VOA News: ព័ត៌មាន: “មេ​ខ្មែរក្រហម​និង​សាក្សីខ្មែរ​ក្រហម​ក្នុង​សំណុំរឿង​០០២​និយាយ​ថា ​អតីត​ព្រះមហាក្សត្រ​នរោត្តម ​សីហនុ​បាន​ចូលរួម​ចលនា​របស់គេ” plus 3 more

VOA News: ព័ត៌មាន: “មេ​ខ្មែរក្រហម​និង​សាក្សីខ្មែរ​ក្រហម​ក្នុង​សំណុំរឿង​០០២​និយាយ​ថា ​អតីត​ព្រះមហាក្សត្រ​នរោត្តម ​សីហនុ​បាន​ចូលរួម​ចលនា​របស់គេ” plus 3 more


មេ​ខ្មែរក្រហម​និង​សាក្សីខ្មែរ​ក្រហម​ក្នុង​សំណុំរឿង​០០២​និយាយ​ថា ​អតីត​ព្រះមហាក្សត្រ​នរោត្តម ​សីហនុ​បាន​ចូលរួម​ចលនា​របស់គេ

Posted: 16 Dec 2011 08:43 AM PST

ជន​ជាប់​ចោទ​នួន ​ជា ​និង​ខៀវ​ សំផន ​រួម​ទាំង​សាក្សី​សក្ដានុពល ​លោក​ ឡុង ​នរិន្ទ​ ដែល​ជា​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរក្រហម ​សុទ្ធ​តែ​បាន​ភ្ជាប់​ការ​រួម​ចំណែក​របស់​អតីត​ព្រះមហាក្សត្រ​នរោត្តម ​សីហនុ ​ក្នុង​ចលនា​តស៊ូ​កុម្មុយនីស្ដ​ម៉ៅ​និយម​របស់​ពួក​ខ្លួន។ ​បើ​ទោះ​ជា​មិន​បាន​បង្ហាញ​ពី​ភាព​ស៊ី​ជម្រៅ​ខ្លាំងក្តី ​ការ​ទាញ​ចំណង​ភ្ជាប់​គ្នា​នេះ​បាន​កើត​ឡើង​ជា​បន្ដ​បន្ទាប់​ក្នុង​ការ​កាត់ទោស​សំណុំ​រឿង​០០២​ អស់​រយៈពេល​ពីរ​សប្ដាហ៍​កន្លង​មក​នេះ។

ក៏ប៉ុន្ដែ​លេខា​ផ្ទាល់​របស់​ព្រះអង្គ​បាន​អះអាង​ថា ​ព្រះអង្គ​បន្ដ​រក្សា​ភាព​ស្ងប់​ស្ងៀម​ចំពោះ​ការ​លើក​ឡើង​ទាំង​នោះ។

សាលាក្ដី​ខ្មែរក្រហម​បាន​បើក​សវនាការ​សំណុំរឿង​០០២​ ចាប់​តាំង​ពី​ថ្ងៃ​ទី​៥ ​ខែ​ធ្នូ​មក​ម្ល៉េះ។ ​អតីត​មេដឹកនាំ​កំពូល​ដែល​មាន​វ័យ​ចាស់​ជរា​នៃ​របប​ខ្មែរក្រហម​ចំនួន​បី​នាក់​ ដែល​ត្រូវ​នាំ​ខ្លួន​ចូល​រង្វង់​ក្រចក​សេះ ​រួម​​​មាន​នួន​ ជា ​ អតីត​ប្រធាន​សភា​ និង​ជា​អគ្គលេខា​រង​នៃបក្សកុម្មុយនីស្ដ​កម្ពុជា​ ដែល​ជា​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​លំដាប់​ទី​២​ បន្ទាប់​ពី​ប៉ុល ​ពត ​ខៀវ ​សំផន​ អតីត​ប្រមុខរដ្ឋ​នៃ​របប​ខ្មែរក្រហម ​និង​អៀង ​សារី ​អតីត​ឧបនាយក​រដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ការ​បរទេស។ ​ដោយឡែក​អៀង ​ធីរិទ្ធ ​ដែល​ស្ថិត​ក្នុង​សំណុំរឿង​នេះ​ដែរ ​ត្រូវ​តុលាការ​រក​ឃើញ​ថា​ មិន​មាន​សម្បទា​គ្រប់គ្រាន់​សម្រាប់​ចូលរួម​ការ​កាត់ទោស​នោះ​ទេ។

នៅ​ពេល​ចាប់​ផ្ដើម​បើក​សវនាការ​កាល​ពី​សប្ដាហ៍​មុន​ ខៀវ ​សំផន​បាន​ចោទ​សួរ​តុលាការ​ថា​ ហេតុអ្វី​បាន​ជា​«មិន​នាំ​ព្រះកាយ»​របស់​អតីត​ព្រះមហាក្រត្ស​ចូល​ក្នុង​តុលាការ​ផង។​ ហើយ​ក្នុង​ពេល​បន្ត​បន្ទាប់ ​នួន ​ជា ​ដែល​ជាអតីត​​ប្រធាន​សភា​ខ្មែរក្រហម ​បាន​ថ្លែង​ថា​ អតីត​ព្រះមហាក្សត្រ​បាន​ស្ថិត​នៅ​កៀក​នឹង​ចលនា​តស៊ូ​របស់​ពួក​ខ្មែរក្រហម​ដែរ។

«ឆ្នាំ​១៩៧៣ ​ព្រះករុណា​កាល​នោះ ​នៅ​ប៉េកាំង ​លោក​មាន​ព្រះរាជ​បំណង ​ចង់​មក​ធ្វើ​ទស្សនកិច្ច​ សួរ​សុខ​ទុក្ខ​កូនចៅ​ព្រះអង្គ​ នៅ​ក្នុង​ប្រទេស។ ​ដូច្នោះ​ តាមរយៈ​ចិន​ឲ្យ​ទាក់ទង​មក​បក្ស​កុម្មុយនីស្ត​កម្ពុជា។​ ពេលនោះ​យន្តហោះ​អាមេរិក​កំពុង​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំង។ ​ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក៏ដោយ​ ក៏​បក្ស​កុម្មុយនីស្ត​កម្ពុជា​ត្រៀម​រៀបចំ​សព្វ​គ្រប់​ដើម្បី​រក្សា​សន្តិសុខ​ថ្វាយ​ព្រះអង្គ​ពេញទី ​រួច​ហើយ​ក៏​ធ្វើ​ដំណើរ​ជូន​ព្រះអង្គ​ត្រឡប់​ទៅ​វិញ ​ទៅ​ហាណូយ ​ហើយ​ក៏​ត្រឡប់​ទៅ​ប៉េកាំង​វិញ​ ដើម្បី​ដំណើរការ​ដឹកនាំ​តស៊ូ​ត​ទៅ​ទៀត»។

ដោយឡែក​លោក​ឡុង ​នរិន្ទ​ សាក្សី​សំខាន់​មួយ​រូប​ដែល​បាន​ធ្វើ​ការ​ក្រោម​អំណាច​របស់​អៀង ​សារី ​បាន​បង្ហាញ​ថា ​លោក​បាន​ចូលរួម​ក្នុង​ចលនា​នយោបាយ​កុម្មុយនីស្ដ​ខ្មែរក្រហម​តាម​ការ​អំពាវនាវ​​របស់​សម្ដេច​ឪ​ នរោត្តម​ សីហនុ ​ក្នុង​ពេល​ដែល​ព្រះអង្គ​កំពុង​គង់​នៅ​ទីក្រុង​ប៉េកាំង។

ព្រះអង្គ​ម្ចាស់ ​ស៊ីសុវត្ថិ​ ធម្មិកោ ​ជា​លេខា​របស់​អតីត​ព្រះមហាក្សត្រ ​និង​ជា​សមាជិក​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ​មាន​ព្រះបន្ទូល​ប្រាប់​វីអូអេ ​សម្លេង​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ​ថា​ អតីត​ព្រះ​មហាក្សត្រ​មិន​ប្រតិកម្ម​តប​ទៅ​នឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំង​នេះ​ទេ។

«អ្វី​ដែល​ថ្នាក់​ដឹកនាំ​ខ្មែរក្រហម ​សម្តែង​សព្វ​ថ្ងៃ​ហ្នឹង​នៅ​ក្នុង​តុលាការ​ហ្នឹង ​គឺ​មិន​មែន​ទាំង​អស់​ទេ​ លោក​មិន​បាន​ប្រតិកម្ម​អី​ជា​ពិសេស​នោះ​ទេ។ ​ចង់​មិន​ចង់​ លោក​ក៏​ជា​អ្នក​រងគ្រោះ​មួយ​ដែរ​ពី​ខ្មែរក្រហម»។

ព្រះអង្គ​ម្ចាស់​ធម្មិកោ​បាន​បន្ថែម​ថា ​នោះ​គឺ​ជា​សេចក្ដី​អះអាង​នៅ​ក្នុង​ការ​ដេញ​ដោល​តាម​ផ្លូវ​តុលាការ​តែ​ប៉ុណ្ណោះ។

«អ្វី​ដែល​លោក​ខៀវ ​សំផន ​លោក​អៀង ​សារី ​ជាមួយ​មេធាវី​ខៀវ ​សំផន ​មេធាវី​អៀង ​សារី ​នួន​ ជា​​ទាំង​អស់​ហ្នឹង ​គឺ​លើក​យក​មក​និយាយ​នៅ​ក្នុង​ក្របខណ្ឌ​តុលាការ។ ​ពេលណា​ដែល​ក្តី​ហ្នឹង​មិន​ទាន់ចប់​ យើង​មិន​អាច​យក​ពាក្យ​ទាំង​អស់​ហ្នឹង​មក​បកស្រាយ ​អត្ថាធិប្បាយ​ជា​ផ្លូវការ​ទេ»។

សម្តេច​ឪ ​នរោត្តម ​សីហនុ​ធ្លាប់​បាន​ជំទាស់​នឹង​ការ​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​ កាល​ពី​ឆ្នាំ​២០០៥ ​ដោយ​ព្រះ​អង្គ​ទ្រង់​ព្រះ​តំរិះ​ឃើញ​ថា​ ថវិកា​ចំណាយ​សម្រាប់​ដំណើរ​ការ​កាត់ទោស​រាប់​​លាន​ដុល្លារ​នោះ​ នឹង​មាន​ប្រយោជន៍​ជាង​ ប្រសិន​បើ​ត្រូវ​បង្វែរ​ទៅ​ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នោះ។​ ព្រះ​តំរិះ​នេះ​ កើត​ឡើង​មុន​បន្តិច​នៃ​ការ​ចាប់​ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​របស់​សាលាក្ដី​ខ្មែរក្រហម។

