VOA News: ព័ត៌មាន: “ម៉ាឡេស៊ី​សុំ​ឱ្យ​កម្ពុជា​និង​ថៃ​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ” plus 4 more

VOA News: ព័ត៌មាន: “ម៉ាឡេស៊ី​សុំ​ឱ្យ​កម្ពុជា​និង​ថៃ​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ” plus 4 more


ម៉ាឡេស៊ី​សុំ​ឱ្យ​កម្ពុជា​និង​ថៃ​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ

Posted: 29 Jul 2011 12:30 PM PDT

លោក​អាម៉េដ ហ្សាហ៊ីដ ហាមីឌី (Ahmad​ Zahid ​Hamidi)​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ម៉ាឡេស៊ី​ប្រាថ្នា​ចង់​ឃើញ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដើម្បី​ថែ​រក្សា​សន្តិភាព​និង​ស្ថេរភាព​នៅ​ក្នុង​តំបន់​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។

កាលពី​សប្តាហ៍​មុន​ តុលាការ​យុត្តិធម៌​អន្តរជាតិ​បានបញ្ជា​ឱ្យ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​ចំនួន​ជាង​១៧​គីឡូ​ម៉ែត្រ​ការ៉េ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ហើយ​អនុញ្ញាត​ឱ្យ​អ្នក​សង្កេតការណ៍​អាស៊ាន​ចូល​ទៅ​កាន់​តំបន់​គ្មាន​កងទ័ព។

លោក​ អាម៉េដ ហ្សាហ៊ីដ ហាមីឌី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ម៉ាឡេស៊ី​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ បន្ទាប់​ពី​ជំនួប​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​សមភាគី​របស់​លោក​ គឺ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ទា​ បាញ់​នៅ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ថា​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​ គឺ​ជា​ឱកាស​មួយ​សម្រាប់​សហគមន៍​អាស៊ាន​ដើម្បី​ជំរុញ​សន្តិភាព​នៅ​ក្នុង​តំបន់។

«យើង​សូម​ស្វាគមន៍​ប្រទេស​ទាំងពីរ​ ប្រទេស​កម្ពុជា​​និង​ប្រទេស​ថៃ​ចំពោះ​ការផ្តល់​ឱកាស​មួយ​សម្រាប់​ថែរក្សា​សន្តិភាព​ និង​ស្ថិរភាព​ ជាពិសេស​នៅ​តំបន់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​ ហើយ​យើង​ជា​សមាជិក​អាស៊ាន»។

<!--IMAGE-->លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ម៉ាឡេស៊ី​បាន​មក​បំពេញ​ទស្សនកិច្ច​ការងារ​ចំនួន​ពីរ​ថ្ងៃ​ពី​ថ្ងៃ​ទី​២៨​ដល់​ថ្ងៃ​ទី​២៩​ ខែកក្កដា​នៅ​កម្ពុជា​ ដើម្បី​ពង្រឹង​ពង្រីក​ចំណង​ទាក់ទង​និង​កិច្ចសហ​ប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ។

បន្ទាប់ពី​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​បានប្រកាស​មួយ​សប្តាហ៍​កន្លង​មក​នេះ ​ប្រទេស​កម្ពុជា​ ប្រទេស​ថៃ​ និង​ប្រទេស​ឥណ្ឌូនេស៊ី​មិនទាន់​បាន​ចាប់ផ្តើម​អនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ឡើយ​ទេ​ ហើយ​ក្រុម​អ្នកវិភាគ​បាននិយាយ​ថា​ប្រទេស​ទាំងបី​ទំនង​ជា​រង់ចាំ​រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ថៃ​ បើ​ទោះបី​ជា​ប្រទេស​កម្ពុជា​បាន​ព្យាយាម​សរសេរ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​បញ្ជូន​ទៅ​ឱ្យ​ប្រទេស​ថៃ​ និង​ប្រទេស​ឥណ្ឌូនេស៊ី​ដើម្បី​ជំរុញ​ការអនុវត្ត​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក៏ដោយ។​ សេចក្តី​សម្រេច​របស់​តុលាការ​ទីក្រុង​ឡាអេ​មិនទាន់​អាច​ដំណើរការ​នៅ​ពេល​ឥឡូវ​នេះ​ទេ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ម៉ាឡេស៊ី​បានបញ្ជាក់​ថា​ប្រទេស​ឥណ្ឌូនេស៊ី​សិក្សា​ពី​លទ្ធភាព​ដើម្បី​ចូល​ពាក់ព័ន្ធ​ក្នុង​ការបង្កើត​តំបន់​ដែល​ហៅ​ថា​តំបន់​ជម្លោះ​សម្រាប់​សន្តិភាព​រួម​ក្នុង​តំបន់​ប្រកប​ដោយ​សន្តិភាព។

«ប្រទេស​ឥណ្ឌូនេស៊ី​បានផ្តល់​នូវ​កិច្ចខំប្រឹងប្រែង​បន្ថែម​ដោយ​រៀបចំ​ និង​សិក្សា​បង្កើត​ក្រុម​អ្នកសង្កេតការណ៍​ដើម្បី​អនុវត្ត​ហើយ​ក៏ដូច​ជា​បកស្រាយ​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។​ នេះ​ជា​ដំណាក់កាល​មួយ​ដែល​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ចង់​ឃើញ​ ពីព្រោះ​ខ្ញុំ​គិត​ថា​ស្ថិរភាព​តំបន់​ គឺ​ជា​អាទិភាព​ខ្ពស់​បំផុត»។

កាសែត​ បាងកកប៉ុស្តិ៍ ​ បានរាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ប្រទេស​ថៃ​នឹង​ស្វះស្វែងរក​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​រួម​ (GBC)​ សម្រាប់​ពិគ្រោះ​យោបល់​ជាមួយ​ប្រទេស​កម្ពុជា​ស្តីពី​ការ​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែល​ប្រទេស​ទាំងពីរ​ត្រូវ​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន​ក្បែរ​ប្រាសាទ​ព្រះវិហារ។

