VOA News: ព័ត៌មាន: “កូរ៉េ​ខាងជើង​មក​ពិភាក្សា​ពី​សេដ្ឋកិច្ច” plus 3 more

VOA News: ព័ត៌មាន: “កូរ៉េ​ខាងជើង​មក​ពិភាក្សា​ពី​សេដ្ឋកិច្ច” plus 3 more


កូរ៉េ​ខាងជើង​មក​ពិភាក្សា​ពី​សេដ្ឋកិច្ច

Posted: 26 Jul 2011 12:53 PM PDT

មន្ដ្រី​ជាន់ខ្ពស់​កម្ពុជា​និង​មន្ដ្រី​ជាន់ខ្ពស់​កូរ៉េ​ខាងជើង​ បាន​ចាប់ផ្ដើម​ជជែក​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ​ អំពី​គោលការណ៍​ដើម្បី​ស្វែងរក​លទ្ធភាព​ធ្វើ​សហប្រតិបត្តិការ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​កសិកម្ម​របស់​ប្រទេស​ទាំង​ពីរ។

លោក​ អ៊ូច បូរិទ្ធ​ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ ក្រោយពី​ជំនួប​ក្នុង​ទីក្រុង​ភ្នំពេញ​​រវាង​លោក​ហោ ណាំហុង ​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​​ជាមួយ​នឹង​គណៈ​ប្រតិភូ​ប្រទេសកូរ៉េ​ខាងជើង​ដែល​ដឹកនាំ​ដោយ​​លោក​ រី ម្យ៉ុង សាន (Ri Myung San) អនុ​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​បញ្ជាក់​ថា​ការ​ជួប​ពិភាក្សា​មិនបានផ្ដោត​ទៅលើ​សំណុំរឿង​យោធា​នោះទេ។ សំណុំរឿង​យោធា​ដែល​ប្រទេស​កម្ពុជា​កំពុង​តែស្ថិត​ក្នុង​ស្ថានភាព​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​ប្រទេសថៃ​ដោយ​មិនទាន់​រើខ្លួន​រួច​នៅ​ឡើយ។

«ការ​ពិភាក្សា​ដែល​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ដ្រី​បាន​ទទួល​គណៈ​ប្រតិភូ​កូរ៉េ​ព្រឹកមិញ​នេះ​ផ្ដោត​សំខាន់​ទៅលើ​ការរឹត​ចំណង​សហ​ប្រតិបត្តិការ​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ជាពិសេស​ក្នុងផ្នែក​កសិកម្ម​នៅក្នុង​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​គឺយើង​អត់មាន​ប៉ះពាល់​ដល់​បញ្ហា​យោធា​ទេ»។

ទីក្រុង​ភ្នំពេញ​និង​ទីក្រុង​ព្យុងយ៉ាង​ មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ផ្នែក​នយោបាយ​ជាមួយ​គ្នា​ជាច្រើន​ទសវត្សរ៍​មកហើយ​ជាពិសេស​តាមរយៈ​ចំណង​មិត្តភាព​របស់​អតីត​ព្រះមហាក្សត្រ​កម្ពុជា​នរោត្តម​ សីហនុ ​និង​អតីត​ប្រមុខ​ដឹកនាំ​កូរ៉េ គឹម អ៊ីល ស៊ុង។ ក៏ប៉ុន្ដែ​រហូត​មក​ទល់​ពេល​នេះ​សាធារណរដ្ឋ​ប្រជា​មានិត​ប្រជាធិបតេយ្យ​កូរ៉េ​ គឺ​ប្រទេស​កូរ៉េ​ខាងជើង​មិនទាន់មាន​ក្រុមហ៊ុន​វិនិយោគ​ជាដុំកំភួន​ណាមួយ​នៅកម្ពុជា​នៅឡើយ​ទេ​ ក្រៅពី​មាន​តែ​ភោជនីយដ្ឋាន​ប្រមាណ​តែពីរ​តែប៉ុណ្ណោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សូម​បញ្ជាក់​ថា ​ជំនួប​រវាង​លោក​ហោ ណាំ​ហុង ​ជាមួយ​លោក​ រី ម្យ៉ុង សាន (Ri Myung San) ធ្វើឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​មុននឹង​គណៈកម្មការ​ចម្រុះ​នៃ​ប្រទេស​ទាំងពីរ​ជួប​ប្រជុំគ្នា​​ដើម្បី​ស្វែងរក​លទ្ធភាព​សហប្រតិបត្តិការ​ទ្វេ​ភាគី។

លោក​សុន ឆ័យ ​តំណាងរាស្ដ្រ​គណបក្ស​ជំទាស់​សម រង្ស៊ី ​មាន​ប្រសាសន៍​ថា ប្រទេស​កូរ៉េ​ខាងជើង​មិន​មាន​សក្ដានុពល​នៅក្នុង​ការ​វិនិយោគ​ និង​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​និងផ្នែក​កសិកម្ម​មក​កាន់​ប្រទេស​កម្ពុជា​នោះ​ទេ ​ខណៈ​ដែល​ប្រទេស​នេះ​បានធ្វើ​ការ​វិនិយោគ​ផ្ទៃ​ក្នុង​យ៉ាងច្រើន​លើស​លប់​ទៅលើ​វិស័យ​សព្វាវុធ​នោះ​ ហើយ​ប្រជា​ពលរដ្ឋ​កូរ៉េ​ខាងជើង​បានជួប​ប្រទះ​នូវគ្រោះ​ទុរ្ភិក្ស​ជា​ច្រើន។

ក៏ប៉ុន្ដែ​លោក​សុន ឆ័យ ​បញ្ជាក់​ថា​ប្រទេស​កូរ៉េ​ខាងជើង​ប្រហែលជា​ស្វែងរក​លំនឹង​ការទូត​រវាង​ប្រទេស​កម្ពុជា ​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាងត្បូង​ដែលជា​បងប្អូន​គូសត្រូវ​របស់​ខ្លួន។

