VOA News: ព័ត៌មាន: “ស.រ.អា ផ្អាក​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​ភូមា” plus 3 more

VOA News: ព័ត៌មាន: “ស.រ.អា ផ្អាក​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​ភូមា” plus 3 more


ស.រ.អា ផ្អាក​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​ភូមា

Posted: 18 May 2012 08:29 AM PDT

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា​ដំណាក់ការ​ថ្មី​នៅ​ក្នុង​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ភូមា​ ដោយ​​ផ្អាក​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទាំងអស់​ហើយ​និង​តែងតាំង​ឯកអគ្គរដ្ឋទូត​លើក​ដំបូង​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​ក្នុង​ភូមិ​ភាគ​អាស៊ី​អគ្នេយ៍​មួយ​នេះ នៅ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​នេះ។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បាន​ធ្វើ​ការ​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ភូមា​លោក វ៉ូនណា ម៉ោង ល្វីន (Wunna Maung Lwin) ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ស.រ.អា ដែល​លោក​​ជា​មន្រ្តី​ទីមួយ​របស់​ប្រទេស​នោះ​ដែល​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ទសវត្សរ៍​នេះ។

លោកស្រី​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​នេះ​យើង​និយាយ​ទៅ​កាន់​ពាណិជ្ជករ​អាមេរិកាំង​​ពី​ការ​វិនិយោគ​ទុន​នៅ​ក្នុង​ប្រទេស​ភូមា​ហើយ​ធ្វើ​ការ​វិនិយោគ​នោះ​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ។ ធ្វើ​ជា​ភ្នាក់ងារ​នាំ​ការ​ផ្លាស់​ប្តូរ​​ប្រកប​ដោយ​វិជ្ជមាន​ហើយ​និង​​​ពាណិជ្ជករ​ដ៏​ល្អ។ ចូរ​យើង​ទាំងអស់​គ្នា​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​បង្កើត​ការងារ កលានុវត្តភាព ហើយ​និង​គាំទ្រ​កំណែ​ទម្រង់។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេង​ទៀត៖

ស៊ីរី៖ ស៊ីរី​បាន​ប្រុង​ប្រៀប​ទប់​ទល់​នឹង​ការ​ប្រឆាំង​តវ៉ា​របស់​ពួក​ប្រឆាំង​​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ពេល​ដែល​មន្រ្តី​អង្គការ​សហប្រជាជាតិ​បាន​សម្តែង​នូវ​សេចក្តី​ព្រួយ​បារម្ភ​​ថា​ពួក​អាល កៃដា (al-Qaida) អាច​ដើរ​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ការ​វាយ​ប្រហារ​កាល​ពី​​ពេល​ថ្មី​ៗ​នេះ​ដែល​បាន​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​​ដ៏​ប្រេះ​ស្រួយ​នេះ​កាន់​តែ​យ៉ាប់​យឺន​ទៅ។

<!--IMAGE-RIGHT-->ស.រ.អា៖ លោក​ប្រធានាធិប​តី បារ៉ាក់ អូបាម៉ា កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​​ទទួល​មេដឹកនាំ​ពិភពលោក​នៅ​សន្និសីទ​កំពូល ជា​ទី​ដែល​បញ្ហា​ប្រទេស​អាហ្វហ្គានីស្ថាន អ៊ីរ៉ង់និង​សេដ្ឋកិច្ច​សកលលោក​​​ត្រូវ​បាន​រំពឹង​ថា​នឹង​យក​មក​ពិភាក្សា។

ចិន/ស.រ.អា៖ ចិន​បាន​រិះ​គន់​ការ​ដាក់​ពន្ធ​ទប់ទល់​នឹង​ការ​លក់​បង្ខូច​ថ្លៃ​របស់​សហរដ្ឋ​អាមេរិក​លើ​បន្ទះ​ស្រូប​កំដៅ​ព្រះ​អាទិត្យ​របស់​ចិន ដោយ​កំពុង​បង្កើន​ភាព​តាន​តឹង​ខាង​ពាណិជ្ជកម្ម​រវាង​សេដ្ឋកិច្ច​ដ៏​ធំ​ទាំង​ពីរ​របស់​ពិភពលោក។