លោក​ឧត្តមសេនីយ៍​ឯក​ ឈុំ​ សុជាត​ អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បាន​បដិសេធ​ការ​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​រួម ​(GBC) ដែល​ដឹកនាំ​ដោយ​សហ​ប្រធាន​នៃ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងពីរ។

«ជំហរ​របស់​កម្ពុជា​គឺ​ការប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ (GBC) មិន​អាច​អនុវត្ត​បាន​ទេ​ ព្រោះ​រឿង​ប្រាសាទ​ព្រះវិហារ​នេះ​ចូល​ ទៅ​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​ និង​អាស៊ាន។ ដូច្នេះ​សេចក្តី​សម្រេច​របស់​តុលាការ​ទីក្រុង​ឡាអេ​ជា​សេចក្តី​សម្រេច​មួយ​ដែល​ត្រូវតែ​អនុវត្ត​ដាច់ខាត។ អញ្ចឹង​បញ្ហា​សំខាន់​បំផុត​ ថៃ​ត្រូវតែ​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ»។

លោក​ សារ៉ាវុធ ប្រាទុមរាជ (Sarawut​ Pratoomraj)​ មន្ត្រី​គម្រោង​ជាន់ខ្ពស់​នៃ​គណៈកម្មការ​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង​បាងកក​ បាន​និយាយ​នៅ​សុក្រ​នេះ​ថា​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​របស់​ប្រទេស​ថៃ​នឹង​ចាប់ផ្តើម​ស៊ើបអង្កេត​ពាក្យបណ្តឹង​ចោទប្រកាន់​ថា​កងទ័ព​ថៃ​បានជាប់​ពាក់ព័ន្ធ​នឹង​ការសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​២០​នាក់​ក្រៅ​ច្បាប់​ក្នុង​រយៈពេល​ជាង​បួន​ឆ្នាំ​កន្លង​មក​នេះ។

លោក​ សារ៉ាវុធ ប្រាទុមរាជ ​បានបញ្ជាក់​ថា​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​របស់​ប្រទេស​ថៃ​នៅ​សប្តាហ៍​នេះ ​បាន​យល់ព្រម​ស៊ើបអង្កេត​ពាក្យបណ្តឹង​នេះ​ ហើយ​អង្គការ​នេះ​នឹង​ចាប់ផ្តើម​សាកសួរ​កងទ័ព​ថៃ​នៅ​តាម​ព្រំដែន​ក្នុង​ខេត្ត​សុរិន្ទ​នៅ​ចុង​ខែ​ក្រោយ៕

This posting includes an audio/video/photo media file: Download Now

ខ្មែរ​៧​នាក់​បាន​រួចផុត​ពី​ទាសភាព​លើ​ទូក​ថៃ

Posted: 29 Jul 2011 01:44 PM PDT

ពលករ​ចំណាក​ស្រុក​កម្ពុជា​សរុប​ចំនួន​ប្រាំពីរ​នាក់​បាន​ត្រឡប់​មកដល់​ក្រុង​ភ្នំពេញ​វិញ​នៅ​រសៀល​ថ្ងៃសុក្រ​នេះ​​​បន្ទាប់​ពី​ត្រូវ​គេ​បោក​យក​ទៅ​លក់​ធ្វើ​ជា​កម្មករ​នេសាទ​ខុស​ច្បាប់​​នៅ​ប្រទេស​ថៃ​អស់​ជា​ច្រើន​ខែ​រួចមក។

ពួកគេ​ត្រូវ​បាន​រំដោះ​ក្រោម​ការ​ជួយជ្រោម​ជ្រែង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ម៉ាឡេស៊ី​បន្ទាប់​ពី​ពលករ​ទាំងនេះ​បាន​រត់គេចខ្លួន​ពី​នាវា​នេសាទ​ថៃ​ហើយ​បាន​គេច​ខ្លួន​ចូល​ប្រទេស​ម៉ាឡេស៊ី។ ពលករ​ទាំងនេះ​មកពី​ខេត្ត​ពោធិ៍សាត់​ បាត់ដំបង​ បន្ទាយមានជ័យ​ សៀមរាប​ និង​កំពត​ ហើយ​ត្រូវបាន​មេខ្យល់​បោក​យក​ទៅ​លក់ឱ្យ​ធ្វើជា​អ្នក​នេសាទ​នៅ​ប្រទេស​ថៃ​អស់រយៈ​ពេល​ចន្លោះ​ពី​៨​ខែ​ដល់​ជាង​១ឆ្នាំ។

លោក​ ហ៊ុយ​ ពេជ្រសុវណ្ណ​ ជា​មន្រ្តី​កម្មវិធី​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សហគមន៍​បាន​ឱ្យ​ដឹង​ថា ​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន​ផ្ដល់​ដំណឹង​ដល់​មជ្ឈមណ្ឌល​របស់​​លោក​​ ហើយ​មជ្ឈមណ្ឌល​របស់​លោក​បាន​សហការ​ជាមួយ​ក្រសួង​មាន​សមត្ថកិច្ច​និង​មន្រ្តី​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី ​ហើយ​បាន​រកឃើញ​ពលករ​ទាំង​ប្រាំពីរ​នាក់​​នៅ​រោង​ចក្រ​អារ​ឈើ​ពីរ​កន្លែង​ផ្សេងគ្នា។

«ពេល​គាត់​ធ្វើការ​នៅក្នុង​រោងចក្រ​អារឈើ​នេះ​ទៅ​គាត់បាន​បើក​ប្រាក់​ខែ​ទីមួយ​របស់​គាត់​ម្នាក់​ប្រហែល​ជា​៩០​រីងហ្គីត។ គាត់​ក៏ទិញ​កាត​ទូរស័ព្ទ​ ហើយ​ទូរស័ព្ទ​មក​ឪពុក​ម្តាយ​គាត់​នៅផ្ទះ​រហូត​បាន​ឪពុកម្តាយ​គាត់​នៅ​ស្រុកខ្មែរ​នេះ​មកប្តឹង​អង្គការ​សង្គមស៊ីវិល​យើង​ទៅ​បាន​ខ្ញុំ​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី​សហការ​ជាមួយ​ប៉ូលីស​អន្តោប្រវេសន៍​ម៉ាឡេស៊ី​នេះ​រក​ពួកគាត់​ឃើញ​ប្រាំពីរ​នាក់​នេះ»។

