VOA News: ព័ត៌មាន: “ស្រី្ត​លក់​ស្រាបៀរ​អង្គរ​ដែល​ធ្វើ​កូដកម្ម​អាច​បាត់បង់​ការងារ​ធ្វើ” plus 3 more

VOA News: ព័ត៌មាន: “ស្រី្ត​លក់​ស្រាបៀរ​អង្គរ​ដែល​ធ្វើ​កូដកម្ម​អាច​បាត់បង់​ការងារ​ធ្វើ” plus 3 more


ស្រី្ត​លក់​ស្រាបៀរ​អង្គរ​ដែល​ធ្វើ​កូដកម្ម​អាច​បាត់បង់​ការងារ​ធ្វើ

Posted: 27 Jul 2011 02:56 PM PDT

ស្រ្តី​បម្រើ​ស្រា​បៀរ​អង្គរ​ចំនួន​៣៤​នាក់​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ ពួក​គេ​អាច​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ការងារ​ធ្វើ ​បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើកូដកម្ម​តវ៉ា​ចំនួន​បី​ថ្ងៃ​ដើម្បី​ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ​គោរព​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។

កាលពី​ថ្ងៃ​ទី​៧​ខែវិច្ឆិកា​កន្លង​ទៅ​នេះ​ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​ចេញ​សេចក្តី​សម្រេច​ឲ្យ​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​ផ្តល់​ប្រាក់​បន្ថែម​ចំនួន​ពីរ​ដុល្លារ​ដល់​ស្រ្តី​ផ្សព្វ​ផ្សាយ​ស្រាបៀរ​អង្គរ​ចំនួន​៣៤​នាក់​ដែល​បាន​ធ្វើ​ការ​ងារ​បន្ថែម​ម៉ោង​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ចាប់​ពី​ខែ​វិច្ឆិកា​ឆ្នាំ២០០៧​រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ​២០១០។

បន្ទាប់​ពី​ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ​ពុំ​បាន​គោរព​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ស្រី្ត​ផ្សព្វ​ផ្សាយ​ស្រាបៀរ​អង្គរ​ចំនួន​៣៤​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ពី​មុខ​ក្រុមហ៊ុន​ស្រា​បៀរ​អង្គរ​ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​នរោត្តម​អស់​ចំនួន​បី​ថ្ងៃ​មក​ហើយ។

អ្នកស្រី​ស៊ីម​ ផាន​ អាយុ​២៨​ឆ្នាំ​ ស្រ្តី​បម្រើ​ស្រាបៀរ​អង្គរ​ ដែល​បាន​បម្រើ​ការ​ងារ​នេះ​អស់​រយៈ​ពេល​៨​ឆ្នាំ​មក​ហើយ​នោះ​ បាន​មាន​ប្រសាសន៍​ថា​ ស្រ្តី​បម្រើ​ស្រាបៀរ​ចង់​ឲ្យ​ក្រុម​ហ៊ុន​ស្រា​បៀរ​អង្គរ​គោរព​ទៅ​តាម​សេចក្តី​សម្រេច​នេះ។

អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ក្រុមហ៊ុន​បាន​ផ្តល់​ប្រាក់​តែ​ពីរ​ដុល្លារ​តែ​ប៉ុណ្ណោះ​នៃ​ប្រាក់​ចំនួន​បួន​ដុល្លារ​សម្រាប់​ថ្លៃ​ធ្វើ​ការ​បន្ថែម​ម៉ោង។

«គោល​បំណង​ពួក​ខ្ញុំ​តវ៉ា​រឿង​ប្រាក់​ចុង​សប្តាហ៍​ពួក​ខ្ញុំ​ តែ​​កន្លង​មក​ក្រុម​ហ៊ុន​អត់​ទូទាត់​ដល់​ពួក​ខ្ញុំ​គ្រប់​ចំនួន​ទេ។​ គេ​ឲ្យ​ពួក​ខ្ញុំ​តែ​២​ដុល្លារ​ បើតាម​ច្បាប់​ការងារ​ ពួក​ខ្ញុំ​ត្រូវ​បាន​៤​ដុល្លារ»។

ចំណែក​អ្នក​ស្រី​ដាំ ចំរ៉ុង ​អាយុ​៣៤​ឆ្នាំ​ស្រ្តី​ផ្សព្វផ្សាយ​ស្រា​បៀរ​អង្គរ​មួយ​រូប​ផ្សេង​ទៀត​បាន​និយាយ​ថា​ ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ​ត្រូវ​ផ្តល់​លុយ​ឲ្យ​ពួក​គេ​ចំនួន​ជាង​៤០០​ដុល្លារ​ក្នុង​ម្នាក់ៗ​ ដោយ​គិត​ចាប់​ពី​ឆ្នាំ​២០០៧​រហូត​ដល់​ឆ្នាំ​២០១០។

អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ បន្ទាប់​ពី​មាន​ការ​ទាមទារ​ប្រាក់​ម៉ោង​បន្ថែម​ ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​បាន​ព្រមាន​ពួក​គេ​ទាំង​៣៤នាក់​ថា​ អាច​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ការងារ​ធ្វើ។

