VOA News: ព័ត៌មាន: “សហជីព​ចង់​បាន​ចម្លើយ​អំពី​ការ​ដួល​សន្លប់​របស់​កម្មករ” plus 2 more

VOA News: ព័ត៌មាន: “សហជីព​ចង់​បាន​ចម្លើយ​អំពី​ការ​ដួល​សន្លប់​របស់​កម្មករ” plus 2 more


សហជីព​ចង់​បាន​ចម្លើយ​អំពី​ការ​ដួល​សន្លប់​របស់​កម្មករ

Posted: 25 Jul 2011 03:29 PM PDT

មេដឹកនាំ​សហជីព​សេរី​កម្មករ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ស៊ើបអង្កេត​ករណី​កម្មករ​ដួល​សន្លប់​ប្រមាណ​២.៣០០​នាក់​នៅ​តាម​រោងចក្រ​កាត់ដេរ​ចំនួន​ប្រាំ​នៅ​កម្ពុជា​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១១។

សំណើ​របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើ​សុំ​ទៅ​លោក​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោក​ម៉ុក​ ម៉ារ៉េត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ និង​លោក​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ឱ្យ​ចាត់​វិធានការ​ និង​ត្រួតពិនិត្យ​ជា​ប្រចាំ​ទៅ​លើ​រោងចក្រ​ សហគ្រាស​ដែល​សាងសង់ ​និង​រៀបចំ​ខ្វះខាត​នូវ​ប្រព័ន្ធ​អនាម័យ​ និង​បរិស្ថាន​ នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​កម្មករ​ កម្មការិនី។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​សហជីព។

សេចក្តី​ថ្លែងការណ៍​នេះ​ បានបញ្ជាក់​ថា​នៅដើម​ឆ្នាំ​២០១១​នេះ​ មាន​ករណី​កម្មករ ​កម្មការិនី​បម្រើការ​នៅ​តាម​​បណ្តា​រោងចក្រ ​សហគ្រាស​ជាច្រើន​ទាំង​នៅ​រាជធានី​ភ្នំពេញ​ ទាំង​នៅ​តាម​បណ្តា​ខេត្ត​ ទទួល​រង​នូវ​ការដួល​សន្លប់​អស់​កម្លាំង​ល្ហិតល្ហៃ​យ៉ាង​ចម្លែក​ក្នុង​ពេល​បំពេញ​ការងារ​ដោយ​មិន​ដឹង​អំពី​មូលហេតុ​ជាក់លាក់។

សេចក្តី​ថ្លែងការណ៍​នេះ​ បាន​បន្ត​ថា​រោងចក្រ​ សហគ្រាស​ដែល​មាន​កម្មករ​ កម្មការិនី​ដួល​សន្លប់​ក្នុង​ពេល​បំពេញ​ការងារ​នេះ​ រួម​មាន​រោងចក្រ​ M&V ​នៅ​ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​៦០០​នាក់​ រោងចក្រ​មេនហាតធេន​នៅ​ខេត្ត​កំពង់ចាម​ប្រមាណ​២០០​នាក់​ រោងចក្រ​ឃីង​ខ្វេសសិន​ នៅ​ទីក្រុង​ភ្នំពេញ​ប្រមាណ​៥០០​នាក់​ រោងចក្រ​ហុងវ៉ា​ហ្គាមិន​នៅ​ទីក្រុង​ភ្នំពេញ​ប្រមាណ​៤០០​នាក់​ និង​រោងចក្រ​ហ៊ុយធៀន​នៅ​ទីក្រុង​ភ្នំពេញ​ប្រមាណ​៦០០​នាក់។

លោក​ ជា​ មុន្នី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានថ្លែង​ថា​លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុខភាព​របស់​កម្មករ​ កម្មការិនី​ ដោយសារ​ក្រសួង​ពាក់ព័ន្ធ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការដួល​សន្លប់​នោះ​ទេ។