បន្ទាប់​ពី​មក​ដល់​ប្រទេស​កម្ពុជា​ភ្លាម​ពលករ​ទាំងនោះ​ត្រូវ​បាន​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍​ហៅកាត់​ថា​ IOM​ យក​ទៅ​ពិនិត្យ​សុខភាព​ ហើយ​​ក្រោយមក​អ្នក​ទាំងនោះ​​ទៅ​ផ្តល់​​ព័ត៌មាន​​មួយ​ចំនួន​នៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​​នៃ​ក្រសួង​​មហា​​ផ្ទៃ​ មុន​នឹង​អង្គការ​លីកាដូ​និង​កាក​បាទ​ក្រហម​កម្ពុជា​ផ្ដល់​នូវ​សំភារៈ​ប្រើប្រាស់​មួយ​ចំនួន​​ដល់​ពួក​​គេ។

លោក​ស៊ុន​ បារាំង​ ​អាយុ​៤៧​ឆ្នាំ​​ មាន​ស្រុក​កំណើត​នៅ​​ខេត្ត​បាត់ដំបង​​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា​មេខ្យល់​បាន​មកទាក់ទង​គាត់​កាល​ខែ​តុលា ​ឆ្នាំ ​២០១០​ ឲ្យ​ទៅធ្វើជា​ពលករ​នៅ​ប្រទេស​ថៃ​ដោយ​មិន​​ប្រាប់​ថា​ លោក​ត្រូវ​ធ្វើ​ការងារ​អ្វី​នោះ​ទេ។ ក៏​ប៉ុន្ដែ​មេខ្យល់​បាន​សន្យា​ថា​ លោក​នឹង​ទទួល​បាន​ប្រាក់​​ខែ​យ៉ាង​តិច​ចំនួន ​៨.០០០ ​បាត ​គឺ​ស្មើនឹង​ជាង​២០០​​ដុល្លារ​អាមេរិក។

លោក​ស៊ុន​ បារាំង ​បន្ថែម​ថា ​ដោយសារ​ជីវភាព​មាន​ការ​ខ្វះខាត​បាន​បណ្តាល​​ឱ្យ​លោក​​បង្ខំ​​ចិត្ត​ទៅ​តាម​មេខ្យល់​ ក៏ប៉ុន្តែ​ទីបំផុត​គាត់​ត្រូវ​បាន​គេយក​ទៅលក់​​ធ្វើ​ជា​ទាសករ​​នៅលើ​ទូក​នេសាទ​​ទៅវិញ។

លោក​បាន​ឱ្យ​ដឹង​បន្តថា​លោក​ទៅ​ប្រទេស​ថៃនេះ​មាន​គ្នា​ចំនួន​៤នាក់​តែ​នៅពេល​ឡើង​ទូក​ត្រូវ​បាន​គេបំបែក​មិនឱ្យ​នៅ​ជុំគ្នា​នោះ​ទេ​រហូត​មកដល់ពេលនេះ​៣នាក់​ទៀតនោះ​បាត់ដំណឹង​មិនដឹង​ថា​យ៉ាងម៉េច​នោះទេ។

«ពេល​ដែល​ខ្ញុំ​បាន​ទៅ​ដល់​កំពង់​ផែ​ប្រទេស​ថៃ​បាតណាម ​គេ​ក៏​បង្ខំ​ឱ្យ​ចុះទូក​បង្ខំ​ឱ្យ​រក​ត្រី​ឱ្យ​គេ​នៅ​កណ្តាល​សមុទ្រ​ធ្វើ​គ្មាន​កំណត់​ថ្ងៃ​ទេ កំណត់​ម៉ោង​ទេ ​ឱ្យតែ​ម៉ោង​រកត្រី​លើក​អួន​គឺ​គិត​តែ​ពី​លើក​ហើយ​គឺ​ស្លាប់​គេអត់​ដឹង​ទេ»។

លោក​បារាំង​បាន​បញ្ជាក់​ថា​អ្នកដទៃ​ទៀត​ដែល​ទៅ​ជាមួយ​គ្នា​គឺ​ក្មួយ​គាត់​ពីរ​នាក់​និង​ប្អូនធម៌​ម្នាក់។

«រួចតែ​ខ្ញុំតែ​ម្នាក់​ដល់​កន្លែង​រកត្រី​វា​បំបែក​ទូកគ្នា​ម្នាក់​មួយៗ​វា​មិន​ឱ្យ​នៅ​ជុំគ្នា​នោះ​ទេ​ ខ្ញុំមក​ដល់​ស្រុកខ្មែរ​បារម្ភ​ពី​ក្មួយ​ទៀត»។

លោក​ទិត្យ ​សុភ័ក្រ​ អាយុ​២៩​ឆ្នាំ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង​ដូចគ្នា។ លោក​រៀបរាប់​ថា​​​ក្រៅពី​ធ្វើការ​ជា​កម្មករ​ទូកនេសាទ​ថៃ​ដោយ​មិន​ទទួល​​បានប្រាក់​ខែ​ កម្មករ​ទាំងឡាយ​ត្រូវ​​ទទួល​​រង​ការធ្វើ​ទារុណកម្ម​ពី​សំណាក់​ថៅកែ​ និង​មិនបាន​ហូប​ចុក​គ្រប់គ្រាន់​​ទៀត​ផង។​ លោក​ទិត្យ​ សុភ័ក្រ​ បាន​បន្ថែម​ថា​ កម្មករ​ខ្លះ​ត្រូវ​បាន​សម្លាប់​ទម្លាក់​ចូល​ក្នុង​សមុទ្រ​ទៀតផង។