«វាប៉ះពាល់​ច្រើន​ កាលណា​ខ្ញុំ​នៅ​ធ្វើកូដកម្ម។ ​ខ្ញុំអត់​បាន​ធ្វើការ។ ​ទី​១​ក្រុមហ៊ុន​វា​យក​លេស​ថា​ ជូន​កាល​យើង​ធ្វើកូដកម្ម​អត់​បាន​ផ្តល់​ព័ត៌មាន​​ និង​អត់​សុំច្បាប់​គេ។​គេ​អាច​បញ្ឈប់​យើង​ដោយ​មិន​បាច់​គិត​លុយ​ឲ្យ​យើង»។

វីអូអេ​ព្យាយាម​ទាក់ទង​អ្នកស្រី​សូ យ៉ារី ​ប្រធាន​ផ្នែក​គ្រប់​គ្រង​ស្ត្រី​ផ្សព្វផ្សាយ​ស្រាបៀរ​អង្គរ​ដើម្បី​សុំ​ការ​បំភ្លឺ ​តែ​ពុំអាច​ទាក់ទង​បាន​ទេ។

លោក​អ៊ី សំភី ​ប្រធាន​ផ្នែក​បណ្តុះ​បណ្តាល​និង​ទំនាក់ទំនង​របស់​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ បាន​មាន​ប្រសាសន៍​ថា ​ប្រសិន​បើ​ភាគី​ទាំង​សង​ខាង​មិន​យល់​ស្រប​នឹង​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ទេ ​ពួកគេ​អាចប្តឹង​ទៅ​តុលាការ​ប្រឆាំង​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​នេះ។

«អញ្ចឹង​បាន​ន័យ​ថា​ នីតិវិធី​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ចប់​ ភាគី​អាច​ចាត់​វិធានការ​តាម​ច្បាប់​តទៅ​ទៀត។​ ហើយ​វិធាន​ការ​តាម​ច្បាប់​តទៅ​ទៀត​ហ្នឹង​គឺទី​១​អាច​ថា​ ប្តឹង​ទៅ​តុលាការ​ដើម្បី​ឲ្យ​តុលាការ​គាត់​សម្រេច​តទៅ​ទៀត»។

លោក​អ៊ី សំភី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ការ​ធ្វើ​កូដកម្ម​ដើម្បី​ប្រឆាំង​ជំទាស់​គឺជា​ការ​ត្រឹមត្រូវ​ទៅ​តាម​នីតិ​វិធី​ដែល​ច្បាប់​បាន​កំណត់ ​ហើយ​ភាគ​ច្រើន​នៃ​ការ​ធ្វើ​កូដកម្ម​នេះ​អាច​មាន​ការ​សម្រប​សម្រួល​​រវាង​និយោជិក​និង​និយោជក៕

This posting includes an audio/video/photo media file: Download Now

សហចៅ​ក្រម​សាលាក្តី​ខ្មែរក្រហម​​ថា​សំណុំរឿង​០០៣​និង​០០៤​នឹង​មិន​ត្រូវ​ទាត់​ចោល​ទេ

Posted: 27 Jul 2011 02:16 PM PDT

បន្ទាប់​ពី​​មាន​ការ​ព្រួយបារម្ភ​ និង​ការ​រិះគន់​ជាខ្លាំង​ទៅលើ​ការ​ស៊ើបអង្កេត​របស់​ក្រុម​ចៅក្រម​លើ​​សំណុំ​រឿង​ពីរ​ចុងក្រោយ​គឺ​សំណុំរឿង​០០៣ ​និង​សំណុំរឿង​០០៤​ លោក ​ស៊ីហ្វ្រ៊ីត ​ប៊្លុង (Siegfried Blunk)​ សហចៅក្រម​បរទេស​ បាន​អះអាង​ថា​ សំណុំរឿង​ទាំង​ពីរ​នេះ​នឹង​មិន​ត្រូវទាត់​ចោល​នោះ​ទេ។ ​លោកប៊្លុង​បាន​​ថ្លែង​​យ៉ាង​ដូច្នេះ​នៅ​ក្នុង​បទ​សម្ភាសន៍​ផ្ដាច់មុខ​ជាមួយ ​វីអូអេ​សំឡេង​​សហរដ្ឋ​អាមេរិក​ជា​ខេមរភាសា​​កាលពី​​ថ្ងៃពុធ​ទី​២០​ខែ​​កក្កដា​​ នា​សប្ដាហ៍​កន្លង​ទៅ​នេះ។​ លោក​សហចៅក្រម​ស៊ើបអង្កេត​ស៊ីកហ្រ្វ៊ីត​ប៊្លុង​មាន​​សាសន៍​ថា​ ការ​ស៊ើបអង្កេត​សំណុំ​រឿង​០០៤ ​ដែល​ជាសំណុំរឿង​ចុង​ក្រោយ​ កំពុង​តែ​បន្ដ។

តទៅ​នេះ​គឺ​​បទសម្ភាសន៍​ទាំង​ស្រុង​រវាង​លោក​ គង់ សុឋានរិទ្ធ​ ជាមួយ​លោក​ Siegfried Blunk៖

វីអូអេ៖ លោកចៅក្រម ​Siegfried Blunk ​តើ​លោក​អាច​ពន្យល់​បាន​ដូចម្ដេច​អំពី​ការ​រីក​ចម្រើន​របស់​​សំណុំ​រឿង​​បន្ថែម ​០០៣ ​និង​សំណុំរឿង​​០០៤?