«ជាក់ស្ដែង​ប្រហែល​ជា​កូរ៉េ​ខាងជើង​មាន​ការបារម្ភ​អំពី​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ចេះ​តែមាន​ភាព​ធំធេង​ទៅ​ទាំង​វិស័យ​ការទូត​ ទាំង​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ​ទុន។ ​ម្ល៉ោះ​ហើយ​គេ​មិនចង់ឲ្យ​បាត់បង់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ខាងជើង​ផងនោះ​ទេ»។

លោក​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​ ហ៊ុន សែន ​ធ្លាប់បាន​លើក​សរសើរ​អំពី​ទំនាក់ទំនង​ការទូត​ដ៏ល្អ​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាងត្បូង​ដែលបាន​ជំរុញ​ឲ្យមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស។ លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ក៏បាន​លើកឡើង​ថា​ ការសម្រេចចិត្ត​អនុញ្ញាត​ឲ្យមាន​ស្ថានទូត​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ប្រទេស​កម្ពុជា​គឺជា​ការពុះពារ​របស់​លោក៕

This posting includes an audio/video/photo media file: Download Now

តុលាការ​កោះ​ហៅ​អ្នក​ភូមិ​បង្ក​របួស​ស្នាម​លើ​អាជ្ញាធរ

Posted: 26 Jul 2011 12:10 PM PDT

នៅ​ថ្ងៃ​អង្គារ​នេះ​តុលាការ​ខេត្ត​កំពង់ស្ពឺ​បាន​កោះហៅ​អ្នកភូមិ​ចំនួន​បី​នាក់​ឱ្យ​ទៅ​ឆ្លើយ​បំភ្លឺ​អំពី​បទចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​ការ​បង្ក​អំពើ​ហិង្សា​ទៅ​លើ​នគរបាល​នៅ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​មួយ​កន្លែង​ក្នុង​ស្រុក​ឧត្តុង្គ​កាលពី​ឆ្នាំ​២០១០។

ការប៉ះ​ទង្គិច​គ្នា​រវាង​អ្នកភូមិ​ និង​នគរបាល​ក្នុង​រឿង​ជម្លោះ​ដី​ជាង​៦៥​ហិកតា​នៅ​ភូមិ​ស្តុកស្លាត​ ឃុំ​ភ្នំតូច​ ស្រុក​ឧត្តុង្គ​ ខេត្ត​កំពង់ស្ពឺ​ដោយ​មាន​អ្នកភូមិ​ចំនួន​៨៨​គ្រួសារ​បានធ្វើ​អ្នកភូមិ​១៤​នាក់​ និង​នគរបាល​១០​នាក់​រងរបួស​នៅ​ក្នុង​ឆ្នាំ​២០១០​ ហើយ​ការប៉ះទង្គិច​គ្នា​នេះ​បានកើតឡើង​ជា​លើក​ទីពីរ​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា​ ឆ្នាំ​២០១១​ បាន​ធ្វើ​ឱ្យ​អ្នកភូមិ​ប្រាំពីរ​នាក់​ និង​កងសន្តិសុខ​បី​នាក់​រងរបួស។

លោក​ អ៊ីវ​ បូរិន្ទ​ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​កំពង់ស្ពឺ​បានចេញ​ដីកា​កោះហៅ​ឈ្មោះ​ ស៊ុន​ ប៊ុនឈួន​ អាយុ​៤០​ឆ្នាំ​ ឈ្មោះ​ ស៊ុន​ ប៊ុនឈិន​ អាយុ​៤៨​ឆ្នាំ​ និង​ឈ្មោះ​ ឆៃយ៉ា​ ជេត្ថា​ ដែល​ត្រូវ​ចោទប្រកាន់​ពី​បទបង្ក​របួសស្នាម​ដោយ​ចេតនា​ ឱ្យ​ចូល​ខ្លួន​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​ទី​៩ ​ខែសីហា​ ឆ្នាំ​២០១១។

លោក​ចៅក្រម​ អ៊ីវ​ បូរិន្ទ​ បាន​បញ្ជាក់​ក្នុង​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​ចុះ​ថ្ងៃ​ទី​៧​ ខែ​កក្កដា​ឆ្នាំ​២០១១​ថា​បទល្មើស​នេះ​ផ្តន្ទាទោស​តាម​មាត្រា​៤១​នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល​សម័យ​អ៊ុនតាក់។

តាម​មាត្រា​៤១​នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល​នេះ​ បើ​តុលាការ​រក​ឃើញ​ទោស​កំហុស​របស់​ជនសង្ស័យ​ទាំងបី​នាក់​នេះ​ដូច​ការ​ចោទប្រកាន់​មែន​នោះ​ ជន​ទាំង​បី​នាក់​នេះ​នឹង​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់​ប្រាំ​ឆ្នាំ។

លោក​ ស៊ុន​ ប៊ុនឈួន​ ជន​ម្នាក់​ក្នុង​ចំណោម​ជន​បី​នាក់​ដែល​ត្រូវ​បាន​កោះ​ហៅ​បាន​និយាយ​ថា​លោក​នឹង​ចូលខ្លួន​ទៅ​កាន់​តុលាការ​តាម​ដីកា​បង្គាប់​នៅ​ថ្ងៃ​ទី​៩ ខែសីហា​ ឆ្នាំ​២០១១។

លោក​ ស៊ុន ​ប៊ុនឈួន​ បាន​បញ្ជាក់​ថា​តុលាការ​បាន​ចោទប្រកាន់​រូប​លោក​ និង​បង​របស់​លោក​ឈ្មោះ​ ស៊ុន​ ប៊ុនឈិន​ ព្រមទាំង​ក្មួយ​របស់​លោក​​ឈ្មោះ​ ឆៃយ៉ា​ ជេត្ថា​ អំពី​ការបង្ករបួស​ស្នាម​ទៅ​លើ​ប៉ូលិស​១២​នាក់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​រវាង​អ្នកភូមិ​និង​នគរបាល​ក្នុង​រឿង​ជម្លោះ​ដីធ្លី​កាលពី​ឆ្នាំ​២០១០។