លោក​ឧត្តមសេនីយ៍​ត្រី​ ជីវ ​ផល្លី​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ​ពលករ​ទាំង​ប្រាំពីរ​នាក់​នេះ​ស្ថិត​ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក​១២​នាក់​ដែល​បាន​រត់គេច​ចេញ​ពី​ទូក​នេសាទ​របស់​ថៃ​ បន្ទាប់ពី​ទទួលរង​ការ​ធ្វើ​ទារុណកម្ម​ពី​សំណាក់​ថៅកែ។ ហើយ​ពលករ​ចំនួន​៥នាក់​ផ្សេង​ទៀត​ កំពុង​តែបាត់​ខ្លួន​នៅ​ឡើយ។

លោក ​ជីវ​ ផល្លី​ បាន​ឱ្យដឹង​បន្ត​ថា​ ពលករ​ចំណាក​ស្រុក​ដោយ​ខុសច្បាប់​តាមរយៈ​មេខ្យល់​​អូសទាញ​ប្រឈម​នឹ​ងគ្រោះថ្នាក់​ខ្ពស់​បំផុត។

«កាលណា​គាត់​ឆ្លង​ដែន​ទៅ​តាម​មេខ្យល់​ដោយ​មិនដឹង​ឈ្មោះ​ច្បាស់លាស់​មិនដឹង​សាវតា​របស់​អ្នកនោះ​ហើយ​គាត់​មិនមាន​ឯកសារ​អ្វី​ត្រឹមត្រូវ​ទេ​គឺ​គាត់​ងាយ​រងគ្រោះ​ទីមួយ​អន្តោ​ប្រវេសន៍​ខុសច្បាប់​ទី២​រងគ្រោះ​ការបាញ់​សម្លាប់​នៅពេល​ដែល​ឆ្លងដែន​ទី៣​បើសិន​គាត់​ទៅដល់​រោងចក្រ​សហគ្រាស​គាត់​ងាយ​រងគ្រោះ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម​បើ​ខាងស្រី​ងាយ​ពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ​​ឬ​រំលោភ​ឬក៏​ទាសករ​​ដាច់ថ្លៃ​ឬក៏​អាចលក់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ»។

ចាប់តាំងពី​ឆ្នាំ​២០១០​រហូត​មកដល់ពេលនេះ​ពលករ​ចំណាក​ស្រុក​ចំនួន​៦១នាក់​ក្នុងនោះ​ប្រមាណ​ជា​១០នាក់​ជា​ស្រ្តី​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការរំលោភ​សិទ្ធិ​ការងារ ​ការធ្វើ​ទារុណកម្ម​​លើ​​​រាងកាយ​ និង​ ផ្នែក​ស្មារតី​ ក្នុង​ប្រទេស​ម៉ាឡេស៊ី ​ឥណ្ឌូនេស៊ី ​ទីម័រខាងកើត ​និង​អាហ្វ្រិក​ខាងត្បូង។​ នេះ​បើ​យោង​តាម​លោក​ ជីវ​ ផល្លី ។

លោក​ អន ​ប៊ុនហាក់ ​ប្រធាន​សមាគម​ភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​បាន​ឱ្យដឹង​ថា​ ភាគ​​ច្រើន​​ពលករ​ចំណាក​ស្រុក​ខុសច្បាប់​តែងតែ​ប្រឈម​ជាខ្លាំង​នឹង​បញ្ហា​ជាច្រើន​ដូចជា​ការ​រំលោភ​​សិទ្ធិ​ការងារ​ និ​ង​ការធ្វើ​ទារុណកម្ម​ជាដើម។ ក៏ប៉ុន្តែ​ពលករ​ដែល​ទៅ​ធ្វើការ​ដោយ​ស្របច្បាប់​ មិន​មាន​ការជួប​បញ្ហា​ធ្ងន់ធ្ងរ​បែប​នេះ​នោះ​ទេ។

«កើតឡើង​តែ​ចំពោះ​អ្នកខុសច្បាប់​តែម្តង​ដែល​មាន​ការលំបាក​ពីព្រោះ​កាលណា​គាត់ទៅ​គ្មាន​ឯកសារ​អញ្ចឹង​ប៉ូលិស​ក៏គាត់​អត់ចង់​ជួបដែរ​ដូច្នេះ​ហើយ​ជួនកាល​យើងឃើញ​ហើយ​មានការលំបាក​គាត់ត្រូវ​លួចតេ​មកផ្ទះ​ដើម្បី​ឱ្យ​មានការ​ជួយសង្គ្រោះ​ទាំងនេះ​ហើយ​ដែល​ជាបញ្ហា»។

ទោះបីជា​យ៉ាងណា​ក៏ដោយ​កាលពី​ថ្ងៃទី​១៧​ខែ​កក្កដា​នេះ ​ពលការីនី​ម្នាក់​​ដែល​បាន​ទៅធ្វើ​ការ​​ស្របច្បាប់​​នៅ​ប្រទេស​ម៉ាឡេស៊ី​​បាន​ស្លាប់។ ក្រុមហ៊ុន​បាន​អះអាង​​ថា ​ក្មេង​ស្រី​នេះ​​មាន​ជំងឺ​​ទឹក​ចូល​សួត។ ក៏ប៉ុន្តែ​ក្រុម​អង្គការ​ក្រៅរដ្ឋា​ភិបាល​បាន​ចាត់ទុក​ការស្លាប់នេះ​នៅ​មាន​​មន្ទិល​សង្ស័យ​ទៅ​លើការ​ធ្វើ​ទារុណកម្ម​ដោយ​ករណីនេះ​កំពុង​ធ្វើ​ការស៊ើបអង្កេត។

ស្របពេល​ជាមួយគ្នា​នេះ​លោក​ មឿន ​តុលា​ប្រធាន​កម្មវិធី​ផែ្នក​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សហគមន៍​បាន​ឱ្យដឹង​ថា​ពលករ​ចំណាក​ស្រុក​ទាំង​ស្របច្បាប់​និង​​ខុសច្បាប់​កំពុង​ប្រឈម​ជាខ្លាំង​ក្នុង​ការ​រំលោភបំពាន​សិទ្ធិ​ការងារ​និង​ការធ្វើទារុណកម្ម​ផ្សេង​ៗលើ​រាងកាយ។