នួន​ ជា​ នៅ​ក្នុង​សវនាការ​បាន​រំឭក​ថា ​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​បាន​ធ្វើ​ពិធី​ជប់លៀង​សម្រាប់​អតីត​ព្រះមហាក្សត្រ ​ក្នុង​ពេល​ដែល​ព្រះអង្គ​យាង​ទត​ចលនា​តស៊ូ​ពួក​ខ្មែរក្រហម។

«ពេល​នោះ ​មាន​ការ​ធ្វើ​ការ​ជប់លៀង​ថ្វាយ​ព្រះអង្គ។ ​មាន​ប៉ុល ​ពត ​មាន​សុន ​សេន ​មាន​អៀង ​សារី។​ អៀង ​សារី ​ជូន​ដំណើរ​ព្រះអង្គ​មក​ដែរ ​ហើយ​មាន​កម្មាភិបាល​ថ្នាក់​ភូមិភាគ​មួយ​សចំនួន»។

ក្រុម​មេធាវី​ការពារក្ដី​របស់​នួន ​ជា ​និង​សហចៅក្រម​ស៊ើបអង្កេត​ធ្លាប់​បាន​ស្នើ​យាង​សម្តេច​នរោត្តម​ សីហនុ​ចូល​ផ្ដល់​សក្ខីកម្ម​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ផង​ដែរ​ ក៏​ប៉ុន្ដែ​ការ​ប៉ុនប៉ង​នេះ​បាន​ទទួល​បរាជ័យ​ដែល​រុំព័ទ្ធ​ដោយ​ភាព​ស្មុគ្រស្មាញ។

របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​បាន​កាន់​កាប់​អំណាច​ចន្លោះ​ពី​ថ្ងៃ​ទី​១៧ ​ខែ​មេសា​ ឆ្នាំ​១៩៧៥ ​ដល់​ថ្ងៃ​ទី​៦ ខែ​មករា​ ឆ្នាំ​១៩៧៩។ ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ស្លាប់​យ៉ាង​តិច​១,៧​លាន​នាក់​គឺ​ស្លាប់​ដោយសារ​ការ​ធ្វើ​ការ​ដោយ​បង្ខំ ​ការ​បង្អត់​អាហារ ​និង​ការ​សម្លាប់​ជា​ដើម។

ជន​ជាប់​សង្ស័យ​សរុប​ចំនួន​ប្រាំ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់។ ​ក្នុង​នោះ ​ឌុច ​អតីត​មេ​គុក​ទួលស្លែង​ដែល​ជាប់​ចោទ​ក្នុង​សំណុំរឿង​០០១ ​នឹង​ត្រូវ​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​ប្រកាស​សាលដីកា​ ​កំណត់​ទោស​ ឬ​យ៉ាង​ណា​នៅ​ខែ​កុម្ភៈ ​ឆ្នាំ​២០១២។ ​ឌុច​ត្រូវ​សាលា​ដំបូង​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក​ចំនួន​៣៥​ឆ្នាំ ​ប៉ុន្ដែ​ត្រូវ​កាត់​កង​នៅ​ត្រឹម​១៩​ឆ្នាំ។ ​ហើយ​សាលាក្ដី​ខ្មែរក្រហម​នឹង​ត្រូវ​ការ​ពេលវេលា​​ច្រើន​ឆ្នាំ​ត​ទៅ​ទៀត​សម្រាប់​ធ្វើការ​កាត់ទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចាស់​ជរា​ក្នុង​សំណុំរឿង​០០២។ ​រី​ឯ​សំណុំរឿង​បន្ថែម​០០៣ ​និង​០០៤​ ដែល​មាន​ជន​ជាប់​សង្ស័យ​ចំនួន​ប្រាំ​នាក់​ទៀត​ ដែល​សុទ្ធសឹង​មាន​វ័យ​ចាស់​ជរា​ដែរ​នោះ​ស្ថិត​ក្នុង​ភាព​ឃ្លីងឃ្លោង​ ប្រទាញ​ប្រទង់​យ៉ាង​ខ្លាំង​រវាង​ភាគី​ ជាតិ​និង​ភាគី​អន្ដរជាតិ​ក្នុង​តុលាការ​កូនកាត់​សព្វ​ថ្ងៃ​នេះ។

ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ​មាន​បន្ទូល​ថា​ អតីត​ព្រះ​មហាក្សត្រ​មិន​មាន​ជំនឿ​លើ​យុត្តិធម៌​បាន​ពី​តុលាការ​នេះ​ទេ។

«លោក​មិន​គិត​ត្រឹម​តែ​ព្រះរាជ្យវង្ស​ទេ ​ព្រោះ​លោក​ជា​ព្រះបិតា​ជាតិ។ ​ដូច្នេះ​លោក​គិត​រហូត​ដល់​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស ​ព្រមទាំង​ប្រជារាស្ត្រខ្មែរ​ ដែល​រស់​នៅ​បរទេស​ផងដែរ។​ លោក​បាន​បញ្ចេញ​នូវ​មតិ​របស់​លោក​តាំង​ពី​ឆ្នាំ​២០០៥​ មក​ម្ល៉េះ។ ​លោក​មិន​ជឿ​ថា​ តុលាការ​ហ្នឹង​អាច​ផ្តល់​យុត្តិធម៌​ទៅ​ឲ្យ​ប្រទេស​ខ្មែរ​ ឬ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ទាំង​អស់​នោះ​ទេ។​ មិន​អាច​ទេ»។