«វា​អយុត្តិធម៌​បំផុត។ រឿង​ករណី​លើក​ទីមួយ​នោះ​គឺ​សមត្ថកិច្ច​បានបំពាន​មក​លើ​ប្រជា​ពលរដ្ឋ​ពួក​យើង​ទាំងស្រុង។​ ពួកខ្ញុំ​មាន​តែ​សេចក្តី​សំពះ​អង្វរ​គេ​តែ​ប៉ុណ្ណោះ។ បន្ទាប់ពី​សមត្ថកិច្ច​វាយ​មក​លើ​ប្រជា​ពលរដ្ឋ​ពួកខ្ញុំ​ ហើយ​បាញ់​គំរាម​កំហែង​លើ​ប្រជា​ពលរដ្ឋ​ពួកខ្ញុំ​ហើយ​ប្រជា​ពលរដ្ឋ​ពួកខ្ញុំ​ទ្រាំលែង​បាន​ក៏​ចាប់ផ្តើម​ទាញ​ដង​បដា​ដើម្បី​ការពារ​ខ្លួន​គាត់។ នេះ​ជា​រឿង​ត្រឹមត្រូវ​ ប៉ុន្តែ​អត់​ទាន់​បានប៉ះ​សមត្ថកិច្ច​ណា​ម្នាក់​ឱ្យ​មាន​របួស​ឡើយ»។

ក្រុម​អ្នកភូមិ​បាននិយាយ​ថា​ពួកគាត់​បានកាន់កាប់​ដី​ជម្លោះ​ជាង​៦៥​ហិកតា​នៅ​ក្នុង​ភូមិ​ស្តុកស្លាត​ ឃុំ​ភ្នំតូច​ ស្រុក​ឧត្តុង្គ​ ខេត្ត​កំពង់​ស្ពឺ​ អស់​រយៈពេល​៣០​ឆ្នាំ​ដោយ​មិន​បាន​លក់​ឱ្យ​ទៅ​ជន​ណា​ម្នាក់​ទាល់​តែ​សោះ។

លោក​ ស៊ុន​ ប៊ុនឈួន​ បាន​និយាយ​ថា​លោក​មិនដែល​បង្ក​របួស​ស្នាម​ទៅ​លើ​នរណា​ម្នាក់​សោះ​ មិន​ថា​សមត្ថកិច្ច​ ឬ​ ប្រជា​ពលរដ្ឋ​ទេ។​ មន្ត្រី​នគរបាល​ចំនួន​១២​នាក់​បានប្តឹង​ប្រឆាំង​នឹង​ពួក​អ្នកភូមិ​ ខណៈ​ដែល​នគរបាល​មាន​អាវុធ​ ខែល​ និង​ដំបង​ឆក់​សម្រាប់​វាយ​អ្នកភូមិ​ហើយ​អ្នកភូមិ​មាន​តែ​ដៃ​ទទេ​ សួរ​ថា​អាច​បង្ក​របួស​ស្នាម​ទៅ​លើ​សមត្ថកិច្ច​ដោយ​វិធី​ណា។

«បើ​ខ្ញុំ​ចូល​ទៅ​ គេ​មាន​ការឃុំ​ខ្លួន​ វា​ជា​រឿង​ធម្មតា​របស់​តុលាការ​ ព្រោះ​តុលាការ​ស្រុក​ខ្មែរ ​ខ្ញុំ​ចំណាំ​ឃើញ​អញ្ចឹង។ ខ្ញុំ​មិនដែល​ឃើញ​អ្នកក្រ​ណា​ប្តឹង​ឈ្នះ​អ្នក​មាន។ អ្នកមាន​អំណាច​ និង​មាន​ប្រាក់​ប្តឹង​ឈ្នះ​រហូត។ អ្នកក្រ​ពួកខ្ញុំ​រង់ចាំ​តែ​រងទុក្ខ​តែ​ប៉ុណ្ណឹង​ទេ​ហើយ​ខ្ញុំ​ក៏​មិន​ខ្លាច​ឱ្យ​គេ​ចាប់​ដែរ។ បើ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​អ្វី​សោះ​ ហើយ​គេ​ចាប់​ដែល។​ វា​ជា​រឿង​មួយ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ពួកខ្ញុំ​ដែរ»។

លោក​ អ៊ំ​ សំអាត​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បានថ្លែង​ថា​អ្នកភូមិ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការចាប់ខ្លួន​ បន្ទាប់ពី​ពួកគាត់​បានទទួល​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ចំពោះ​ការចោទប្រកាន់​រឿង​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​រឿង​ជម្លោះ​ដីធ្លី​នេះ។

«យើង​ទទូច​សូម​ឱ្យ​ចៅក្រម​ស៊ើបសួរ​ ឬ​ ស៊ើបអង្កេត​ពិចារណា​ទៅ​លើ​ការ​មិន​ឃុំខ្លួន​ ហើយ​ពិនិត្យ​និង​ពិចារណា​ទៅ​លើ​បញ្ហា​ដីធ្លី​ យើង​ដោះស្រាយ​បញ្ហា​ដីធ្លី​ជាជាង​យើង​យក​បទល្មើស​ព្រហ្មទណ្ឌ​ធ្វើ​ការ​គាបសង្កត់​ទៅ​លើ​ប្រជា​ពលរដ្ឋ​កាន់​តែ​រងទុក្ខ​រឿង​ដីធ្លី​ ដោយសារ​គាត់​បាត់បង់​ដីធ្លី​ហើយ​គាត់​ត្រូវ​ទទួល​រង​ការ​ចោទប្រកាន់​អំពី​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​ដែល​ធាតុ​ពិត​នៃ​រឿង​គឺ​ដំណើរ​នៃ​រឿង​ដីធ្លី​តែ​ប៉ុណ្ណោះ»។