លោក​ អន​ ប៊ុនហាក់ ​បាន​ឱ្យដឹង​បន្ត​ថា​ជារៀងរាល់​ឆ្នាំ​មាន​ពលករ​ចំណាក​ស្រុក​ស្រប​ច្បាប់​ប្រមាណ​ជា ​៣០.០០០​ទៅ​៤០.០០០​នាក់​ចាប់តាំង​ពី​ឆ្នាំ​១៩៩៥​ មក​ដើម្បី​ស្វែង​រកការងារ​ដូចជា​បម្រើការ​នៅ​​តាមផ្ទះ​ធ្វើ​ សំណង់​និង​នៅ​តាម​រោងចក្រ​ជាដើម។ ហើយ​រហូត​មកដល់ពេលនេះ​​មាន​ពលករ​​ចំណាក​ស្រុក​ស្របច្បាប់​យ៉ាង​ហោចណាស់​ប្រមាណ​ជា​៨០.០០០​នាក់​ នៅ​ប្រទេស​ជប៉ុន​ កូរ៉េ​ ថៃ ​និង​​ម៉ាឡេស៊ី។

ក៏ប៉ុន្ដែ​លោក ប៉ាន់​ប្រមាណ​ថា​ពលករ​ចំណាក​ស្រុក​ខុសច្បាប់​អាចមាន​ចំនួន​ច្រើន​ជាង​នេះ​យ៉ាង​ខ្លាំង​ គឺ​អាចមាន​ចំនួន​​រហូត​ដល់​ប្រមាណ​ជា​៣០០.០០០នាក់ ​រហូត​មកទល់​ពេលនេះ។ បន្ថែម​ពី​នោះ​ប្រមាណ​ពី​៨០.០០០ទៅ​១០០.០០០ ​​នាក់​ បាន​ធ្វើ​ចំណាក​ស្រុក​ជា​រៀងរាល់​ឆ្នាំ៕

This posting includes an audio/video/photo media file: Download Now

រដ្ឋមន្ត្រី​អាស៊ី​អាគ្នេយ៍​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​ទន្លេ​មេគង្គ

Posted: 29 Jul 2011 03:44 PM PDT

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ពី​ប្រទេស​អាស៊ី​ចំនួន​៦ ​កំពុង​ជួប​ប្រជុំ​គ្នា​ក្នុង​​រាជធានី​ភ្នំពេញ​ដើម្បី​សម្រេច​ពី​របៀប​ដែល​ពួកគេ​នឹង​ធ្វើ​ការងារ​ជាមួយ​គ្នា​ ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ការ​ការពារ​បរិស្ថាន​នៅ​ក្នុង​តំបន់​មួយ​ដែល​រួម​មាន​ទន្លេ​ដ៏​វែង​បង្អស់​និង​សម្បូរ​ជីវ​ចម្រុះ​បំផុត​មួយ​ក្នុង​ពិភពលោក។

ក្នុង​ឆ្នាំ​២០០៥ ​ប្រទេស​ដែល​បែងចែក​ទន្លេ​មេគង្គ​ប្រវែង​៤.៨០០​គីឡូម៉ែត្រ​បាន​បង្កើត​ផែនការ​រយៈពេល​៥​ឆ្នាំ​ដើម្បី​ធ្វើ​ឲ្យ​ឯកភាព​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​រវាង​ការ​ការពារ​បរិស្ថាន​ជាមួយ​នឹង​ការ​អភិវឌ្ឍ​ និង​ការ​កាត់​បន្ថយ​ភាពក្រីក្រ។

កម្មវិធី​មាន​ទឹក​ប្រាក់​៣០​លាន​ដុល្លារ​នេះ ​ដែល​មាន​ឈ្មោះ​ថា​«កម្មវិធី​បរិស្ថាន​ស្នូល​និង​ការ​ផ្តួចផ្តើម​របៀង​អភិរក្ស​ជីវ​ចម្រុះ»​ (Core​ Environmental​ Program​ and ​Biodiversity​ Conservation ​Corridors​ Initiative) នឹង​ផុត​កំណត់​នៅ​ខែ​ធ្នូ។​ ប្រទេស​ទាំង​៦​ក្នុង​មហា​អនុតំបន់​ទន្លេ​មេគង្គ​មាន​ប្រទេស​ចិន​ ភូមា​ ឡាវ​ កម្ពុជា​ និង​វៀតណាម​និង​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​របស់​ប្រទេស​ទាំង​នោះ​បាន​យល់ព្រម​ជា​គោលការណ៍​ឲ្យ​បន្ត​កម្មវិធី​នោះ​រហូត​ដល់​ឆ្នាំ​២០១៦។​ ផែនការ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ទទួល​ការ​អនុម័ត​ជាផ្លូវការ​នៅ​ខែ​ធ្នូ​ខាង​មុខ។

លោក​ Sanath​ Ranawana ​ជា​អ្នក​ឯកទេស​ជាន់ខ្ពស់​ខាង​ប្រភព​ធនធាន​ធម្មជាតិ​នៅ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ដែល​គ្រប់គ្រង​កម្មវិធី​នោះ។ លោក​ពន្យល់​ពី​មូលហេតុ​ដែល​ការ​ពិភាក្សា​បែប​នេះ​មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ច្រើន​លាន​នាក់​នោះ។