Blunk៖ «ក្នុង​សំណុំរឿង​០០៣​ ដែល​ឈ្មោះ​របស់​ជនសង្ស័យ​​​កំពុង​ស្ថិត​ក្នុង​​​​​​ភាព​​សម្ងាត់​នៅ​ឡើយ​ សហចៅក្រម​ស៊ើបអង្កេត​ក៏​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ចំណោទ​ដែល​ថា ​តើ​ជនជាប់​​សង្ស័យ​ស្ថិត​ក្នុង​ចំណោម​​អ្នក​ទទួល​ខុស​​ត្រូវ​ជាន់ខ្ពស់​បំផុត​នៃ​ឧក្រិដ្ឋកម្ម​ក្នុង​​របប​ខ្មែរក្រហម​ឬ​យ៉ាង​ណា​ ពីព្រោះ​ថា​ មាន​តែ​លក្ខខណ្ឌ​«អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ទេ»​​ដែល​សាលាក្ដី​ខ្មែរក្រហម​​មាន​​យុត្តាធិការ​​គ្រប​ដណ្តប់​លើ​​ពួកគេ។

ឥឡូវ​នេះ​​បន្ទាប់ពី​សហចៅ​ក្រម​​ស៊ើបអង្កេត​​អះអាង​ពី​ការ​បិទ​បញ្ចប់​​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​០០៣​ ពួក​យើង​​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​​ក្នុង​ពេល​នេះ​គឺ​ស្របតាម​ច្បាប់​របស់​តុលាការ​ តែ​មិន​​មាន​​ន័យ​ថា ​សំណុំរឿង​នេះ​នៅ​ទី​បញ្ចប់​នឹង​ត្រូវទាត់ចោល​នោះ​ទេ​ គឺ​មិនមែន​ដូច្នេះ​ទេ។

ទាក់ទង​ទៅនឹង​សំណុំរឿង​០០៤​វិញម្ដង ​ការិយាល័យ​សហចៅក្រម​ស៊ើប​អង្កេត​កំពុង​​ស៊ើប​អង្កេត​​សំណុំរឿង​នេះ​យ៉ាង​ស្វាហាប់ ​ ហើយ​ក៏​បាន​ផ្តោតទៅ​លើ​សំណួរ​ដែល​ថា ​តើ​ជនសង្ស័យ​​ស្ថិត​ក្នុង​​ចំណោម​អ្នក​ទទួលខុសត្រូវ​ខ្ពស់បំផុត​ឬ​យ៉ាងណា?

ខ្លួន​ខ្ញុំផ្ទាល់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តពោធិ៍សាត់ ​និង​ខេត្តតាកែវ ​និង​ទៅ​កាន់​តំបន់​ដាច់​ស្រយាល​​របស់​ខេត្ត​បាត់ដំបង​ និង​ទៅ​កាន់​ខេត្ត​ក្រចេះ ​ដើម្បី​ធ្វើការ​សាក​សួរ​សាក្សី​គន្លឹះៗ ​សំខាន់ៗ។ ​នៅ​ក្នុង​​ចំណោម​សាក្សី​ទាំងនោះ​ក៏​មាន​សមាជិក​សភា​ផង​ដែរ។​ ពួកគាត់​បាន​ថ្លែង​អំណរ​គុណ​​ចំពោះ​ការងារ​​ដ៏ល្អ​របស់​​សាលាក្ដី​ខ្មែរក្រហម»។

វីអូអេ៖ តើ​នៅមាន​ការខ្វែងគំនិត​គ្នា​រវាង​សហចៅក្រម​ស៊ើបអង្កេត​អន្ដរជាតិ​ និង​សហ​ចៅក្រម​​ស៊ើប​អង្កេត​​ជាតិ​ដែរទេ?