តាម​របាយការណ៍​របស់​សមាគម​សិទ្ធិ​មនុស្ស​ ទទួល​បាន​ពាក្យ​បណ្តឹង​ជម្លោះ​ដីធ្លី​ប្រមាណ​២០០​ករណី​ និង​ការ​ចាប់ខ្លួន​អ្នកតវ៉ា​រឿង​ជម្លោះ​ដីធ្លី​ជាង​៣០០​នាក់​នៅ​ក្នុង​ឆ្នាំ​២០១០៕

This posting includes an audio/video/photo media file: Download Now

សារមន្ទីរ​ពីរ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ដាក់តាំង​ស្នាដៃ​ចម្លាក់​បុរាណ​ខ្មែរ

Posted: 26 Jul 2011 11:30 AM PDT

សារមន្ទីរ​ន័រតុន​សាយមុន ​(Norton Simon Museum)​ ក្នុង​រដ្ឋកាលីហ្វញ៉ា​មាន​ដាក់តាំង​បង្ហាញ​រូបចម្លាក់​បុរាណ​ខ្មែរ​ដែល​បន្សល់ទុក​ពីសម័យ​កាល​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា។​ នាបច្ចុប្បន្ន​នេះ​សារមន្ទីរ​នេះ​សហការ​ជាមួយ សារមន្ទីរ ហ្គេទី (Getty Museum) ដើម្បី​អបអរ​ការ​ដាក់តាំង​ពិព័រណ៌​រូបចម្លាក់​សំរិទ្ធ​មកពី​ប្រទេស​កម្ពុជា​ដែល​មាន​ឈ្មោះថា​អាទិទេព​នៃ​អង្គរ។

សារមន្ទីរ ន័រតុន​សាយមុន​នេះ​មានទ្រង់ទ្រាយ​ធំ និង​អគារ​ដែល​មើលទៅ​មាន​លក្ខណៈ​បែប​សម័យ​ថ្មី​ស្ថិតនៅ​ទីក្រុង​ប៉ាសាដេណា (Pasadena) រដ្ឋ​កាលីហ្វ័រញ៉ា​ បើមើល​ពី​ខាងក្រៅ​យើង​ប្រហែល​ជា​មិនជឿ​ថា​សារមន្ទីរ​នេះ​មានតាំង​បង្ហាញ​​រូបចម្លាក់​ខ្មែរ​ដែលសល់​ពី​បុរាណកាល​នោះ​ទេ។ ប៉ុន្តែ​នៅពេល​ដែល​ឈានជើង​ចូល​ដល់​ខាងក្នុង​អ្នក​ទស្សនា​នឹង​បានឃើញ​រូបចម្លាក់​បុរាណ​របស់​ប្រទេស​អាស៊ី មួយ​ចំនួន​ដែល​ក្នុងនោះ​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ។ បើក្រឡេក​មើល​ទៅ​ខាង​ស្តាំ​អ្នក​នឹង​បាន​ឃើញ​រូបចម្លាក់​ដ៏​ធំស្កឹមស្កៃ ដែលឈរ អមដំណើរ អ្នក​ទស្សនា​ទៅកាន់​ជាន់ខាង​ក្រោម​នៃ​សារមន្ទីរ ដែលជា​កន្លែង​ដាក់តាំង​បង្ហាញ​នូវ​រូប​ចម្លាក់​ខ្មែរ។

ស្របពេល​ដែល​សារមន្ទីរ ហ្គេទី នៅទីក្រុង ឡូស អាន់ជឺឡេស (Los Angeles) កំពុង​បង្ហាញ​ពិព័រណ៌​«អាទិទេព​នៃ​អង្គរ» លោកស្រី​បណ្ឌិត មេឡូឌី រូដអារី (Melody Rod-ari) ជា​អ្នកអភិរក្ស​រង​សិល្បៈ​អាស៊ី និង​ជា​អ្នកអភិរក្ស​រូបចម្លាក់​ខ្មែរបុរាណ​នៃ​សារមន្ទីរ​ន័រតុន​សាយមុន ក៏រៀបចំ​ការ​តាំង​ពិព័រណ៌ ដែល​មាន​ឈ្មោះ​ថា «នៅ​ពេល​សិល្បៈ​ជួប​ជាមួយ​វិទ្យាសាស្រ្ត» រួមគ្នា​ដើម្បី​បង្ហាញ​នូវ​រូបចម្លាក់​ដ៏ពិសិទ្ធ​របស់​ប្រទេស​កម្ពុជា នៅ​រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក។

នៅឯ​សារមន្ទីរ ន័រតុន​សាយមុន​ លោកស្រី​បណ្ឌិត មេឡូឌី រូដអារី នឹងនាំ​អារម្មណ៍​លោក​អ្នក​ស្តាប់​ទាំងអស់គ្នា នៅ​កាន់​បន្ទប់​តាំង​រូបចម្លាក់​បុរាណ​ខ្មែរ ដើម្បី​បង្ហាញ​នូវ​រូប​ចម្លាក់​ល្បីៗ។

វីអូអេ៖ តើ​រូបចម្លាក់​មួយណា​ដែល​មេឡូឌី​ចាប់​អារម្មណ៍​ច្រើន​ជាងគេ?