«មហា​អនុ​តំបន់​ទន្លេ​មេគង្គ ​(GMS)​ គឺ​ជា​តំបន់​មួយ​ដែល​កំពុង​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស។ ហើយ​សក្តានុពល​សម្រាប់​ការ​រីក​លូតលាស់​នៅ​តំបន់​នេះ​ មាន​ភាព​ធំ​សម្បើម​ណាស់​ ប្រទេស​នានា​ដូចជា​ចិន​ ប្រទេស​ជិតខាង​ផ្សេងៗ​ទៀត​ដូចជា​ឥណ្ឌូណេស៊ី ​ឬ​ ឥណ្ឌា​ដែល​ត្រូវការ​ប្រភព​ធនធាន​និង​ផលិតផល​យ៉ាង​សម្បើម​មកពី​តំបន់​នោះ។ ហើយ​កម្មវិធី​នេះ​មាន​សារៈសំខាន់​ និង​ចាំបាច់​ដើម្បី​ឲ្យ​មាន​តុល្យភាព​ទៅ​នឹង​អ្វី​ដែល​តំបន់​នេះ​ ប្រហែល​ធ្វើ​ក្នុង​ពេល​អនាគត​ ការ​អភិវឌ្ឍ​នៅពេល​អនាគត​ ពី​របៀប​ដែល​តំបន់​នោះ​អាច​រៀបចំ​ចាត់ចែង​ប្រភព​ធនធាន​របស់​ខ្លួន​ប្រកបដោយ​ចីរភាព​មួយ។»

ទន្លេ​មេគង្គ​និង​ដៃ​របស់​វា​ជា​កន្លែង​សម្បូរ​ត្រី​ទឹកសាប​ដ៏​ច្រើន​បង្អស់​មួយ​នៅ​ក្នុង​ពិភពលោក​ ក៏ប៉ុន្តែ ​ពួក​អ្នក​បរិស្ថាន​ព្រមាន​ថា​ ទន្លេ​នោះ​កំពុង​ទទួល​រង​នូវការ​គំរាម​កំហែង​កាន់តែ​កើន​ឡើង​ពី​ជាតិ​កខ្វក់​ហើយ​នឹង​ទំនប់​វារី​អគ្គីសនី។

ក្រុម​អ្នក​បរិស្ថាន​មាន​ការ​ភ័យខ្លាច​ថា​ទំនប់​អាច​ធ្វើ​ឲ្យ​ខូច​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិមាណ​ត្រី​ដែល​ធ្វើ​បម្លាស់​ទី​ ក៏ដូច​ជា​លំហូរ​នៃ​ការ​កកើត​ដីល្បាប់​ដែល​​ការពារ​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​វៀតណាម​ខាង​ត្បូង។

សំណើ​ដ៏​ចម្រូង​ចម្រាស់​បំផុត​មួយ​គឺ​ទំនប់ទឹក​សាយ៉ាប៊ូរី​ (Xayaburi) ដែល​មាន​តម្លៃ​៣.៨០០​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​ឡាវ​ ក៏ប៉ុន្តែ ​បន្ទាប់​ពីមាន​ការ​ដាក់​សម្ពាធ​ពី​ប្រទេស​នៅ​ចរន្ត​​ទឹក​ខាង​ក្រោម​គឺ​កម្ពុជា​ និង​វៀតណាម​ កាល​ពី​ពេល​ថ្មីៗ​នេះ​ មន្រ្តី​ឡាវ​បាន​និយាយ​ថា​ពួកគេ​ផ្អាក​ការ​សាងសង់​នេះ។

សារៈសំខាន់​របស់​ទន្លេ​មេគង្គ​ដល់​ប្រទេស​កម្ពុជា​បាន​ត្រូវ​លើក​យកមក​បញ្ជាក់​ដោយ​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ដែល​បាន​ប្រាប់​កិច្ចប្រជុំ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ការ​រៀបចំ​ចាត់ចែង​ប្រភព​ធនធាន​ទឹក​ទន្លេ​ជា​បញ្ហា​អាយុ​ជីវិត​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ពឹងផ្អែក​លើ​ទន្លេនោះ។

ឡាវ​ក៏​មើលឃើញ​ដែរ​ថា​ ទន្លេ​នោះ​ជា​មធ្យោបាយ​ដ៏​សំខាន់​មួយ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេដ្ឋកិច្ច​ដ៏​ក្រីក្រ​របស់​ខ្លួន​ដោយ​ការ​បង្កើត​អគ្គីសនី​មកពី​ទំនប់​វារីអគ្គីសនី​សម្រាប់​តំបន់​ដែល​ស្រេកឃ្លាន​ថាមពល​នេះ។

លោក​ Sanath​ Ranawana​ នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​និយាយ​ថា​ ការ​ភ្ជាប់​កម្មវិធី​ថាមពល​ទៅនឹង​បរិស្ថាន​ ជា​ចំណុច​ស្នូល​នៃ​ដំណាក់កាល​ទី​២​របស់​កម្មវិធី​នោះ។ វា​ក៏​នឹង​ភ្ជាប់​បរិស្ថាន​ទៅ​នឹង​ការ​សម្រេចចិត្ត​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​សំខាន់​ផ្សេង​ៗ​ទៀត​ដូចជា​ កសិកម្ម​ ទេសចរណ៍​ និង​ការដឹក​ជញ្ជូន។

«យើង​បាន​បញ្ជាក់​យ៉ាងច្បាស់​ ហើយ​ប្រទេស​ផ្សេងៗ​ទៀត​ទទួល​ស្គាល់​យ៉ាង​ពិត​ប្រាកដ​ថា ​បរិស្ថាន​ជា​ចំណុច​ស្នូល​មួយ​ដែល​ពួកគេ​ត្រូវការ​គិតគូ។ សេវាកម្ម​ប្រព័ន្ធ​អេកូឡូហ៊្សី​ដែល​កើតចេញ​ពី​ការ​អភិរក្ស​ទេសភាព​ជា​អ្វី​ដែល​ទ្រទ្រង់​កម្មវិធី​សេដ្ឋកិច្ច​នេះ​ គឺ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទាំងមូល។ ដូច្នេះ ​កសិកម្ម ​វារី​អគ្គីសនី​ ផ្នែក​ទាំងអស់​នោះ​ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ត្រូវ​ផ្អែក​លើ​ការ​មាន​សេវាកម្ម​ប្រព័ន្ធ​អេកូឡូហ៊្សី​ដ៏​មាន​តម្លៃ​មួយ។»