Blunk៖ «នៅពេល​ដែល​ខ្ញុំ​មក​ធ្វើការ​នៅ​ការិយាល័យ​សហចៅក្រ​ម​ស៊ើប​អង្កេត​កាលពី​ខែធ្នូ​ ឆ្នាំ​មុន​ ខ្ញុំ​មាន​ការភ្ញាក់​ផ្អើល​ចំពោះ​សមត្ថភាព​ខ្ពស់​របស់​បុគ្គលិក​កម្ពុជា​ភាគ​ច្រើន។​ បុគ្គលិក​កម្ពុជា​ខ្លះ​មាន​​សញ្ញាប័ត្រ​ច្បាប់​មកពី​ប្រទេស​បារាំង ​និង​ខ្លះ​ទៀត​ពី​ប្រទេស​អង់គ្លេស។ ​ដូច្នេះ​ដើម្បី​កុំ​ឲ្យ​​ទេពកោសល្យ​​ទាំង​នេះ​ខាតបង់​ ខ្ញុំ​បាន​បង្កើត​ក្រុម​ការងារ​ចម្រុះ​មួយ​ដែល​មាន​សមាសភាព​ខាង​អន្ដរជាតិ​និង​បុគ្គលិក​កម្ពុជា។​ ហើយ​ការងារ​នេះ​ទទួល​បាន​ជោគជ័យ​ល្អណាស់។

ខ្ញុំ​ក៏​បញ្ជាក់​ផង​ដែរ​ថា​ ខ្ញុំ​មាន​ទំនាក់ទំនង​ការងារ​ល្អ​ជាមួយ​សហ​ចៅក្រម​ស៊ើបអង្កេត​កម្ពុជា​លោក​យូ ប៊ុនឡេង ​ហើយ​យើង​​បាន​ចាត់​ដំណើរការ​នីតិវិធី​ដោយ​ឈរ​លើ​​ស្មារតី​សហ​ប្រតិបត្តិការ»។

វីអូអេ៖ តើ​លោក​យល់ថា ​សំណុំរឿង​០០៣ ​និង​សំណុំរឿង​០០៤​នឹង​ត្រូវ​បញ្ចប់​សព្វ​គ្រប់​នៅ​ពេល​ណា?

Blunk៖ «យោងតាម​វិធាន​របស់​សាលាក្ដី​ខ្មែរក្រហម​ មាន​ដំណាក់កាល​ជាច្រើន​ត្រូវ​បំពេញ​ មុន​នឹង​​សហ​ចៅក្រម​ស៊ើប​អង្កេត​ធ្វើ​សេចក្ដី​សម្រេច​ជា​ចុង​ក្រោយ​ ដែល​ហៅ​ថា ​ដីការ​ដំណោះស្រាយ​ ឬ​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំ​ជម្រះ។ ​នៅ​ពេល​នោះ​អាច​មាន​លទ្ធភាព​ធ្វើ​ការ​ចោទ​ប្រកាន់​ ឬ​ទាត់​ចោល​​សំណុំ​រឿង​ទាំង​ពីរ​នេះ។

នៅ​ក្នុង​ដំណាក់កាល​នោះ ​ព្រះរាជាអាជ្ញា​អាច​ចូលរួម​ក្នុង​ដំណើរការ​ក្ដី ​ហើយ​វា​នឹង​ពឹង​ផ្អែក​ច្រើន​លើ​​សកម្មភាព​របស់​សហ​ព្រះរាជ​អាជ្ញា​ និង​ប្រតិកម្ម​របស់​សហ​ព្រះរាជអាជ្ញា។

បច្ចុប្បន្ន​នេះ​នៅ​ក្នុង​សំណុំ​រឿង ​០០៣ ​គឺ​គ្រាន់តែ​ឈាន​ដល់​ដំណាក់​កាល​ទីមួយ​នៃ​ដំណាក់​កាល​​នានា​​​ដែល​ត្រូវ​ធ្វើ​តែ​ប៉ុណ្ណោះ។ ​ហើយ​សំណុំ​រឿង​០០៤ ​ដែល​យើង​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​នៅ​​ឡើយ​​​​នោះ​ ពេល​វេលា​នៃ​ការ​បិទ​បញ្ចប់​ការ​ស៊ើបអង្កេត​នឹង​ពឹង​​អាស្រ័យ​លើ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​ ដូច​ដែល​ខ្ញុំ​បាន​លើក​​ឡើង​អញ្ចឹង ​គឺ​វា​កំពុង​បន្ដ​ដំណើរការ​នៅ​ឡើយ៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២៧ កក្កដា

Posted: 26 Jul 2011 08:34 PM PDT

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

កម្ពុជា៖ ប្រទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា​ បណ្តាញ​ទូរទស្សន៍​របស់​ចិន​មួយ​បាន​មកដល់​ទីក្រុង​ភ្នំពេញ​ដើម្បី​ធ្វើការ​ចរចា​ស្តី​ពី​ការ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ស្តីពី​ជីវិត​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។

ហ្វីលីពីន៖ យ៉ាង​ហោចណាស់​មាន​មនុស្ស​២០​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​និង​៩​នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន​ដោយសារ​ខ្យល់​ព្យុះ​ត្រូពិច​ដ៏ខ្លាំង​បោកបក់​កាត់​កោះ ​Luzon របស់​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​ពុធ។