មេឡូឌី៖«រូបចម្លាក់​ដែល​មានវ័យ​ចំណាស់​ជាងគេ​នៅ​ទីនេះ​គឺជា​រូបចម្លាក់​មុន​សម័យ​អង្គរ គឺជា​សម័យ​មុន​ឆ្នាំ៨០២ នៅពេល​ដែល​ព្រះបាទ​ជ័យវរ្ម័ន​ទី២ ឡើងគ្រងរាជ្យ និង អភិសេក​​ទៅជា​ព្រះមហាក្សត្រ​នៃ​អាណាចក្រ​អង្គរ។ នេះ​គឺជា​រូបចម្លាក់ របស់ព្រះ​ហរិហរៈ។ ព្រះ​ហរិហរៈ គឺជា រូបផ្គុំ​ទេវៈ ​រូបផ្គុំ​ទេវៈ​មានន័យ​ថា រូប​របស់​គាត់​គឺ​មួយ​ចំហៀង​ជារូប​របស់ ព្រះវិស្ណុ និងមួយ​ចំហៀង​ទៀត​ជារូប របស់​ព្រះសិវៈ។

<!--IMAGE-->ព្រះហរិហរៈ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ព្រះមហាក្សត្រ​ខ្មែរ​ជាពិសេស​ពីសតវត្សរ៍​ទី៧​ដល់​ទី៩។ រូបហរិហរៈ​ត្រូវ​បានកសាង​រហូត​ដល់​សតវត្សរ៍​ទី១៣​គ្រាន់តែ​រូប​ប្រភេទ​នេះ​មាន​ភាពល្បីល្បាញ​ជាងគេ​ពី​សតវត្សរ៍​ទី ៧ដល់​ទី៩។ ខ្ញុំ​គិត​ថា​សព្វថ្ងៃ​នេះ​វា​ងាយស្រួល​នឹង​ភ្លេច​ថា ព្រហ្មញ្ញសាសនា​ធ្លាប់ជា​សាសនា​សំខាន់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅ​អាស៊ី​អាគ្នេយ៍ ពីព្រោះថា ឥឡូវ​នេះ​មនុស្ស​ភាគច្រើន​គោរព​ព្រះពុទ្ធ​សាសនា។ ប៉ុន្តែ​ព្រហ្មញ្ញសាសនា​ធ្លាប់ជា​សាសនា​សំខាន់ ដូច្នេះ​យើង​មាន​រូបចម្លាក់​ជាច្រើន​ដែល​ទាក់ទង​នឹង​សម័យកាល​ដំបូង​នៃ​ព្រហ្មញ្ញសាសនា»។

លោកស្រី​បានបញ្ជាក់​បន្ថែម​ទៀត​ថា៖

«រូបចម្លាក់​មួយ​នេះ​បើ​អ្នក​មើល​ឱ្យ​ជិត អ្នក​នឹង​ឃើញ​ថា មួយ​កំណាត់​ចំហៀង​ខាងស្តាំ​គឺ​តំណាង​ឱ្យ​ព្រះវិស្ណុ ដែល​យើង​អាច​ដឹង​បាន​តាម​រយៈវត្ថុ​ដែល​ដៃស្តាំ​របស់​គាត់​កាន់​មាន​ដូចជា កងចក្រ ខ្យងសង្ខ ភ្នំព្រះសុមេរុ ដែលបញ្ជាក់​ថា​រូប​នេះ​ជា​រចនាបទ​របស់​ខ្មែរ ព្រោះ​បើតាម​រចនាបថ​របស់​ឥណ្ឌា គាត់មិនកាន់​ភ្នំ​ព្រះសុមេរុ​ទេ គឺ​គាត់​កាន់​ផ្កាឈូក​និង​ដំបង​ជា​អាវុធ។ ចំណែក​ឯ​ចំហៀង​ខាងឆ្វេង​គឺ​ព្រះសិវៈ។ ជាធម្មតា​រូប​របស់​ព្រះសិវៈ​គឺ​មាន​ភ្នែក​ទី៣​នៅលើ​ថ្ងាស​របស់​គាត់។ដូច្នេះ​នៅលើ​ថ្ងាស​របស់​ហរិហរៈ​នេះ​គឺមាន​ភ្នែក​ទីបី​ពាក់​កណ្តាល​នៅលើ​ថ្ងាស​របស់​គាត់។

ជាមួយគ្នា​នេះ​ផងដែរ​គាត់​មាន​ផ្នួងសក់ដាញ់​បួងឡើង​ទៅលើ ហើយ​គេជឿ​ថា​គាត់​មាន​សក់​ដាញ់​ហ្នឹង​គឺ​ដោយសារតែ​គាត់​មិន​ចូលចិត្ត​ងូតទឹក។ រូបចម្លាក់​ព្រះហរិហរៈ​នេះ​មិនមាន​ទំហំ​ធំ​ប៉ុន្មាន​ទេ គឺ​ប្រហែល​ជា ២៦អ៊ីញ ប៉ុន្តែ​បើគិតពី​គុណភាព​វិញ​គឺ​វា​មាន​ភាព​ឥតខ្ចោះ»។

វីអូអេ៖ អញ្ចឹង​តើ​មាន​រូប​អ្វី​ផ្សេង​ទៀត​ដែល មេឡូឌី ចូលចិត្ត​ដែរ?

