VOA News: ព័ត៌មាន: “ក្រុម​បះបោរ​ស៊ីរី​ដកថយ​ចេញ​ពី​តំបន់​ដែល​មាន​ការ​ការពារ​រឹង​មាំ” plus 4 more

VOA News: ព័ត៌មាន: “ក្រុម​បះបោរ​ស៊ីរី​ដកថយ​ចេញ​ពី​តំបន់​ដែល​មាន​ការ​ការពារ​រឹង​មាំ” plus 4 more


ក្រុម​បះបោរ​ស៊ីរី​ដកថយ​ចេញ​ពី​តំបន់​ដែល​មាន​ការ​ការពារ​រឹង​មាំ

Posted: 02 Mar 2012 08:13 AM PST

កម្លាំង​បះបោរ​នៅ​ស៊ីរី​និយាយ​ថា​ ពួកគេ​បាន​ដកថយ​ចេញ​ពី​ស្រុក​ បាបា អាមរ៍ (Baba Amr) នៃ​ទី​ក្រុង​ហូម (Homs) ក្រោយពី​មាន​ការ​វាយ​សម្រុក​មួយ​វគ្គ​ដោយ​កង​កម្លាំង​សន្តិសុខ​របស់​លោក​ប្រធានាធិបតី​ បាស្សា អាល់ អាសាដ (Bashar al-Assad)។

ដោយ​ហៅ​ខ្លួន​ឯង​ថា​ ជា​កងពល​តូច​បដិវត្តន៍​ បាបា អាមរ៍ ក្រុម​បះបោរ​នេះ​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ គេ​បាន​ចាកចេញ​ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជនស៊ីវិល​ប្រមាណ​៤​ពាន់​នាក់​ ដែល​មិន​ព្រម​ចាកចេញ​ពីផ្ទះ​សម្បែង​របស់​គេ។ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ទូរទស្សន៍​រដ្ឋ​ស៊ីរី​បាន​ផ្សាយ​រូបភាព​អំពី​ការ​បំផ្លេច​បំផ្លាញ​នៅ​ក្រុង​ហូម ។ ក្រុម​បះបោរ​​និយាយ​ថា ការ​ដកទ័ព​របស់​គេ​គឺ​ជា​កលយុទ្ធ​ដែល​បង្ហាញ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ឡើងៗ​ ដូចជា​ការ​ខ្វះ​ចំណី​អាហារ​ ថ្នាំពេទ្យ ទឹក​ប្រើប្រាស់​ អគ្គិសនី​ និង​ការ​ខ្វះ​បណ្តាញ​ទំនាក់ទំនង​ក្នុង​ទីក្រុង​នេះ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ផ្សេងៗ​ទៀត៖

ស.រ.អា/កូរ៉េ​ខាងត្បូង៖ នាវា​របស់​ស.រ.អា.​រួម​មាន​ United States Navy's 7th Fleet និង USS Blue Ridge បាន​ទៅ​ដល់​ក្រុង​ ដុងហេ (Donghae) ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ដាក់​កងទ័ព​សម្រាប់​ចូលរួម​សមយុទ្ធ​ដែល​កំពុង​ដំណើរការ។ នោះ​ជា​សមយុទ្ធ​ប្រចាំ​ឆ្នាំ​រវាង​ស.រ.អា.​ និង​កូរ៉េ​ខាងត្បូង។ សមយុទ្ធ​នេះ​មាន​ឈ្មោះ​ថា​ សមយុទ្ធ​ដំណោះស្រាយ​គន្លឹះ (Key Resolve)។

<!--IMAGE-RIGHT-->

រុស្ស៊ី៖ លោក​ វ្លាឌីមៀ ពូទីន (Vladimir Putin) នាយក​រដ្ឋមន្ត្រី​ប្រទេស​រុស្ស៊ី​កំពុង​សម្តែង​ក្តី​សង្ឃឹម​ដ៏​ទុកចិត្ត​ថា  លោក​នឹង​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​អាទិត្យ​នេះ។

គុយបា៖ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក ហ្វីដែល កាស្ត្រូ (Fidel Castro) អតីត​ប្រធានាធិបតី​ប្រទេស​គុយបា​ បាន​ជួប​ជាមួយ​គណៈប្រតិភូ​នៃ​សកម្មជន​ជប៉ុន​និង​អ្នក​រួច​ជីវិត​ពី​គ្រោះថ្នាក់​នៃ​គ្រោះថ្នាក់​នុយក្លេអ៊ែរ​និង​ការ​វាយ​ប្រហារ។

ចិន៖ មន្ត្រី​បរិស្ថាន​ជាន់​ខ្ពស់​ម្នាក់​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា គុណភាព​ខ្យល់​អាកាស​ក្នុង​ទីក្រុង​ពីរ​នៃ​ទីក្រុង​ចំនួន​៣​នៅ​ប្រទេស​ចិន​ មិន​មាន​គុណភាព​តាម​ស្តង់ដារ​ ដែល​អាជ្ញាធរ​កំណត់​ក្នុង​ពេល​៤​ឆ្នាំ​ខាង​មុខ​នេះ​ទេ។

ជប៉ុន៖ ប្រទេស​ជប៉ុន​បាន​បញ្ចប់​ការ​សាងសង់​អគារ​ខ្ពស់​បំផុត​ទី​ពីរ​ក្នុង​ពិភពលោក​នៅ​ថ្ងៃ​សុក្រ​នេះ គឺ​ធ្វើ​ហើយ​២​ខែ​មុន​ផែនការ​ដែល​គ្រោង​សម្ពោធ​នៅ​ថ្ងៃ​ទី​២២​មិនា។

អ៊ីរ៉ង់៖ ការ​បោះឆ្នោត​បាន​ចាប់​ផ្តើម​ហើយ​សម្រាប់​ជ្រើសរើស​សភា​ជាតិ​អ៊ីរ៉ង់​ ជា​អ្វី​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​សាកល្បង​មើល​ជំហរ​ក្រុម​អភិរក្ស​និយម​ដែល​គាំទ្រ​ឬ​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ ម៉ាមូដ អាម៉ាឌីនេចាដ (Mahmoud Ahmadinejad)។

បាគីស្ថាន៖ មន្រ្តី​បាគីស្ថាន​និយាយ​ថា​ក្រុម​សកម្ម​ប្រយុទ្ធ​បាន​ប្រយុទ្ធ​គ្នា​នឹង​កងកម្លាំង​សន្តិសុខ​នៅ​ ក្នុង​តំបន់​ភាគ​ពាយ័ព្យ​ប្រទេស​​ដែល​ជា​តំបន់​មាន​រឿងរ៉ាវ​ចម្រូងចម្រាស​ ហើយ​បាន​បណ្តាល​ឱ្យ​​ស្លាប់​ទាហាន​ចំនួន​១០​នាក់​និង​ពួក​សកម្ម​ប្រយុទ្ធ​២៣​នាក់។