មន្ដ្រី​អ្នកនាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម ​និង​ក្រុម​មន្ដ្រី​អង្គការ​សង្គម​ស៊ីវិល​ ដែល​តាម​ឃ្លាំមើល​ដំណើរ​ការ​កាត់ទោស​ ធ្លាប់​បាន​ពន្យល់​ថា ​យុត្តិធម៌​បាន​ពី​ការ​កាត់​ទោស​នេះ​នឹង​មិន​អាច​ឆ្លើយ​តប​តាម​ការ​ចង់​បាន​របស់​ជន​រងគ្រោះ​១០០​​ភាគរយ​នោះ​ទេ។ ​ក៏ប៉ុន្ដែ​វា​នឹង​ក្លាយ​ជា​យុត្តិធម៌​ ដែល​តម្រូវ​តាម​ស្តង់ដា​អន្ដរជាតិ។

អតីត​ព្រះមហាក្សត្រ​ នរោត្តមសីហនុ​ធ្លាប់​គង់​ជា​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​១៩៧៦ ​ប៉ុន្ដែ​លោក ​ឡុង ​នរិន្ទ​ ដែល​ជា​សាក្សី​ បាន​បញ្ជាក់​ថា ​ព្រះអង្គ​មិន​មាន​អំណាច​អ្វី​នោះ​ទេ៕

This posting includes an audio/video/photo media file: Download Now

រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​អាស៊ាន​ជំរុញការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ដឹកជញ្ជូន​អាស៊ាន

Posted: 16 Dec 2011 07:34 AM PST

នៅ​ថ្ងៃ​សុក្រ​នេះ ​ក្រុម​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​អាស៊ាន​បាន​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​ដឹកជញ្ជូន ​ដើម្បី​ធ្វើ​ឲ្យ​បាន​សម្រេច​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ​២០១៥។

ក្រុម​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​អាស៊ាន​បាន​ជួប​ប្រជុំ​គ្នា​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​១៧​ នៅ​ទីក្រុង​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៦​ ដើម្បី​ពិភាក្សា​អំពីការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាក់ទង​នឹង​គម្រោង​ដឹក​ជញ្ជូន​ជា​អាទិភាព ​សំដៅ​ធ្វើ​ឱ្យ​បាន​សម្រេច​នូវ​ការប្តេជ្ញា​ចិត្ត​របស់​ក្រុម​មេដឹកនាំ​អាស៊ាន។

លោក​ត្រាំ ​អ៊ីវតឹក ​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​នៃ​ប្រទេស​កម្ពុជា​ បាន​ថ្លែង​ថា​ ក្រុម​រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​អាស៊ាន​បាន​ព្រមព្រៀង​គ្នា​ធ្វើ​ឲ្យ​ប្រសើរ​ដល់​ការ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវគោក ​ផ្លូវ​អាកាស ​និង​ផ្លូវ​ទឹក​ដើម្បី​ជំរុញ​សកម្មភាព​ដឹក​ជញ្ជូន ​ពាណិជ្ជកម្ម ​និង​សេដ្ឋកិច្ច​នៅ​ក្នុង​សហគមន៍​អាស៊ាន។​

«ឥឡូវ​នេះ​ដល់​ពេល​ដែល​យើង​រក​ទុន​ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​ ហើយ​ការ​រក​ទុន​នេះ​ យើង​ពឹង​ផ្អែក​ទៅ​លើ​ដៃ​គូរ​អភិវឌ្ឍន៍ ​ដូច​ជា​ប្រទេស​ចិន​ ប្រទេស​ជប៉ុន​ និង​ប្រទេស​កូរ៉េ​ខាងត្បូង​ ដែល​មាន​ប្រាក់​កាស​ជួយ​ស្តារ​ផ្លូវ»

ប្រទេស​អាស៊ាន​រួម​មាន​ប្រទេស​កម្ពុជា ​ប្រទេស​ឡាវ ​ប្រទេស​វៀតណាម ​ប្រទេស​ថៃ ​ប្រទេស​ភូមា ​ប្រទេស​ម៉ាឡេស៊ី ​ប្រទេស​ប្រូយនេ​ ប្រទេស​ឥណ្ឌូនេស៊ី ​ប្រទេស​ហ្វីលីពីន ​និង​ប្រទេស​សឹង្ហបូរី។ សមាគម​អាស៊ាន​បាន​កំណត់​ពេលវេលា​សម្រាប់​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ដែល​សេរី​ភាវូបនីយកម្ម​នៃ​សេវា​ពាណិជ្ជកម្ម​តាមរយៈ​សេរី​ភាវូបនីយកម្ម​ ជា​បន្ត​បន្ទាប់​ ត្រូវ​បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៥។​

លោក​ត្រាំ ​អ៊ីវតឹក​ បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​ថា​ ក្រុម​រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​អាស៊ាន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម​របស់​ផ្នែក​ឯកជន​នៅ​ក្នុង​គម្រោង​ការ​ដ៏​សំខាន់​នេះ​ ហើយ​បាន​ពេញ​ចិត្ត​ចំពោះ​ការ​រីកចម្រើន​នៃ​ការ​អនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​ជា​ច្រើន​ក្រោម​ភាព​ជា​ដៃ​គូរ​ផ្នែក​ដឹក​ជញ្ជូន​អាស៊ាន​ជាមួយ​ប្រទេស​ចិន​ និង​ប្រទេស​ជប៉ុន។​

«គម្រោង​នានា​ក្រោម​ផែនទី​បង្ហាញ​ផ្លូវ​នេះ​បាន​បំពេញ​បំណង​នូវ​សេចក្តី​ត្រូវការ​ជាក់​លាក់​របស់​រដ្ឋ ​ជា​សមាជិក​អាស៊ាន ​និង​បាន​ផ្តល់​ការគាំទ្រ​យ៉ាង​រឹងមាំ​ដល់​ការ​កសាង​សមត្ថភាព ​និង​ការ​សិក្សា​ពី​ភាព​អាច​ធ្វើ​បាន​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន»។​

សេចក្តី​ថ្លែងការណ៍​រួម​បាន​បញ្ជាក់​ថា​ ក្រុម​រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​អាស៊ាន​ បាន​សម្តែង​នូវ​ការ​ដឹងគុណ​ចំពោះ​ជំនួយ​បច្ចេកទេស ​និង​ការ​គាំទ្រ​ឆ្ពោះ​ទៅ​រក​កិច្ច​សហប្រតិបត្តិ​ផ្នែក​ដឹក​ជញ្ជូន​អាស៊ាន។​ ក្រុម​រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​អាស៊ាន​ក៏​បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ដល់​ប្រទេស​អាល្លឺម៉ង់ ​និង​សហភាព​អឺរ៉ុប​ចំពោះ​ការ​គាំទ្រ​ផ្នែក​បច្ចេក​ទេស​របស់​ខ្លួន។

ប្រទេស​ចិន​ធ្លាប់​បាន​សន្យា​ផ្តល់​ប្រាក់​ជាង​១០០០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​តភ្ជាប់​បណ្តាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ប្រជាពលរដ្ឋ ​និង​ស្ថាប័ន៕

This posting includes an audio/video/photo media file: Download Now

ខ្សែ​ភាពយន្ត​ចាស់ថ្មី​បង្ហាញ​ស្នាដៃ​ក្នុង​មហោ​ស្រព​ភាពយន្ត​នៅភ្នំពេញ

Posted: 16 Dec 2011 11:47 AM PST

ខ្សែ​ភាពយន្ដ​សរុប​ចំនួន​៩១​រឿង ​ដែល​ជា​ស្នាដៃ​របស់​ផលិតករ​មក​ពី​ប្រទេស​ចំនួន​១៧ ​នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​ក្នុង​មហោស្រព​ភាពយន្ដ​អន្ដរជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដើម្បី​ជា​ការ​ចែក​រំលែក​បច្ចេកទេស ​និង​បទពិសោធន៍​គ្នា។

ទស្សនិកជន​អាច​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​ ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​១៥ ​រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ​នៅ​តាម​ទីតាំង​សំខាន់ៗ​មួយ​ចំនួន ​ដូច​ជា​រោង​ភាពយន្ត​ Legend Cinema ​នៅ​ផ្សារ​ទំនើប​ City Mall​ រោងភាពយន្ដ​ The Cineplex ​នៅ​ផ្សារ​ទំនើប​សុរិយា ​នៅ​មជ្ឈមណ្ឌល​កំសាន្ដ​កោះពេជ្រ​ មជ្ឈមណ្ឌល​បុប្ផានណា ​និង​ វិទ្យាស្ថាន​ភាសា​បារាំង។

លោក​ជៀប ​សុវិជ្ជា ​នាយក​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​ និង​​ការ​ផលិត​ភាពយន្ត​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រារព្ធ​ពិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​នេះ​ គឺ​ដើម្បី​ជួយ​លើក​កម្ពស់​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​តាមរយៈ​ការ​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ផលិតករ​ខ្មែរ​ និង​បរទេស។

«គោល​បំណង​ដែល​យើង​រៀបចំ​មហោស្រព​ភាពយន្ត​នេះ​ឡើង​គឺ​យើង​ចង់​លើក​កម្ពស់​ខ្សែ​ភាព​យន្ត​នៅ​កម្ពុជា​យើង​ឲ្យ​រីក​ចម្រើន​ឡើង​ ព្រោះ​ថា​ ពេលណា​ដែល​យើង​មាន​ទិវា​មហោស្រព​ភាព​យន្ត​អន្តរជាតិ​នេះ​ម្តងៗ ​វា​តែងតែ​មាន​អ្នក​ដឹកនាំ​បរទេស​មក​ចូលរួម។​ អញ្ចឹង​វា​ជា​ឱកាស​មួយ ​ដែល​គាត់​អាច​ជួបជុំ​គ្នា​​ផ្លាស់ប្តូរ​បទ​ពិសោធន៍​គ្នា។​មួយ​វិញ​ទៀត​ យើង​ចង់​បញ្ចាំង​ខ្សែភាពយន្ត​បរទេស​ហ្នឹង​ឲ្យ​ទស្សនិកជន​ខ្មែរ​យើង​បាន​មើល​ដើម្បី​ទាក់ទាញ​គាត់​ឲ្យ​ចាប់​អារម្មណ៍​លើ​វិស័យ​ភាពយន្ត​ខ្មែរ​ឡើងវិញ​ ហើយ​ដើម្បី​រំឭក​ផលិតករ​ខ្មែរ​យើង​ឡើង​វិញ​ ដើម្បី​ឲ្យ​គាត់​ផលិត​ខ្សែ​ភាពយន្ត​វិញ​ ឲ្យ​បាន​ល្អ​ជា​លក្ខណៈ​ស្តង់ដា​អន្តរជាតិ​ ដែល​គេ​អាច​ទទួល​យក​បាន»។