ស.រ.អា/អ៊ីរ៉ង់៖ បេសកជន​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​អ៊ីស្រាអែល​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា​​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន (Washington) មាន​បំណង​ប្រើ​កម្លាំង​យោធា​ប្រសិន​បើ​ចាំបាច់​ដើម្បី​បញ្ឈប់​អ៊ីរ៉ង់​កុំ​ឲ្យ​បាន​ទទួល​អាវុធ​នុយក្លែអ៊ែរ​ហើយ​មាន​ផែនការ​រួច​ទៅ​ហើយ​ក្នុង​ការ​វាយ​ប្រហារ។

ចិន៖ អ្នក​និរទេស​នាំ​មុខ​មួយ​ក្រុម​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​របស់​អាជ្ញាធរ​ចិន​នៅ​ក្នុង​តំបន់​ស្វយ័ត​ទីបេ កំពុង​​ប្រែ​ក្លាយ​វត្តអារ៉ាម​និង​អាវាស​ដូនជី​ព្រះពុទ្ធ​សាសនា​​ដែល​ជា​ទីកន្លែង​គោរព​បូជា​ទៅ​ជា​កន្លែង​ដែល​គ្រប​ដណ្តប់​ដោយ​ការ​ឃោសនា​របស់​រដ្ឋ​ចិន។

អាហ្វហ្គានីស្ថាន៖ អង្គការ​អូតង់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​វាយ​ប្រហារ​របស់​ពួក​បះបោរ​ក្នុង​ភាគ​ខាង​កើត​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​សម្លាប់​​កងទ័ព​ចម្រុះ​អន្តរជាតិ​២​នាក់។

សេដ្ឋកិច្ច៖ Facebook ដែល​ជា​គេហទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​​ដ៏​ធំ​បង្អស់​របស់​ពិភពលោក នឹង​បញ្ចប់​ការ​រង់ចាំ​របស់​ខ្លួន​​នៅ​ថ្ងៃ​នេះ នៅ​ពេល​ដែល​ខ្លួន​ដាក់​លក់​ភាគហ៊ុន​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​នេះ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

មាន​ការ​ចាប់​ប្រជាពលរដ្ឋ​ថែម​ទៀត​បន្ទាប់​ពី​ការ​បាញ់​សម្លាប់​ក្មេង​ស្រី​នៅ​ក្រចេះ

Posted: 17 May 2012 08:25 PM PDT

អាជ្ញាធរ​ខេត្ត​ក្រចេះ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ចាប់​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​បួន​នាក់ ​ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​បង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សមត្ថកិច្ច។

ការ​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​បួន​នាក់​នេះ​បាន​កើត​មាន​ឡើង​ក្រោយពេល​ដែល​សមត្ថកិច្ច​បាន​ចុះបង្រ្កាប​ដោយ​ហិង្សា​មួយ​នៅ​ភូមិ​ប្រមា ​ឃុំកំពង់ដំរី ​ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ។

យ៉ាងតិច​មាន​កុមារី​ម្នាក់​ឈ្មោះ​ហេង ​ចន្ថា ​អាយុ​១៤​ឆ្នាំ​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​ នៅ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​រួម​មាន​មន្ត្រី​នគរបាល កង​រាជអាវុធហត្ថ ​និង​មន្ត្រី​យោធា​បាន​បាញ់​សម្លាប់​ដោយ​ផ្ទាល់ដៃ ​នៅ​ក្នុង​ខណៈពេល​ដែល​ចុះ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ភូមិ ​ដោយ​ចោទ​ប្រកាន់​ថា​បាន​បង្កើត​តំបន់​អណាធិបតេយ្យ។

លោក​ឧត្តមសេនីយ៍ត្រី ​ជួង ​ស៊ាងហាក់ ​ស្នងការ​ប៉ូលិស​ខេត្ត​ក្រចេះ​បាន​និយាយ​ថា​ក្រុម​ប្រជាពលរដ្ឋ​បាន​ទៅ​បង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ។