អូស្ត្រាលី៖ លោកស្រី ជូលៀ ហ្គីឡាដ (Julia Gillard) នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី​បាន​តែងតាំង​លោក​ បប់ ខារ (Bob Carr) ដែល​ជា​អតីត​នាយក​រដ្ឋ​មន្ត្រី​ប្រចាំ​រដ្ឋនោះ ជា​រដ្ឋមន្រ្តី​ការបរទេស​ដើម្បី​ជំនួស​លោក ខេវីន រ៉ាដ (Kevin Rudd) ដែល​បាន​លា​ឈប់​ពី​តំណែង​កាល​ពី​សប្តាហ៍​មុន​ហើយ​បាន​ចាញ់​ក្នុង​ការ​បោះឆ្នោត​ប្រកួត​ប្រជែង​ជាមួយ​នឹង​លោក​ស្រី​ហ្គីឡាដ​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ។

ស.រ.អា៖ លោក​ប្រធានាធិបតី​ស.រ.អា​ បារ៉ាក់ អូបាម៉ា បាន​អំពាវនាវ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​សុំ​ឲ្យ​សភា​អាមេរិក​បញ្ចប់​ប្រាក់​ជំនួយ​សម្រាប់​ឧស្សាហកម្ម​ដែល​មាន​ទឹក​ប្រាក់​ចំនួន​៤​ពាន់​លាន​ដុល្លារ។ លោក​ថ្លែង​ថា​ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន​កំពុង​តែ​ចំណេញ​ប្រាក់​យ៉ាង​ច្រើន​ឥត​គណនា​ ទោះបី​ជា​មាន​អស្ថិរភាព​នៅ​មជ្ឈឹម​បូព៌ា​ដែល​ជា​រឿង​ជំរុញ​ឲ្យ​សាំង​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង​ក៏​ដោយ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

ពលរដ្ឋ​បារ៉ែន​តវ៉ា​អំពី​ការ​វាយ​ប្រហារ​ដោយ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​របស់​រដ្ឋាភិបាល​ទៅ​លើ​សង្កាត់​ជា​ច្រើន

Posted: 02 Mar 2012 07:54 AM PST

អតីត​មេ​​​ប៉ូលីស​សហរដ្ឋអាមេរិក ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស់ ដែល​ត្រូវបាន​​ជ្រើស​រើស​​​ឲ្យ​​បម្រើ​ការ​ជា​ទីប្រឹក្សា ​​​ដើម្បី​​​កែ​​ទម្រង់​​កង​​កម្លាំង​​សន្តិសុខ​របស់​​ប្រទេស​បារ៉ែន (Bahrain) បាន​ការពារ​​ការ​ប្រើ​ប្រាស់​ឧស្ម័ន​​​បង្ហូរ​​​ទឹក​ភ្នែក នៅ​ក្នុង​សង្កាត់​ដែល​​​​ប្រជាពលរដ្ឋ​រស់​នៅ​ច្រើន​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដើម្បី​​​​គ្រប់គ្រង​​ភាព​ចលាចលដែល​ចេះ​តែ​កើន​ឡើង​​ នៅ​ក្នុង​ពិធី​រំឮក​​ខួប​លើក​ទី​មួយ​នៃការបះបោរ​​គាំទ្រ​​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​ប្រទេស​នេះ។

ការ​វាយ​ប្រហារ​ទៅ​លើ​ភូមិ​​របស់​​អ្នក​កាន់​សាសនា​ស៊ីអ៊ីត ​​បាន​កើន​ឡើង​ខ្លាំង​ កាល​ពី​​ពេល​​ប៉ុន្មាន​ថ្ងៃ​​ថ្មី​ៗ​នេះ​​ ដោយ​អ្នក​តាំងទី​លំនៅ​​ តវ៉ាអំពីការ​វាយ​ប្រហារ​ដោយ​​ប្រើ​ឧស្ម័ន​​បង្ហូរ​ទឹក​ភ្នែក ជា​រៀង​រាល់​​​យប់។ ឧស្ម័ន​​បង្ហូរ​ទឹក​ភ្នែក ​ត្រូវ​បាន​បន្ទោស​​ចំពោះ​ការ​ស្លាប់​មួយ​ចំនួន កាល​ពី​​ពេល​ថ្មី​ៗនេះ។

<!--IMAGE-RIGHT-->

ក្រុម​​អ្នក​កាន់​សាសនា​​មូស្លីម​និកាយ​ស៊ីអ៊ីត (Shi'ite Muslims) ​មាន​ចំនួន​ភាគ​​​ច្រើន​នៅ​ក្នុង​ក្រុម​ប្រឆាំង​នៅ ​បារ៉ែន ហើយ​និយាយ​ថា ​ពួក​គេ ​ទទួល​រងការ​ធ្វើ​បាប​​ពីសំណាក់​​​ក្រុម​​​​មេដឹកនាំ​​និកាយ​សាន់នី​ (Sunni) របស់​​ប្រទេស​នេះ។ ពួក​គេ ​បាន​អំពាវ​នាវ​ដល់​​រដ្ឋាភិបាល ឲ្យ​​បញ្ឈប់​​​ការ​វាយ​ប្រហារ​ដោយ​ប្រើ​ឧស្ម័ន​​បង្ហូរ​ទឹក​ភ្នែក ​នៅ​​ក្នុង​សង្កាត់​របស់​​ពួក​គេ។

ប៉ុន្តែ លោក ចនន៍ ធីមូនី (John Timoney) ​ជា​អតីត​មេ​ប៉ូលីស​នៃ​រដ្ឋ​ហ្វីឡាឌែលហ្វៀ​ (Philadelphia) និងមីអាមី​ (Miami) ហើយ​​បច្ចុប្បន្នផ្តល់​ប្រឹក្សា​​យោបល់​ដល់​​អាជ្ញាធរ បារ៉េន ​ផ្នែក​បច្ចេកទេស​​សន្តិសុខ។​​ លោក​ ​មាន​ប្រសាសន៍​ថា ការ​កើន​ឡើង​យ៉ាង​ខ្លាំង​​នូវ​ការ​​វាយ​ប្រហារ​ដ៏​​ហិង្សា​ ពី​សំណាក់​​ក្រុម​​សកម្មជន កំពុង​បង្ខំ​ឲ្យ​ ក្រុមអាជ្ញាធរ ​តបត​​វិញ។

«ក្រុម​ប៉ូលីស ​បាន​ប្រើ​ប្រាស់ឧស្ម័ន​​បង្ហូរទឹក​ភ្នែក ​ដើម្បី​ធ្វើ​​ឲ្យ​​មាន​គម្លាត​គ្នា​​រវាង​ក្រុមអាជ្ញាធរ​​និងក្រុម​​កុបករ ដែល​បាន​​កើន​ឡើង​ជា​ប្រចាំ​ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​​​វាយ​ប្រហារ​មន្ត្រី​ប៉ូលីស​ ដោយ​ប្រើ​ដបស្រា​ខកថេល​មូឡូទូវ (Molotov cocktails) ​ដុំ​ឥដ្ឋ ដែក​គោល​ និង​វត្ថុ​ផ្សេងៗ​​​ទៀត។»

