VOA News: ព័ត៌មាន: “ព្រះមហាក្សត្រតែងតាំងចៅក្រមថ្មីសម្រាប់សាលាក្តីខ្មែរក្រហម” plus 5 more |
- ព្រះមហាក្សត្រតែងតាំងចៅក្រមថ្មីសម្រាប់សាលាក្តីខ្មែរក្រហម
- មន្ត្រីពន្ធនាគារព្រៃសត្រូវក្រសួងមហាផ្ទៃហៅមកសាកសួរក្រោយពីធ្វើអធិការកិច្ចចប់
- កម្ពុជានិងកូរ៉េខាងជើងបានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការ
- ព័ត៌មានអន្តរជាតិសង្ខេប៖ ២៨ កក្កដា
- តុលាការថៃបើកសវនាការកាត់ទោសជនជាតិខ្មែរ ថៃ វៀតណាម
- សេដ្ឋកិច្ចកម្ពុជាមិនទាន់បានឡើងដល់កម្រិតរបស់អាស៊ាន
ព្រះមហាក្សត្រតែងតាំងចៅក្រមថ្មីសម្រាប់សាលាក្តីខ្មែរក្រហម Posted: 28 Jul 2011 02:10 PM PDT ព្រះមហាក្សត្រខ្មែរសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានតែងតាំងចៅក្រមសញ្ជាតិកូរ៉េខាងត្បូងម្នាក់ឲ្យធ្វើជាចៅក្រមនៃអង្គបុរេជំនុំជម្រះនៅថ្ងៃព្រហស្បតិ៍នេះ ដែលមន្ដ្រីតុលាការនិយាយថា នេះគឺជាការតែងតាំងដោយយោងតាមភាពចាំបាច់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាក្ដីខ្មែរក្រហមនៅរសៀលថ្ងៃនេះ លោក ជុង ឆាងហូ (Chung Chang-ho) ត្រូវបានតែងតាំងជំនួសលោកស្រីចៅក្រម ខាថឺរីន ម៉ារឈី យូហ៊ែល (Chatherine Marchi-Uhel) ដែលត្រូវវិលទៅបំពេញការងារនៅឯតុលាការព្រហ្មទណ្ឌអន្ដរជាតិនៃអតីតប្រទេសយូហ្គោស្លាវី។ លោក ជុង ឆាងហូ ត្រូវបានជ្រើសរើសដោយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន ហើយលោកនឹងត្រូវចូលបំពេញការងារជាផ្លូវការចាប់ពីថ្ងៃចន្ទ័ ទី១ ខែសីហា សប្ដាហ៍ក្រោយនេះតទៅ។ លោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិ មានប្រសាសន៍ថា ការតែងតាំងចៅក្រមថ្មីនេះគឺជាការផ្លាស់ប្ដូរធម្មតាតែប៉ុណ្ណោះ ក៏ប៉ុន្ដែគឺជាការតែងតាំងដែលមានភាពចាំបាច់។ លោកបានប្រាប់វីអូអេខ្មែរថា៖ «ការតែងតាំងលោក ជុង ឆាងហូ ជាចៅក្រមថ្មីនៅអង្គបុរេជំនុំជម្រះមានសារៈសំខាន់ ពីព្រោះចៅក្រមមុនគឺលោកស្រី ខាថឺរីន ម៉ារឈី យូហ៊ែល ត្រូវត្រឡប់ទៅកាន់តួនាទីចាស់របស់គាត់វិញនៅតុលាការព្រហ្មទណ្ឌអន្ដរជាតិនៃអតីតប្រទេសយូហ្គោស្លាវី»។ លោក ជុង ឆាងហូ មានសញ្ញាប័ត្រអនុបណ្ឌិតច្បាប់មកពីសាកលវិទ្យាល័យជាតិក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង។ លោកធ្លាប់បម្រើការជាចៅក្រមនៅតុលាការជាន់ខ្ពស់ តុលាការថ្នាក់ស្រុក និងបម្រើការនៅតុលាការសឹក។ លោក ជុង ឆាងហូ ក៏ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃសាលាសេដ្ឋកិច្ច និងវិទ្យាសាស្រ្ដនយោបាយនៃទីក្រុងឡុងដ៍ និងនៅសាកលវិទ្យាល័យហុងកុង។ ស្ថានទូតនៃសាធារណរដ្ឋកូរ៉េមិនទាន់ផ្ដល់ចម្លើយតបតាមសារអេឡិចត្រូនិច ស្ដីពីប្រតិកម្មជុំវិញការតែងតាំងលោក ជុង ឆាងហូ ជាចៅក្រមនៃសាលាក្ដីខ្មែរក្រហមនៅឡើយទេរហូតមកទល់នឹងល្ងាចនេះ៕ This posting includes an audio/video/photo media file: Download Now |