«មួយ​រយៈពេល​មក​ហ្នឹង ​ពួក​ក្រុម​សកម្មភាព​វា​ហ្នឹង​ វា​ហុំព័ទ្ធ​ប្រជាពលរដ្ឋ​ដាក់​បារ៉ាស ​ត្រួតពិនិត្យ​មើល​ទៅ​វា​ហ្នឹង​ជា​អំណាច​មួយ​នៅ​ក្នុង​ហ្នឹង​ទៅ​ហើយ​។ ​ទៅ​ធ្វើ​សកម្មភាព​គំរាមគំហែង​ ចាប់​បង្ខំ​គេ​ឲ្យ​ចូល​ទៅ​ក្នុង​សមាគម​អ្នក​ប្រជាធិបតេយ្យ»។

ក្រោយ​ពី​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចាកចេញ​ពី​ភូមិ​ប្រមា  ​និង​មួយ​ចំនួន​ទៀត​បាន​ស្នាក់នៅ​ក្នុង​ភូមិ​នៅ​ឡើយ​។​ ក៏ប៉ុន្តែ​បាន​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច។

មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​ និង​អ្នក​កាសែត​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​នោះ​ទេ​ដោយ​សមត្ថកិច្ច​បាន​លើក​ហេតុផល​ថា ​ដើម្បី​រក្សា​សន្តិសុខ ​និង​សុវត្ថិភាព។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​អំ ​សំអាត ​មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ​។​ លោក​បាន​មាន​ប្រសាសន៍​ថា​អាជ្ញាធរ​គួរតែ​បង្កើត​គណៈកម្មាធិការ​ឯករាជ្យ​មួយ​ចំពោះ​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​កុមារី​ហេង​ ចន្ថា។

«យើង​ជា​សង្គមស៊ីវិល ​យើង​សុំ​ទទូច​ហើយ​ ទទូច​ទៀត។ ​ថា​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ ហើយ​ចង់​ឲ្យ​មាន​គណៈកម្មាធិការ​ឯករាជ្យ​មួយ​ ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ការ​ស្លាប់​របស់​ក្មេងស្រី​នេះ​ ដើម្បី​រក​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ហ្នឹង​ទៅ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់»។

សព​កុមារី​ហេង ​ចន្ថា ​ត្រូវ​បាន​ក្រុម​គ្រួសារ​កំពុង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​ប្រមា ឃុំ​កំពង់ដំរី។

លោក​ឧត្តមសេនីយ៍ឯក​ខៀវ ​សុភ័គ ​អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា​សមត្ថកិច្ច​កំពុង​តែ​ស្វែងរក​ការ​ចាប់​ខ្លួន​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ចំនួន​ប្រាំ​នាក់​ផ្សេង​ទៀត​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​ខុស​ច្បាប់​នេះ។ លោក​បាន​បញ្ជាក់​ថា អង្គការ​សង្គមស៊ីវិល​មិន​ត្រូវ​លាក់បំពួន​ជន​ទាំង​នោះ​ទេ​ ប្រសិន​ណា​បើ​ឃើញ​ពួក​គេ​ ត្រូវ​រាយការណ៍​ជូន​សមត្ថកិច្ច។

«ដីកា​ចាប់​ខ្លួន​យើង​មាន​ហើយ​ ក៏​ខ្ញុំ​សុំ​អំពាវនាវ​តាម​រយៈវីអូអេ​ ចំពោះ​អង្គការ​សិទ្ធិ​មនុស្ស​ផ្សេង​ៗ​សុំ។ ​ប្រសិន​ជា​ឃើញ​ឈ្មោះ​នេះ​ ដែល​ជ្រកកោន​ក្នុង​អង្គការ​សិទ្ធិ​មនុស្ស​ ក៏សុំ​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​ ព្រោះ​យើង​អនុវត្ត​តាម​ផ្លូវ​ច្បាប់»។

លោក​ប៊ុន ​រដ្ឋា ​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក​ម៉ម ​សុណង់ដូ ​នាយក​វិទ្យុ​សំបុកឃ្មុំ ​និង​ប្រជាពលរដ្ឋ​ចំនួន​បួន​នាក់​ផ្សេង​ទៀត​ គឺ​ជា​ជន​សង្ស័យ​ដែល​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់​ខ្លួន។