មេឡូឌី៖ «រូប​បន្ត​ទៅទៀត​នេះ​គឺជា​រូប​របស់​ព្រះវិស្ណុ។ រូបចម្លាក់​មួយ​នេះ​គឺ​មាន​លក្ខណៈ ធំ​មែនទែន គាត់​មាន​រូបរាង​ធំ​ជាង​មនុស្ស​ធម្មតា​ដែល​អ្នកធ្លាប់ជួប រូប​បែប​នេះ​ពីដើម​ច្រើនតែ​មាន​នៅក្នុង​ប្រាសាទ។ ផ្ទៃ​ខាងលើ​របស់​រូបចម្លាក់​នេះ​មាន​លក្ខណៈ​ភ្លឺចាំង ពីព្រោះ​វិចិត្រករ​ព្យាយាម​ធ្វើឱ្យ​រូប​នេះ​មានលក្ខណៈ​ល្អ​ប្រណិត។ ពីព្រោះ​យើងត្រូវ​ចាំ​ថា​នេះ​មិនមែន​គ្រាន់តែ​ជា​រូប​ចម្លាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​តំណាង​ឱ្យ​ព្រះវិស្ណុ​ពិតៗ ព្រះវិស្ណុ​គឺ​ស្ថិតនៅ​ក្នុង​រូបនេះ​ផ្ទាល់​តែម្តង។ ព្រះវិស្ណុ​រូបនេះ​មាន​ដៃ៣ ហើយ​កាន់​ភ្នំព្រះសុមេរុ ដូច្នេះ​ហើយ​ទើប​យើង​ដឹង​ថា​នេះ​គឺ​ជា​រចនាបថ​របស់​ខ្មែរ​យ៉ាង​ប្រាកដ​គឺ​យើង​នឹង​មិនឃើញ​រូប​របៀប​នេះ​នៅ​កន្លែង​ណា​ផ្សេង​ទេ។ បើមើល​ទៅ​ទងត្រចៀក​របស់​គាត់ យើង​ឃើញ​គាត់​មាន​ចោះ​ត្រចៀក។ នេះ​ស​បញ្ជាក់​ថា​គាត់​ប្រហែលជា​ពាក់ក្រវិល មែនទែន ដែលធ្វើ​ពី​មាស​និង​ប្រាក់​ពិត​ប្រាកដ ហើយ​ក៏​ប្រហែលជា​មាន​ពាក់​នូវ​គ្រឿង​អលង្ការ​ពិតៗ​ផ្សេងៗ​ទៀត​ដូចជា ខ្សែក ខ្សែដៃ ចិញ្ជៀន កងដៃ និង​គ្រឿង​សម្លៀក​បំពាក់​ក្បិន សំពត់​និង​ខ្សែ​ឈៀង​ជាដើម»។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកស្រី​បណ្ឌិត មេឡូឌី រួម​ជាមួយ សារមន្ទីរ​ហ្គេទី បាន​បើក​សិក្ខាសាលា ឈ្មោះ​ថា «ភាពរុងរឿង​នៃ​អង្គរ»​ដែល​ស្តីពី​ប្រវត្តិសាស្រ្ត នឹង​បង្ហាញ​ឱ្យ​យល់​ដឹង​ពី រូបចម្លាក់​បុរាណ​ខ្មែរ​ផងដែរ​ទាំង​រូបចម្លាក់​ដែល​មាន​នៅ​សារមន្ទីរ ន័រតុន​សាយ​មុន​និង​រូបចម្លាក់​សំរិទ្ធ មកពី​ប្រទេស​កម្ពុជា​នៅសារមន្ទីរ​ហ្គេទី។ សិក្ខា​សាលា​នេះ​រៀបចំ​ឡើង​ជាពីរ​ថ្ងៃ។ ថ្ងៃ​ទីមួយ​បាន​ធ្វើឡើង​នៅ​ថ្ងៃសៅរ៍​ទី ២៣ ខែកក្កដា​នៅឯ​សារមន្ទីរ ន័រតុន​សាយមុន​ ហើយ លើកទីពីរ​នឹង​ធ្វើឡើង​នៅ​ថ្ងៃសៅរ៍​ទី​៣០ ខែកក្កដា​នៅឯ​សារមន្ទីរ​ហ្គេទី។

លោកស្រី​បណ្ឌិត មេឡូឌី បានឱ្យ​ដឹង​បន្ថែម​ថា៖«សិក្ខា​សាលា​វគ្គ​ទីមួយ​នៅ​សារមន្ទីរ ន័រតុន​សាយមុន​នឹង​បង្រៀន​អំពី ប្រវត្តិ​នៃ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធ​សាសនា​ ហើយតើ​សាសនា​ទាំងពីរ​នេះ​ហូរ​ចូល​មក​ប្រទេស​កម្ពុជា​តាម​វិធី​ណា ក៏ដូចជា​បង្ហាញ​ឱ្យ​ដឹង​ថា​របស់​និង​រូបចម្លាក់​សម័យ​បុរាណ​ទាំងអស់​នេះ​មិនមែន​គ្រាន់តែ​ជា​រូបចម្លាក់​តែ​សំបក​ទេ គឺ​មនុស្ស​សម័យ​នោះ​គេ​មើល​ថែ​វត្ថុ​ទាំងអស់​នេះ​ដូចជា​អាទិទេព​ពិតៗ​របស់​ពួកគេ។ ហើយ​ចំណែក​ឯ​ថ្ងៃទីពីរ​នៅ​សារមន្ទីរ​ហ្គេទី យើង​នឹង​បង្រៀន​ពី​ប្រាសាទ​អង្គរវត្ត និង​ប្រវតិ្ត​សម័យ​អង្គរ​ផង​ដែរ»។

«អាទិទេព​នៃ​អង្គរ» ជា​ពិព័រណ៌​ដែល​បង្ហាញ​ពី​រូបចម្លាក់​សំរិទ្ធ​ដ៏​ប្រណិត​ពី​សម័យ​អង្គរ​នៅ​សតវត្សរ៍​ទី ៩ដល់​ទី១៥។រូបចម្លាក់​សំរិទ្ធ​ទាំងអស់​នេះ​គឺ​បាន​មកពី​សារមន្ទីរ​ជាតិ​កម្ពុជា ហើយ​ត្រូវ​បានដាក់តាំង​ពិព័រណ៌​ម្តង​រួច​ហើយ​នៅ​រដ្ឋធានី វ៉ាស៊ីនតោន ហើយ​ឥឡូវ​នេះ​កំពុង​ដាក់​បង្ហាញ​នៅ សារមន្ទីរ​ហ្គីទី ទីក្រុង ឡូស​អាន់ជឺឡេស រដ្ឋ​កាលីហ្វ័រញ៉ា។