នៅ​ក្នុង​ចំណោម​ខ្សែភាពយន្ត​ទាំង​៩១​រឿង​នោះ​ មាន​ខ្សែ​ភាពយន្ត​ខ្មែរ​ចំនួន​១៧​រឿង​ដែល​ផលិត​ដោយ​ផលិតករ​ខ្មែរ​ និង​ជំនួយការ​ពី​បរទេស។ ​ក្នុង​នោះ​២​រឿង​ជា​ខ្សែភាពយន្ត​ជំនាន់​សង្គម​រាស្រ្ត​និយម។ ​ក្រៅពី​នេះ​ជា​ខ្សែភាពយន្ត​របស់​ផលិតករ​មក​ពី​ប្រទេស​ស្រីលង្កា​ សហរដ្ឋ​អាមេរិច​ ជប៉ុន​ កូរ៉េ ​ប្រទេស​ហ្វីលីពីន ​ម៉ាឡេស៊ី ​បារាំង​ និង​​ប្រទេស​ចិន​ជា​ដើម។ ​ខ្សែភាពយន្ត​ទាំង​នោះ​មាន​ភាពយន្ដ​ប្រភេទ​ជា​ប្រវត្តិសាស្រ្ត ​ភាពយន្ត​ស៊ើបអង្កេត ​ភាពយន្ត​បែប​កំប្លែង ​និង​គំនូរជីវចល​ផង​ដែរ។

លោក​គង់ ​កន្តារ៉ា ​អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ​និង ​វិចិត្រសិល្បៈ​ បាន​ចាត់​ទុក​មហោស្រព​ភាពយន្ត​នេះ​ គឺ​ជា​ការ​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​រវាង​អ្នក​ផលិត​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​ដើម្បី​បង្កើន​នូវ​គុណភាព​ក្នុង​ការផលិត។​ ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា ​ទោះ​បី​ជា​យ៉ាង​ណា​ ការប្រារព្ធ​មហោស្រព​ភាពយន្ត​នេះ​ នៅ​មិន​ទាន់​អាច​ជួយ​អ្វី​ឲ្យ​បាន​ច្រើន​គ្រាប់គ្រាន់​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ដែល​កំពុង​មាន​ការ​ចុះ​ទន់ខ្សោយ​នោះ​ទេ។

«ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​ផលិតករ​កម្ពុជា​យើង​ក៏ដូច​ជា​ផលិតករ​នានា​ ព្រោះ​ថា​ ភ្ញៀវ​ជា​ច្រើន​គឺ​ចម្រុះ​ជាតិសាសន៍​មក​បញ្ចាំង​ហ្នឹង។​ ហើយ​អាច​ដកស្រង់​បទពិសោធន៍​ បច្ចេកទេស​គ្នា​ទៅ​វិញ ​ទៅ​មក។ ​អា​នេះ​ក៏​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​ជំរុញ​ឲ្យ​ផលិតករ​របស់​យើង​ ឲ្យ​គាត់​ខំ​ផលិត​ឲ្យ​បាន​ស្នាដៃ​ល្អ​ទៅ​ ដើម្បី​បម្រើ​ទស្សនិកជន​ក្នុង​ស្រុក​របស់​យើង ​ឲ្យ​បាន​រីកចម្រើន​ឡើង»។

លោក​អ៊ីវ៉ុង ​ហែម ​ជា​ផលិតករ​ខ្មែរ​ជើង​ចាស់​មួយ​រូប​ បាន​ឲ្យ​ដឹង​ថា​ លោក​មាន​ខ្សែភាពយន្ត​ចំនួន​២​រឿង​ បាន​ដាក់​បញ្ចាំង​នៅ​ក្នុង​មហោស្រព​ភាពយន្ត​នេះ​ដែរ។

«យើង​អបអរសាទរ។ ធ្វើ​បាន​ប៉ុណ្នឹង​ គឺ​អស្ចារ្យ​ណាស់​ចំពោះ​អ្នក​រៀបចំ​ហ្នឹង​ណា៎។​ ប៉ុន្តែ​គ្រាន់​តែ​ថា​ តើ​វា​មាន​លទ្ធផល​កម្រិត​ណា​ ខ្ញុំ​អត់​ហ៊ាន​និយាយ​រឿង​នេះទេ ​ហើយ​ ខ្ញុំ​រងចាំ​មើល​ដែរ។ ​តើ​វា​មាន​ទំនាក់ទំនង​របៀប​ម៉េច»?