វីអូអេ​ព្យាយាម​មិន​អាច​ទាក់​ទង​លោក​ម៉ម​ សុណង់ដូ ​នាយក​វិទ្យុ​សំបុកឃ្មុំ​ដើម្បី​សុះ​ការ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រុម​អង្គការ​សង្គមស៊ីវិល​មួយ​ចំនួន​ដែល​រួមមាន​សមាគម​សិទ្ធិមនុស្ស​អាដហុក​ ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ រួមទាំង​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​ថ្កោលទោស​ចំពោះ​ចំណាត់​វិធានការ​របស់​សមត្ថកិច្ច។ ​ក្រុមឃ្លាំមើល​កម្ពុជា​បាន​យល់​ឃើញ​ថា​ ការ​ប្រើ​ពាក្យ​តំបន់​អបគមន៍​គឺ​ជា​លេស ​ដើម្បី​ធ្វើ​ការ​បាញ់​បង្ក្រាប​មក​លើ​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​ការ​តវ៉ា​រឿង​វិវាទ​ដីធ្លី​ និង​ជា​សារ​មួយ​ផ្ងើជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេង​ៗ​ទៀត​ ដែល​មាន​វិវាទ​ដីធ្លី​ឲ្យ​ឈប់​តវ៉ា៕

This posting includes an audio/video/photo media file: Download Now

គណបក្ស​ធំ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ច្រើន​ជាង​គណបក្ស​តូចៗ​ពេល​​ឃោសនា​បោះឆ្នោត

Posted: 17 May 2012 08:17 PM PDT

ក្រុមន្ត្រី​ឃ្លាំមើល​ការ​បោះឆ្នោត​លើក​ឡើង​ថា​គណបក្ស​កាន់កាប់​អំណាច​យ៉ាង​រឹងមាំ ​និង​គណបក្ស​ធំ​ៗ​មួយ​ចំនួន​ទៀត​ មាន​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​ជាង​គណបក្ស​តូច​ៗ​ សម្រាប់​ធ្វើ​ការ​ប្រកួត​ប្រជែង​ដណ្តើម​យក​សន្លឹក​ឆ្នោត​ ហើយ​ភាព​មិន​ស្មើ​គ្នា​នេះ​នឹង​ជះឥទ្ធិពល​ទៅ​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត។

កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា​ខាង​មុខ​ ហើយ​ការ​ឃោសនា​បោះឆ្នោត​រយៈពេល​១៥​ថ្ងៃ ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ ទី​១៨ ​ស្អែក​នេះ។

មាន​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​ប្រជែង​សរុប​ចំនួន​១០​ នៅ​ក្នុង​នោះ​ភាគច្រើន​គឺ​ជា​គណបក្ស​តូច​ៗ​ដែល​មិន​មាន​សកម្មភាព​ជា​ចំហ​នៅ​ពេល​មុន។

លោក​គល់ ​បញ្ញា ​នាយកប្រតិបត្តិ​នៃគ​ណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់ថា ​ខុមហ្វ្រែល​កត់សម្គាល់​ថា​ព័ត៌មាន​នៃ​ការ​បោះឆ្នោត​មិន​បាន​ជ្រាប​ទៅ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នោះ​ទេ​ ហើយ​គណបក្ស​កាន់កាប់​អំណាច​មាន​លទ្ធភាព​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​យ៉ាង​ទូលំទូលាយ។

«ការប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ ​ឃើញ​ថា​ គម្លាត​គ្នា​ឆ្ងាយណាស់។ ខ្លះ​គណបក្ស​ដែល​គ្នា​មក​ឈរឈ្មោះ​ប្រកួតប្រជែង​ហ្នឹង​ និង​គណបក្ស​កាន់អំណាច​គេ​មាន​លទ្ធភាព​ច្រើន​ណាស់​ ក្នុង​ប្រើប្រាស់​ប្រព័ន្ធផ្សព្វផ្សាយ​ជាពិសេស​ប្រើប្រាស់​ទូរទស្សន៍ ​ហើយ​និង​វិទ្យុ»។