នៅ​កោះ​បាលី​កាលពី​សប្តាហ៍​មុន​ លោកស្រី​ Hillary​ Clinton​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​វេទិកា​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ថា​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ កំពុង​ធ្វើការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)​ និង​សហភាព​អឺរ៉ុប​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​និង​បរិស្ថាន​ក្នុង​តំបន់​ទន្លេ​មេគង្គ​ខាងក្រោម។ លោកស្រី​ក៏​អំពាវនាវ​ឲ្យ​ផ្អាក​ការ​សាងសង់​ទំនប់​ថ្មី​ទាំងអស់​រហូត​ទាល់​តែមាន​ការ​វាយ​តម្លៃ​ដ៏​ពេញលេញ​ដល់​ផលប៉ះពាល់​បរិស្ថាន​របស់​ប្រទេស​ទាំង​នោះ​ជាមុន​សិន៕

ប្រែ​សម្រួល​ដោយ​ ជឹង​ ប៉ូជីន

This posting includes an audio/video/photo media file: Download Now

ជំងឺ​ផ្តាសាយ​បក្សី​សម្លាប់​មនុស្ស​អស់​៧​នាក់​នៅ​ឆ្នាំ​នេះ

Posted: 29 Jul 2011 11:52 AM PDT

កុមារី​អាយុ ​៤ ​ឆ្នាំ​ម្នាក់​បាន​ស្លាប់​កាលពី​សប្ដាហ៍​មុន​ដោយសារ​ជំងឺ​ផ្ដាសាយបក្សី​ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា។ ជនរងគ្រោះ​ថ្មី​នេះ ​បាន​បង្ហាញ​ថា ​ជំងឺ​ប្រល័យ​​ជីវិត​នេះ​​ មាន​សន្ទុះ​កើនឡើង​នៅឆ្នាំ​២០១១ ​នេះ។

នេះ​បើយោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​និង​អង្គការ​សុខភាព​ពិភព​លោក​ (WHO) នៅ​ថ្ងៃ​សុក្រ​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា​ កុមារី​បានស្លាប់​បន្ទាប់ពី​ឈឺ​អស់រយៈពេល​ដប់ថ្ងៃ។ ហើយ​ឱពុកម្ដាយ​របស់​នាង​បានយក​នាង​ទៅ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​​​នៅ​ក្នុង​​ភូមិ​របស់នាង​គឺភូមិ​ចករស្មី ឃុំ​រហាត់ទឹក​ ឃុំ​រហាត់ទឹក​ ក្នុងស្រុក​មង្គលបុរី ​មុននឹង​បញ្ជូន​នាង​​ទៅ​កាន់​មន្ទីរពេទ្យ​កុមារ​ ជ័យវរ្ម័នទី VII ក្នុង​ខេត្ត​សៀមរាប​​ ដែល​នៅទីនោះ​នាងបាន​ស្លាប់​បាត់បង់​ជីវិត។

លោក​វេជ្ជបណ្ឌិត​សុខ ទូច ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​ មាន​ប្រសាសន៍​ថា​ កុមារី​រងគ្រោះ​បានប៉ះពាល់​សត្វ​មាន់​ងាប់​នៅក្នុង​ផ្ទះ​របស់​នាង។

«កាលពី​សប្ដាហ៍​មុន​ គាត់បានប៉ះពាល់​ជាមួយ​សត្វមាន់​ក្នុង​ផ្ទះ​របស់គាត់»។

ការស្លាប់​របស់​កុមារី​ខាងលើ​បានធ្វើឲ្យ​ជនរងគ្រោះ​ដោយ​ជំងឺ​ផ្ដាសាយ​បក្សី​កើន​ដល់​ចំនួន​១៥នាក់ ​ចាប់តាំងពី​ការផ្ទុះ​ជំងឺ​នេះ​ក្នុង​ប្រទេស​កម្ពុជា​នៅឆ្នាំ​២០០៥។ ជនរងគ្រោះ​ចំនួន​ប្រាំពីនាក់​បានស្លាប់​​ចាប់តាំងពី​ដើមឆ្នាំ​២០១១ ​នេះ​នៅក្នុងនោះ​ប្រាំមួយ​នាក់​គឺជា​កុមារ។

លោក​វេជ្ជបណ្ឌិត​ម៉ម ប៊ុនហេង ​រដ្ឋមន្រ្ដី​ក្រសួង​សុខាភិបាល​​ បានថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​នៅថ្ងៃនេះ​ថា ជំងឺ​ផ្ដាសាយបក្សី​នៅតែ​ជាជំងឺ​គំរាម​កំហែង​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា។ ហើយ​ជនរងគ្រោះ​ភាគច្រើន​គឺជា​កុមារ។

លោក​ម៉ម ប៊ុនហេង​បានអំពាវនាវ​ឲ្យ​ឱពុកម្ដាយ​ទាំងឡាយ​ធ្វើការ​ប្រុងប្រយ័ត្ន​ហើយ​ត្រូវរក្សា​កូនៗ​របស់​ពួកគេ​ឲ្យឃ្លាតឆ្ងាយ​ពី​កសិដ្ឋាន​ដែល​មាន​សត្វ​បសុបក្សី​ឈឺ​ឬក៏ងាប់។

រហូត​មកទល់​ពេលនេះ​តួលេខ​ជា​ផ្លូវការ​បង្ហាញ​ថា​ មានអ្នកជំងឺ​ដោយសារ​មេរោគ​H5N1​ដែលជា​មេរោគ​នៃជំងឺ​ផ្ដាសាយបក្សី​ចំនួន​ ៥៦៣នាក់​នៅក្នុង​ពិភព​លោក។ ក្នុងចំណោម​នោះ​៣៣០ ​បានស្លាប់។

នៅក្នុង​ប្រទេស​កម្ពុជា​ការយល់ដឹង​អំពី​បញ្ហា​សុខភាព​នៅមាន​កម្រិតទាប​នៅឡើយ​ជាពិសេស​នៅក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ជនបទ​ដែល​ខ្វះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជ្រៀតទៅដល់។