ដីមីន ​ដីមាស​គឺ​ជា​ខ្សែភាពយន្ត​ខ្មែរ​ខ្នាត​ខ្លី​មួយ។ ​ភាពយន្ដ​នេះ​ត្រូវ​យក​មក​បញ្ចាំង​ នៅ​មជ្ឈមណ្ឌល​បុប្ផាណា។ ​ភាពយន្ដ​នេះ​បាន​ពិពណ៌នា​អំពី​ស្ថានភាព​គ្រាប់មីន​នៅ​ខេត្ត​ប៉ៃលិន​ ដែល​ជា​ខេត្ត​មួយ​សម្បូរ​ដោយ​គ្រាប់មីន​នៅ​កម្ពុជា។

ប្រជាពលរដ្ឋ​នៅ​ក្នុង​រឿង​នេះ​ជួបប្រទះ​ការ​លំបាក​ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយសារ​ផ្ទៃដី​នៅ​ទីនោះ​ភាគ​ច្រើន​ពោរពេញ​ទៅ​ដោយ​គ្រាប់មីន។ ​ហើយ​ពួក​គេ​ប្រឈម​នឹង​គ្រោះថ្នាក់​ជា​ខ្លាំង។ ​ប៉ុន្ដែ​ទីបំផុត​ បន្ទាប់​ពី​ការ​ដោះគ្រាប់មីន​ ដី​ទាំង​នេះ​បាន​ក្លាយ​ជា​ដី​កសិកម្ម​យ៉ាង​ល្អ​បំផុត។ ​គឺ​ជា​កំណប់​មាស​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ។

«គ្មាន​ស្អី​រក​ទេ​ ខែ​ហ្នឹង។​ ធ្វើ​ចម្ការ​ស្រែ ​ធ្វើ​ចម្ការ​ស្រែ​ផុត​ទៅ ​ផុត​មក។ ​ជីក​ទំពាំង ​កាប់​អុស​ កាប់​ឫស្សី​ អី​យក​ទៅ​លក់។ ​មួយ​បាច់​៣៥០០​ទៅ ​ឬ​​៣០០០​រៀល។ ​រក​បាន​ហើយ​ឲ្យ​ថ្លៃ​គោយន្ត​គេ​៥០០​ទៅ ​ហើយ​ព្រៃ​ឫស្សី​អី​ហ្នឹង​គឺ​សុទ្ធ​តែ​ព្រៃមីន​ទាំង​អស់។ ​ធ្វើ​ម៉េច​ បើ​សិន​ជា​យើង​មិន​រក​ វា​ដាច់​ពោះ​ ប្រពន្ធ​កូន​យើង​ស្លាប់។ ​អញ្ចឹង​យើង​ត្រូវ​តែ​តស៊ូ។ ​នរណា​មិន​ខ្លាច​ស្លាប់។​ អ្នក​ណា​មិន​ខ្លាច​មីន។ ​ស្លាប់​ ក៏​ស្លាប់​ទៅ! ​បើ​មិន​រក​ ក៏​ស្លាប់​ដែរ។ ​វា​ដូច​តែ​គ្នា​ហ្នឹង»។

អ្នកស្រី​ឃីម ​ស្រីរាល​ជា​ជំនួយការ​គ្រូ​នៅ​សាលា​លីសេដេកាត ​ដែល​បាន​នាំកូន​ និង​ប្តី​មក​ចូលរួម​ទស្សនា​រឿង​នេះ។ គាត់បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទស្សនា​រឿង​នេះ​ហើយ​ ទើប​បាន​ដឹង​ច្បាស់​ថា​ប្រទេស​កម្ពុជា​ពិត​ជា​មាន​គ្រាប់មីន​ជា​ច្រើន​ដែល​បាន​គំរាមកំហែង​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​រាល់ថ្ងៃ។

អ្នកស្រី​បាន​បញ្ជាក់​ថា​​ អ្នកស្រី​ចូលចិត្ត​ខ្សែភាពយន្ត​ប្រភេទ​នេះ​ ពីព្រោះ​វា​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិតប្រាកដ​ នៅ​ក្នុង​ប្រទេស​កម្ពុជា។

«ខ្ញុំ​ឃើញ​អ្នក​រងគ្រោះ​ដោយសារ​គ្រាប់មីន​ច្រើន​ហើយ។ ​ខ្ញុំ​ដូច​ថា ​ពិបាក​ចិត្ត​ សោកស្តាយ ​ដែល​មាន​គ្រាប់មីន​នៅ​ស្រុកខ្មែរ​ច្រើន​អញ្ចឹង។ ​ភាពយន្ត​ខ្មែរ​យើងជា​ច្រើន​និយាយ​ពី​ស្នេហា។ ​ប្រសិន​បើ​និយាយ​ពី​រឿង​បច្ចុប្បន្ន​ហ្នឹង​ មាន​អ្វី ល្អដែរ ​ដូច​ជា​អំពី​គ្រាប់មីន​ អំពី​មនុស្ស​យើង​ អត់​ឃ្លាន​ អត់​មាន​អី​ហូប​ អញ្ចឹង​គឺល្អ​ណាស់»។

កម្មវិធី​មហោស្រព​ភាពយន្ត​អន្តរជាតិ​ឆ្នាំ​នេះ​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ​ និង​ទទួល​ការ​ផលិត​ភាពយន្ត​នៅ​កម្ពុជា ​មជ្ឈមណ្ឌល ​បុប្ផាណា ​និង​វិទ្យាស្ថាន​ភាសា​បារាំង​ ដែល​មាន​ការគាំទ្រ​ពី​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ ហើយ​មាន​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៦ ធ្នូ ព្រឹក

Posted: 15 Dec 2011 11:40 PM PST

កុងហ្គោ៖ តុលាការ​កំពូល​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ កុងហ្គោ​ បាន​ចាប់​ផ្តើម​ស្តាប់​ពាក្យ​បណ្តឹង​មួយ​ដែល​សុំ​ឲ្យ​ទុក​ជា​មោឃៈ​នូវ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​ ដែល​នាំ​ឲ្យ​លោក​ប្រធានាធិបតី​កាន់​អំណាច​ចូសេហ្វ កាប៊ីឡា  វិល​ត្រឡប់​មក​កាន់​តំណែង​ជា​ថ្មី​វិញ។​

អ៊ីរ៉ាក់៖ រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ប្រទេសអាមេរិក ឡេអុង ប៉េណាតា និយាយ​ថា ​លោកសុបិន្ត​ចង់​ឲ្យ​មានអ៊ីរ៉ាក់​ ឯករាជ្យ​និង​អធិបតេយ្យ​មួយ​នោះ ឥឡូវ​បាន​ក្លាយ​ទៅ​ជា​រឿង​ពិត​ហើយ​ នៅ​ពេល​ដែល​អាមេរិក​កត់​សំគាល់​ពី​បញ្ចប់​នៃ​បេសកកម្ម​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ​។

រុស្ស៊ី៖ នាយក​រដ្ឋមន្រ្តីរុស្ស៊ី ​វ្ល៉ាដឹមៀរ ពូទីន បាន​និយាយ​ការពារ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ជ្រើស​រើស​សមាជិក​រដ្ឋសភា​ កាល​ពី​ដើម​ខែ​នេះ ​ព្រមទាំង​បាន​ច្រាន​ចោល​ពាក្យ​ចោទ​ប្រកាន់​ថា​មាន​ការ​លួច​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត។​

ស៊ីរី៖ សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ទាហាន​រត់​ចោល​ជួរ​ស៊ីរី​បាន​សម្លាប់​ទាហាន​និង​សមាជិក​កង​កម្លាំង​សន្តិសុខ​យ៉ាង​តិច​២៧​នាក់ ពេល​ដែល​សេចក្តី​រាយការណ៍​ថ្មី​មួយ​បាន​ចោទ​ថា​មន្រ្តី​យោធា​បាន​បញ្ជា​ឲ្យ​មាន​ការ​បញ្ចប់​បាតុកម្ម ​«តាម​មធ្យោបាយ​ចាំ​បាច់​គ្រប់​យ៉ាង​»​។

អេហ្ស៊ីប៖ ការ​បោះ​ឆ្នោត​ជុំ​ទី​ពីរ​ដើម្បី​ជ្រើសរើស​សមាជិក​រដ្ឋសភា​ អេហ្ស៊ីប​ បាន​បន្ត​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ ដោយ​គណបក្ស​ អ៊ីស្លាម​និយម​ សង្ឃឹម​ថា​នឹង​អាច​ដំឡើង​សម្លេង​ឆ្នោត​ថែម​ទៀត​លើ​សន្លឹក​ឆ្នោត​ដែល​ខ្លួន​បាន​ទទួល​យ៉ាង​ច្រើន​រួច​ស្រេច​ទៅ​ហើយ​នោះ​ ។

សហរដ្ឋអាមេរិក៖ បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ កំពុង​រៀបចំ​ខ្លួន​ដើម្បី​ធ្វើ​កិច្ច​ពិភាក្សា​ដេញ​ដោល​គ្នា​ជា​លើក​ចុង​ក្រោយ​បង្អស់​ មុន​នឹង​ចាប់​ផ្តើម​ដំណាក់កាល​តែងតាំង​បេក្ខជន​តាម​ផ្លូវ​ការ​ នៅ​ក្នុង​រដ្ឋ​អាយអូវ៉ា ភាគ​កណ្តាល​និង​ខាង​លិចសហរដ្ឋ​នៅ​ខែ​ក្រោយ។​

ស៊ូដង់៖ កម្មវិធីស្បៀង​អាហារ​ពិភពលោកនៃ​អង្គការសហប្រជាជាតិ​ និយាយ​ថា​មនុស្ស​ចំនួន​ ២​លាន​៧​ សែន​នាក់​ នៅស៊ូដង់​ខាង​ត្បូង​ នឹង​ត្រូវ​ការ​ជំនួយ​ម្ហូប​អាហារ​នៅ​ឆ្នាំ​ក្រោយ​នេះ​ ដោយ​សារ​មាន​ការ​ខូច​ខាត​ដំណាំ​និង​ជម្លោះ​ក្នុង​តំបន់។​

អាហ្វហ្គានីស្ថាន៖ មេ​ដឹក​នាំ​ អាហ្វហ្គានីស្ថាន​ បាន​យល់​ព្រម​តាម​លក្ខខណ្ឌ​ថ្មី​មួយ​ចំនួន​ ដើម្បី​ចាប់​ផ្តើម​ធ្វើ​កិច្ច​ចរចា​សន្តិភាព​ឡើង​វិញ​ជា​មួយ​ពួក​តាលីបាន​ ដោយ​និយាយ​ថា​ពួក​សកម្ម​ប្រយុទ្ធ​ត្រូវ​តែ​បោះ​ទីតាំង​ស្ថាបនា​ អស័យដ្ឋាន​មួយ​នៅ​ក្នុង​តំបន់​បី​ ហើយ​បញ្ឈប់​អំពើ​ហិង្សា​ទាំង​អស់។​

<!--AV-->

This posting includes an audio/video/photo media file: Download Now