ខាំប្រែល​នឹង​ពង្រាយ​អ្នក​សង្កេតការណ៍​ចំនួន​៥.២៥០​នាក់​សម្រាប់​សង្គេតការ​បោះឆ្នោត​នៅ​ទូទាំង​២៤​ខេត្ត​ក្រុង​របស់​កម្ពុជា​ ចាប់​ពី​រយៈពេល​នៃ​ការ​ឃោសនា​បោះឆ្នោត​ រហូត​ទៅ​ដល់​រយៈពេល​នៃ​ការ​បោះឆ្នោត។

លោក​គល់ ​បញ្ញា ​លើកឡើង​ថា​លំហ​ផ្សព្វផ្សាយព័ត៌មាន​មិន​ស្មើគ្នា​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​មិន​បាន​ទូលំទូលាយ​នូវ​គោលយោបាយ​របស់​គណបក្ស​នីមួយ​ៗ។

«ប្រជាជន​ឥតមាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​គោលនយោបាយ​ជម្រើស​ផ្សេង​ៗ។ ​អញ្ចឹង​ទៅ​ឮ​តែ​ម្ខាង​ អាហ្នឹង​វា​អាច​ប៉ះពាល់​ទៅ​ដល់​ភាព​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​។​ ពីព្រោះ​ប្រជាជន​ឥតមាន​ព័ត៌មាន​គ្រប់គ្រាន់ ​ហើយ​គណបក្ស​ហ្នឹង​ ឥតមាន​ឱកាស​ផ្សព្វផ្សាយ​ពី​គោលនយោយបាយ​ផ្ទាល់​ខ្លួន​»។

លោក​ហង្ស​ ពុទ្ធា ​នាយកប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា ​ហៅកាត់​ថា​ និចហ្វិច​ កត់សម្គាល់​ដូច​គ្នា​នេះ​ដែរ។

«គណកបក្ស​កាន់អំណាច​គាត់​មាន​មធ្យោបាយ​ច្រើន​ជាង។ លោក​មាន​បណ្តាញ​ជា​មន្ត្រី​ថ្នាក់ឃុំ ​លោក​មាន​ប្រព័ន្ធផ្សព្វផ្សាយ​ក្តី ​គឺ​ឃើញ​ថា​មាន​ការ​ផ្សព្វផ្សាយ​ច្រើន។​ នេះ​ជា​ឱកាស​ច្រើន​សម្រាប់​គណបក្ស​កាន់អំណាច​នា​ពេល​បច្ចុប្បន្ន»។

អង្គការ​និចហ្វិច​មាន​អ្នក​សង្កេតការណ៍​បោះឆ្នោត​ចំនួន​៣.០០០​នាក់​សម្រាប់​ខេត្តក្រុង​ទាំង​២៤។

គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់អំណាច​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ការ​គាំទ្រ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​លើស​លប់ ​រាប់​បញ្ចូល​ទាំង​វិទ្យុ ​ទូរទស្សន៍ ​និង​សារព័ត៌មាន​សរសេរ​ផងដែរ។ រីឯ​គណបក្ស​ដទៃទៀត​ដូច​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​គណបក្ស​សិទ្ធិមនុស្ស ​គណបក្ស​នរោត្តមរណឫរិទ្ធិ ​និង​គណបក្ស​សម ​រង្ស៊ី ​សុទ្ធតែ​ជួល​ប្រព័ន្ធផ្សាយ​ឯកជន​ម្រាប់​ធ្វើការ​ផ្សព្វផ្សាយ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន។ រីឯ​គណបក្ស​ផ្សេងទៀត​ ទើបតែ​មាន​សកម្មភាព​ចុងក្រោយ​នេះ។

