្បី​ជំរុញ​ការ​ដាក់​បញ្ចូល​​ឆ្នេរ​សមុទ្រ​កម្ពុជា ជា​សមា​ជិក​ក្លឹប​ ត្រៀម​​​រៀប​ចំ​ទទួល​ដំណើរ​ទស្សន​កិច្ច​របស់​​ប្រតិ​ភូ​​ក្លឹប​ និង​រៀប​ចំ​សំណុំ​ឯក​សារ​ផ្លូវ​ការ​សំរាប់​ដាក់​​ជូន​ក្រុម​ប្រឹក្សា​ភិបាល​ក្លឹប​​សំរេច ។

​លោក​ថោង ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ និង​​ជា​អនុ​ប្រធាន​អចិ​ន្ត្រៃយ៍​គណៈ​កម្ម​ការ​អន្តរ​ក្រសួង​បាន​មាន​ប្រសាសន៍​ថា ក្លឹប​នេះ​ត្រូវ​បាន​បង្កើត​​ឡើង​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ​១៩៩៧ នៅ​ទី​ក្រុង​ប៊ែរ​​ឡាំង ប្រទេស​អា​ល្លឺ​ម៉ង់ (ជា ONG auprès des Nations Unies ដែល​ស្ថិត​​ក្រោម​​ការ​គាំទ្រ​​របស់​អង្គ​ការ​យូណេ​ស្កូ (UNESCO)) ក្នុង​​គោល​បំណង​សំខាន់ៗ​​ចំនួន​៣ រួម​មាន​ទី​១-សំរួល​​ការ​ដោះ​ដូរ​បទ​ពិសោធន៍​​​រវាង​សមា​ជិក លើ​បញ្ហា​បរិ​ស្ថាន សង្គម សេដ្ឋ​កិច្ច និង​ទេស​ចរណ៍​ និង​ធ្វើ​ការ​ចែក​រំលែក​អំពី​លទ្ធ​ផល​ស្រាវ​ជ្រាវ​ និង​សិក្សា​បែប​វិទ្យា​សាស្ត្រ​​នានា​ទាក់​ទង​នឹង​ការ​អភិ​វឌ្ឍ​ និង​ការ​អភិ​រក្ស​​ដោយ​ឈរ​លើ​គោល​ការណ៍​​និរន្តរ​ភាព​ដល់​សមា​ជិក ទី​២-ជំរុញ​ការ​ដោះ​​ដូរ​បទ​ពិសោធន៍ និង​ជំនាញ​រវាង​សមា​ជិក​លើ​ការ​ងារ​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍ ​និង​ទី​៣-ជំរុញ​ឱ្យ​មាន​ការ​ភ្ជាប់​ទំនាក់​ទំនង​ និង​ផ្លាស់​ប្តូរ​រវាង​ប្រជា​ជន និង​ប្រជា​ជន​ដែល​រស់​នៅ​តាម​ឆ្នេរ​​ជា​សមា​ជិក (លើ​ការ​ងារ​សង្គម វប្ប​ធម៌ កីឡា​។ល។) ។
បច្ចុ​ប្បន្ន​​ ក្លឹប​នេះ​មាន​ប្រទេស​សមា​ជិក​ចំនួន​២៤​ប្រទេស និង​១​តំបន់​ស្វយ័ត (ទ្វីប​អាហ្វ្រិក ចំនួន​៦​ប្រទេស ទ្វីប​អាមេ​រិក​ចំនួន​៧​ប្រទេស ទ្វីប​​អាស៊ីចំនួន​៥​ប្រទេស និង​ទ្វីប​អឺរ៉ុប​ចំនួន​៧​ប្រទេស) ​ដែល​ក្នុង​នោះ​រួម​មាន​​៣២​​ឆ្នេរ​ និង​មាន​ទី​ស្នាក់​ការ​អចិ​ន្ត្រៃយ៍​​​នៅ​ទី​ក្រុង​វ៉ាន (Vannes) ប្រទេស​បារាំង ។​ «ឆ្នេរ​​សមុទ្រ​កម្ពុជា» បាន​ក្លាយ​​ជា​សមា​ជិក​ទី​៣៣ របស់​ក្លឹប។