ពិព័រណ៌​«អាទិទេព​នៃ​អង្គរ»នឹង​បញ្ចប់​នៅ​ខែក្រោយ ប៉ុន្តែ​អ្នកដែលស្រឡាញ់​ចូលចិត្ត​សិល្បៈ​ខ្មែរ​នៅតែ​អាចមក​មើល​រូបចម្លាក់​បុរាណ​នៅ​សារមន្ទីរ​​ន័រតុន​សាយមុន៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៦ កក្កដា

Posted: 25 Jul 2011 08:00 PM PDT

ព័ត៌មានចុងក្រោយបំផុត៖

ស.រ.អ៖ នៅ​ថ្ងៃ​អង្គារ​នេះ ​ក្រុម​អ្នក​តាក់តែង​ច្បាប់​អាមេរិកាំង​នឹង​ជជែក​វែក​ញែក​អំពី​ផែនការ​ពីរ​ អំពី​ការ​ដំឡើង​កម្រិត​ប្រាក់​បំណុល​ជាតិ​ដើម្បី​ចៀសវាង​លទ្ធភាព​នៃ​ការ​ ខកខាន​មិនសង​ប្រាក់​បំណុល​ ដែល​មិនធ្លាប់​មានពីមុន​ ហើយ​ដែល​នៅ​សល់​ពេល​តែ​មួយ​អាទិត្យ​បុណ្ណោះ។

វៀតណាម៖ កាល​ពី​ថ្ងៃ​អង្គារ​​ សភា​ជាតិ​​ប្រទេស​វៀតណាម​បាន​ជ្រើស​តាំង​នាយក​រដ្ឋមន្ដ្រី​ងៀង​ តាន់យុង​ឲ្យបន្ត​អាណត្ដិ​ទី​ពីរ ​ ដោយ​ពង្រឹង​អំណាច​របស់​លោក​ជា​អ្នក​នយោបាយ​មាន​ឥទ្ធិពល​ខ្លាំង។

ន័រវ៉ែស៖ រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌​ប្រទេស​ន័រវ៉ែស​បាន​សរសើរ​ក្រុម​ប៉ូលិស​ដែល​ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​ដោយ​កំាភ្លើង​និង​គ្រាប់បែក​ ដែល​សម្លាប់​មនុស្ស​៧៦​នាក់ ​កាល​ពី​ថ្ងៃ​សុក្រ ​ដោយ​និយាយ​ថា​ ប៉ូលិស​បាន​ធ្វើការ​ល្អ​​អស្ចារ្យ។

សូម៉ាលី៖ អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​នៃ​អ.ស.ប.​នឹង​ចាប់​ផ្ដើម​ដឹក​ជញ្ជូន ​តាម​អាកាស​នូវ​ជំនួយ​អាហារ​ដល់​ប្រទេស​សូម៉ាលី​ នៅ​ថ្ងៃ​អង្គារ​នេះ។

លីប៊ី៖ ទីភ្នាក់ងារ​មនុស្សធម៌​របស់​​អ.ស.ប.​និយាយ​ថា​ អ្នក​ស្រុក​ ភូមិ​នៅ​តំបន់​ខ្លះ​នៃ​ទី​ក្រុង​ទ្រីប៉ូលី​ ប្រទេស​លីប៊ី​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់​ ដោយ​សារ​តែ​សង្រ្គាម​រ៉ាំរ៉ៃ​នៅ​ទី​នោះ។

ប៉ាគីស្ថាន៖ ទីភ្នាក់ងារ​សង្រ្គោះ​អន្ដរជាតិ​មួយ​និយាយ​ថា​ ប៉ាគីស្ថាន​មិន​ទាន់​ងើប​ផុត​រួច​ពី​មហន្ដរាយ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​មុន​ នៅ​ឡើយ​ទេ ​ហើយ​ថា​ប្រទេស​នោះ​មិន​បាន​ត្រៀមខ្លួន​សម្រាប់​រដូវភ្លៀង​នៅ​ពេល​ខាង​មុខ​ នេះ​ទេ។

កូរ៉េខាងត្បូង៖ មន្ដ្រី​កូរ៉េខាងត្បូង​និយាយ​ថា​ កូរ៉េខាង​ជើង​បាន​រៀបចំ​ប្រមូល​កងទ័ព ​នាវា​ចម្បាំង ​និង​យន្ដហោះ ​សម្រាប់​អ្វី​ដែល​គេ​រំពឹង​ថា​ នឹង​ជា​សមយុទ្ធ​យោធា​ដ៏​ធំធេង។

កូរ៉េខាងជើង៖ ទី​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវ​ការ​របស់​កូរ៉េខាងជើង​និយាយ​ថា​ ប្រទេស​កូរ៉េខាងជើង​បាន​យល់​ព្រម​ជា​ឯកច្ឆន្ទ​ គាំទ្រ​ដល់​ក្រុម​មេដឹកនាំ​រដ្ឋ​ ដែល​ត្រូវ​ទទួល​ស្គាល់​អំឡុង​ពេល​មាន​ការបោះ​ឆ្នោត​តំបន់។

ស៊ីរី៖ ស.រ.អ.​បាន​ថ្កោលទោស​អំពើ​ឃោរឃៅ​មិន​ឈប់ឈរ​នៅ​ក្នុង​ប្រទេស​ស៊ីរី ​ហើយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​​ប្រធានាធិបតី​ Bashar Al Assad បញ្ចប់​សកម្មភាព​ប្រល័យ​ក្រុម​បាតុករ។

ជប៉ុន៖ រដ្ឋាភិបាល​ជប៉ុន​និយាយថា​ ខ្លួន​នឹង​ទិញ​មក​វិញ​នូវ​សាច់គោ​ច្រើន​តោន​ ដែល​មិនមាន​កម្រិត​សុវត្ថិភាព ​មាន​​វិទ្យុសកម្ម ​cesium​ ភាយ​ចេញ​ពី​​រោងចក្រ​ហ្វូគូស្សិម៉ា។