មន្ត្រីពន្ធនាគារព្រៃសត្រូវក្រសួងមហាផ្ទៃហៅមកសាកសួរក្រោយពីធ្វើអធិការកិច្ចចប់ Posted: 28 Jul 2011 01:23 PM PDT មន្ត្រីផ្លូវការក្រសួងមហាផ្ទៃបានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថាក្រសួងបានកោះហៅមន្ត្រីពន្ធនាគារព្រៃសចំនួនប្រាំនាក់មកសាកសួរអំពីភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹងការគ្រប់គ្រងអ្នកទោសនៅក្នុងពន្ធនាគារ។ ការកោះហៅនេះបានធ្វើឡើង បន្ទាប់ពីលោកម៉ុង គឹមហេង អតីតប្រធានពន្ធនាគារព្រៃស ម១ ត្រូវបានដកចេញពីតំណែងកាលពីខែមិថុនា អំពីកំហុសឆ្គងលើការគ្រប់គ្រងពន្ធនាគារនិងបន្ទាប់ពីគណៈកម្មការអធិការកិច្ចរបស់ក្រសួងមហាផ្ទៃបានបញ្ចប់អធិការកិច្ចរបស់ខ្លួននៅពន្ធនាគារព្រៃស ម១។ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់វីអូអេ ថាគណៈកម្មការអធិការកិច្ចរបស់ក្រសួងបានកោះហៅមន្ត្រីពន្ធនាគារព្រៃស ម១ មកសាកសួរព័ត៌មានជុំវិញការគ្រប់គ្រងពន្ធនាគារមិនប្រក្រតីភាព។ «អធិការកិច្ចថាអាចមានពាក់ព័ន្ធនឹងមន្ត្រីមួយចំនួន ក្រៅពីប្រធានពន្ធនាគារដែលក្រសួងបានផ្លាស់មកហើយនេះ។ ដូច្នេះ អ្វីដែលក្រសួងបានអញ្ជើញមកហើយ គឺអាចពាក់ព័ន្ធការសួរព័ត៌មានទៅនឹងការគ្រប់គ្រងមិនប្រក្រតីភាពក្នុងការដឹកនាំកន្លងមករបស់មន្ត្រីទាំងនោះ ធ្វើឱ្យការគ្រប់គ្រងនៅមានមិនប្រក្រតីភាព។ សមត្ថកិច្ចរបស់មន្ត្រីគណៈកម្មការ (អធិការកិច្ច) ដែលក្រសួងបានបង្កើតឡើង គឺហៅមកសួរនាំព័ត៌មាន។ ប៉ុន្តែសេចក្តីសម្រេចយ៉ាងណា យើងមិនទាន់មាននៅឡើយទេ»។ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ មិនបានបញ្ជាក់លម្អិតឈ្មោះមន្ត្រីពន្ធនាគារទាំងប្រាំនាក់ដែលបានកោះហៅនោះទេ។ លោកចាន់ សូវេត ប្រធានផ្នែកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៃសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងថាមន្ត្រីពន្ធនាគារមួយចំនួន បានយកប្រាក់ពីអ្នកទោស ដើម្បីទទួលបានកន្លែងទូលាយ ការទារប្រាក់ពីអ្នកសួរសុខទុក្ខ ការកិបកេងប្រាក់របស់អ្នកទោស និងបក្សពួកនៅក្នុងពន្ធនាគារព្រៃស ម១។ «ជុំវិញការកោះហៅនេះ វាជាចំណុចមួយដ៏ល្អសម្រាប់ពន្ធនាគារដទៃផ្សេងទៀតដែលធ្វើយ៉ាងដូច្នេះ យើងខ្ញុំខាងអង្គការសង្គមស៊ីវិល គិតថានេះជាចំណុចមួយដ៏សំខាន់សម្រាប់ចាប់ផ្តើមធ្វើឱ្យពន្ធនាគារក្លាយទៅជាពន្ធនាគារមួយដែលទទួលស្គាល់ដោយអន្តរជាតិ។ យើងគាំទ្រទាំងស្រុងទៅលើសកម្មភាពអធិការកិច្ចរបស់ក្រសួងមហាផ្ទៃ ក្នុងការធ្វើឱ្យពន្ធនាគារនេះ អាចដំណើរការបានល្អ និងប្រព្រឹត្តទៅដោយយុត្តិធម៌»។ លោកអ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស បានថ្លែងថាការកោះហៅមន្ត្រីពន្ធនាគារនេះជាជំហាននៃការចាប់ផ្តើមដំបូងនៃការធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងពន្ធនាគារ។ លោកបានលើកទឹកចិត្តដល់ក្រសួងមហាផ្ទៃឱ្យបន្តការងារអធិការកិច្ចនេះនៅគ្រប់ពន្ធនាគារ។ «បើមានមន្ត្រីពន្ធនាគារណាពាក់ព័ន្ធនឹងភាពមិនប្រក្រតី ក្រសួងមហាផ្ទៃត្រូវធ្វើការស៊ើបអង្កេតហ្មត់ចត់ ហើយបើមន្ត្រីពន្ធនាគារមានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌនៅក្នុងពន្ធនាគារ មន្ត្រីត្រូវបញ្ជូនទៅតុលាការ ដើម្បីធ្វើការតាមច្បាប់។ នេះជាគំរូមួយ ដើម្បីពង្រឹងការគ្រប់គ្រងពន្ធនាគារហ្នឹងឱ្យកាន់តែល្អថែមទៀត»។ លោកធាន ឆវ័ន្ត អតីតប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យត្រូវបានដកចេញពីតំណែងកាលពីថ្ងៃពុធម្សិលមិញអំពីភាពមិនប្រក្រតីនៃការគ្រប់គ្រងពន្ធនាគារ៕ This posting includes an audio/video/photo media file: Download Now |