«ការ​ពុល​សន្លប់​នេះ​ យើង​សង្ស័យ​ជាច្រើន​ករណី៖ ​ទី​មួយ​ពុល​ថ្នាំ​ ទី​ពីរ​អាច​ពុល​ដោយសារ​កម្មករ​ធ្វើការ​ថែម​ម៉ោង​ច្រើន​ម៉ោង​ និង​ទី​បី​បរិយាកាស​នៅ​ក្នុង​រោងចក្រ​សហគ្រាស​ថប់​មិន​មាន​ខ្យល់​គ្រប់គ្រាន់​ មិន​មាន​ទឹក​ ឬ​ក៏​បរិយាកាស​ទី​លាន​មុខ​រោងចក្រ​ចង្អ្រៀត​ថប់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​កម្មករ។ សូម​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំង​បី​នេះ​ ធ្វើ​អធិការកិច្ច​ដែល​អាច​ទទួល​យក​បាន ​ប្រកប​ទៅ​ដោយ​វិជ្ជាជីវៈ​ ឯករាជ្យ​ និង​គ្មាន​អំពើ​ពុក​រលួយ»។

លោក​ សេង​ សាវុធ​ ប្រធាន​ខុទ្ទកាល័យ​នៃ​ក្រសួង​បរិស្ថាន​ បាន​បញ្ជាក់​ថា​ក្រសួង​បរិស្ថាន​នឹង​បញ្ជូន​ក្រុមអ្នកជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​កន្លែង​ធ្វើការ​របស់​ក​ម្មករ​នៅ​តាម​រោងចក្រ​ទាំង​នោះ​ តាម​ការស្នើសុំ​របស់​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​ ប៉ុក​ វ៉ាន់ផាត​ អនុ​ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ​ បានថ្លែង​ថា​កម្មករ​ជាង​៥០​នាក់​នៅ​រោងចក្រ​ហ៊ុយជៀន​ និង​ហុងវ៉ា​មាន​អាការៈ​វិលមុខ​ និង​ពិបាក​ដក​ដង្ហើម​ ដោយ​មូលហេតុ​ទទួល​ទាន​ដំណេក​មិន​គ្រប់​គ្រាន់​ និង​ទទួល​ទាន​អាហារ​គ្មាន​ថាមពល​ ប៉ុន្តែ​មិនមែន​មក​ពី​ពុល​ថ្នាំ​គីមី​ជាប់​នឹង​ក្រណាត់​ និង​បរិស្ថាន​នៃ​ខ្យល់​ចេញ​ចូល​មិន​ល្អ​នៅ​ក្នុង​កន្លែង​ការងារ​នោះ​ទេ។

«ការប៉ាន់ស្មាន​ទៅ​ ក្នុង​មួយ​ព្រឹក​ គាត់​បរិភោគ​អាហារ​១.០០០​រៀល។​ អាហារ​តម្លៃ​១.០០០​រៀល​ យើង​មើល​ទៅ​មិន​គ្រប់គ្រាន់​ទេ។​ ម្នាក់​ឯង​អញ្ចឹង​គាត់​បរិភោគ​បាយ​មួយ​កញ្ចប់​ជាមួយ​ស៊ុត​មួយ​អត់​គ្រប់​កាល់ឡូរី។​ កម្មករ​ប្រឈម​នឹង​កង្វះ​ជីវជាតិ»។

លោក​ ប៊ុន​ យិង​ មន្ត្រី​ព័ត៌មាន​នៃ​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ បានថ្លែង​ថា​នៅពេល​ មាន​កម្មករ​ដួល​សន្លប់​បែប​នេះ​ លោក​គ្រាន់តែ​តាម​ឃ្លាំ​មើល​ទៅ​លើ​លក្ខន្តិកៈ​ការងារ​ និង​ចុះ​ត្រួត​ពិនិត្យ​ស្ថានភាព​សុខភាព​របស់​កម្មករ​​នៅ​តាម​រោងចក្រ​ ហើយ​ធ្វើ​សេចក្តី​រាយការណ៍​ជូន​អ្នក​បញ្ជា​ទិញ។

«បញ្ហា​ដែល​យើង​សង្កេត​ឃើញ​នោះ​ ពាក់ព័ន្ធ​ជាមួយ​នឹង​បរិយាកាស​ការងារ​ សារធាតុ​មាន​ជាតិ​គីមី​ ជា​ពិសេស​ក្រណាត់​នាំ​ចូល​ថ្មីៗ​ និង​បញ្ហា​សុខភាព​របស់​កម្មករ​ក៏​អាច​ជា​បញ្ហា​មួយ​ចំណែក​ ហើយ​ការ​ភ័យខ្លាច​​​នៅ​ពេល​មាន​ការដួល​សន្លប់​ជាច្រើន​រយ​នាក់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​គាត់»។