លោក​ចាន់ ​យ៉េត ​អនុប្រធាន​គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ ដែល​ជា​គណបក្ស​តូច​មួយ​នៅ​ក្នុង​ចំណោម​គណបក្ស​ទាំង​១០​ លោក​បាន​ត្អូនត្អែរ​ពី​កង្វះ​ធនធាន​សម្រាប់​ប្រព័ន្ធផ្សព្វផ្សាយ​ដោយក្តី​អស់​សង្ឃឹម។

«គណបក្ស​តូច​ៗ​ គឺ​ឥត​ទាន់​មាន​ទេ​។ ​ខ្ញុំ​បាទ​អស់​សង្ឃឹម​ជា​ខ្លាំង ​ដូចថា​ខ្ញុំ​ចង់​ផ្សាយ​ពី​គោល​នយោបាយ​គណបក្ស​ខ្ញុំ ​ហើយ​ខ្ញុំ​ចង់ផ្សាយ​សកម្មភាព​ខ្លះ​ៗ​ ដែល​ខ្ញុំ​ចុះ​ទៅ​តាម​បណ្តាខេត្ត​ និង​ឃុំ​ដែល​យើង​មាន»។

គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​មាន​បេក្ខជន​ឈរ​ឈ្មោះ​ដោយ​ចោះៗ​ ក្នុង​ខេត្ត​ចំនួន​៦​ គឺ​ខេត្ត​តាកែវ ​កំពង់ឆ្នាំង ​បន្ទាយមានជ័យ ​ខេត្ត​ព្រៃវែង ​និង​ខេត្ត​កំពង់ធំ។

យ៉ាងណាក៏ដោយ​លោក​ទេព ​នីថា  ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ គជប​ បាន​ពន្យល់​ថា​រដ្ឋាភិបាល​មាន​លទ្ធភាព​ត្រឹមតែ​ជួយ​គាំទ្រ​ទៅ​ដល់​ការ​ផ្តល់​សេវា​ផ្សព្វផ្សាយ​ស្មើភាព​គ្នា​នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​ នា​ពេល​បោះឆ្នោត។ លោក ​ទេព ​នីថា​ មាន​ប្រសាសន៍​ថា​ គជប​ បាន​ស្នើ​ទៅ​ដល់​ទូរទស្សន៍​ និង​វិទ្យុជាតិ​នូវ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់​ដើម្បី​ជួយ​រំលែក​ការ​ឃោសនា​របស់​គណបក្ស​ទាំង​នេះ។

«យើង​មាន​វិទ្យុ​ជាតិ​ និង​បណ្តាញ​ផ្សេង​ៗ​ទៀត​ដែល​ជា​របស់​រដ្ឋ​។ ​មាន​នៅ​តាម​បណ្តាខេត្ត​ដែរ​ ព្រោះ​យើង​បាន​ធ្វើ​ស៊ីដី​ដើម្បី​សុំ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ខេត្ត​ហ្នឹង​ជួយ​ផ្សព្វផ្សាយ»។

មាន​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត​ជាង​៩​លាន​២​សែន​នាក់​ និង​មាន​ឃុំសង្កាត់​ទូទាំង​ប្រទេស​សរុប​ចំនួន​១.៦៣៣​។​ គជប​ បាន​ចែក​បណ្ណ​ព័ត៌មាន​ទៅ​ដល់​អ្នក​បោះឆ្នោត​រហូត​មក​ទល់​ពេល​នេះ​ចំនួន​ជាង​៧​លាន​នាក់ ​ឬ​ស្មើ​ជាង​ ៨០%​នៃ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​សរុប។

លោក​គល់ បញ្ញា យល់​ឃើញ​ថា ការ​ដែល​ចែក​បណ្ណ​ព័ត៌មា​នេះ​មិន​បាន​ទៅ​ដល់​អ្នក​បោះឆ្នោត​គ្រប់​រូប អាច​ជា​កា​រំខាន​ដល់​ការ​ស្វែង​រក​មណ្ឌល​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ។

ក៏​ប៉ុន្តែ​លោក​ទេព ​នីថា ​ឆ្លើយ​ថា​បណ្ណ​ព័ត៌មាន​សម្រាប់​អ្នក​បោះឆ្នោត​នេះ​មិនមែន​ជា​សុពលភាព​សម្រាប់​ការ​បោះឆ្នោត​នោះ​ទេ។