ជប៉ុន៖ សមាជិក​ជាង​២០០​នាក់​នៃ​កងកម្លាំង​អាកាស​ការពារ​ខ្លួន​របស់​ជប៉ុន​ កំពុង​ឋិត​នៅ​ក្នុង​រដ្ឋ​អាឡាស្កា​ដើម្បី​ធ្វើ​សមយុទ្ធ​ ដូចជា​ការ​ហោះហើរ​កម្ពស់​ទាប​ ការចាក់សាំង​លើ​អាកាស និង​យន្ដហោះ​ទម្លាក់​វត្ថុ។

<!--AV-->

ព័ត៌មានមុននេះ៖

<!--IMAGE-->អាហ្វ្រិកខាងត្បូង៖ មនុស្ស​​ម្នាក់​​នៅ​​ប្រទេស​​អាហ្វ្រិក​​ខាងត្បូង​​ ដែល​​គ្រួសារ​​របស់​​គាត់​ចាត់ទុក​​ថា​​ ស្លាប់​​ទៅ​ហើយ​​នោះ​​ បាន​​ងើប​​វិញ​​នៅ​​យប់​​ថ្ងៃ​​អាទិត្យ​​ក្នុង​​សាល​ខ្មោច​​នៃ​​តំបន់​​ដាច់ ​​ស្រយាល។

ស៊ូដង់ខាងត្បូង៖ ប្រទេស​​ស៊ូដង់​ខាងត្បូង​​បាន​​ចោទ​​ប្រកាន់​​ប្រទេស​​ស៊ូដង់​​ថា​​បាន​​បើក ​​​ធ្វើ​​ «សង្គ្រាម​​សេដ្ឋ​កិច្ច» ​ក្នុង​​រយៈ​ពេល​​តិច​ជាង​​បី​​សប្តាហ៍​​នៅ​ក្រោយ​​ប្រទេស​​ទាំងពីរ​​បាន​​ បែក​ចេញ​​ពី​គ្នា។

អេហ្ស៊ីប៖ តុលាការ​​មួយ​​ក្នុង​​ប្រទេស​​អេហ្ស៊ីប​​បាន​​លើក​​ទៅ​​ធ្វើ​​នៅ​​ថ្ងៃ​​​ ក្រោយ​​ការ​​កាត់ក្តី​​លោក​​Habib​​ el-Adly ​​អតីត​​រដ្ឋមន្ត្រី​​ក្រសួង​​មហាផ្ទៃ​​ដើម្បី​​ឱ្យ​​ត្រូវ​​ពេល​​ជាមួយ​​ ការ​​ចាប់ផ្តើម​​ការ​​កាត់ក្តី​​លោក​​ហូសនី មូបារ៉ាក់​ ​មេដឹក​នាំ​​អេហ្ស៊ីប​​ដែល​​បាន​​ត្រូវ​​បណ្តេញ​​ចេញ​​ពី​​តំណែង។

លីប៊ី​៖ រដ្ឋាភិបាល​លីប៊ី​បាន​ចោទ​ប្រកាន់​អង្គការ​អូតង់​ថា​បាន​ទម្លាក់​គ្រាប់បែក​ លើ​មន្ទីរពេទ្យ​មួយ​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ដែល​បាន​បណ្តាល​ឱ្យ​ មនុស្ស​៧នាក់​ស្លាប់។

ន័រវេស៖ ពួក​ប៉ូលីស​ន័រវេស​បាន​សើរើ​តួលេខ​មនុស្ស​ស្លាប់​ដោយសារ​ការ​បាញ់​កាំភ្លើង​ និង​ការ​វាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​សុក្រ​មុន​ដោយ​ បន្ថយ​ចំនួន​មនុស្ស​ស្លាប់​មក​នៅ​ត្រឹម​៧៦​នាក់។

សហរដ្ឋអាមេរិក៖ នៅ​​ពេល​​ដែល​​ពួក​​មេដឹកនាំ​​សភា​ស.រ.អ.​​និង​​លោក​​ប្រធានាធិបតី​​បារ៉ាក់ ​​អូបាម៉ា​​ជជែក​​តវ៉ា​​គ្នា​​អំពី​​ផែនការ​​ដើម្បី​​កាត់​បន្ថយ​​ចំណាយ​​ និង​ប្រហែល​​បង្កើន​​ពន្ធដារ​​ អ្នក​ជំនាញការ​​សំខាន់​​ម្នាក់​​នៅឯ​​អង្គការ​មូល​និធិ​រូបិយ​វត្ថុ​ អន្តរជាតិ​​និយាយ​​ថា​​ រដ្ឋា​ភិបាល​ក្រុង​វ៉ាស៊ីនតោន​​ត្រូវការ​​ចាត់​​វិធាន​ការ​​ទាំង​ពីរ​​ ដើម្បី​​ដោះស្រាយ​​បញ្ហា​បំណុល​របស់​ផង​ខ្លួន។

អាហ្វ្រិក៖ អ.ស.ប. នឹង​​ស្វះស្វែង​រក​​ប្រាក់​​១ពាន់​៦រយលាន​ដុល្លារក្នុង​​សប្តាហ៍​នេះ​ដើម្បី ​ជួយ​ជន​រងគ្រោះ​រាប់​លាននាក់​ដោយសារ​ការ​រាំងស្ងួត​នៅ​ក្នុង​តំបន់​ស្នែង​ នៃ​ទ្វីបអាហ្វ្រិក។

ស៊ីរី​៖ រដ្ឋាភិបាល​ស៊ីរី​បាន​គាំទ្រ​សេចក្តី​ព្រាងច្បាប់​មួយ​ដែល​នឹង​អនុញ្ញាត​ ឱ្យមាន​ការ​បង្កើត​គណបក្ស​នយោបាយ​បន្ថែម​ពីលើ​គណបក្ស​បាត​ដែល​ជាច្រើន​ ទសវត្ស​មក​ហើយ​បាន​ត្រួតត្រា​ជីវភាព​នយោបាយ​នៅក្នុង​ប្រទេស​នេះ។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!