លោកវេជ្ជបណ្ឌិត​សុខ ទូច ​មានប្រសាសន៍​ថា ​អ្នកភូមិ​ចំនួន​១៣ នាក់​ត្រូវបាន​បូម​ឈាមយក​មក​ពិនិត្យ។ ក៏ប៉ុន្ដែ​ពួកគេ​មានលទ្ធផល​អវិជ្ជមាន។ ទោះជាយ៉ាងណា​ក៏ដោយ​ក្រុមមន្ដ្រី​សុខាភិបាល​បាន​ដាក់ភូមិចករស្មី​របស់កុមារ​រងគ្រោះ​ឲ្យ​ស្ថិត​នៅក្រោម​ការឃ្លាំ​មើល​នៅឡើយ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៩ កក្កដា

Posted: 28 Jul 2011 09:29 PM PDT

អេហ្ស៊ីប៖ លោក​អតីត​ប្រធានាធិបតី​ Hosni Mubarak​ នៃ​ប្រទេស​អេហ្ស៊ីប​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជំនុំ​ជម្រះ​កាត់​សេចក្ដី​នៅ​សប្តាហ៍​ក្រោយ​នៅ​ក្រុង​ឡឺ​គែរ។

ហ្វីលីពីន៖ ក្រសួង​យុត្ដិធ៌ម​ ប្រទេស​ហ្វីលីពីន​ឲ្យ​ដឹង​ថា ​ខ្លួន​បាន​បើក​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការណ៍​អំពី​ការ​ចោទ​ប្រកាន់​ថ្មីៗ​ថា ​លោក​ស្រី​អតីត​ប្រធានាធិបតី​Gloria Arroyo ​បាន​បករើ​ប៉ូលីស​ដើម្បី​ផ្លាស់​ប្ដូរ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឆ្នាំ​២០០៤។

សូម៉ាលី៖ មាន​សេចក្ដី​រាយថា​ មនុស្ស​យ៉ាង​តិច​១០​នាក់​ ត្រូវ​បាន​ស្លាប់​នៅ​រដ្ឋធានី​ Mogadishu​ នៃ​ប្រទេស​សូម៉ាលី​ នៅ​ពេល​ដែល​កងកម្លាំង​សហភាព​អាហ្វ្រិក ​និង​កងកម្លាំង​​របស់​រដ្ឋាភិបាល​ប្រយុទ្ធ​ជា​មួយ​ជន​សកម្មប្រយុទ្ធ​ ដើម្បី​ការពារ​ការ​ហូរ​ចូល​នៃ​ជំនួយ​ស្បៀងអាហារ។

ឥណ្ឌា៖ បណ្ដាញ​ព័ត៌មាន​ឥណ្ឌា​ឲ្យ​ដឹង​ថា​ រដ្ឋមន្ដ្រី​ថ្នាក់​ខ្ពស់​នៃ​រដ្ឋ​ខាង​ត្បូង​ Karnataka​ បាន​ដាក់​ពាក្យ​ចុះ​ចេញ​ពី​ដំណែង​ ដែល​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ចោទ​ថា​លោក ​និង​មន្ដ្រី​ដទៃ​ៗ​ទៀត​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បន្លំ​ខុស​ច្បាប់​ក្នុង​រឿង​ជីក​រ៉ែ។

សហរដ្ឋ​អាមេរិក៖ សភា​សរអគ្រោង​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​លើ​ផែនការ​របស់​លោក​ John Boehner ​ប្រធាន​សភា​ពី​គណបក្ស​សាធារណ:រដ្ឋ​ ដើម្បី​តម្លើង​កម្រិត​ប្រាក់​បំណុល​ហើយ​កាត់​បន្ថយ​ប្រាក់​ចំណាយ។

លីប៊ី៖ ពួក​បះបោរ​លីប៊ី​និយាយ​ថា​ គេ​ដណ្ដើម​យក​បាន​ស្រុក ​Ghezaia​ ស្ថិត​នៅ​ភាគ​ខាង​លិច​ ក្រោយ​ពី​បាន​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ក្នុង​តំបន់​នោះ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ។

អ៊ីរ៉ង់៖ សរអ​បាន​ចោទ​ប្រទេស​អ៊ីរ៉ង់​ថា​ បាន​ធ្វើ​ការ​ព្រមព្រៀង​គ្នា​ដោយ​សម្ងាត់​ជា​មួយ​ពួក​អាល់កៃដា​ នៅ​ពេល​ដែល​រដ្ឋាភិបាល​សរអ​ ប្រកាស​ដាក់​ទ័ណ្ឌកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទៅ​លើ​ភ្នាក់ងារ​អាល់កៃដា​ថាជាប់​សង្ស័យ។

ន័រវេស៖ នាយក​ខាង​ផ្នែក​សន្ដិសុខ​នៃ​ប្រទេស​ន័រវេសឲ្យដឹង​ថា​ មើល​ទៅ​ទំនង​ដូច​ជា​កាន់​តែ​ច្បាស់​ឡើង​ថា​ អ្នក​ជាប់​សង្ស័យ​ក្នុង​ការ​វាយ​ប្រហារ​កាល​ពី​អាទិត្យ​មុន​ដែល​បណ្ដាល​ឲ្យ​មនុស្ស​៧៦​នាក់​ស្លាប់​ ធ្វើ​ដូច្នេះ​តែ​ម្នាក់​ឯង​ ដោយ​និយាយ​ថា​ អ្នក​សើប​អង្កេត​គ្មាន​ភស្ដុតាង​អ្វី​រហូត​មក​ដល់​ពេល​នេះ​ដែល​ភ្ជាប់​គាត់​ទៅ​នឹង​ពួក​និយម​ជ្រុល​ហួស​ដទៃ​ទៀត​ទេ។

ឥណ្ឌា៖ អាជ្ញាធរ​ឥណ្ឌា​ឲ្យ​ដឹង​ថា​ ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព ​និងពួក​សកម្មប្រយុទ្ធ​នៅ​តំបន់​ Kashmir​ ដែល​ប្រទេស​ឥណ្ឌា​គ្រប់​គ្រង​ បាន​បណ្ដាល​ឲ្យ​នាយ​ទាហាន​ម្នាក់​ស្លាប់​ហើយ​របួស​ពីរ​នាក់​ទៀត។​

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!