កម្ពុជានិងកូរ៉េខាងជើងបានព្រមព្រៀងគ្នាជំរុញកិច្ចសហប្រតិបត្តិការ Posted: 28 Jul 2011 01:05 PM PDT ប្រទេសកម្ពុជានិងប្រទេសកុម្មុយនិស្ដកូរ៉ខាងជើងបានព្រមព្រៀងគ្នានៅថ្ងៃពុធនេះជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែរឹងមាំថែមទៀតដោយសន្យាចែករំលែកគ្នាទៅវិញទៅមកនូវបទពិសោធន៍លើវិស័យសំខាន់ៗចំនួនប្រាំ។ វិស័យទាំងនោះដែលរួមមានផ្នែកកសិកម្ម ឧស្សាហកម្ម ផ្នែកបច្ចេកវិជ្ជា ផ្នែកសុខាភិបាល ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវិនិយោគទុន។ ការព្រមព្រៀងនេះធ្វើឡើងក្នុងកិច្ចប្រជុំនៃគណៈកម្មការចម្រុះទ្វេភាគីក្នុងទីក្រុងភ្នំពេញ រវាងគណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងជើងដែលមានសមាជិកសរុបចំនួនប្រាំបួនរូប ដឹកនាំដោយលោក រី មីយុងសាន (Ri Myung San) អនុរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកូរ៉េ និងភាគីកម្ពុជាដែលដឹកនាំដោយលោកអ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស។ លោកអ៊ុច បូរិទ្ធ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានក្រោយពីកិច្ចប្រជុំថា ប្រទេសកូរ៉េខាងជើងនឹងជួយកម្ពុជាក្នុងការបង្កាត់ពូជស្រូវ ពោត គោ និងពូជបសុបក្សីសម្រាប់បង្កើនទិន្នផលខ្ពស់ រួមទាំងការជួយផ្នែកការដាំនិងបង្កាត់ព្រៃឈើផងដែរ។ ដោយឡែកកម្ពុជានឹងជួយចែករំលែកបទពិសោធន៍របស់ខ្លួនទៅដល់ប្រទេសកូរ៉េខាងជើងផ្នែកការចិញ្ចឹមត្រីទឹកសាបនិងត្រីសមុទ្រ។ «ធ្វើយ៉ាងណាដើម្បីឲ្យវិស័យខាងចិញ្ចឹមសត្វ ក៏ដូចជាវិស័យខាងផលិតផលស្រូវកាន់តែមានការរីកចម្រើន។ មិត្តកូរ៉េនិយាយថា នឹងធ្វើការសិក្សា និងផ្ដល់បទពិសោធន៍ជួយដល់កម្ពុជាក្នុងការជំរុញឲ្យមានខាងឧស្សាហកម្មធនធានធម្មជាតិ។ ភាគីទាំងពីរឯកភាពគ្នាថា នឹងខិតខំធ្វើយ៉ាងណាដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរខាងផ្នែកពាណិជ្ជកម្មនិងវិនិយោគទុននៃប្រទេសទាំងពីរ»។ ការវិនិយោគដែលសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េគឺប្រទេសកូរ៉េខាងជើងមិនមានជាដុំកំភួនទេនៅក្នុងប្រទេសកម្ពុជា ក្រៅពីការបើកភោជនីយដ្ឋានមួយ ឬពីរតែប៉ុណ្ណោះ។ លោកអ៊ុច បូរិទ្ធក៏បានឲ្យដឹងទៀតថា ប្រទេសកូរ៉េក៏សម្លឹងឃើញការនាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជា ជាពិសេសកម្ពុជាអាចមានលទ្ធភាពនាំអង្ករទៅកាន់ប្រទេសកុម្មុយនិស្ដមួយនេះ ហើយកម្ពុជាក៏អាចនាំចូលពីប្រទេសកូរ៉េខាងជើងនូវគ្រឿងយន្ដកសិកម្មមកវិញដែរ។ ប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងជើងមានចំណងការទូតជិតស្និទ្ធជាប្រវត្តិសាស្ដ្រជាច្រើនទសវត្សមកហើយ ជាពិសេសតាមចំណងមិត្តភាពរវាងអតីតព្រះមហាក្សត្រខ្មែរនរោត្តមសីហនុ និងលោកសេនាប្រមុខគឹម អ៊ីលស៊ុងរបស់ប្រទេសកូរ៉េខាងជើង។ កិច្ចព្រមព្រៀងទ្វេភាគីជាច្រើនបានធ្វើឡើងចាប់តាំងពីឆ្នាំ១៩៩៣រហូតដល់ឆ្នាំ២០១១ ក៏ប៉ុន្ដែលោកអ៊ុច បូរិទ្ធបញ្ជាក់ថា មាន«ការអនុវត្តតិចតួចណាស់»លើកិច្ចព្រមព្រៀងទាំងនេះ។ លោកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យកម្ពុជាមានប្រសាសន៍ថា ថ្វីបើប្រទេសកុម្មុយនិស្ដកូរ៉េខាងជើងជួបនូវវិបត្តិសង្គមនិងមានជម្លោះជាមួយប្រទេសបងប្អូនបង្កើតកូរ៉េខាងត្បូងយ៉ាងណាក្ដី ក៏កូរ៉េខាងជើងអាចមានលទ្ធភាពធ្វើការវិនិយោគលើវិស័យមួយចំនួនដែលបានព្រមព្រៀងគ្នានោះ។ មួយវិញទៀត លោកស្រីជា វណ្ណាតមានប្រសាសន៍ថា ការពង្រឹងទំនាក់ទំនងជាមួយក្រុងព្យុងយ៉ាងនៅពេលនេះនឹងមិនធ្វើឲ្យរំខានដល់កិច្ចការនយោបាយអន្ដរជាតិរបស់កម្ពុជានោះទេ ដោយសារតែកម្ពុជាមានជំហរអធិបតេយ្យក្នុងវិស័យនយោបាយការទូតរបស់ខ្លួន។ យ៉ាងណាក៏ដោយ កាលពីថ្ងៃអង្គារម្សិលមិញនេះ លោកសុន ឆៃ តំណាងរាស្ដ្រគណបក្សសម រង្ស៊ី ដែលជាគណបក្សជំទាស់ បាននិយាយថា ការប្រឹងប្រែងរបស់ប្រទេសកូរ៉េខាងជើងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជានៅពេលនេះគឺជាការស្វែងធ្វើឲ្យទំនាក់ទំនងនយោបាយរវាងកម្ពុជាជាមួយប្រទេសកូរ៉េខាងត្បូងដែលមានការរីកលូតលាស់ជាងមានតុល្យភាពនឹងទំនាក់ទំនងកម្ពុជាជាមួយខ្លួន៕ This posting includes an audio/video/photo media file: Download Now |
ព័ត៌មានអន្តរជាតិសង្ខេប៖ ២៨ កក្កដា Posted: 27 Jul 2011 08:53 PM PDT ព័ត៌មានចុងក្រោយ៖ សរអា/កូរ៉េខាងជើង៖អ្នកចរចាសរអា និងកូរ៉េខាងជើងនឹងជួបគ្នានៅព្រឹកថ្ងៃព្រហស្បតិ៍នេះនៅទីក្រុង ញូងយ៉ក ដែលជាកិច្ចពិភាក្សាគ្នាជាលើកដំបូងក្នុងពេលជាង១៨ខែនេះ។ សរអា៖ គណបក្សសាធារណរដ្ឋមានផែនការដោះស្រាយវិបត្តិបំណុល ដែលត្រូវបោះឆ្នោតនៅសភានៅថ្ងៃព្រហស្បតិ៍នេះ គឺជិតមួយសប្តាហ៍មុនពេលប្រទេសនេះអស់ថវិកាបង់ថ្លៃចំណាយ។ លីប៊ី៖ប្រធានក្រុមប្រឹក្សានៅប្រទេសលីប៊ីនិយាយថា ក្រុមបះបោរស្នើឲ្យលោកMohammar Gadhafi បន្តនៅក្នុងប្រទេស បើលោកសុខចិត្តចុះចេញពីតំណែង។ អាស៊ី៖ ធនាគារអភិឌ្ឍន៍អាស៊ី និយាយថា តំបន់អាស៊ីខាងកើតនឹងមានកំណើនសេដ្ឋកិច្ចតិចតួចនៅឆ្នាំនេះ និងឆ្នាំក្រោយ ដោយសារកំណើនអតិផរណា និងបំណុលនៅសរអានិងនៅអឺរ៉ុប។ កូរ៉េខាងត្បូង៖ មន្ត្រីកូរ៉េខាងត្បូងនិយាយថា មនុស្សច្រើននាក់បានស្លាប់ដោយសារការបាក់ដី ដែលបណ្តាលមកពីភ្លៀងធ្លាក់យ៉ាងខ្លាំងបំផុត ក្នុងរដ្ឋធានី ក្នុងមួយសតវត្សកន្លងទៅនេះ។ ចិន៖មន្ត្រីចិននិយាយថា កំហុសមនុស្សនិងបច្ចេកទេសគឺជាមូលហេតុបណ្តាលឲ្យរថភ្លើងក្រឡាប់ដ៏គ្រោះថ្នាក់បំផុតតាំងពីឆ្នាំ២០០៨មក។ ស៊ីរ៉៖ មេដឹកនាំថ្មីរបស់ក្រុមអាល់ខៃដាកំពុងប្រកាសអំពីសាមគ្គីភាពជាមួយចលានាគាំទ្រប្រជាធិបតេយ្យនៅប្រទេសស៊ីរី ហើយជំរុញឲ្យបាតុករនៅទីនោះតម្រង់ទិសការបះបោររបស់គេប្រឆាំងរដ្ឋាភិបាលផងប្រឆាំងអាមេរិក និងអ៊ិស្រាអែលផង។ ណ័រវ៉េ៖ អ្នកជំនាញប្រឆាំងភេរវកម្មមកពីសហភាពអឺរ៉ុប និងណ័រវ៉េនឹងជួបប្រជុំគ្នានៅក្រុង