កាល​ពី​សប្តាហ៍​មុន​ ក៏​មាន​កម្មករ​ជាង​៤០០​នាក់​បានដួល​សន្លប់​នៅ​តាម​រោងចក្រ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​ដែរ៕

This posting includes an audio/video/photo media file: Download Now

ជនជាតិ​ភាគតិច​នៅ​ក្រចេះ​ចោទ​ក្រុមហ៊ុន​រំលោភ​យក​ដី​ចម្ការ

Posted: 25 Jul 2011 03:07 PM PDT

ក្រុមជនជាតិ​ភាគតិច​ស្ទៀង​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ប្រមាណ​ជាង​២០០​គ្រួសារ​បាន​ចោទ​ប្រកាន់​ថា​ក្រុមហ៊ុន ​CIV ​ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​អាជ្ញាធរ​ខេត្ត​បាន​រំលោភ​យក​ដី​ស្រែ​និង​ដី​ចម្ការ​របស់​ពួកគេ​ជាង​៥០០​ហិកតា​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ជីវភាព​របស់​ជន​ជាតិ​ភាគ​តិច។

ជម្លោះ​នេះ​បាន​កើត​មាន​ឡើង​អស់​រយៈ​ពេល​ជាង​៥​ឆ្នាំ​មក​ហើយ​ដែល​រហូត​មក​ដល់​ពេល​នេះ​ក្រុម​ប្រជា​ពលរដ្ឋ​បាន​ចោទ​ប្រកាន់​ថា ​អាជ្ញាធរ​ហាក់​បី​ដូច​ជា​មិន​អើពើ​ចំពោះ​ករណី​នេះ។

កាលពី​ថ្ងៃ​អាទិត្យ​ក្រុម​ហ៊ុន​បាន​រារាំង​មន្ត្រី​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ដែល​ប៉ុនប៉ង​ចុះ​ទៅ​ពិនិត្យ​មើល​ទី​តាំង​ទំនាស់​នេះ​ដោយ​ផ្ទាល់។

ក្រុមហ៊ុនCIV ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ខេត្ត​ក្រចេះ​កាល​ពី​ឆ្នាំ​២០០៦​ចំនួន​៧៦៩​ហិកតា​សម្រាប់​ដាំ​ដើម​កៅស៊ូ​និង​ដំណាំ​ឧស្សាហកម្ម​ផ្សេងៗ ​ក៏​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​យក​ដី​របស់​ជនជាតិ​ភាគ​តិច​ស្ទៀង​ក្នុង​ខណៈ​ពេល​ដែល​ក្រុមហ៊ុន​បាន​ពង្រីក​ការ​ឈូស​ឆាយ​ដី​របស់​ខ្លួន។

លោក​ កៀត សា​អុន​ អាយុ​៥៣​ឆ្នាំ​ជនជាតិ​ភាគតិច​ស្ទៀង​រស់នៅ​ភូមិ​ឃុំ​មានជ័យ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​បាន​និយាយ​ថា​លោក​បាន​បាត់​បង់​ដី​ចំនួន​ជាង​២ហិកតា​ក្នុង​ចំណោម​ដី​ស្រែ​និង​ដីចម្ការ​របស់​លោក​ចំនួន​១២​ហិកតា។

លោក​បាន​បញ្ជាក់​ថា​ក្រុមហ៊ុន​មិន​បាន​ផ្តល់​សំណង​ដល់​ការ​ខូចខាត​ទេ​ក៏ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បាន​បាញ់​គំរាម​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​ចេញ​មុខ​ប្រឆាំង​តវ៉ា។

«ចៅ​ហ្វាយ​ខេត្ត​ ចៅហ្វាយ​ស្រុក​ក៏​អត់​ឃើញ​មក​ដោះ​គ្រាន់​តែ​បាន​សន្យា​ថា​ថ្ងៃ​នេះ​ថ្ងៃ​នោះ​ ហើយ​បាត់​ឈឹង។ ហើយ​ក្រុមហ៊ុន​ឈូស​បំពាន​ហើយ​ក្រុមហ៊ុន​បាញ់​គំរាម​ទៅ»។