ចិន៖ ក្រសួង​ការពារ​ជាតិ​របស់​ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ នាវា​ដឹក​យន្តហោះ​របស់​ចិន​មួយ​ត្រូវ​បាន​គេ​ត្រៀម​រៀបចំ​រួចរាល់​ហើយ​ដើម្បី​ធ្វើការ​សាកល្បង​នៅក្នុង​ដែន​សមុទ្រ​ ហើយ​វា​នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​ ពិសោធន៍​ និង​ហាត់​ហ្វឹកហ្វឺន។

វៀតណាម៖ សហរដ្ឋ​អាមេរិក​កំពុង​អំពាវ​នាវ​ឱ្យ​ដោះលែង​បព្វជិត​ដែល​ប្រឆាំង​វៀតណាម​មួយអង្គ​ ជាបន្ទាន់​ដោយ​ព្រះអង្គ​ត្រូវបាន​នាំ​យក​ទៅដាក់​ឃុំ​ឃាំង​វិញ​បើទោះ​បី​ជាមាន​បញ្ហា​សុខភាព​ក៏ដោយ។

កូរ៉េ​ខាង​ត្បូង/ជប៉ុន៖ លោក​ លី​ ម្យ៉ុងបាក់​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា​ សុវត្ថិភាព​របស់​សមាជិក​សភា​ជប៉ុន​ចំនួន​បួននាក់​នឹង​មិន​អាច​ធានា​បាន​ទេ ​ប្រសិន​បើ​ពូកគេ​នៅ​តែ​ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​ដែន​កោះ​មួយ​ដែល​ប្រទេស​ទាំងពីរ​ទាមទារ​កម្មសិទ្ធិ។

អាហ្វហ្គានីស្ថាន៖ ការ​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​មួយ​បាន​សម្លាប់​លោក​ចៅហ្វាយ​ក្រុង​កាន់ដាហារ ​ដែល​នៅ​ភាគ​ខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន។

ន័រវែស៖ អាជ្ញាធរ​ប៉ូលិស​ប្រទេស​ន័រវែស​បាន​ឱ្យ​ដឹងថា​ វ៉ាលីស​គួរ​ឱ្យ​សង្ស័យ​មួយ​ដែល​គេ​រកឃើញ​នៅ​លើ​រថយន្ត​ក្រុង​នៅ​ឯ​ស្ថានីយ៍​កណ្តាល​ទីក្រុង​អូស្លូ​មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​អ្វី​ទេ។

អាហ្វ្រិក៖ អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​គ្រោងនឹង​ចាប់ផ្តើម​ដឹក​ស្បៀង​សង្គ្រោះ​បន្ទាន់​នៅ​ថ្ងៃ​ពុធ​នេះ​ទៅ​តំបន់​អាហ្រ្វិក​ខាងកើត​ដែល​កំពុង​ទទួល​រង​ផលប៉ះពាល់​ដោយគ្រោះ​រាំងស្ងួត។

ចិន៖ សារព័ត៌មាន​ផ្លូវការ​របស់​ប្រទេស​ចិន​បាន​រាយការណ៍​ថា​ អាជ្ញាធរ​បាន​សង្គ្រោះ​កុមារ​៨៩​នាក់​និង​ចាប់​ខ្លួន​ជនសង្ស័យ​៣៦៩​នាក់​នៅ​ក្នុង​ការ​បង្ក្រាប​ក្រុម​ជនសង្ស័យ​ជួញដូរ​មនុស្ស។

កូរ៉េ​ខាង​ត្បូង៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​១៨​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ក្រោយពី​មាន​ការ​បាក់​ដី​ចំនួន​ពីរ​ដង​នៅថ្ងៃ​ពុធ​នេះ​ ដែល​បណ្តាល​មកពី​ភ្លៀង​ដ៏​ខ្លាំង។

សហរដ្ឋ​អាមេរិក៖ សេតវិមាន​និង​ក្រុម​សាធារណរដ្ឋ​ក្នុង​សភា​តំណាងរាស្រ្ត​​មាន​ជំហរ​ខុសគ្នា​កាលពី​ថ្ងៃ​អង្គារ ​លើ​ផែនការ​ក្នុង​ការ​ដំឡើង​កម្រិត​ប្រាក់​បំណុល​របស់​សហរដ្ឋ​អាមេរិក​ ដែល​នៅ​សល់​ពេល​តែ​មួយ​សប្តាហ៍​មុនកាល​កំណត់​ចុងក្រោយ​នៅថ្ងៃ​ទី​២​ខែ​សីហា។

ឥណ្ឌា/ប៉ាគីស្ថាន៖ នៅ​ថ្ងៃ​ពុធ​នេះ​​រដ្ឋមន្រ្តី​ការ​បរទេស​ឥណ្ឌា​និង​ប៉ាគីស្ថាន​បាន​អំពាវនាវ​ឱ្យ​មាន​ទំនាក់ទំនង​ប្រកប​ដោយ​កិច្ច​សហប្រតិបត្តិការ​ជា​ថ្មី​ឡើងវិញ​រវាង​ប្រទេស​ទាំងពីរ។ ការ​អំពាវនាវ​នេះ​កើតឡើង​ខណៈពេល​ដែល​ពួកគេ​បាន​ជួបប្រជុំ​ជា​លើកដំបូង​ចាប់​តាំង​ពី​ការ​ចរចា​បាន​ចាប់ផ្តើម​ឡើងវិញ​កាល​ពី​ដើមឆ្នាំ​នេះ។