Brussels ថ្ងៃព្រហស្បត៍នេះ ដើម្បីពិភាក្សារកមអធ្យោបាយបង្ការការវាយប្រហារស្រដៀងគ្នា ដែលបានសម្លាប់មនុស្ស៧៦នាក់កាលពីសប្តាហ៍មុនក្នុងក្រុងOlso។ យ៉េម៉ែន៖ អ្នកស្មោះត្រង់នឹងរដ្ឋាភិបាល និងបាតុករប្រឆាំងបានប៉ះទង្គិចគ្នានៅប្រទេសយ៉េម៉ែន នៅកន្លែងដែលមានការប្រមូលផ្តុំគ្នាទូទាំងប្រទេសកាលពីថ្ងៃពុធ។ ហ្សាំបៀ៖លោក Rupiah Banda ប្រធានាធិបតីប្រទេសហ្សាំបៀ បានប្រកាសរំលាយសភា និងបានកំណត់ថ្ងៃបោះឆ្នោតថ្មីនៅថ្ងៃទី២០ ខែកញ្ញា។ ថៃ៖គណៈកម្មការបោះឆ្នោតប្រទេសថៃបានបញ្ជាក់ជ័យជំនះរបស់បេក្ខជនជាច្រើន។ ការប្រកាសនេះបើកផ្លូវឲ្យសភាជាតិបើកសម័យប្រជុំរបស់ខ្លួននៅថ្ងៃច័ន្ទ។ វៀតណាម៖ វៀតណាមបានបដិសេធការចោទប្រកាន់របស់សរអាដែលថា បព្វជិត ង្វៀនវ៉ាន់លី ត្រូវគេដាក់ពន្ធនាគារ ដើម្បីបង្ក្រាបការបញ្ចេញទស្សនៈរបស់លោក។ <!--AV--> ព័ត៌មាននៅពេលមុននេះ៖ វៀតណាម៖ សហរដ្ឋអាមេរិក អំពាវនាវឲ្យមានការដោះលែង សកម្មជនវៀតណាម ម្នាក់ជាបន្ទាន់ ដែលត្រូវបានអាជ្ញាធរចាប់ដាក់គុក ទោះជាជននោះមានជំងឺធ្ងន់ធ្ងរក៏ដោយ។ ស្រ្ដីអ្នកនាំពាក្យក្រសួងការបរទេស សរអបានចេញសេចក្ដីថ្លែងការដូច្នោះ កាលពីយប់ថ្ងៃអង្គារ៍ ដោយសម្តែងការព្រួយបារម្ភលើការចាប់ខ្លួនព្រះសង្ឃ កាតុលិច ងៀង វ៉ាន់ លី ម្ដងទៀត។ អង់គ្លេស៖ ប្រទេស អង់គ្លេសបានបណ្ដេញអ្នកការទូតទាំងអស់របស់រដ្ឋាភិបាល មូម៉ារ កាដាហ្វី ហើយបានទទួលស្គាល់ក្រុមប្រឆាំង ហៅក្រុមប្រឹក្សាជាតិអន្ដរកាល ថា ជាអាជ្ញាធរស្របច្បាប់របស់ប្រទេសលីប៊ី។ យេម៉ែន៖ ក្រុមនិយមរដ្ឋាភិបាល និងក្រុមប្រឆាំងបានប៉ះទង្គិចគ្នា នៅក្នុងប្រទេសយេម៉ិននៅពេលមានបាតុកម្មកើតឡើងនៅទូទាំងប្រទេសកាល ពីថ្ងៃពុធ។សាក្សីឃើញផ្ទាល់ភ្នែកនិយាយថា មនុស្សច្រើននាក់បានរងរបួសនៅក្រុងភាគខាងត្បូង ពេលដែលជនប្រដាប់អាវុធនិយមរដ្ឋាភិបាលបានបាញ់កាំភ្លើងមកលើក្រុម បាតុករ។ ស៊ីរី៖ សកម្មជនការពារសិទ្ធិមនុស្សប្រទេសស៊ីរី និយាយថា កងកម្លាំងសន្ដិសុខស៊ីរីបានបាញ់សម្លាប់មនុស្សយ៉ាងតិច ១១នាក់ក្នុងអំឡុងពេលបោសសម្អាតនៅតំបន់ភាគខាងត្បូងទីក្រុង ដាម៉ាស។ ន័រវ៉េស៖ នាយករដ្ឋមន្ដ្រីប្រទេសន័រវ៉េស លោក Jens Stoltenberg ថ្លែងថា រដ្ឋាភិបាលរបស់លោក នឹងរៀបចំឲ្យមានគណកម្មការអចិន្ដ្រៃយមួយ ដើម្បីធ្វើការស៊ើបអង្កេតអំពីរឿងបាញ់សម្លាប់និងការវាយប្រហារដោយ ដាក់គ្រាប់បែកផ្ទុះ ដែលបានសម្លាប់មនុស្សយ៉ាងតិច៧៦នាក់ កាលពីសប្ដាហ៍មុន។ អាហ្វហ្គានីស្ថាន៖ អត្ដឃាតជនម្នាក់បានសម្លាប់អភិបាលក្រុងមួយនៅភាគខាងត្បូងប្រទេស អាហ្វហ្គានីស្ថាន នៃទីក្រុង កានដាហារ ដែលជាឃាតកម្មដ៏ចេញមុខចុងក្រោយបង្អស់មកលើមន្ដ្រីសំខាន់ៗរបស់ ប្រធានាធិបតី ហាមីឌ កាសៃ។ អង់គ្លេស៖ ក្រសួងការបរទេសអង់គ្លេស បានបើកពិធីមូយនៅជុំវិញពិភពលោក ដើម្បីកត់សំគាល់ការរាប់ថយក្រោយនៃពេលវេលាកីឡាអូឡាំពិកឆ្នាំ ២០១២ ដែលនឹងប្រព្រឹត្ដធ្វើនៅក្រុងឡុងដ៍។ កូតឌីវ័រ៖ ប្រធានាធិបតិប្រទេស កូតឌីវ័រ លោក Alassane Ouattara ថ្លែងថា យុត្ដិធម៌នឹងយកទៅអនុវត្ដតាមសភាពស្មើៗគ្នា ដល់អ្នកទទួលខុសត្រូវ ដែលប្រព្រឹត្ដអំពើឃោរឃៅ នៅពេលក្រោយការបោះឆ្នោត។ អាហ្វ្រិក៖ អង្គការកម្មវិធីស្បៀងអាហារពិភលោក នៃអង្គការសហប្រជាជាតិ បាន ផ្ដើមដឹកជញ្ជូនតាមយន្ដហោះជាបន្ទាន់នូវជំនួយអាហារទៅកាន់តំបន់ រងគ្រោះដោយសារ ការរាំងស្ងួតក្នងតំបន់អាហ្វ្រិក រាងដូចស្នែងក្របី។ សហរដ្ឋអាមេរិក៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងសម្ព័ន្ធមិត្ដនៃគណបក្សប្រជាធិបតេយ្យ ក្នុងរដ្ឋសភា ព្រមទាំងក្រុមប្រឆាំងគណបក្សសាធារណរដ្ឋ នៅតែបន្ដប្រកែកគ្នាអំពីផែនការនៃការតម្លើងកម្រិតប្រាក់ខ្ចីរបស់ រដ្ឋាភិបាលសហព័ន្ធ ខណៈដែលកាលកំណត់នៃថ្ងៃទី ២ ខែ សីហា បានខិតជិតមកដល់។ បើមិនមានកិច្ចព្រមព្រៀងគ្នាទេ រដ្ឋាភិបាលវ៉ាស៊ីនតោននឹងខកខានមិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួនបានឡើយ។ ប៉ាឡេស្ទីន៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក មាហមូដ អាបាសបានអំពាវនាវឲ្យមានបាតុកម្មគាំទ្រសេចក្ដីស្នើមួយដែលតាម ស្វែងរកសមាជិកភាពរបស់រដ្ឋប៉ាឡេស្ទីន នៅអង្គការសហប្រជាជាតិ ពេលមានសម័យប្រជុំ អសប នៅក្រុងញូយ៉ក។ This posting includes an audio/video/photo media file: Download Now |
តុលាការថៃបើកសវនាការកាត់ទោសជនជាតិខ្មែរ ថៃ វៀតណាម Posted: 27 Jul 2011 03:09 PM PDT នៅថ្ងៃអង្គារនេះ តុលាការខេត្តស៊ីសាកេត ប្រទេសថៃបានបើកសវនាការជំនុំជម្រះជនជាប់ចោទចំនួនបីរូបដែលរួមមានពលរដ្ឋកម្ពុជាមួយរូប ជនជាតិថៃមួយរូបនិងជនជាតិវៀតណាមមួយរូប ក្រោមបទចោទប្រកាន់ថា បានប្រើប្រាស់គ្រឿងញៀន និងធ្វើចារកម្មក្នុងប្រទេសថៃ។ លោកនេត សេរី អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃបានប្រាប់វីអូអេ តាមទូរស័ព្ទពីប្រទេសថៃមកថា បន្ទាប់ពីបានបើកសវនាការអស់រយៈពេលជាងពីរម៉ោង តុលាការខេត្តស៊ីសាកេតបានប្រកាសថា សំណុំរឿងនេះនឹងយកមកជំនុំជម្រះសារជាថ្មីម្តងទៀតនៅថ្ងៃទី១៥ខែសីហាខាងមុខនេះដោយសារតែគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់ទៅលើជនជាប់ចោទ។ «ខាងលោកអ៊ីង គឹមថៃបានបដិសេធ។ ហើយខាងលោកមេធាវីយើងគាត់បានបដិសេធដែរ ព្រោះរាល់ការចោទប្រកាន់គ្រាន់តែវាមានជាឯកសារ ក៏ប៉ុន្តែរូបទិដ្ឋភាពនិងភស្តុតាងជាក់ស្តែងវាអត់មាន»។ លោកអ៊ីង គឹមថៃអាយុ៤៦ឆ្នាំត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី៧ខែមិថុនាកន្លងទៅនេះនៅស្រុកត្រពាំងប្រាសាទ ខេត្តស៊ីសាកេត ប្រទេសថៃជាមួយនិងពលរដ្ឋថៃមួយរូបនិងជនជាតិវៀតណាមមួយរូបទៀត។ អាជ្ញាធរថៃបានចោទប្រកាន់ថា ពួកគេមានបំណងចូលទីតាំងបន្ទាយយោធាថៃដោយខុសច្បាប់និងធ្វើចារកម្ម។ នៅក្នុងបន្ទប់សវនាការ លោកអ៊ីង គឹមថៃត្រូវបានលោកនេត សេរីដកស្រង់សម្តីមកអះអាងថា លោកមិនបានធ្វើសកម្មភាពចារកម្មទេ ហើយលោកមកប្រទេសថៃក្នុងនាមជាអ្នកទេសចរណ៍តែប៉ុណ្ណោះ។ លោកនេត សេរីបានបញ្ជាក់ទៀតថា នៅពេលបើកសវនាការ តុលាការគ្មានភស្តុតាងណាមួយដាក់បន្ទុកទៅលើជនជាប់ចោទទេ។ លោក Panitan Watanayagorn អ្នកនាំពាក្យរដ្ឋាភិបាលចាំផ្ទះក្រុងបាងកក ប្រទេសថៃមិនបានធ្វើអត្ថាធិប្បាយទេ ដោយលោកបានអះអាងថា