ប្រជា​ពលរដ្ឋ​មួយ​រូប​ផ្សេង​ទៀត​ដែល​សុំ​មិនបញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​រដូវ​នេះ​ជា​រដូវ​ធ្វើ​ស្រែ​ហើយ​ការ​ទំនាស់​នេះ​បាន​ធ្វើ​ឱ្យ​ពួកគាត់​ខកខាន​ក្នុង​ការធ្វើ​ស្រែ​ចម្ការ។

«ពិបាក​ធ្វើ​ស្រែ​ធ្វើ​ចម្ការ។ ​វា​បិទ​ផ្លូវ​បិទ​អី​រក​តែ​ផ្លូវ​ដើរ​ក៏មិន​បាន​ដែរ​ឥឡូវ​ហ្នឹង​នោះ។ អ្នក​ណា​ក៏​ចូល​មិន​បាន​ដូច​ជា​ផ្លូវ​រទេះ​យើង​ធ្លាប់​បរ​ធ្លាប់​ដើរ​ឥឡូវ​វា​រុញ​ឈើ​រុញ​អី​ទទឹង​ទទែង​ឈូស​រោង​ដាំ​ដំឡូង។ យើង​អត់​មាន​ផ្លូវ​ដើរ​អ្នក​ស្រុក​ខាង​ក្នុង​ស្ទះ​អស់»។

លោក​ខាំ ភឿន​អភិបាល​ខេត្ត​ក្រចេះ​បាន​និយាយ​ថា​ប្រជា​ពលរដ្ឋ​ដែល​នៅ​សេស​សល់​មិនដល់​២០០​គ្រួសារ​ទេ​គឺ​នៅ​សល់​តែ​បន្តិច​បន្ទួច​តែ​ប៉ុណ្ណោះ​ដែល​ពុំ​ព្រម​ចាក​ចេញ។​ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ក៏​លោក​បាន​បញ្ជាក់​ថា​លោក​នឹង​ព្យាយាម​បញ្ចប់​ជម្លោះ​នេះ។

«យើង​ស៊ើប​ជាក់​ស្តែង​ថា​ដី​ហ្នឹង​វាយ៉ាង​ម៉េច​សិន។ មាន​ចម្ការ​ហ្នឹង​ប៉ុន្មាន​តូច​ឬ​ធំ​ជាប់​ចម្ការ​ហ្នឹង​មាន​ព្រៃ​អត់​ដល់​យើង​ចុះ​ឱ្យ​ជាក់​ស្តែង​បាន​ដឹង​ថា​អ្នក​ណា​ប៉ះ​អ្នក​ណា។ ឮក្រុម​ហ៊ុន​ថា​ ឮ​ពលរដ្ឋ​ថា​យើង​មិន​ដឹង​ទេ​ទាល់​តែ​ចុះ​ជាក់​ស្តែង»។

អាជ្ញាធរ​ខេត្ត​ក្រចេះ​នៅ​ថ្ងៃ​ច័ន្ទ​បាន​ជួប​ពិភាក្សា​គ្នា​មួយ​ជាមួយ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ដែល​មាន​លោក​ ធន​ សារ៉ាយ​ជា​តំណាង។

បន្ទាប់​ពី​ជំនួប​គ្នា​អស់​រយៈ​ពេល​ជាង​ពីរ​ម៉ោង​លោក​ យី​ សុខសាន្ត​ មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក​បាន​បញ្ជាក់​ថា​អាជ្ញាធរ​បាន​សន្យា​ថា​នឹង​រក​ដំណោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ។ ក៏​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ការ​ធ្វើ​សម្បទាន​សេដ្ឋកិច្ច​ត្រូវ​គិត​ពី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ។

«កុំ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​គាត់​មាន​ការ​មិន​សប្បាយ​ចិត្ត​ឬ​ធ្វើ​ឱ្យ​គាត់​បាត់​បង់​នូវ​ផល​ប្រយោជន៍​របស់​ពួកគាត់»។

លោក​ ជិន ហុងស្រឺ​ តំណាង​ក្រុមហ៊ុន ​CIV ​វិនិយោគ​ឧស្សាហកម្ម​បាន​បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយ​ដោយ​លោក​បាន​អះអាង​ថា ​វាគ្មាន​ប្រយោជន៍​សម្រាប់​លោក​ទៅ​និយាយ​ជាមួយ​អ្នក​កាសែត​ទេ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៥ កក្កដា

Posted: 24 Jul 2011 05:04 PM PDT

ព័ត៌មាន​ចុង​​ក្រោយ​បំផុត៖

ន័រវេស៖ នៅ​ថ្ងៃ​សុក្រ​​ ចៅក្រម​​ន័រវេស​បាន​​បិទ​ទ្វារ​កាត់​ក្ដី Anders​ Behring Breivik ជនសង្ស័យ ​ដែល​បាន​បាញ់​សម្លាប់​រង្គាលមនុស្ស​៩៣​​នាក់។​ សាធារណជន ​និង​បណ្ដាញ​ព័ត៌មាន​បាន​ត្រូវ​ហាម​មិន​ឲ្យ​ចូល​ស្ដាប់​ការ​កាត់ទោស​នេះទេ។

ស.រ.អ.៖ មេ​ដឹកនាំ​ព្រឹទ្ធសភា​ និង​សភា​តំណាងរាស្រ្ដ​ស.រ.អ. កំពុង​រៀបចំ​ផែន​ការ​ដំឡើង​កម្រិត​ប្រាក់​បំណុល។​ មេដឹកនាំ​សម្លេង​ភាគ​ច្រើន​ នៅ​ក្នុង​សភា​តំណាង​រាស្រ្ដ ​លោក John Boehner បាន​អំពាវនាវ ​កាល​ពី​ថ្ងៃ​អាទិត្យ ​សុំ​ឲ្យ​ក្រុម​សាធារណរដ្ឋ​​គាំទ្រ​អ្វី​ដែល​លោក​ហៅ​ថា "វិធានការ​ថ្មី" ដែល​ពាក់ព័ន្ធ​ការ​បន្ដ​ប្រាក់​បំណុល​រយៈ​ពេល​ខ្លី។

ស.រ.អ.៖ លោក​ស្រី​រដ្ឋមន្ដ្រី​ការ​បរទេស​ស.រ.អ. ហ៊ីល្លារីគ្លីនតុន​បាន​ប្រាប់​ក្រុម​វិនិយោគទុន​ជនជាតិ​អាស៊ី​ថា​ អ្នក​តាក់​តែង​ច្បាប់​អាមេរិកាំង​នឹង​ទទួល​យក​កិច្ច​ព្រមព្រៀង​ដើម្បី​ ចៀសវាង​មិន​ឲ្យ​ស.រ.អា. ខកខាន​មិន​អាច​សង​បំណុល​របស់​ខ្លួន។

ស៊ីរី៖ រដ្ឋាភិបាល​ស៊ីរី​បាន​យល់​ព្រម​នឹង​ច្បាប់​ថ្មី​មួយ​ដែល​អនុញាត​ឲ្យ​មាន​ការ​បង្កើត​ គណបក្ស​នយោបាយ​ថ្មី​ ដោយ​បាន​លុប​ចោល​ការ​ហាមប្រាម​ពី​មុន​មិន​ឲ្យ​មាន​ក្រុម​ជំទាស់​ ចាប់​តាំង​ពី​ឆ្នាំ​១៩៦៣។

អាហ្វហ្កានីស្ថាន៖ លោក Ryan Crocker​បាន​ស្បថ​ចូល​តំណែង​ជា​ឯក​អគ្គ​រដ្ឋទូត​ស.រ.អា.​ថ្មី​ប្រចាំ​ទីក្រុង​កាប៊ូល​ អាហ្វហ្កានិស្ថាន​ កាលពី​ថ្ងៃ​ច័ន្ទ។​ លោក​បាន​ប្រាប់​អ្នក​ការទូត​ នៅ​ក្នុង​ពិធី​កាន់​តំណែង​ថ្មី​ថា​ ស.រ.អា. មិន​ប្រញាប់​ប្រញាល់​ចាក​ចេញ​ពី​​អាហ្វហ្កានិស្ថាន​ទេ។

សូម៉ាលី៖ អ.ស.ប. បាន ​បើ​កិច្ច​ប្រជុំ​គ្រា​អាសន្ន​ នៅ​ថ្ងៃ​ច័ន្ទ​ ដើម្បី​ដោះស្រាយ​វិបត្ដិ​រាំងស្ងួត​នៅ​ក្នុង​តំបន់​អាហ្វ្រិក​ខាងកើត​ ដែល​កំពុង​រងគ្រោះ​ទុរ្ភិក្ស ​ក្រោយ​ពី​ប្រទេស​អូស្ត្រាលី​បាន​ចូល​រួម​ក្នុង​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ ផ្តល់​ជំនួយ​អន្ដរជាតិ​ដល់​តំបន់​នោះ។​ អ.ស.ប. និយាយ​ថា ​មនុស្ស​ប្រមាណ​១១លាន​នាក់​ត្រូវការ​ជំនួយ​អាហារ​ជា​ចាំបាច់។

ស៊ែរប៊ី៖ Goran Hadzic អតីត ​មេ​ដឹកនាំ​ក្រុម​អំបូរ​ស៊ែរប៊ី ​ក្នុង​ប្រទេស​ក្រូអាស៊ី​ ត្រូវ​ឡើង​តុលាការ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​អន្ដរជាតិ ​នៅថ្ងៃ​ច័ន្ទ​នេះ​ តាម​ការ​ចោទ​ប្រកាន់​ពីបទ​សម្លាប់​រង្គាល​មនុស្ស​ច្រើន​រយ​នាក់​ក្នុង​អំឡុង ​ពេល​មាន​សង្រ្គាម​នៅ​បាល់កង់​ កាលពី​សម័យ​ឆ្នាំ​១៩៩០។ ​លោក​ជាជន​ចុងក្រោយ​បង្អស់​ក្នុង​ចំណោម​ជន១៦១​​នាក់​ដែល ត្រូវ កាត់​ទោស​ដោយ តុលាការ​ឧក្រិដ្ឋ​កម្ម​អ.ស.ប.នៅ​ក្នុង​សង្រ្គាម​យូហ្គោស្លាវី ។

ភូមា៖ សកម្មជន​លទ្ធិ​ប្រជាធិបតេយ្យ​ភូមា​ លោកស្រី អ៊ុងសាន​ស៊ូជី​បាន​ទស្សនា​អគារ​ទទួល​ភ្ញៀវ​របស់​រដ្ឋាភិបាល ​នៅ​ក្នុង​ទី​ក្រុង​រង់ហ្គូន​ កាលពី​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​បើក​ការ​ចរចា​លើក​ដំបូង​ជាមួយ​មន្ដ្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ ចាប់​តាំងពី​លោកស្រី​បាន​ត្រូវ​ដោះលែង​ពី​ការ​ជាប់ឃុំ​ នៅ​ក្នុង​គេហដ្ឋាន​កាលពី​ខែ​វិច្ឆិកា។

<!--AV-->

ព័ត៌មាន​នៅ​ពេល​​មុននេះ៖

<!--IMAGE-->ន័រវេស៖ លោក​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ន័រវេស បាន​ដឹកនាំ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​នៅក្នុង​ក្រុង អូស្លូ សម្រាប់​មនុស្ស​៩៣​នាក់​ដែល​មក​ដល់​ពេល​នេះ​បាន​ត្រូវ​បញ្ជាក់​ថា​បាន​ស្លាប់​នៅ​ក្នុង​ការ​បាញ់​កាំភ្លើង​និង​ការ​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ទ្បាន​កាល​ពី​ថ្ងៃ​សុក្រ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​នេះ​ដែល​ជា​ធម្មតា​មាន​សន្តិភាព​ស្រទ្បាំងកាំង។

ភូមា៖ មន្ត្រី​ភូមា​ម្នាក់​និយាយ​ថា​លោកស្រីអោងសានស៊ូជី មេដឹក​នាំ​ប្រជាធិបតេយ្យ​នឹង​ជួប​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ជាមួយ​រដ្ឋមន្ត្រី​ម្នាក់​របស់​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​ដែល​គាំទ្រ​ដោយ​កង​ទ័ព​របស់​ប្រទេស​នេះ។

យែមែន៖ ពួក​មន្ត្រី​យែមែន បាន​និយាយ​ថា​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​សម្លាប់​ទាហាន​៩​នាក់​និង​ធ្វើ​ឱ្យ​របួស​ជាង​២០​នាក់​ទៀត​នៅ​ខាង​ក្រៅ​ជំរុំ​យោធា​មួយ​នៅ​ក្នុង​ផ្នែក​ខាង​ត្បូង​ប្រទេស​ដែល​មាន​ចលាចល។

អាល្លឺម៉ង់៖ ប្រទេស​អាល្លឺម៉ង់​បាន​ផ្តល់​ប្រាក់​កម្ចី​រហូត​ដល់​១៤៤​លាន​ដុល្លារ​ឱ្យ​ដល់​ក្រុមប្រឹក្សា​ដឹកនាំ​ក្រុម​ឧទ្ទាម​លីប៊ី​ដើម្បី​ជួយ​ដល់​សេចក្តី​ត្រូវការ​ខាង​មនុស្សធ៌ម​និង​ការ​កសាង​ជា​ថ្មី។

សហរដ្ឋអាមេរិក៖ នៅ​ពេល​ដែល​ការ​កំណត់​ពេល​វេលា​ចុង​ក្រោយ​បង្អស់​ជិត​មក​ដល់​ពួក​មេដឹកនាំ​សភាស.រ.អ.​កំពុង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ដើម្បី​ធ្វើ​ឱ្យ​មាន​កិច្ច​ព្រមព្រៀង​មួយ​ដែល​នឹង​បញ្ចៀស​កុំ​ឱ្យ​ប្រទេស​ជាតិ​ដែល​មាន​ធនធាន​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​មិន​អាច​រក​ប្រាក់​សង​បំណុល​បាន។

អាហ្វហ្គានីស្ថាន៖ ក្រុម​ទាហាន​អូតង់​បាន​ប្រគល់​ការ​ត្រួតត្រា​ទៅ​ឱ្យ​កង​កម្លាំង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​ខេត្ត Panjshir នា​ភាគ​ឦសាន​ប្រទេស ដែល​ជា​ការ​ផ្ទេរ​ខាង​សន្តិសុខ​មួយ​ចំនួន​ពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​នេះ។

ស៊ីរី៖ ពួក​សកម្មជន​ខាង​សិទ្ធិ​មនុស្ស​ស៊ីរី​និយាយ​ថា​កង​ឯកភាព​កងទ័ព​បាន​ចូល​ទៅ​ក្នុង​រដ្ឋធានី​ដាម៉ាស់​ហើយ​បាន​ចាប់​ឃុំឃាំង​មនុស្ស​ជា​ច្រើន​នាក់។

អេហ្ស៊ីប៖ ភាព​តានតឹង​រវាង​ក្រុម​នយោបាយ​ជា​ច្រើន​នៃ​ប្រទេស​អេហ្ស៊ីប​បាន​កើន​ខ្លាំង​ទ្បើង​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍​រវាង​ក្រុម​បាតុករ និង​ក្រុម​បុរស​ប្រដាប់​អាវុធ​ដែល​នាំ​ឱ្យ​កង​កម្លាំង​សន្តិសុខ​អេហ្ស៊ីប​បាញ់​កាំភ្លើង​ទៅ​លើ​អាកាស​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បំបែក​អំពើ​ហិង្សា។

រុស្ស៊ី៖ ពួក​មន្ត្រី​រុស្ស៊ី​និយាយ​ថា​កងកម្លាំង​សន្តិសុខ​បាន​បាញ់​កាំភ្លើង​តគ្នា​ជាមួយ​ពួក​ជន​ជាប់សង្ស័យ​ថា​ជា​ពួក​ជន​សកម្ម​ប្រយុទ្ធ​នៅ​ក្នុង​សាធារណរដ្ឋ Dagestan នា​ផ្នែក​ខាង​ជើង​នៃ​តំបន់ Caucasus ដោយ​បាន​សម្លាប់​ជន​សកម្មប្រយុទ្ធ​បី​នាក់។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!