ស៊ីរី៖ ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ស៊ីរី​និយាយ​ថា​ កងកម្លាំង​សន្តិសុខ​បាន​បាញ់​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច​ណាស់​៨នាក់​ក្នុង​ពេល​បង្រ្កាប​នៅ​​ផ្នែក​ខាងត្បូង​ទី​ក្រុង​ដាម៉ាស។

អេហ្ស៊ីប៖ ក្រុម​គ្រូ​ពេទ្យ​អេហ្ស៊ីប​និយាយ​ថា​លោក​ហ៊ូស្នី​ មូបារ៉ាក់​ អតីត​មេដឹកនាំ​ដែល​ត្រូវ​គេ​ទម្លាក់​ពី​អំណាច​មាន​សុខភាព​ខ្សោយ ហើយ​បដិសេធ​មិនព្រម​ទទួល​ទាន​អាហារ។

កូរ៉េ​ខាង​ជើង៖ ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​អំពាវនាវ​ឱ្យ​មាន​សន្ធិសញ្ញា​សន្តិភាព​ជាផ្លូវការ​ដើម្បី​បញ្ចប់​សង្គ្រាម​កូរ៉េ។ ការអំពាវនាវ​នេះ​ធ្វើឡើង​ខណៈ​ពេល​ដែល​ក្រុម​មន្រ្តី​ការទូត​ជាន់ខ្ពស់​​របស់​កូរ៉េ​ខាងជើង​ទស្សនកិច្ច​សហរដ្ឋ​អាមេរិក​ដើម្បី​ពិភាក្សា​ពីកិច្ច​ខិតខំ​ប្រឹង​ប្រែង​ចាប់ផ្តើម​ឡើងវិញ​នូវ​ការ​ចរចា​៦​ភាគី​លើ​កម្មវិធី​អាវុធ​បរិមាណូ​របស់​ទីក្រុង​ព្យុងយ៉ាង។

លីប៊ី៖ នាយក​រដ្ឋមន្រ្តី​ប្រទេស​លីប៊ី​និយាយ​ថា​ ការ​ចាកចេញ​ពីអំណាច​របស់​លោក​ Moammar Gadhafi នឹង​មិនត្រូវ​យក​មក​និយាយ​ក្នុង​ការ​ពិភាក្សា​ទេ។

ចិន៖ មនុស្ស​ជាច្រើន​រយ​នាក់​បាន​លើក​បំបាស់​រថយន្ត​និង​វាយដំ​មន្រ្តី​ប៉ូលិស​ក្នុង​ទីក្រុង​នា​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ក្រោយ​ពី​កងកម្លាំង​សន្តិសុខ​បាន​វាយ​អ្នកលក់ដូរ​តាម​ចិញ្ចើម​ថ្នល់​ម្នាក់រហូត​ដល់​បាត់​បង់​ជីវិត។

អង់គ្លេស៖ ប្រទេស​អង់គ្លេស​បាន​បណ្តេញ​អ្នក​ការទូត​ទាំងអស់​របស់​របប​លោក​មូហាម៉ា​ ហ្កាដាហ្វី​ហើយ​ទទួល​ស្គាល់​ក្រុមប្រឹក្សា​ជាតិ​បណ្តោះ​អាសន្ន​ថា​ជា​រដ្ឋាភិបាល​ស្របច្បាប់​របស់​ប្រទេស​លីប៊ី។

<!--AV-->

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

<!--IMAGE-->លីប៊ី​៖ នាយករដ្ឋមន្ត្រី​នៃ​ប្រទេសលីប៊ី​និយាយ​ថា ​ការ​ចាកចេញ​ពី​តំណែង​របស់​លោក Moammar Gadhafi ​មិនមែន​ជា​បញ្ហា​ត្រូវ​លើក​យក​មក​ពិភាក្សា​គ្នា​ទេ។​ លោក Al-Baghdadi al-Mahmoudi ​ក៏បាន​និយាយ​កាល​ពី​ថ្ងៃអង្គារ​ដែរ​ថា​នឹង​គ្មាន​ការសន្ទនាគ្នា​អំពី​វិបត្តិនយោបាយ​នៃ​ប្រទេសលីប៊ី​ទេ​រហូត​ដល់ពេលណា​ដែល​មាន​អ្វី​ដែល​លោក​ហៅ​ថា​ការបញ្ឈប់​ «អំពើ​ឈ្លានពាន» ​របស់​អង្គការអូតង់។