«សូម​បញ្ជាក់​ថា​នេះ​គ្រាន់​តែ​ជា​បណ្ណព័ត៌មាន​ប៉ុណ្ណោះ​ទេ​ មិន​អាច​យក​ទៅ​ធ្វើ​ជា​ឯកសារ​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បោះឆ្នោត​បាន​ទេ។​ ហើយ​អត់​បណ្ណព័ត៌មាន​នេះ​ ក៏​គាត់​អាច​ទៅ​បោះឆ្នោត​បាន​ដែរ»។

ក្រៅពីនេះ​លោក​គល់ ​បញ្ញា ​បង្ហាញ​ថា​កងកម្លាំង​ប្រដាប់​អាវុធ​ដូច​ជា​នគរបាល​ ទាហាន​ និង​កង​រាជ​អាវុធហត្ថ​បាន​ចូល​រួម​ពង្រឹង​យ៉ាងសកម្ម​នៅ​ក្នុង​ការ​ជួយ​ឃោសនា​ទៅ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​កត្តា​ខុស​ច្បាប់​ពីព្រោះ​ថា កងកម្លាំង​ប្រដាប់​អាវុធ​ត្រូវ​តែ​ឋិត​នៅ​ក្នុង​ភាព​ឯករាជ្យ។

លោក​ទេព​ នីថា ​បញ្ជាក់​ថា ជា​ទូទៅ​នៅ​មិន​ទាន់​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​គួរ​ឲ្យ​កត់សម្គាល់​ នៅ​មួយ​ថ្ងៃ​មុន​ការ​ឃោសនា​បោះឆ្នោត​មក​ដល់​នោះ​ទេ៕

This posting includes an audio/video/photo media file: Download Now

ហេឡូ​វីអូអេ ១៧ ឧសភា ២០១២៖ អាថ៌កំបាំង​និង​សិល្បៈ​នៃ​ជីវិត

Posted: 17 May 2012 02:40 PM PDT

លោក ​ម៉ៅ ​ចន្ទសំណុំ​ ពាណិជ្ជករ​នៅ​ទីក្រុង​ Philadelphia​ រដ្ឋ​ Pennsylvania​ បាន​ចូល​រួម​ជា​វាគ្មិន​ដើម្បី​ជម្រាប​ជូន​អំពី​អាថ៌កំបាំង​និង​សិល្បៈ​នៃ​ជីវិត។​ លោក​បាន​បញ្ជាក់​ថា​ ក្នុង​ពិភពលោក​យើង​នេះ​ មនុស្ស​គ្រប់​រូប​ធ្វើ​សកម្មភាព​សព្វ​បែប​យ៉ាង​ដើម្បី​សម្រេច​បាន​នូវ​សេចក្តីសុខ​ សុភមង្គល​ និង​សេចក្តី​សប្បាយ​រីករាយ​ក្នុង​គ្រួសារ។​ ជីវិត​មនុស្ស​គ្រប់​រូប​ឆ្លងកាត់​ភាព​សុខសាន្ត​បាន​តែ​មួយ​ភ្លែតៗ​ដូចជា​ផ្លេកបន្ទោរ​ រីឯ​ក្តី​ទុក្ខ​វិញ​តែង​តាម​ជាប់​ដូច​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ។​ ដើម្បី​ដោះស្រាយ​បញ្ហា​ទុក្ខ​របស់​មនុស្ស​ លោក​បាន​ដក​ស្រង់​ទស្សនៈ​ និង​គំនិត​មូលដ្ឋាន​ ពី​ព្រហ្មញ្ញសាសនា​ ព្រះពុទ្ធសាសនា​ និង​ពី​ចិត្តសាស្ត្រ​សម័យ​ទំនើប​ មក​ប្រើ​ជា​វិធី​បន្ធូរ​និង​លំហែ​កាយ​និង​ចិត្ត។​

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ ​ថ្ងៃ​ទី​១៧​ ខែ​ឧសភា ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤​ ហ្វេសប៊ុក ​facebook.com/voakhmer ​អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now