បើ​យោង​​តាម​​រដ្ឋាភិបាល ក្រុម​​សកម្មជន ​បាន​ធ្វើ​ឲ្យ​​មន្រ្តី​ប៉ូលីស​​ជាង​៤០នាក់ ​រង​របួស​មុន​​ពេល​​​​ប្រារព្ធ​​​ខួប​អនុស្សាវរីយ៍​គាំទ្រ​​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​១៤​ខែ​កុម្ភៈ។ ប៉ូលីស​​​ជា​ច្រើននាក់​ ​ត្រូវបញ្ជូន​ទៅ​​កាន់​​មន្ទីរពេទ្យ។ លោក ធីមូនី មាន​ប្រសាសន៍​ថា ក្រុម​​ប៉ូលីស ​បាន​ព្យាយាម​តបត​តាម​​​មធ្យោបាយ ដែល​​មិន​បង្ក​​​គ្រោះ​ថ្នាក់ដល់ជីវិត​ទេ។

«ជាអកុសល ខណៈដែល​​​ឧស្ម័ន​បង្ហូរទឹក​ភ្នែក ពិត​ជា​​មាន​ផល​ប៉ះ​ពាល់​ដល់​អ្នក​​ដែល​​មិន​​បាន​​ចូល​រួម វា​​ជា​អាវុធដ៏​​សាកសម​ជាង​ការ​ប្រើ​បា្រស់​កាំភ្លើង​ពិតដើម្បី​ការពារ​ខ្លួន​ឯង។»

លោក ​ធីមូនី ដែល​​​​មាន​ឈ្មោះ​​ល្បីល្បាញ​​​ខាង​​ការ​បង្រ្កាប​​​ការ​តវ៉ា​​នៅ​សហរដ្ឋអាមេរិក បាន​ច្រាន​ចោល​​ការ​​​អះអាង​របស់ក្រុម​​សកម្មជន​ដែល​ថា អាជ្ញាធរ​នៅក្នុង​រាជា​ណាចក្រ​ឈូង​សមុទ្រ​​ពៀក (Persian Gulf Kingdom)​មួយ​នេះ បាន​ចាប់​ផ្តើម​ប្រើ​បា្រស់​ឧស្ម័ន​ពុលទៅ​​លើ​​ប្រជាពលរដ្ឋ។

«​យើង​ដាក់​​មន្ត្រី​ប៉ូលីស​រាប់​ពាន់​នាក់​នៅ​ទី​នោះ​ ជា​រៀងរាល់​​​ថ្ងៃ។ ពួក​គេ​ ធំ​ក្លិន​ និង​ប៉ះពាល់​ឧស្ម័ន​ដោយ​ខ្លួន​ឯង​ដែរ។ ​យើង​​មិន​​ឲ្យ​​​នរណា​​ម្នាក់​ចូល​មក​​ដោយ​មាន​ថ្នាំ​ពុល រឺ​បង្ក​​​បញ្ហា​​​ផ្លូវ​​ដង្ហើមឡើយ។»

លោក ​ធីមូនី និង​​លោក ចនន៍ យ៉ាត់ (John Yates) អតីត​ជំនួយ​ការ​ស្នងការ​នៃ​ប៉ូលីល​​ប្រចំា​ទីក្រុង​របស់​ប្រទេស​​អង់គ្លេស ត្រូវ​បាន​ជ្រើសរើស​ឲ្យ​​ចូល​បម្រើការ​​​ដើម្បី​ជួយ​អនុវត្ត​​អនុសាសន៍របស់​របាយការណ៍ នៃ​​​គណៈកម្មាធិការ​ស៊ើប​អង្កេត​ឯករាជ្យ​របស់​​បារ៉ែន (Bahrain Independent Commission of Inquiry) ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែវិច្ឆការ​​មុន​ ទាក់ទង​ទៅ​នឹង​កង​កម្លាំង​​សន្តិសុខ​របស់​ប្រទេស។ របាយការណ៍​នោះ​ បាន​បញ្ជាក់​​ថា អាជ្ញាធរ​បារ៉ែន បាន​​ប្រើ​កម្លាំងនិង​ទារុណកម្ម​​​ជ្រុល​​ហួស​ហេតុ ក្នុង​​អំឡុង​​ប៉ុន្មាន​ខែ​ដំបូង​នៃ​ការ​បះបោរ​គំាទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ កាល​ពី​ឆ្នាំ​មុន។

ក្រុម​​អ្នក​​តវ៉ា​​​​ភាគច្រើន​​និកាយ​ស៊ីអ៊ីតរបស់​ប្រទេស​ បារ៉ែន បាន​​ចេញ​​មក​​តាម​​ដង​ផ្លូវ​ កាល​​ពី​​ឆ្នាំ​​មុន ​​ដើម្បី​ទាមទារ​សិទ្ធិ និង​​រដ្ឋាភិបាល​​តំណាង​ឲ្យ​បាន​ច្រើន​ជាង​​មុន។

ទោះ​ជា​យ៉ាង​​ណា​ ការ​អំពាវ​នាវ​របស់​ពួក​គេ ​ត្រូវ​បាន​បំបិទសម្លេង​​​ មួយ​ខែបន្ទាប់​​ពី​​កង​ទ័ព​មក​ពី ​អារ៉ាប៊ីសាអូឌីត (Saudi Arabia) និង​អារ៉ាប់រួម (United Arab Emirates) ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​​​ក្នុង​ប្រទេស ហើយស្ថាន​​ភាពគ្រា​​អាសន្ន​រយៈពេល​៣ខែ ត្រូវ​​បាន​ដាក់​ចេញ។

លោក ចាម៉ល ហ្វាក់រ៉ូ (Jamal Fakhro) សមាជិក​ជាន់ខ្ពស់​នៃ​រដ្ឋ​សភា​បារ៉ែន ថ្លែង​​ថា ទីប្រឹក្សា​​ប៉ូលីស​​អន្តរជាតិ​២​រូប​នេះ កំពុង​ជួយ​ធ្វើ​កំណែ​ទម្រង់​​​សន្តិសុខ។

«ពួក​គេ​ ​កំពុងផ្លាស់ប្តូរ​​ជា​ច្រើនផ្នែក​វប្បធម៌​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ និង​​អង្គភាព​ប៉ូលីស។ ពួក​គេ​ ​ពាំនាំ​មក​នូវ​ការ​អនុវត្ត​​ដ៏​ល្អ​បំផុត ហើយ​​ពួក​គេ ​កំពុង​ដាក់​ចេញ​នូវ​​ការ​ទទួល​ខុស​ត្រូវ។»