បារ៉ែន៖ ប្រជារាស្ត្របារ៉ែន​រាប់​ពាន់​នាក់​បាន​ធ្វើការ​ប្រជុំ​មហាជន​ទាមទារ​ឱ្យ​មាន​ការ​កែ​ទម្រង់​ក្នុង​ប្រទេស ​ពេល​ដែល​គណៈកម្មាធិការ​អន្តរជាតិ​មួយ​បង្កើត​ទ្បើង​ដោយ​ព្រះរាជា​បាន​ចាប់​ផ្តើម​ធ្វើការ​ស៊ើប​អង្កេត​អំពី​បាតុកម្ម​ដឹកនាំ​ដោយ​ពួក Shi'ite ​និង​ការតបត​ដោយ​រដ្ឋាភិបាល​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​៣០នាក់​ស្លាប់។

ម៉ារ៉ុក៖ ប្រទេស​ម៉ារ៉ុក​និយាយ​ថា ​មនុស្ស​៧៨​នាក់​បាន​ស្លាប់​នៅ​ពេល​ដែល​យន្តហោះ​ដឹកជញ្ជូន​មួយ​គ្រឿង​របស់​ក្រុមយោធា​ម៉ារ៉ុក​បាន​ធ្លាក់​ក្នុង​តំបន់​ភ្នំ​មួយ​កាល​ពី​ថ្ងៃ​អង្គារ៍។

ន័រវែស៖ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង​អូស្លូ​លោក Geir Lippestad​ មេធាវី ការពារ​ជន​ជាប់​ចោទ​និយាយ​ថា​ Anders Behring Breivik មិន​បាន​ដឹង​អំពី​ចំនួន​មនុស្ស​ស្លាប់​ឬ​ការ​ឆ្លើយតប​សាធារណៈ​ដល់​ការ​វាយប្រហារ​កាលពី​ថ្ងៃសុក្រ ​ដែល​បាន​នាំ​ឱ្យ​មនុស្ស​៧៦​នាក់​ស្លាប់។ ​លោក ​Lippestad ​បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​ថា ​ជា​ការឆាប់​ពេក​ដែល​និយាយ​ថា ​កូនក្តី​លោក​នឹង​ឆ្លើយតប​​ថា​ខ្លួន​មាន​ជំងឺ​ផ្លូវចិត្ត។

អាហ្វ្រិក៖ អង្គការកម្មវិធីស្បៀង​អាហាររបស់អង្គការ​សហប្រជាជាតិ​និយាយ​ថា ​ការដឹកជញ្ជូន​ម្ហូបអាហារ​តាម​យន្តហោះ​ទៅកាន់​តំបន់ស្នែងនៃទ្វីបអាហ្វ្រិក​បាន​ត្រូវ​លើក​ទៅ​ថ្ងៃ​ក្រោយ យ៉ាងហោចណាស់​ថ្ងៃពុធ។ ការ​ដឹកជញ្ជូន​តាម​យន្តហោះ​នេះ​មាន​កំណត់​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃអង្គារ៍​ តែមន្ត្រី​ផ្នែក​ទំនាក់ទំនងម្នាក់​របស់​អង្គការនេះ​បាន​និយាយ​ប្រាប់​វីអូអេ​ថា ​បញ្ហា​ភ័ស្តុភាង​ក្នុង​ប្រទេស​Kenya បាន​បង្អាក់​ការ​ដឹក​ជញ្ជូន​ទាំង​នេះ។

សហរដ្ឋអាមេរិក៖ លោកស្រី Christine Lagarde ​ប្រធាន​នៃ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​មាន​ប្រសាសន៍​ថា ​ស.រ.អ.​ត្រូវការ​ដោះស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស​វិបត្តិ​កម្រិត​ប្រាក់​បំណុល​របស់​ផង​ខ្លួន​ពីព្រោះ​នឹង​មាន​ «ផលវិបាក​ខ្លាំង​» បើ​ប្រទេស​អាមេរិក​មិន​ធ្វើ​ដូច្នេះ​ទេ​នោះ។

អ៊ីរ៉ង់៖ ទីភ្នាក់ងារ​ព័ត៌មាន​ IRNA​របស់​រដ្ឋ​នៃ​ប្រទេស​អ៊ីរ៉ង់​បាន​ផ្សាយ​កាលពី​ថ្ងៃអង្គារ៍​ថា​ពួក​ជន​សកម្មប្រយុទ្ធ​ទាំងនេះ​បានត្រូវ​ទ្បោមព័ទ្ធ​ដោយ​កង​កម្លាំង​ស្ម័គ្រចិត្តនៃ​ពួក​ជនអម្បូរ ​Kurde ​ក្នុង​ប្រទេសអ៊ីរ៉ង់​កាលពី​យប់​ថ្ងៃច័ន្ទ​នៅ​ក្នុង​ខេត្ត Azarbaijan ខាងលិច។