លោក​​រដ្ឋ​មន្ត្រី​​ ថោង ខុន បាន​បន្ត​​ថា ​ជា​ការ​ពិត​ ការ​​ជាប់​ជា​សមា​ជិក​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកល​លោក​នេះ នឹង​ផ្តល់​​ផល​ប្រយោជន៍​​ជា​ច្រើន​​ដល់​កម្ពុជា​ មាន​ជាអាទិ៍​ ទី​១-ចូល​រួម​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​​ទេស​ចរណ៍​​ប្រកប​ដោយ​និរន្តរ​ភាព និង​ការ​ទទួល​ខុស​ត្រូវ​នៅ​តំបន់​ឆ្នេរ ដោយ​កម្ពុជា​នឹង​អាច​ដក​ស្រង់​បទ​ពិសោធន៍​​ល្អៗ​ក្នុង​ការ​អនុ​វត្ត (Best Practices) ក៏​ដូច​ជា​ទទួល​ជំនាញ​បច្ចេក​ទេស (Expertise) ក្នុង​ការ​គ្រប់​គ្រង​​តំបន់​ឆ្នេរ​ពី​ឆ្នេរ​ជា​សមា​ជិក​ដទៃ​ទៀត ពិសេស​លើ​ការ​អភិ​វឌ្ឍ និង​ការ​អភិ​​រក្ស​តំបន់​ឆ្នេរ ព្រម​ទាំង​ការ​បង្កើន​ប្រសិទ្ធ​ភាព​សេដ្ឋ​កិច្ច​នៅ​តំបន់​ឆ្នេរ​​សមុទ្រ តាម​រយៈ​ការ​អភិ​វឌ្ឍ​វិស័យ​ទេស​ចរណ៍​ជា​ដើម ។ល។ ទី២-បង្កើន​​កំលាំង​ផ្សព្វ​ផ្សាយ​សក្តានុ​ពល​ទេស​ចរណ៍​តំបន់​ឆ្នេរ​សមុទ្រ​​កម្ពុជា​ ដោយ​យើង​នឹង​មាន​សិទ្ធិ​ក្នុង​ការ​ប្រើ​ប្រាស់​និមិត្ត​សញ្ញា​ផ្លូវ​ការ​របស់​ក្លឹប «ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកល​លោក» ដែល​នឹង​ចូល​រួម​​គាំទ្រ​ដល់​យុទ្ធ​នា​ការ​ផ្សព្វ​ផ្សាយ​ទេសចរណ៍ «កម្ពុជាៈ ព្រះរាជា​ណា​ចក្រ​អច្ឆរិយៈ» និង​ជួយ​​លើក​ស្ទួយ​កិត្យា​នុ​ភាព​​ឆ្នេរ​​សមុទ្រ​កម្ពុជា នៅ​លើ​ឆាក​អន្តរ​ជាតិ (ដោយ​អាច​ភ្ជាប់​​ទៅ​នឹង​វ៉េប​សាយ​របស់​ក្លឹប www.world-bays.com)​ ពិសេស​ចូល​រួម​គាំទ្រ​​​គោល​នយោ​បាយ​ពង្រីក​គោល​ដៅ​ទេស​ចរណ៍​ឱ្យ​មាន​ភាព​សំបូរ​បែប​ ពី​តំបន់​ទេស​ចរណ៍​វប្ប​ធម៌​ (សៀម​រាប-អង្គរ) ​ទៅ​កាន់​តំបន់​ឆ្នេរ​សមុទ្រ​ផង​ដែរ ។ ​ទី​៣-​ក្លឹប​បាន​ទទួល​ស្គាល់​ឈ្មោះ​ «ឆ្នេរ​សមុទ្រ​កម្ពុជា» (Cambodia Bay-La Baie du Cambodge) ជា​ផ្លូវ​ការ ​​ដែល​នេះ​នឹង​ផ្តល់​អំណោយ​​​ផល​ល្អ​សំរាប់​តំបន់​ឆ្នេរ​​សមុទ្រ​កម្ពុជា​លើ​​ឆាក​អន្តរ​ជាតិ ដែល​ជា​ទូទៅ​ត្រូវ​បាន​ស្គាល់​​ថា ស្ថិត​នៅ​តំបន់​ឈូង​សមុទ្រ​ថៃ (Gulf of Thailand) ។

​លើ​សពី​នេះ​ទៅ​ទៀត ​ដើម្បី​ជំរុញ​ដំណើរ​ការ​គ្រប់​គ្រង និង​អភិ​វឌ្ឍន៍​​ឆ្នេរ​សមុទ្រ​​កម្ពុជា​ឱ្យ​បាន​ល្អ​​ស្អាត​ស័ក្តិ​សម​ជា​សមា​ជិក​នៃ​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​​បំផុត​លើ​សាកល​លោក គណៈ​កម្ម​ការ​អន្តរ​​ក្រសួង នឹង​បន្ត​អនុ​វត្ត​ផែន​ការ​សកម្ម​ភាព​របស់​ខ្លួន​ ដោយ​ក្នុង​នោះ​​ផ្តោត​​ជា​សំខាន់​​​លើ​ចំណុច​​ចំនួន​៤ ដូច​ខាង​ក្រោម ៖
១-​ការ​រៀប​ចំ​ឱ្យ​មាន​ជា​ឆ្នេរ​​គំរូ​មួយ (អាច​យក​ឆ្នេរ​អូរ​ត្រេះ សំរាប់​ការ​អនុ​វត្ត​ជំហាន​ដំបូង)​ សំដៅ​រៀប​ចំ​ប្លង់​មេ​​សំរាប់​ការ​អភិ​វឌ្ឍ រួម​មាន​ទាំង​ប្លង់​នគរូប​នីយ​កម្ម ប្រព័ន្ធ​ដឹក​ជញ្ជូន និង​សេវា​​កម្ម​បំរើ​ដល់​វិស័យ​​ទេស​ចរណ៍​នានា ដើម្បី​ធានា​ឱ្យ​បាន​អនាម័យ សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​​ល្អ ជា​គំរូ​សំរាប់​ការ​អនុ​វត្ត​នៅតាម​ឆ្នេរ​ដទៃ​ទៀត។
២-ជំរុញ​​ការ​អនុ​វត្ត​សេច​ក្តី​​សំរេចរបស់​រាជ​រដ្ឋា​ភិបាល​​ស្តី​ពី​ការ​បង្កើត​​ក្រុម​ ឆ្មាំ​ឆ្នេរ​សមុទ្រ​កម្ពុជា ដោយ​​ចាប់​ផ្តើម​​រៀប​ចំ​ជ្រើស​រើស​ឆ្មាំ​ឆ្នេរ​សមុទ្រ​​​ក្នុង​​ក្រប​ខណ្ឌ​​កិច្ច​សន្យា​​ការ​ងារ ឬ​សេវា​ឯក​ជន​ ហើយ​ស្ថិត​នៅ​​ក្រោម​ការ​គ្រប់​គ្រង​របស់​អាជ្ញា​ធរ​ខេត្ត​តំបន់​​ឆ្នេរ​សមុទ្រ រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​​ចំណេះ​ដឹង និង​ជំនាញ​ចាំ​បាច់​នានា​ដល់​ក្រុម​ឆ្មាំ​ឆ្នេរ​សមុទ្រ (ក្រសួង​ទេសចរណ៍​បាន​​និង​កំពុង​រៀប​ចំ Curriculum សំរាប់​វគ្គ​បណ្តុះ​បណ្តាល​ឆ្មាំ​ឆ្នេរ​សមុទ្រ ដោយ​សហ​ការ​ជា​មួយ​ជំនាញ​ការ​អូស្ត្រាលី និង​បារាំង) មុន​នឹង​ឈាន​ទៅ​​​បំពាក់​សំភារ​ចាំ​បាច់​មួយ​ចំនួន​សំរាប់​បំពេញ​ការ​ងារ​ដល់​ក្រុម​ឆ្មាំ​​ឆ្នេរ​សមុទ្រ ។
៣-​ជំរុញ​ឱ្យ​មាន​កន្លែង​ផ្ទុក​សំណល់​រឹង និង​មធ្យោ​បាយ​គ្រប​គ្រង​សំណល់​រាវ ព្រ​មទាំង​អប់រំ​​ឱ្យ​ប្រជា​ពល​​រដ្ឋ​ អាជីវ​ករ និង​ទេស​ចរ​ចូលរួម​ក្នុង​ការ​សំអាត​ឆ្នេរ​សមុទ្រ និង​ដាក់​ចេញ​​នូវ​វិធាន​ការ​​​ដ៏​មា​នប្រសិទ្ធ​ភាព​ដើម្បី​សំអាត​​ឆ្នេរ​សមុទ្រ​​កម្ពុជា ។
៤-​បង្កើន​យុទ្ធ​នា​ការ និង​យន្ត​ការ​នានា​ដើម្បី​ការ​ពារ និង​អភិ​រ​ក្ស​ធន​ធាន​កម្រ​ ក្នុង​នោះ យើង​បាន​​និង​កំពុង​សហ​ការ​​ជា​មួយ​អង្គ​ការ Acting for Life រៀប​ចំ​អនុ​វត្ត​គំរោង​អភិ​រក្ស​​ផ្កា​ថ្ម និង​គំរោង​ដទៃ​ទៀត ។