ប៉ុន្តែ​ អ្នក​ផ្សេង​ទៀត​ មាន​ដូច​ជា ​លោក រ៉ាត់ហ៊ី ម៉ូហសេន អាល​ម៉ូសាវី (Radhi Mohsen al-Mosawi) អគ្គលេខាធិការរង​ទទួល​បន្ទុក​កិច្ច​ការ​នយោបាយ​របស់​គណបក្ស​​ប្រឆាំង វ៉ាអាឌ (Wa'ad) ​មាន​ប្រសាសន៍​ថា ការ​តែងតាំង​មន្ត្រី​លោក​ខាង​លិច ​ជា​ការ​​​ទាក់ទាញ​ផ្នែក​​ទំនាក់ទំនង​សាធារណៈ​ តែប៉ុណ្ណោះ។

លោក អាល ម៉ូសាវី បញ្ជាក់​​​​ថា ខ្សែវីដេអូ​​យូធ្យូប (Youtube) កាល​ពី​ពេល​​ថ្មីៗ​នេះ​ ដែល​បាន​បង្ហាញ​​ក្រុម​មន្ត្រី​​ប៉ូលីស ​វាយ​ប្រជាពលរដ្ឋ​ ហើយ​​បោះ​​​វត្ថុ​​កំពុង​​​​ឆេះ​​ទៅ​​លើ​ផ្ទះ​សម្បែង ស្តែង​ឲ្យ​ឃើញ​​ថា មន្ត្រី​ប៉ូលីស​​ ​បន្ត​​អនុវត្ត​​អំពើ​ខុស​ច្បាប់។

លោក ​មាន​​ប្រសាសន៍​​ថា យោង​តាម​ក្រុម​​សិទ្ធិ​មនុស្ស​ ​ប្រជាពល​រដ្ឋ​ជាង​៣០​នាក់ ត្រូវ​បាន​​​សម្លាប់ ​បន្ទាប់​​ពី​​របាយការណ៍​ស៊ើបអង្កេត​របស់​​គណៈកម្មាធិការ​ស៊ើប​អង្កេត​ឯករាជ្យ​​របស់​​បារ៉ែន (BICI) ត្រូវ​បាន​​ចេញ​ផ្សាយ។

«អ្នក​ជំនាញ ​គួរ​យល់​​ថា ប្រជាពលរដ្ឋ​​បារ៉ែន​មិន​មែន​ល្ងង់​ រហូត​ដល់​ជឿ​​លើ​អ្វី​ដែល​ពួក​គេ​និយាយនោះ​ទេ។»

លោក អាល ម៉ូសាវី និយាយ​ថា មេដឹកនាំ​​របស់​ប្រទេស​បារ៉ែន គួរ​​​តែ​​​ផ្តោត​​ការ​យក​ចិត្ត​ទុកដាក់ឲ្យបានកាន់​តែ​​ខ្លាំង​​ទៅ​លើ​អនុសាសន៍​ផ្សេងៗ​​របស់​គណៈកម្មាធិការ​ស៊ើប​អង្កេត​ឯករាជ្យ​ មាន​ដូចជា ការ​បង្កើត​​លក្ខខណ្ឌ​ត្រឹម​ត្រូវ​​សម្រាប់​​​កិច្ច​ចរចា​ថ្នាក់​ជាតិ ជា​ដើម។

ប្រែ​សម្រួល​ដោយ សៀក អេង

This posting includes an audio/video/photo media file: Download Now

ជំនួប​ប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​ចិន​និង​ឥណ្ឌា​រំខាន​ដោយ​ជន​និរទេស​ជាតិ​ទីបេត៍

Posted: 02 Mar 2012 05:40 AM PST

ចិន-ឥណ្ឌា៖ កង​នគរបាលឥណ្ឌា​បាន​នាំ​យក​ជន​និរទេស​ជាតិ​ទីបេ​ត៍ចេញ​ពី​កន្លែង​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ព្រហស្បត៍​នេះ​នៅ​ក្នុង​ក្រុង​ញូដែលី​ នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​មួយ​រវាង​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​និងឥណ្ឌា នៅ​ពេល​ក្រុម​បាតុករ​បាន​ទាម​ទារ​ឲ្យចិន​ដក​ខ្លួន​ចេញ​ពី​ទឹក​ដី​ជម្លោះ​ នៅ​ក្នុង​តំបន់​ហេមពាន្ត​និង​ទាម​ទារ​ឲ្យ​សម្តេច​ ដាឡៃ ឡាម៉ា និមន្ត​ត្រឡប់​ទៅ​វិញ តាំង​ពី​ព្រះ​អង្គ​បាន​ភៀស​ខ្លួន​ចេញ​ពី​មាតុភូមិ​ ក្រោយ​ការ​បះ​បោរ​មិន​បាន​ជោគជ័យ​មួយ​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​ចិន​ក្នុង​ឆ្នាំ​១៩៥៩។
<!--IMAGE-RIGHT-->

ចិន៖ មេ​ដឹកនាំ​កំពូល​របស់​ចិន​នៅ​ក្នុង​ដែន​ដី​ទីបេត៍​​បាន​អំពាវនាវ​ឲ្យ​អជ្ញាធរ​ក្នុង​តំបន់​តាម​ដាន​ការ​ប្រើ​បណ្តាញ​អ៊ីនធឺណែត និង​ទូរសព្ទ​ចល័ត​ក្នុង​តំបន់​ នៅ​ពេល​ដែល​ក្រុង​ប៉េកាំង​រៀប​ចំ​បើក​សមាជ​ជាតិ​របស់​ប្រជារាស្រ្ត​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ និង​នៅ​ពេល​ដែល​ពលរដ្ឋទីបេត៍សម្តែងការ​គោរព​ដល់​មនុស្ស​ដែល​បាន​បូជា​ជីវិត​តវ៉ា​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​ចិន។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

ភូមា៖ លោក​ ធាន សៀន ប្រធានាធិបតីភូមា​ បាន​អំពាវនាវ​សុំ​សេចក្តី​អត់ធ្មត់​ នៅ​ពេល​ដែល​រដ្ឋាភិបាល​លោក​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​មួយ​ចំនួន​ ដែល​បាន​ចាប់​ផ្តើម​ធ្វើ​កាល​ពី​ជិត​មួយ​ឆ្នាំ​មុន។ ​លោក​ប្រធានាធិបតី​បាន​ថ្លែង​ថាភូមា​ប្រឈម​មុខ​នឹង​មាគ៌ា​ដ៏​វែង​និងលំបាក​មួយ​ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្តូរ​ឲ្យ​បាន​ពេញ​លេញ កិច្ច​ការ​ច្រើន​ទៀតដែល​ត្រូវ​ធ្វើ និង​ត្រូវ​ការ​ចូល​រួម​ពី​ពលរដ្ឋ​ភូមា​ទាំង​អស់​ក្នុង​អន្តរកាល​នេះ។