This posting includes an audio/video/photo media file: Download Now

កម្មករ​កាត់ដេរ​រត់​ចេញ​ពី​រោងចក្រ​ពេល​ឃើញ​សហការី​សន្លប់​ជា​ច្រើន​

Posted: 26 Jul 2011 04:37 PM PDT

កម្មករ​កាត់ដេរ​ជិត​១០០​នាក់​បាន​សន្លប់​នៅ​រោងចក្រ ​Hung Wah ​នៅ​ភ្នំពេញ ​កាលពី​ថ្ងៃ​ច័ន្ទ។ ​រថយន្ត​ពេទ្យ​ប្រហែល​១០​គ្រឿង​បាន​ព្យាបាល​និង​ដឹក​កម្មករ​ទៅ​មន្ទីរពេទ្យ។​កម្មករ​ដែល​រត់​ចេញ​ពី​រោងចក្រ​និយាយ​ថា​ គេ​មិន​ដឹង​ថា​ តើ​កម្មករ​ឈឺ​ និង​ដួល​សន្លប់​មក​ពី​ហេតុអ្វី​ទេ​ តែ​ពួក​គេ​រហិត​រហៃ​ភ្លាមៗ​ ពេល​ឃើញ​សហការី​ដួល​សន្លប់។

កម្មការិនី​ ឡាយ ណាគ្រី​ និយាយ​ថា៖

«ឃើញ​គេ​អញ្ចឹង​មាន​អារម្មណ៍​ថា​ ភ័យ។​ ដល់​ពេល​ភ័យ​អញ្ចឹង​ទៅ​ ខ្ញុំ​ស្រាល​ដៃ​ ស្រាល​ជើង​ខ្លួន​ឯង»។

រី​ឯ​កម្មការិនី​ស៊ុន ដាវណ្ណ​ បន្ថែម​ថា៖

«អត់អី​ទេ​ គ្រាន់តែ​ទន់ដៃ​ ទន់ជើង។ ​ពេល​គេ​ជ្រួល​ច្របល់​អញ្ចឹង​ទៅ ​ខ្ញុំ​ភ័យ»។

<!--AV-->

បញ្ហា​កម្មករ​សន្លប់​នៅ​រោងចក្រ​ Hung Wah​ ដែល​ផលិត​ខោអាវ​ម៉ាក​ H&M ​មិន​មែន​ជា​រឿង​ថ្មី​ទេ​ តែ​វា​បង្ហាញ​ពី​ករណី​ធ្វើការ​ហួស​កម្លាំង​ ដែល​ផ្តល់​ប្រាក់​ចំណូល​ដល់​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​នៅ​អាស៊ី​នេះ។​ ក្រុមហ៊ុន​ធំៗ​ខ្លះ​បាន​ស៊ើប​អង្កេត​ការ​អះអាង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ថា ​មាន​កម្មករ​សន្លប់​ជាង​១.០០០​នាក់​នៅ​ឆ្នាំ​នេះ ​ដោយសារ​ធ្វើការ​យ៉ាង​លំបាក​ និង​ច្រើន​ម៉ោង​ដើម្បី​បាន​ប្រាក់ខែ​ដ៏​ស្តួចស្តើង​ ចិញ្ចឹម​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ច្រើន​ម៉ឺន​គ្រួសារ​នៅ​ជនបទ។

កំណើន​កម្មករ​សន្លប់​នៅ​ឆ្នាំ​នេះ​បង្ហាញ​ការ​ធ្លាក់​ចុះ​នូវ​លក្ខខណ្ឌ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​ដែល​មាន​កំណើន​២៨%​ និង​មាន​ចំណូល​៣​ពាន់​លាន​ដុល្លារ​លើស​ឆ្នាំ​មុន​ ហើយ​ដែល​ជា​កម្លាំង​ញើស​របស់​កម្មករ​ក្នុង​រោងចក្រ​របស់​ក្រុមហ៊ុន​ចិន​ដីគោក​ និង​តៃវ៉ាន់។

វិស័យ​កាត់ដេរ​ផ្តល់​ចំណូល​ឲ្យ​កម្ពុជា​ច្រើន​បំផុត​ទីបី​ បន្ទាប់​ពី​កសិកម្ម ​និង​ទេសចរណ៍​ តែ​ឧស្សាហកម្ម​នេះ​ប្រឈម​នឹង​កូដកម្ម​ បាតុកម្ម​ទាក់ទង​នឹង​លក្ខខណ្ឌ​ការងារ​ និង​ប្រាក់ខែ​ទាប​ ដែល​បណ្តាល​ឲ្យ​មាន​ការ​ប៉ះទង្គិច​រវាង​កម្មករិនី​ និង​ប៉ូលិស​ប្រដាប់​ដោយ​កាំភ្លើង​និង​ដំបង​ឆក់។

ក្នុង​ខែ​កញ្ញា​កាលពី​ឆ្នាំ​ទៅ មាន​កម្មករ​ជាង​២១០.០០០​នាក់​ក្នុង​រោងចក្រ​ចំនួន​៩៥​បាន​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​ និង​លក្ខខណ្ឌ​ការងារ​ប្រសើរ​ឡើង៕

ប្រែ​សម្រួល​ដោយ​ ពិន ស៊ីសុវណ្ណ

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!