គួរ​បញ្ជាក់​​ថា យោង​តាម​លិខិត​របស់​លោក​ប្រធាន​ក្លឹប​​ ការ​ចូល​​ជា​សមា​ជិក​ពេញ​សិទ្ធិ​របស់​ឆ្នេរ​សមុទ្រ​កម្ពុជា នឹង​ត្រូវ​​ប្រកាស​ជា​ផ្លូវ​ការ​នា​ឱកាស​មហា​សន្និ​បាត​​លើក​ទី​៧ របស់​ក្លឹប​​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៦ ​ខែ​ឧសភា ឆ្នាំ​២០១១ ខាង​មុខ​​នៅ​ប្រទេស​​សេណេ​​ហ្គាល់ ហើយ​ពេល​នោះ​​ក៏​មាន​ការ​ប្រគល់​វិញ្ញា​បន​បត្រ​ទទួល​ស្គាល់​​កម្ពុជា​​ជា​សមា​ជិក​ផង​ដែរ៕

រថភ្លើង​ធ្លាក់​ផ្លូវ​ជិតក្រុង​សេអ៊ូល​ពុំមានជនរងគ្រោះ

Posted: 11 Feb 2011 01:10 AM PST

រថភ្លើង​លឿន​មួយខ្សែ​របស់កូរ៉េខាងត្បូង (KTX)

រថភ្លើង​លឿន​មួយខ្សែ​របស់កូរ៉េខាងត្បូង (KTX) ដែលរត់​​ទៅកាន់ក្រុង​សេអ៊ូល បានធ្លាក់​​ពី​ផ្លូវ​​ដែក​កាលពីថ្ងៃទី​​១១​ កុម្ភៈ នៅជិត​​ស្ថានីយ​មួយ​នាភាគ​និរតី​រដ្ឋធានី​​ ក៏ប៉ុន្តែ​​ពុំ​មាន​​សេចក្តី​រាយការណ៍​​ពីជន​រងគ្រោះឡើយ ។​
គ្រោះថ្នាក់​នេះ​កើតមាន​​នៅជិត​ស្ថានីយរថ​ភ្លើង​​​​ GWAN GMYEONG នាវេលាម៉ោង​​​​១៣និង​​២០នាទី ។ រថភ្លើង​​លឿន​នេះធ្វើ​​ដំណើរ​​សំដៅ​ក្រុងសេអ៊ូល ហើយត្រូវ​​ជួបគ្រោះថ្នាក់​​​នា​ពេល​​រសៀល​​ ។ រថភ្លើង​​នេះ​រត់​​រវាងក្រុង​ប៊ូសាន និង​ក្រុងសេអ៊ូល ។ ​មន្ត្រីផ្លូវដែក​ម្នាក់​និយាយ​ថា ពុំ​មាន​​ជនរងគ្រោះឡើយ ហើយ​​ពេលនេះ​យើង​​កំពុង​លើក​​​រថភ្លើង​ដែលធ្លាក់​ផ្លូវដែក ។ ម្យ៉ាង​​ទៀត​គេ​កំពុងតែ​កំណត់​​ពីមូលហេតុ​​ពិតប្រាកដ​​នៃគ្រោះថ្នាក់នោះ ៕​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!