ស៊ីរី៖ យុទ្ធជន​ឧទ្ទាម​ស៊ីរី​និយាយ​ថា​ពួកគេ​បាន​ដក​ថយ​ចេញ​ពី​សង្កាត់​បាបា អាម ដែល​មាន​ការ​ឡោម​ព័ទ្ធ​នៃ​ទី​ក្រុង​ហោមស៍ (Homs)​ នៅ​ក្រោយ​ការ​វាយ​លុក​យោធា​ដ៏​ខ្លាំង​ក្នុង​រយៈ​ពេល​មួយ​ខែ​របស់​កង​កម្លាំង​សន្តិសុខ​របស់​លោក​ប្រធានាធិបតី​ បាសារ អាលអាសាដ។

កួរ៉េ​ខាង​ជើង៖ សេចក្តី​សម្រេច​របស់​កូរ៉េ​ខាង​ជើង​ដើម្បី​បញ្ឈប់​ការ​សាក​ល្បង​នុយក្លេអ៊ែរ​ និង​កាំជ្រួច​អន្តរទ្វីប​វង់​ប្រតិបត្តិការ​ឆ្ងាយ​បាន​ទទួល​ស្វាគមន៍​ដោយ​ប្រុង​ប្រយ័ត្ន ​នៅ​ពេល​អ្នក​ស្រុក​ជា​ច្រើន​នាក់​នៅ​ចាំ​ប្រវត្តិ​នៃ​ការ​មិន​ធ្វើ​តាម​ពាក្យ​សន្យា។ មន្ត្រី​សហរដ្ឋអមេរិកបាន​ថ្លែង​ឲ្យ​ដឹង​ថា នេះជា​ជំហាន​ទី​មួយ​ប៉ុណ្ណោះ សកម្មភាព​ធ្វើ​បន្ត​ត្រូវ​តែ​មានដើម្បី​បញ្ជាក់​ថាកូរ៉េ​ខាង​ជើង​ធ្វើ​តាម​ពាក្យ​សន្យា។

អាហ្វហ្គានីស្ថាន៖ អង្គការ​អូតង់​និយាយ​ថា​ ទាហាន​ខ្លួន​ពីរ​នាក់​បាន​ត្រូវ​គ្រាប់​ស្លាប់​ នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍នេះ​នៅភាគ​ខាង​ត្បូង ដោយ​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ពីរ​នាក់​ដែល​គេ​ជឿ​ថា​ម្នាក់​ជា​ទាហាន។

អ៊ីរ៉ង់៖ នៅ​ក្នុង​ការ​បោះ​ឆ្នោត​មួយ​ ដែល​មាន​អ្នក​បោះឆ្នោត​ជា​ច្រើន​លាន​នាក់​ និង​បេក្ខជន​ជា​ច្រើន​រយ​នាក់​ចូល​រួម​ ឈ្មោះ​មន្រ្តី​សំខាន់​ជាង​គេ​ពីរ​នាក់ ​គឺ​លោក​ប្រធានាធិបតី​ ម៉ាមោដ អាហម៉ាឌីនីជេត និងមេ​ដឹកនាំ​កំពូល​ អាយ៉ាតូឡា អាលី ខាមេនី នៅ​ក្នុង​សន្លឹក​ឆ្នោត​ដើម្បី​ជ្រើស​រើស​សមាជិក​រដ្ឋសភា​អ៊ីរ៉ង់​នឹង​មិន​បាន​ឈរ​ឈ្មោះ​ដើម្បី​ប្រជែង​យក​តំណែង​ទេ។​

<!--AV-->

This posting includes an audio/video/photo media file: Download Now

ចៅក្រម​ស៊ើប​អង្កេត​បរទេស​ប្រាប់​ជន​សង្ស័យ​អ៊ឹម ចែម​​ពី​បទចោទ​ក្នុង​សំណុំ​រឿង​០០៤

Posted: 02 Mar 2012 01:33 AM PST

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់​គឺ​អ្នកស្រី ​អ៊ឹម ចែម​បាន​ប្រាប់​វីអូអេ​ថា​សាលាក្តី​ ខ្មែរ​ក្រហម​ដែល​ចូលរួម​ដោយ​អ.ស.ប​បញ្ជាក់​ប្រាប់​អ្នកស្រី​ដោយ​ផ្ទាល់​មុខ​ថា​ អ្នកស្រី​ជា​ជនជាប់​ចោទ​នៃ​បទឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ​ក្នុង​របប​ខ្មែរ​ក្រហម​ហើយ​ត្រូវ​ចោទ​សួរ​ជា​លើក​ដំបូង​ដោយ​សហ​ចៅក្រម​ស៊ើប​អង្កេត​បរទេស។

លោកស្រី​បញ្ជាក់​បន្ថែម​ថា៖

«ហើយ​គេ​ប្រាប់​ដែរ​ថា​ស្រេច​តែ​សិទ្ធិ​របស់​អ៊ុំ​ទេ។ បើ​អ៊ុំ​ឆ្លើយ​ក៏​បាន​មិន​ឆ្លើយ​ក៏​បាន។ ខ្ញុំ​ថា​ខ្ញុំ​ឆ្លើយ​បាន​តែ​ប៉ុណ្ណឹង។ ត្រង់​ណា​ដែល​ខ្ញុំ​អត់​ឆ្លើយ​ពិត​មែន​តែ​មាន​សិទ្ធិ​មែន​តែ​ត្រង់​ណា​ដែល​ខ្ញុំ​អត់​ត្រូវ​ឆ្លើយ​គឺ​ខ្ញុំ​អត់​ឆ្លើយ។ ព្រោះ​វា​អត់​ពិត។​អញ្ចឹង​ខ្ញុំ​អត់​ឆ្លើយ»។

អ្នកស្រី​អះអាង​ថា​អ្នកស្រី​ត្រូវ​ជន​បរទេស​ម្នាក់​ដែល​គេ​គិត​ថា​គឺ​លោក​ Laurent Kasper Ansermet និង​ជនជាតិ​ខ្មែរ​ពីរ​នាក់​បាន​មក​សាកសួរ​ព័ត៌មាន​កន្លះ​ម៉ោង​ ដល់​ផ្ទះ​នៅ​អន្លង់វែង​អំពី​រឿងរ៉ាវ​ក្នុង​អតីតកាល​កាលពី​ថ្ងៃ២៨កុម្ភៈ ​ដោយ​ជនជាតិ​ខ្មែរ​ម្នាក់​បាន​អាន​ឯកសារ​ចំនួន​២ទំព័រ​ដល់​អ្នកស្រី។ ឯកសារ​ជា​សេចក្តី​ជូន​ដំណឹង​នោះ​គឺ​រៀបរាប់​ពី​ឧក្រិដ្ឋកម្ម​នានា​ដែល​អ្នកស្រី​បាន​ជាប់​ទាក់ទង​នឹង​ ការធ្វើ​មនុស្ស​ឃាត​ញុះញង់​ទារុណកម្ម ​ធ្វើ​ទុក​បុកម្នេញ​ផ្នែក​សាសនា​អ៊ីស្លាម​ធ្វើ​ផែនការ​ ប្រព្រឹត្ត​ជា​បុគ្គល​និង​ចូលរួម​ជា​សហឧក្រិដ្ឋកម្ម​រួម។