កំពុងជាប់រវល់ប្រជុំ។ ចំណែកឯមន្ត្រីស្ថានទូតថៃប្រចាំប្រទេសកម្ពុជាមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា រដ្ឋាភិបាលមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់តុលាការបានទេ។ ទោះជាយ៉ាងណាក៏ដោយ ក៏លោកបានមានប្រសាសន៍ថា លោកមិនមានព័ត៌មានគ្រប់គ្រាន់ជុំវិញករណីកាត់ទោសជនសង្ស័យទាំងបីនាក់នេះទេ។ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ការចោទប្រកាន់ទាំងពីរករណីរបស់តុលាការថៃគ្រាន់តែជាលេសដើម្បីដោះដូរទណ្ឌិតថៃពីររូបដែលកំពុងស្ថិតក្នុងពន្ធនាគារព្រៃសរបស់កម្ពុជាតែប៉ុណ្ណោះ។ «គេរកភស្តុតាងអត់មិនបានសម្រាប់ការឃុំខ្លួនបណ្ណោះអាសន្នទៅលើពលរដ្ឋយើងចំនួនជាង៤០ថ្ងៃហើយនោះទេ។ គេរកមិនឃើញ បែរជាគេថា លើកពេលទៅថ្ងៃទី១៥ខែសីហាវិញ ដើម្បីបង្ហាញភស្តុតាង។ នេះគឺជារយៈពេលដើម្បីគេខិតខំប្រឌិតភស្តុតាងតែប៉ុណ្ណោះ បាទ»។ កាលពីខែកុម្ភៈ តុលាការក្រុងភ្នំពេញបានកាត់ទោសជនជាតិថៃពីររូបគឺលោក Veera Somkhwamkid ឲ្យជាប់ពន្ធនាគារចំនួន៨ឆ្នាំនិងអ្នកស្រី Ratree Pipatanapaiboon ឲ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំ ពីបទធ្វើចារកម្មក្នុងទឹកដីកម្ពុជា។ លោក Abhisit Vejjajiva នាយករដ្ឋមន្ត្រីថៃធ្លាប់បានអះអាងថា ពលរដ្ឋកម្ពុជាដែលសង្ស័យពីបទធ្វើចារកម្មក្នុងប្រទេសថៃ អាចជាថ្នូរនឹងពលរដ្ឋថៃពីររូបដែលកំពុងជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជាពីបទចារកម្ម។ លោកកុយ គួងបានបញ្ជាក់ថា ជំហររបស់កម្ពុជាមិនអាចធ្វើការដោះដូរពលរដ្ឋរងគ្រោះកម្ពុជាជាមួយនឹងទណ្ឌិតរបស់ថៃបានទេ៕ This posting includes an audio/video/photo media file: Download Now |
សេដ្ឋកិច្ចកម្ពុជាមិនទាន់បានឡើងដល់កម្រិតរបស់អាស៊ាន Posted: 27 Jul 2011 03:31 PM PDT ក្រុមមន្ត្រីសេដ្ឋកិច្ចកម្ពុជាបានថ្លែងនៅថ្ងៃពុធនេះថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងដើរតាមពីក្រោយសេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ានដទៃទៀត ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាពិបាកធ្វើឱ្យប្រសើរឡើងដល់កម្រិតរបស់អាស៊ាន។ សមាជិករដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងតំណាងប្រទេសអាស៊ានប្រមាណ២០០នាក់បានចូលរួមនៅក្នុងសិក្ខាសាលាស្តីពីសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ដែលជាកិច្ចប្រជុំនៅក្នុងទីក្រុងភ្នំពេញ ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥។ លោកហង្ស ជួនណារ៉ុន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅក្នុងសិក្ខាសាលាស្តីពីសេដ្ឋកិច្ចក្នុងតំបន់អាស៊ាននេះថា អតិផរណារបស់ប្រទេសកម្ពុជាមានការកើនឡើងដល់៦,៥ភាគរយនៅក្នុងខែមិថុនា ហើយការកើនឡើងនេះជាមូលហតុដ៏សំខាន់ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះ ដោយសារកត្តាសេដ្ឋកិច្ច និងបំណុលអាមេរិក។ លោកហង្ស ជួនណារ៉ុនបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាបានផ្តល់ប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ៗគឺទាបជាងបណ្តាប្រទេសអាស៊ាន