អ្នកស្រី ​អ៊ឹមចែម​អាយុ​៦៦​ឆ្នាំ​ដែល​ត្រូវ​គេ​ដឹង​ថា​ស្ថិត​ក្នុង​សុំណុំរឿង​០០៤ ​បច្ចុប្បន្ន​ ជា​ជំទប់​ឃុំ​ទី១​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ស្រុក​អន្លង់វែង​ខេត្ត​ឧត្តមានជ័យ​អះអាង​ថា​អ្នកស្រី​ពុំ​បាន​យល់​ ព្រម​និង​ទទួល​ស្គាល់​ការចោទ​ប្រកាន់​នោះ​ទេ។

«ការចោទ​ប្រកាន់​នេះ​វា​ខុស​នឹង​ការណ៍​ពិត។​ហើយ​ចោទ​ទទេៗ​ខ្ញុំ​អត់​ទទួល​ស្គាល់។​ហើយ​គាត់​ឲ្យ​ខ្ញុំ​ទៅ​ភ្នំពេញ។​ខ្ញុំ​ថា​ខ្ញុំ​អត់​ទៅ​ ខ្ញុំ​អត់​ទៅ​ទេ»។

នៅ​ក្នុង​ដីកា​ជូន​ដំណឹង​អំពី​បទចោទ​មួយ​ច្បាប់​ចុះ​ថ្ងៃទី​២៤ ខែ​កុម្ភៈ​ឆ្នាំ២០១២​របស់​ក្រុមស៊ើប​ អង្កេត​ភាគី​អ.ស.ប​ដែល​ប្រភព​ព័ត៌មាន​របស់​វីអូអេ​បាន​អាន​ជូន​នោះ​បាន​បញ្ជាក់​ថា​លោក​ Laurent Kasper Ansermet ​បាន​អាន​បទ​ចោទ​លម្អិត​ដែល​សហ​ព្រះរាជ​អាជ្ញា​បាន​ចោទ​ប្រកាន់​អ្នកស្រី​នៅពេល​អ្នកស្រី​ជា​គណៈស្រុក​ព្រះនេត​ព្រះ​នៅ​ភាគ​ពាយព្យ​ប្រទេស​និង​កន្លែង​ផ្សេង​ទៀត​ជូន​ដល់​អ្នកស្រី​អ៊ឹម ចែម​ពី​បទឧក្រិដ្ឋកម្ម​នានា។

«ការចោទ​ប្រកាន់​ទាំងនេះ​គឺ​ផ្អែក​លើ​មូលដ្ឋាន​ទាំង​អង្គហេតុ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​សហ​ព្រះរាជ​អាជ្ញា​និង​អង្គហេតុ​ដែល​ត្រូវ​បាន​រកឃើញ​នៅក្នុង​អំឡុង​ពេល​នៃ​កិច្ច​ស៊ើប​សួរ។ អ្នកស្រី​ត្រូវ​បាន​ចាត់ទុក​ថា​គ្មាន​ទោស​នៅពេល​ដែល​ពិរុទ្ធភាព​របស់​អ្នកស្រី​ពុំ​ត្រូវ​បាន​រក​ឃើញ​ហើយ​យើង​នៅ​តែ​អាច​នៅ​រង់​ចាំ​ស្តាប់ ​ចម្លើយ ​ភស្តុតាង​ពី​អ្នកស្រី ​ទាក់​ទង​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ប្រសិន​បើ​អ្នកស្រី​មាន​បំណង​ផ្តល់​ភស្តុតាង​បែប​នេះ។ ដោយ​អនុឡោម​តាម​វិធាន​ផ្ទៃ​ក្នុង​របស់​សាលាក្តី​ខ្មែរ​ ក្រហម​(អវតក) ​វិធាន​២១:១ឃ ​សិទ្ធិ​និង​ការធានា​នៅ​ក្នុង​កិច្ច​ដំណើរការ​នីតិ​វិធី​ក្នុង​ឋានៈ​ជា​ជន សង្ស័យ​រួមមាន​សិទ្ធិ​មាន​មេធាវី​ការពារ​ខ្លួន​តាម​ការជ្រើសរើស​របស់​ខ្លួន​សិទ្ធ​មាន​លទ្ធភាព​ទទួល​បាន​ឯកសារ​សំណុំ​រឿង»។

អ្នកស្រី​អ៊ឹម ចែម​បាន​អះអាង​ថា​ក្រុម​សហ​ចៅក្រម​ស៊ើប​អង្កេត​ដែល​អ្នកស្រី​អះអាង​ថា​ ដឹកនាំ​ដោយ​បុរស​ជនជាតិ​ស្បែក​ស​រាង​ចំណាស់​ម្នាក់​មិនមាន​សន្តិសុខ​ការពារ​មិន​មាន​អាជ្ញាធរ​ចូលរួម​ទេ​ដែល​អ្នកស្រី​អះអាង​ថា​មិនមែន​ជា​ការចាប់ខ្លួន​ឬ​ក៏​ចេញ​ដីកា​ឡើយ។

លោក ​Laurent Kasper Ansermet ​បាន​បញ្ជាក់​ក្នុង​សប្តាហ៍​ថ្មីៗ​ថា​លោក​ត្រូវ​ស៊ើប​ អង្កេត​សំណុំ​រឿង​បន្ថែម​ទោះ​បី​ជា​លោក​មិន​ត្រូវ​បាន​ទទួល​កិច្ច​សហការ​ពី​ចៅក្រម​កម្ពុជា​គឺ​លោក​ យូ ប៊ុនឡេង​ក្តី។ ចៅក្រម​កម្ពុជា​ដែល​មាន​ជំហរ​ដូច​រដ្ឋាភិបាល​កម្ពុជា​ដែល​មិនចង់​បាន​សំណុំរឿង​០០៣ ​និង​០០៤​នោះ​បាន​ចាត់​ទុក​ថា​លោក​ចៅក្រម​បម្រុង Laurent Kasper Ansermet ​មិនមាន​និត្យានុ​កូល​ភាព ឬ​ភាព​ស្រប​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការស៊ើប​អង្កេត​នោះ​ទេ​ដោយសារ​ថា​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​មិន​បាន​តែងតាំង​ជា​ផ្លូវការ​នៅ​ឡើយ។ ការ​មិន​តែង​តាំង​នោះ​គឺ​ឈរ​លើ​អធិបតេយ្យភាព។ តែ​មន្ត្រី​អ.ស.ប​បាន​បញ្ជាក់​ថា​កម្ពុជា​ពុំ​បាន​បំពេញ​កាត្វកិច្ច​របស់​ខ្លួន។ លោក ​David​ Scheffer​ អ្នកជំនាញការ​ពិសេស​របស់​អ.ស.ប​បាន​អះអាង​កាលពី​សប្តាហ៍​ថ្មីៗ​ថា​លោកចៅក្រម​ Laurent Kasper Ansermet ​មាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការស៊ើប​អង្កេត​សំណុំ​រឿង​បន្ថែម​០០៣ ​និង​០០៤។

លោក Lars Olsen ​អ្នកនាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​អះអាង​ថា​លោក​មិនមាន ព័ត៌មាន​ថ្មី​អំពី​សំណុំរឿង​០០៣​និង​០០៤​ទេ។

ប្រភព​ព័ត៌មាន​ពី​តុលាការ​បាន​អះអាង​ថា​លោក​ Kasper Ansermet​ គ្រោង​នឹង​ស៊ើប​អង្កេត​លើ​ជនសង្ស័យ​ទាំង​៥​នាក់​ដោយ​ឯក​ឯង។ មន្ត្រី​ឃ្លាំ​មើល​សាលាក្តី​ខ្មែរ​ក្រហម​ម្នាក់​បាន​ឱ្យ​ដឹង​ថា​លោក​ Kasper Ansermet ​ បាន​ជួប​ជាមួយ​ជន​សង្ស័យ​ មួយ​ចំនួន​ដោយ​បាន​អះអាង​ថា​ជា​ការស៊ើប​អង្កេត​ដ៏​ក្លាហាន។ ​តែ​គេ​មាន​ការព្រួយ​បារម្ភ​ពី​សន្តិសុខ​របស់​លោក​ចៅក្រម​រូប​នេះ​ដែរ។

គេ​ពុំ​ទាន់​ដឹង​ថា​តើ​សហ​ចៅក្រម​កម្ពុជា​និង​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដែល​បាន​តែង​តាំង​លោក​ Kasper Ansermet​ជា​ចៅក្រម​បម្រុង​នោះ​មាន​ប្រតិកម្ម​យ៉ាង​ណា ចំពោះ​ការបំពេញ​កិច្ចការ​ដោយ​គ្មាន​ការចូលរួម​ពី​ប្រទេស​សាម៉ី​នេះ។

ជន​សង្ស័យ​ម្នាក់​ទៀត​ដែល​គេ​ប្រកាស​ថា​ស្ថិត​ក្នុង​សំណុំរឿង​០០៣​គឺ​លោក ​មាស មុត ​បាន​អះអាង​ ថា​លោក​ក៏​ត្រូវ​ក្រុម​អ្នកស៊ើប​អង្កេត​សាលាក្តី ​តាម​ជួប ​ដែរ​តែ​លោក​ថា​លោក​មិន​នៅ​ផ្ទះ​ទេ។

​​​លោក​ចោទ​សួរ​ថា​ «មក​ជួប​ធ្វើ​អ្វី? បើ​គ្មាន​ប្រយោជន៍ ​ដល់​សង្គម​ជាតិ​ ដល់​ខ្ញុំ ​ផង​នោះ»។

សំណុំរឿង​បន្ថែម​០០៣​និង​០០៤ ​ដែល​វីអូអេ​ទទួល​បាន​ពី ​ប្រភព​ស្និទ្ធ​នឹង​ តុលាការ​បន្ទាប់​ពី​ត្រូវ​ផ្សព្វផ្សាយ​ដោយ​ព័ត៌មាន​បរទេស​បាន​ចោទ​ប្រកាន់​ជា​បឋម​ ដោយ​សហព្រះរាជ​អាជ្ញា​បរទេស​មាន​លោក​ ស៊ូ ម៉េត មាស មុត ​យឹម ទិត ​អោម អាន ​និង​អ្នកស្រី​ អ៊ឹម ចែម។ ជនសង្ស័យ​៣​នាក់​ក្នុង​ ចំណោម​៥​នាក់​គឺ ​លោក មាស មុត ​អោម អាន ​និង​អ្នកស្រី ​អ៊ឹម ចែម​បាន​សម្ភាស​ ជាមួយ​វីអូអេ​ ហើយ​បាន​បដិសេធ​ពី​ការជាប់​ទាក់ទិន​នឹង​បទឧក្រិដ្ឋ​ដែល​សហព្រះរាជ​អាជ្ញា​បរទេស​បាន​ចោទ​ប្រកាន់​ជា​បឋម​នោះ។ តែ​សហ​ចៅក្រម​ស៊ើប​អង្កេត​បាន​បញ្ចប់​ការស៊ើប​អង្កេត​សំណុំរឿង​០០៣ កាល​ពីថ្ងៃ​ទី​២៩ ​ខែ​មេសា​ឆ្នាំ​២០១១ ​ក្រោយពី​បាន​ ពិនិត្យ​មើល​ភស្តុតាង​ជាង​២ពាន់​ដែល​មាន​ជា​ឯកសារ​ ៤៨.០០០ ​ទំព័រ។ ​នេះ​បើ​យោង​តាម​ឯកសារ​ជា​សំណើ​ថវិកា។ ក៏​ប៉ុន្តែ​សហ​ព្រះរាជ​អាជ្ញា​បរទេស​ដែល​បាន​បញ្ជូន​ដីកា​បញ្ជូនរឿង​ឲ្យ​ស៊ើបសួរ​តាំងពី​ឆ្នាំ​២០០៨​ចំពោះ​សំណុំ​រឿង​០០៣​ និង​០០៤​នោះ​បាន​តវ៉ា​ថា​សហ​ចៅក្រម​ស៊ើប​អង្កេត​ធ្វើការ​ស៊ើប​អង្កេត​មិន​គ្រប់គ្រាន់​ជា​ពិសេស​លើ​ទីតាំង​សាក្សី​ជាដើម។ ជន​សង្ស័យ​ត្រូវ​គេ​រាយការណ៍​មក​ថា​ក៏​មិន​ត្រូវ​បាន​សួរ​នាំ​អ្វី​ដែរ។

នៅក្នុង​ឯកសារ​ផ្ញើ​ជូន​ម្ចាស់​ជំនួយ​បាន​បញ្ជាក់​ដែរ​ថា​ការស៊ើប​អង្កេត​សំណុំ​រឿង​ ០០៤​កំពុង​ធ្វើ​បន្ត។ហើយ​សំណុំរឿង​០០៣​អាច​នឹង​មាន​ការស៊ើប​អង្កេត​បន្ថែម​ទៅលើ​ទីតាំង​និង​សាក្សី។ ដំណើរការ​សំណុំ​រឿង​បន្ថែម​អាច​ធ្វើ​ទៅ​បាន​អាស្រ័យ​ លើ​ថវិកា​និង​ធនធាន​ដែល​គេ​រំពឹង​ថា​អាច​នឹង​ចាប់​ផ្តើម​ពេញ​លេញ​នៅ​ឆ្នាំ​ ២០១៣៕

This posting includes an audio/video/photo media file: Download Now

ប៉ូលិស៖ អភិបាល​ក្រុង​បាវិត ឈូក​ បណ្ឌិត គឺ​ជា​ជន​សង្ស័យ​បាញ់​កម្មករ

Posted: 01 Mar 2012 08:42 PM PST

លោក ​ស ​ខេង ​ឧបនាយក​រដ្ឋមន្ដ្រី ​និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ជន​ជាប់​សង្ស័យ​ក្នុង​ការ​បាញ់​កម្មករ​រោងចក្រ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ​កាល​ពី​១១​ថ្ងៃ​មុន ​គឺ​ជា​អភិបាល​ក្រុង​បាវិត​ដែល​គេ​ស្គាល់​ឈ្មោះ​ថា​ ឈូក​ បណ្ឌិត។

លោក ​ស ​ខេង ​បាន​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ក្រោយ​ពី​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ការ​ការពារ​កុមារ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​ទីក្រុង​ភ្នំពេញ។​ លោក​បាន​ឆ្លើយ​បញ្ជាក់​ក្រោយ​ពី​អ្នក​កាសែត​សួរ​សង្កត់​ទៅ​លើ​អត្តសញ្ញាណ​របស់​ជន​សង្ស័យ។

«ហ្នឹង​ហើយ (គាត់) ជា​ជន​សង្ស័យ»។

កាល​ពី​ថ្ងៃទី២០ ​ខែកុម្ភៈ ​មាន​កម្មករ-កម្មការិនី​នៃ​រោងចក្រ​ផលិត​ស្បែក​នៅ​ជើង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​ចំនួន​ប្រមាណ​ ១.០០០​នាក់​ មក​ពី​រោងចក្រ​ចំនួន​បី​ផ្សេងៗ​គ្នា​បាន​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​បន្ថែម​ម៉ោង​និង​ការគោរព​លក្ខខណ្ឌ​ការងារ​ឲ្យ​បាន​សមរម្យ។ ហើយ​នៅ​ពេល​នោះ​មាន​ការ​ប៉ះទង្គិច ​ជាមួយ​នឹង​សន្តិសុខ​ក្រុមហ៊ុន ​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច។​ នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ មាន​បុរស​ម្នាក់​បាន​ចុះ​ពី​លើ​រថយន្ដ ​ហើយ​បាន​ដក​កាំភ្លើង​ខ្លី​បាញ់​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ ហើយ​បាន​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​ចំនួន​បី​នាក់​រងរបួស​ធ្ងន់។ ​ក្រោយ​មក​ទៀត​ ត្រូវ​គេ​ជឿ​ថា​ ខ្មាន់​កាំភ្លើង​នោះ​ គឺ​ជា​អភិបាល​ក្រុង​បាវិត ​លោក ​ឈូក ​បណ្ឌិត។

នេះ​គឺ​ជា​ការបង្ហាញ​អត្តសញ្ញាណ​ជន​ជាប់​សង្ស័យ​ជា​សាធារណៈ​ ជា​លើក​ដំបូង​របស់​មន្ដ្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បន្ទាប់​ពី​មាន​ការទទូច​និង​អំពាវនាវ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​យក​មក​កាត់ទោស។

លោក​ឧត្តមសេនីយ៍ ​ខៀវ ​សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ដែរ​ថា ​ប៉ូលិស​បាន​បញ្ជូន​របាយការណ៍​សង្ខេប​ស្ដីពី​ការជាប់​ពាក់ព័ន្ធ​ជន​សង្ស័យ​ខាង​លើ​ទៅ​ឲ្យ​សាលាដំបូង​ខេត្ត​ស្វាយរៀង ​កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​កុម្ភៈ។ ​ហើយ​ប៉ូលិស​កំពុង​រង់ចាំ​ការ​អនុវត្ត​នីតិវិធី​ច្បាប់​យ៉ាង​ណា​ពី​តុលាការ​ជាន់​ទាប​នៅ​ឡើយ។

លោក​ចៅក្រម ​ប៉ិច ​ឈឿត ​ប្រធាន​សាលាដំបូង​ខេត្ត​ស្វាយរៀង​មិន​អាច​ធ្វើ​ទំនាក់ទំនង​បាន​ទេ​ដោយសារ​តែ​ទូរស័ព្ទ​របស់​លោក​រោទិ៍​ជា​ច្រើន​ដង​ដោយ​គ្មាន​ការ​ឆ្លើយតប។ ​ដោយឡែក​លោក​ ហែម ​សាបាន ​ស្នងការរង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បញ្ជាក់​ថា ​ជន​ជាប់សង្ស័យ​មិន​ទាន់​ត្រូវ​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ទេ។

មិន​អាច​ស្វែងរក​ទំនាក់ទំនង​ជាមួយ​លោក​ឈូក ​បណ្ឌិត ​បាន​ទេ​នៅ​ក្នុង​ពេល​នេះ។

ទាំង​លោក​ជា ​មុន្នី ​ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ទាំង​លោក​ អំ ​សំអាត​ ប្រធាន​គ្រប់គ្រង​ការិយាល័យ​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស ​លីកាដូ ​បញ្ជាក់​ថា ​ជន​រងគ្រោះ​ទាំង​បី​នាក់​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​នៅ​ឡើយ។

លោក ​អំ ​សំអាត ​ស្វាគមន៍​ការ​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ពី​សំណាក់​រដ្ឋាភិបាល​នៅ​ក្នុង​ករណី​នេះ​ក៏ប៉ុន្ដែ​លោក​សោកស្ដាយ​ថា ​ជនសង្ស័យ​រូប​នោះ​គួរ​តែ​ត្រូវ​ចាប់​ខ្លួន​ភ្លាមៗ​ នៅ​ក្នុង​បទល្មើស​ជាក់​ស្ដែង។

«បើ​ជា​ជន​តូចតាច​មិន​ពាក់ព័ន្ធ​ក្នុង​រឿង​អ្វី​យើង​គិត​ថា ​គេ​នឹង​ចាប់​ខ្លួន​តាំង​ពី​បាញ់​ហើយ​ភ្លាម​ជា​បទ​ល្មើស​ជាក់ស្ដែង​ម៉្លេះ។ ​នេះ​ប្រហែល​ជា​ជន​សង្ស័យ​មាន​ឋានៈ ​និង​មាន​ខ្នង​បាន​ជា​គេ​ពន្យា​ ហើយ​ធ្វើ​តាម​នីតិវិធី​រហូត​មក​ទល់​ឥឡូវ​នេះ»។

ជាមួយ​គ្នា​នេះ ​លោក​ អំ ​សំអាត ​ជឿ​ថា ​ការ​ចាប់​ខ្លួន​ជន​ជាប់​សង្ស័យ​អាច​នឹង​ប្រព្រឹត្ត​លឿន​ ប្រសិន​បើ​មាន​ការ​ដាក់​បញ្ជា​ដោយ​ផ្ទាល់​ពី​លោក​នាយក​រដ្ឋមន្ដ្រី ​ហ៊ុន ​សែន ​ដូច​ករណី​ក្រុម​សន្ដិសុខ​បាញ់រះ​លើ​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​ក្នុង​ទំនាស់​ដីធ្លី​នៅ​ក្នុង​ពេល​ថ្មី​ៗ​ កន្លង​ទៅ​នេះ៕

This posting includes an audio/video/photo media file: Download Now