លើកលែងតែប្រទេសភូមា។ លោកហង្ស ជួនណារ៉ុនបានថ្លែងថា ប្រជាពលរដ្ឋខ្មែរម្នាក់មានប្រាក់ចំណូលជាមធ្យម៨៣០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ប៉ុន្តែប្រទេសសិង្ហបុរី ដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេ មានប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមជាង៣៥.០០០ដុល្លារសម្រាប់មនុស្សម្នាក់ៗក្នុងមួយឆ្នាំ ប្រទេសប៊្រុយណេមានប្រហាក់ប្រហែលនឹងប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ីជិត១០.០០០ដុល្លារ ប្រទេសថៃ៤.០០០ដុល្លារ ប្រទេសវៀតណាម១.២០០ដុល្លារ និងប្រទេសភូមា៤០០ដុល្លារ។ លោកញ៉ែម ប៉ុញ្ញឫទ្ធិ អគ្គលេខាធិការគណបក្សសិទ្ធិមនុស្សដែលបានចូលរួមនៅក្នុងសិក្ខាសាលានេះ បានថ្លែងថា លោកមានការព្រួយបារម្ភអំពីដំណើរការសេដ្ឋកិច្ចកម្ពុជាដែលដើរក្រោយប្រទេសអាស៊ានមួយចំនួន។ «ការលើកទឹកចិត្តក្នុងការផលិត និងការទិញទំនិញនៅក្នុងផលិតផលក្នុងស្រុកមានការខ្វះខាត និងមានតិចតួចមែនទែន។ របស់របរប្រើប្រាស់គ្រប់បែបយ៉ាង ទាំងអស់ គឺនាំចូល។ ទាំងអស់នេះហើយដែលធ្វើឱ្យកំណើនសេដ្ឋកិច្ច និងការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសយើងមានការយឺតយ៉ាវ បើប្រៀបធៀបនឹងប្រទេសដទៃ (ក្នុងសមាគមអាស៊ាន) គឺ(សេដ្ឋកិច្ចកម្ពុជា) នៅយឺតជាងគេមែនទែន»។ លោកច័ន្ទ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា បានថ្លែងនៅក្នុងសិក្ខាសាលានេះថា សេដ្ឋកិច្ចកម្ពុជាត្រូវរត់ដេញតាមសេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ានយ៉ាងខ្លាំង ហើយប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់នៅកម្ពុជាបានឈ្នះប្រទេសភូមា ប៉ុន្តែបាននៅពីក្រោយបណ្តាប្រទេសអាស៊ានប្រាំបីទៀត។ «សេដ្ឋកិច្ចកម្ពុជាយើងនៅក្នុងអាស៊ានទាំងដប់ប្រទេសនេះគ្រាន់បើជាងប្រទេសភូមា។ យើងហាក់ដូចជាប្រហាក់ប្រហែលជាមួយនឹងប្រទេសឡាវ។ យើងនៅក្រោយប្រទេសវៀតណាម និងប្រទេសដទៃទៀត»។ លោកច័ន្ទ សុផលបានបន្ថែមថា បណ្តាប្រទេសអាស៊ានមានការខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីឱ្យមានភាពប្រហាក់ប្រហែលគ្នាក្នុងការអភិវឌ្ឍ ប៉ុន្តែប្រទេសកម្ពុជាមានសង្គ្រាមជាច្រើនឆ្នាំដែលធ្វើឱ្យកម្ពុជាដាច់ឆ្ងាយពីប្រទេសជិតខាងជាច្រើន។ «ទាល់តែយើងខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ចឱ្យបានរីកលូតលាស់ក្នុងអត្រាខ្ពស់គឺមិនមែនអត្រាត្រឹមតែ៥ភាគរយ ៦ភាគរយ និង៧ភាគរយទេ ទាល់តែជុំវិញ៩ភាគរយទៅ១០ភាគរយ ទើបយើងអាចងាយទៅក្បែរៗប្រទេសមួយចំនួននៅជុំវិញយើង»។ វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជាបានព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១១នេះនឹងកើនឡើងដល់៨,៧ភាគរយ ប៉ុន្តែធនាគារពិភពលោកធ្លាប់បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់៦,៧ភាគរយនៅក្នុងឆ្នាំ២០១១នេះ៕ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |