VOA News: ព័ត៌មាន: “ជន​ប្រដាប់​អាវុធ​សម្លាប់​មនុស្ស​១៨​នាក់​នៅ​លើ​រថយន្ត​​ដឹក​អ្នក​ដំណើរ​បាគីស្ថាន” plus 3 more

VOA News: ព័ត៌មាន: “ជន​ប្រដាប់​អាវុធ​សម្លាប់​មនុស្ស​១៨​នាក់​នៅ​លើ​រថយន្ត​​ដឹក​អ្នក​ដំណើរ​បាគីស្ថាន” plus 3 more


ជន​ប្រដាប់​អាវុធ​សម្លាប់​មនុស្ស​១៨​នាក់​នៅ​លើ​រថយន្ត​​ដឹក​អ្នក​ដំណើរ​បាគីស្ថាន

Posted: 28 Feb 2012 07:00 AM PST

មន្ដ្រី​បាគីស្ថាន​និយាយ​ថា​ ពួក​ជន​ប្រដាប់​អាវុធ​បាន​បាញ់​កាំភ្លើង​មក​លើ​ឡាន​ក្រុង​ដឹក​អ្នក​ដំណើរ​មួយ​នា​ភាគ​ខាងជើង​ប្រទេស​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៨​នាក់។

ប៉ូលិស​និយាយ​ថា ​ឡានក្រុង​នោះ​កំពុងតែ​ធ្វើ​ដំណើរ​តាម​ខ្នង​ភ្នំ​នៃ​សង្កាត់​កូហីស្ថាន (Kohistan) កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ នៅ​ពេល​ដែល​មាន​ការ​ពួន​ស្ទាក់​ដោយ​ក្រុម​ប្រដាប់​អាវុធ​មួយ​ក្រុម។

មន្ដ្រី​ទាំងនោះ​និយាយ​ថា​ ការ​វាយ​ប្រហារ​នោះ​ ទំនង​ដោយសារ​ពួក​ដែល​មាន​និកាយ​ផ្សេង។ ជន​រងគ្រោះ​ភាគ​ច្រើន​ជា​ពួក​អ៊ីស្លាម​និកាយ​ស៊ីអ៊ីត (Shi'ite) ហើយ​ឧក្រិដ្ឋជន​ប្រហែល​ជា​មក​ពី​ក្រុម​អ៊ីស្លាម​និកាយ​សុនី្ន (Sunni)។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ផ្សេង​ទៀត៖

អាមេរិក៖ បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​របស់​អាមេរិក​ លោក មិត រ៉មនី (Mitt Romney) កំពុង​តែ​ខិតខំ​ចៀសវាង​មិន​ឲ្យ​មាន​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​បឋម​ នៅ​ក្នុង​រដ្ឋ​កំណើត​របស់​លោក​គឺ​រដ្ឋ​មិឈីគិន (Michigan) ដែល​នៅ​ទីនោះ​ លោក​ធ្លាប់​នាំ​មុខ​គេ​ក្នុង​ការ​ស្ទង់​មតិ​ហើយ​ជា​កន្លែង​ដែល​ឪពុក​របស់​លោក​ធ្លាប់​ធ្វើ​ជា​អភិបាល​រដ្ឋ​ដែល​មាន​ប្រជាប្រិយភាព​ម្នាក់។

ចិន/អាមេរិក៖ ក្រសួង​ការបរទេស​ចិន​បាន​រិះគន់​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ លោក មីត រ៉មនី ដោយសារ​តែ​លោក​បាន​ថ្លែង​អត្ថាធិប្បាយ​នូវ​អ្វី​ ដែល​​ប្រទេស​ចិន​ហៅថា​ការ​រិះគន់​ទៅ​លើ​ចិន​ដោយ​«ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ»។

ថៃ៖ តុលាការ​នៃ​ប្រទេស​ថៃ​បាន​កាត់ទោស​ដាក់គុក​២០​ឆ្នាំ​ដល់​អ្នក​នយោបាយ​ល្បី​ឈ្មោះ​ដ៏​ចម្រូង​ចម្រាស​ម្នាក់​ក្នុង​ប្រទេស គឺ​មហា​សេដ្ឋី​ខាង​គមនាគមន៍​ លោក សុងធី លិម ថុងគុល (Sondhi Limthongkul) ពី​បទ​កេង​បន្លំ​ពន្ធដារ​នៃ​សហគ្រាស។

ភូមា៖ គណបក្ស​ជំទាស់​ដ៏​ល្បី​ឈ្មោះ​នៅ​ក្នុង​ប្រទេស​ភូមា​និយាយ​ថា​ ឧបសគ្គ​ចុងក្រោយ​បង្អស់ នៃ​ការ​ឈរ​ឈ្មោះ​ប្រកួត​តំណែង​ជា​សមាជិក​រដ្ឋសភា ដោយ​មេដឹកនាំ​គណបក្ស លោកស្រី អូងសាន ស៊ូជី បាន​ត្រូវ​ដោះស្រាយ​រួច។

អ.ស.ប/ស៊ីរី៖ ទីភ្នាក់ងារ​សិទ្ធិ​មនុស្ស​នៃ​អ.ស.ប​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ (Geneva) ដើម្បី​ពិចារណា​អំពី​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​ស៊ីរី។

<!--IMAGE-RIGHT-->

ចិន៖ ការ​មិន​ពេញ​ចិត្ដ​ទៅ​នឹង​សេចក្ដី​ស្នើ​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ចិន បាន​សែ្តង​ឡើង​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ពេល​ដែល​បាតុករ​ប្រកប​ដោយ​ហិង្សា​ម្នាក់​បាន​ស្រែក​រំខាន​ដល់​សន្និសីទ​កាសែត​របស់​ប្រធាន​ធនាគារ​ពិភពលោក​ លោក រូបឺត ហ្សូអេលីក (Robert Zoellick)។

ចិន៖ បណ្ដាញ​ព័ត៌មាន​រដ្ឋ​របស់​ចិន​បាន​ត្អូញត្អែរ​ចំពោះ​បរាជ័យ​របស់​ភាពយន្ដ​ចិន​ដែល​មាន​មហិច្ឆិតា​បំផុត ដែល​មិន​បាន​ជាប់​ក្នុង​បញ្ជី​ភាពយន្ដ​ឆ្នើម (Academy Awards) ក្នុង​ឆ្នាំ​នេះ។

ជប៉ុន៖ ការ​សិក្សា​ថ្មី​មូយ​បាន​រក​ឃើញ​ថា​មាន​ការ​ភ័យខ្លាច​ធំធេង​និង​ការ​ភាន់ច្រឡំ​ក្នុង​ចំណោម​មន្ដ្រី​ដឹកនាំ​ប្រទេស​ជប៉ុន​រាប់​សិប​ថ្ងៃ​មក​ហើយ​ ក្រោយ​ពី​មាន​មហន្ដរាយ​រលក​យក្ស​ស៊ូណាមី​មួយ​ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​រោងចក្រ​នុយក្លេអ៊ែរ​ហ្វូគូសីម៉ា (Fukushima) កាល​ពី​ឆ្នាំ​មុន។

អ៊ីស្រាអែល៖ កង​កម្លាំង​អ៊ីស្រាអែល​បាន​បាញ់​សម្លាប់​ជន​ប្រដាប់​អាវុធ​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ថា​បាន​ឆ្លង​ព្រំដែន​ជាប់​ជាមួយ​អេហ្ស៊ីប​ដោយ​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ឧបទ្វីប​ស៊ីណៃ​(Sinai) ​របស់​អេហ្ស៊ីប។

ស៊ូដង់៖ ស៊ូដង់​បាន​ស្នើ​ដល់​ប្រទេស​ចិន​ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះ​ដ៏​យូរ​អង្វែង​មួយ​អំពី​ប្រាក់​ចំណូល​ពី​ប្រេងកាត​ជាមួយ​ប្រទេស​ស៊ូដង់​ខាងត្បូង ដែល​ទើបតែ​ទទួល​បាន​ឯករាជ្យ​ថ្មី​ៗ​នេះ នៅពេល​ដែល​ស៊ូដង់​ខាងត្បូង​នោះ​និយាយ​ថា​ខ្លួន​កំពុងតែ​ស្វែងរក​ប្រភព​ប្រាក់​ចំណូល​ដទៃ​ផ្សេង​ទៀត។

This posting includes an audio/video/photo media file: Download Now

សិស្សម្នាក់ស្លាប់និង​បួន​នាក់​របួស់​នៅ​វិទ្យាល័យ​នៅ​អាមេរិក

Posted: 27 Feb 2012 08:06 PM PST

សហរដ្ឋ​អាមេរិកសិស្ស​ម្នាក់​ត្រូវ​បាន​ជន​ប្រដាប់​អាវុធម្នាក់​​ ដែល​ជា​សិស្ស​ដូច​គ្នា​  ​បាញ់​សម្លាប់​ ​ហើយ​៤​នាក់​ទៀត​បាន​រង​របួស។ ប៉ូលីស​ក្នុង​សង្កាត់​និយាយ​ថា​ ការ​បាញ់​ប្រហារ​បាន​កើត​មាន​ឡើង​​នៅ​កន្លែង​លក់​ម្ហូប​អាហារ​នៅ​សាលារៀន​ មុនពេល​ដែល​បើក​ថ្នាក់​រៀន​​នៅ​វិទ្យាល័យ​ឆាដុន​ Chardon ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៥០​គីឡូម៉ែត្រ​ខាង​កើត​ទីក្រុង​ក្លេវឹលេន Cleveland។ អនុប្រធាន​ប៉ូលីស​និយាយ​ថា​​ ជន​សង្ស័យ​នោះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំឃាំង​។

បណ្តា​សិស្ស​ដែល​ត្រូវ​របួស​នោះ​បាន​ត្រូវ​គេដឹក​ទៅ​កាន់​មន្ទីរពេទ្យ​២​កន្លែង​ តែ​សិស្ស​ម្នាក់​ក្រោយ​មក​បាន​ស្លាប់​។ គេ​មិន​មាន​ព័ត៌មាន​អំពី​ស្ថានភាព​របស់​សិស្ស​៤​នាក់​​ទៀត​ទេ។

<!--IMAGE-LEFT-->

សហរដ្ឋអាមេរិកលោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​បារ៉ាក់​ អូបាម៉ា​ កំពុង​ជំរុញ​ឲ្យ​រដ្ឋ​នានា​ធ្វើ​ការ​វិនិយោគទុន​​កាន់​តែ​ច្រើន​ឡើង​ថែមទៀត​​នៅ​ក្នុង​វិស័យ​អប់រំ ដោយ​​លោក​មាន​ប្រសាសន៍​ថា​វាជា​គន្លឹះ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​អាមេរិក​ប្រកួត​ប្រជែង​នៅ​ក្នុង​ពិភព​លោក។ នៅ​ឯ​សេតវិមាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​អូបាម៉ា​ និយាយ​ថា​​ ​ការ​សិក្សា​អប់រំ​ជា​កត្តា​ដែល​នាំអោយ​មាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច​ជាងគេ។​ លោក​ប្រធានាធិបតី​ បាន​ថ្លែង​ដូច្នេះ​ទៅ​កាន់​អភិបាល​រដ្ឋ​​ដែល​បាន​ជួប​ប្រជុំ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​​Washington។

លោកប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​នានា​ដែល​មាន​កម្លាំង​ពលកម្ម​ដែល​ទទួល​បាន​ការ​សិក្សា​បាន​ល្អ​ប្រសើរ​​ នឹង​ប្រជែង​ឈ្នះ​សហរដ្ឋ​អាមេរិក​។

ឥណ្ឌូនេស៊ីតុលាការ​កំពូលប្រទេស​ឥណ្ឌូណេស៊ី​ បាន​ធ្វើ​ឲ្យ​ដូច​ដើម​នូវ​ដីកា​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ​ដល់​បព្វជិត​ជ្រុល​និយម​អ៊ីស្លាម​​ដែល​​បាន​ជាប់​ទាក់​ទិន​​និង​ការ​បំផ្ទុះ​គ្រាប់​បែក​​នៅ​លើ​កោះបាលី​​ដ៏​ប្រល័យ​ក្នុង​ឆ្នាំ​២០០២ ​ហើយ​បាន​កាត់​ឲ្យ​ជាប់​ទោស​ពី​ការ​បង្កើត​ជំរុំ​ហ្វឹក​ហ្វឺន​​ភេរវកម្ម​នៅ​ក្នុង​ប្រ​ទេស​ភាគ​ខាង​លិច។

កូរ៉េ​ខាង​ត្បូង៖ និង​សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​​សមយុទ្ធ​យោធា​រួម​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទោះបី​​មាន​ការ​គម្រាម​កំហែង​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​សប្តាហ៍​មុន​ថា​​ខ្លួន​នឹង​ចាប់​ផ្តើម​​សង្គ្រាម បើ​ទឹក​ដី​របស់​ខ្លួន​ត្រូវ​បាន​គេ​រំលោភនោះ។

អាហ្វហ្គានីស្ថាន៖ មន្រ្តី​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​​ កំពុង​ផ្តោត​លើ​ការ​បន្ត​​កិច្ច​ប្រតិបត្តិ​ការ​រួមគ្នា​ជាមួយ​​កង​កម្លាំង​​សន្តិសុខ​អាហ្វហ្គានីស្ថាន ​ទោះបី​មាន​ការ​ប្រឆាំង​តវ៉ា​និង​ការ​វាយ​ប្រហារ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៅ​លើ​កងទ័ព​បរទេស​​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជិត​៤០​នាក់​ស្លាប់​ក្នុង​នោះ​មាន​ជន​ជាតិ​អាមេរិកាំង​៤​នាក់​ផង​ដែរ​។​

ស៊ីរី៖ ពួក​សកម្មជន​និយាយ​ថា​កងទ័ព​ស៊ីរី​បាន​សម្លាប់​​​មនុស្ស​១០​នាក់​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​ម៉ិញ ​​នៅពេល​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​​ថា​ពួក​អ្នក​បោះឆ្នោត​ស៊ីរី​​បាន​បោះឆ្នោត​ដ៏​ច្រើន​លើស​លុប​គាំ​ទ្រ​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​មេដឹកនាំ​ស៊ីរី​ចាត់​ទុក​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅកាន់​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម។

ភូមា៖ និយាយ​​ថា​​ខ្លួន​បាន​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រម​ព្រៀង​បឋម​ជាមួយ​ជនជាតិ​ភាគ​តិច​បំបែក​រដ្ឋ​មន​ នៅ​ក្នុង​តំបន់​ភាគ​អាគ្នេយ៍​នៃ​​ប្រទេស​ ដែល​ជា​កិច្ច​ព្រម​ព្រៀង​ថ្មី​បំផុត​ក្នុង​គោល​បំណង​​បញ្ចប់​ជម្លោះ​ខាង​ជន​ជាតិ​ភាគ​តិច​​អស់​រាប់​ទសវត្សរ៍​មក​ហើយ​​នៅ​ក្នុង​ប្រទេស​នោះ។

កាសែត​​របស់​រដ្ឋាភិបាល​ឈ្មោះ  New Light of Myanmar បាន​ហៅ​កិច្ច​ព្រម​ព្រៀង​​នៅ​ថ្ងៃ​ច័ន្ទ​នោះ​​ថា​ជា​ជោគជ័យ​ដែល​មាន​គោល​បំណង​​បើក​ការ​ពិភាក្សា​ខាង​នយោបាយ​លើ​បញ្ហា​នានា​​រួម​មាន​ការ​សិក្សា​អប់រំ ការ​ថែទាំ​សុខភាព​ហើយ​នឹង​ការ​ដោះលែង​អ្នក​ទោស​នយោបាយ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

សហរដ្ឋ​អាមេរិក​ជួយ​កម្ចាត់​ឱសថ​ក្លែងក្លាយ​នៅ​កម្ពុជា

Posted: 27 Feb 2012 06:29 PM PST

«ឱសថ​ក្លែងក្លាយ​អន្ដរាយ​ដល់​ជីវិត ​ឱសថ​ពិត​ជីវិត​រស់រាន» នេះ​គឺ​ជា​សារ​ដ៏​សំខាន់​នៅ​ក្នុង​ប័ណ្ណ​ប្រកាស​ដែល​នឹង​ត្រូវ​ចែកចាយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​នៅ​ក្នុង​យុទ្ធនាការ​លើក​កម្ពស់​ការ​យល់ដឹង​ស្ដី​ពី​គ្រោះថ្នាក់​នៃ​ឱសថ​ខូចគុណភាព ​និង​ឱសថ​ក្លែងក្លាយ។​ យុទ្ធនាការ​នេះ​បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

លោក ​ដេវីដ​ រីឆែលសូហ្វ (David Richelsoph) អនុ​ប្រធាន​បេសកម្ម​ស្ដីទី​ស្ថានទូត​អាមេរិក​ក្នុង​ក្រុង​ភ្នំពេញ​ មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រកាស​បើក​យុទ្ធនាការ​នេះ​ថា​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ភាព​ជា​ដៃគូ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​រួមចំណែក​លើក​កម្ពស់​កម្មវិធី​អប់រំ​សុខភាព​ក្នុង​ប្រទេស​នៃ​តំបន់​មេគង្គ​ក្រោម​ដូច​ជា​ប្រទេស​កម្ពុជា ​វៀតណាម ​ឡាវ ​និង​ប្រទេស​ថៃ។

លោក ​រីឆែលសូហ្វ ​មាន​ប្រសាសាន៍​តាមរយៈ​អ្នក​បកប្រែ​ផ្លូវការ​ថា ​ឱសថ​ក្លែងក្លាយ ​និង​ឱសថ​ ដែល​ខូច​គុណភាព​បាន​គំរាម​កំហែង​ដល់​សុខភាព​អ្នក​ប្រើប្រាស់។

«ការ​ក្លែងក្លាយ​ឱសថ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​បាត់បង់​ជំនឿ​ទុកចិត្ត។ ​ការ​បន្លំ​ផលិតផល​ឱសថ​និង​ការ​លួច​ផលិត​ឱសថ​ក្លែងបន្លំ​ ដើម្បី​ចែកចាយ​ក្នុង​ទីផ្សារ​ងងឹត​គឺ​ជា​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ដល់​សុខភាព​សាធារណៈ។ ​ឱសថ​ក្លែងក្លាយ​ អាច​មាន​សារធាតុ​សកម្ម​មិន​ត្រឹមត្រូវ។ ​សារធាតុ​ទាំង​នោះ​ អាច​មាន​ចំនួន​ច្រើន​ជ្រុល ​តិច​ជ្រុល ​និង​អាច​មាន​សារធាតុ​ពុល​ផង​ដែរ។ ​ឱសថ​ទាំង​នោះ​ក៏​អាច​បង្កើន​នូវ​ភាព​ស៊ាំ។ ​សហរដ្ឋ​អាមេរិក​មាន​ការប្ដេជ្ញា​ចិត្ត​យ៉ាង​ជ្រាលជ្រៅ​ក្នុង​ការ​លើក​កម្ពស់​សុវត្ថិភាព​ក្នុង​ការ​ផ្គត់ផ្គង់​ឱសថ​នៅ​កម្ពុជា។ ​យុទ្ធនាការ​សាធារណៈ​លើក​នេះ​ នឹង​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជារួម​ដើម្បី​ឈាន​ទៅ​លុប​បំបាត់​ឱសថ​ដែល​មាន​គ្រោះថ្នាក់ ​និង​គ្មាន​សុវត្ថិភាព ​ព្រមទាំង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ និង​ភាព​ស័ក្ដិសិទ្ធិ​ នៃ​គ្រប់​ផលិតផល​ទាំង​ឡាយ​ដែល​នឹង​ប្រើប្រាស់​ដោយ​មិត្ត​ភក្ដិ​គ្រួសារ ​និង​អ្នក​ជិត​ខាង​របស់​យើង»។

លោក ​ជូ ​យិនស៊ីម ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ ដែល​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បើក​យុទ្ធនាការ​នេះ​ក្នុង​ស្ថានទូត​អាមេរិក​ក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​ប័ណ្ណ​ប្រកាស​ចំនួន ​២០.០០០ ​ដំបូង​ នឹង​ត្រូវ​ចែកចាយ​តាម​មន្ទីរពេទ្យ​សាធារណៈ ​មណ្ឌល​សុខភាព ​និង​តាម​ឱសថស្ថាន​នានា​នៅ​ទូទាំង​ប្រទេស។ ​ហើយ​ការ​ចែកចាយ​នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល​ពីរ​សប្តាហ៍។​

លោក​ ជូ ​យិនស៊ីម ​មាន​ប្រសាសន៍​ថា ​នេះ​គឺ​ជា​យុទ្ធនាការ​ទ្រង់ទ្រាយធំ​មួយ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

«ប្រជាពលរដ្ឋ​គ្រាន់​តែ​ក្រឡេក​ឃើញ​សារ​នេះ ​យល់​ហើយ​ថា ​ប្រសិន​បើ​គាត់​ប្រើ​ឱសថ​ក្លែងក្លាយ ​គឺ​គាត់​នឹង​មាន​គ្រោះថ្នាក់ ​បើ​គាត់​ប្រើ​ឱសថ​ពិត ​នឹង​ឲ្យ​រស់រាន ​មាន​ជីវិត។ ​ហើយ​នេះ​គឺ​ជា​គឺ​ជា​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ ដែល​យើង​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក»។

ប្រទេស​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា ​គឺ​ជា​ប្រទេស​ក្រីក្រ​មួយ​ ដែល​ការ​អនុវត្ត​វិធានការ​នានា​រួម​ទាំង​ការ​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ទន់ខ្សោយ​ និង​ធូរ​រលុង។ ​ការ​លក់ដូរ​ថ្នាំពេទ្យ​ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ​ច្រើន​តែ​ធ្វើ​ឡើង​លាយឡំ​ជាមួយ​នឹង​ការ​លក់​គ្រឿងទេស។ ​ហើយ​ឱសថ​ទាំង​នេះ​ ពុំមាន​ការ​ត្រួត​ពិនិត្យ​ដិតដល់​ពី​ប្រភព​និង​ការ​ត្រួតពិនិត្យ​ទៅ​លើ​ការ​ថែទាំ​ និង​ការ​រក្សាទុក​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ។

យ៉ាងណា​ក៏ដោយ​លោក​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ ជូ ​យិនស៊ីម​ បាន​អះអាង​ថា ​ប្រទេស​កម្ពុជា​ បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បោសសម្អាត​ការ​ចរាចរណ៍​និង​ការ​លក់ដូរ​ឱសថ​ក្លែងក្លាយ។​ ជាក់ស្ដែង​អត្រា​នៃ​ឱសថ​ក្លែងក្លាយ​នៅ​លើ​ទីផ្សារ​បាន​ធ្លាក់​ចុះ​ពី​កម្រិត​ ០,៥​ភាគរយ​នៅ​ឆ្នាំ ​២០១០​ មក​ត្រឹម​កម្រិត​ ០,១៨​ភាគរយ​នៅ​ឆ្នាំ ​២០១១។ ​ប៉ុន្ដែ​លោក​ទទួល​ស្គាល់​ថា ​ឱសថ​ក្លែងក្លាយ​ ដែល​បាន​រក​ឃើញ​មាន​ក្នុង​ចំណោម​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​របេង ​និង​ជំងឺ​គ្រុនចាញ់។​ ហើយ​ការ​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ​នេះ​ មិន​ត្រឹម​តែ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្ដែ​វា​នឹង​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​ផង៕

This posting includes an audio/video/photo media file: Download Now

អ្នក​ប្លុក​បុរី​កីឡា​តវ៉ា​សុំ​សិទ្ធិ​រស់​នៅ​លើ​អគារ​ថ្មី

Posted: 27 Feb 2012 05:22 PM PST

នៅ​ក្បែរ​អគារ​ដែល​កំពុង​សាងសង់​ចំនួន​ពីរ​របស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ ក្រុម​អ្នក​ភូមិ​បុរីកីឡា​ប្រមាណ​៥០​នាក់ ​ដែល​នៅ​សេសសល់​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​សារ​ជា​ថ្មី​ម្តង​ទៀត​ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ទីជម្រក​ដល់​ពួកគេ​ឲ្យ​បាន​រស់នៅ​ក្នុង​អគារ​ ដែល​ទើប​នឹង​បាន​សាងសង់​ថ្មី​នេះ។

ក្រុម​អ្នក​តវ៉ា​ដែល​ក្នុង​នោះ​មាន​កុមារ​តូចៗ​ផងដែរ ​បាន​ឈរ​កាន់​បដា ​ដែល​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ទីជម្រក​ដល់​ពួក​គេ ​និង​កាន់​រូប​ព្រះឆាយាលក្ខ​សម្តេចឪ​ សម្តេច​ម៉ែ ​និង​ព្រះមហាក្សត្រ ​ព្រមទាំង​រូប​ថត​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​និង​ភរិយា​របស់​លោក។

ក្រុម​បាតុករ​បាន​ស្រែក​ថា៖

«សុំ​ឲ្យ​ក្រុមហ៊ុន​មក​ជួប​ប្រជាពលរដ្ឋ​ដើម្បី​ដោះស្រាយ»។

បន្ទាប់​ពី​ឈរ​ស្រែក​តវ៉ា​ពុំ​មាន​ដំណោះស្រាយ ​ក្រុម​ប្រជាពលរដ្ឋ​បាន​សម្រេច​បិទ​កំណត់​ផ្លូវ​២១១​ ដែល​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​វាលវង់ ​ខណ្ឌ​៧មករា។ ​ការ​បិទ​ផ្លូវ​នេះ ​ពុំ​មាន​សមត្ថកិច្ច​មក​រារាំង​ និង​ហាមឃាត់​ទេ។ ​រយៈពេល​មួយ​ម៉ោង​ក្រោយ​មក​ ក្រុម​ប្រជាពលរដ្ឋ​បាន​សម្រេច​បើក​ផ្លូវ​ឲ្យ​ចរាចរណ៍​ឡើង​វិញ។

អ្នកស្រី ​អាត់ ​សំណាង ​អាយុ​២៧​ឆ្នាំ ​បាន​ឈរ​យំ​បង្ហូរ​ទឹក​ភ្នែក​នៅ​កណ្តាល​ហ្វូង​ក្រុមបាតុករ​ ដែល​កំពុង​ឈរ​ស្រែក​ទាមទារ​នៅ​ក្បែរ​អគារ​ក្រុមហ៊ុន​ផានអ៊ីម៉ិច។ ​អ្នកស្រី​បាន​និយាយ​ទៀត​ថា​ យើង​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​ក៏ប៉ុន្ត​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឲ្យ​សា្នក់នៅ​អគារ​ដែល​ទើប​នឹង​សាងសង់​ថ្មី​នោះ​ទេ​ គឺ​ឲ្យ​ពួក​គេ​ទៅ​រស់នៅ​តំបន់​ភ្នំបាត។

«ខ្ញុំ​ចង់​បាន​ផ្ទះ​ដូច​គេ ​នៅ​បុរី​កីឡា​ហ្នឹង​ដែរ។ ​ចំណែក​ពីរ​អគារ​ហ្នឹង ​ខ្ញុំ​ត្រូវ​មាន​ឈ្មោះ​ឡើង។​ ហេតុអ្វី​បាន​ជា​ឲ្យ​ខ្ញុំ​ទៅ​រស់នៅ​ភ្នំបាត​ ហើយ​គាត់​ថា​ក្រុមហ៊ុន​ហ្នឹង​ក្ស័យទុន។​ បើ​ក្ស័យទុន​ អញ្ចឹង​សុំ​ឲ្យ​ដី​ខ្ញុំ​មក​វិញ។ ​ខ្ញុំ​សុខចិត្ត​សាងសង់​ខ្លួន​ឯង»។

អ្នកស្រី ​ស៊ុយ ​ស៊ីផាន ​ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច​ បាន​ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​តាមរយៈ​ទូរស័ព្ទ​ថា ​ក្រុម​ប្រជាពលរដ្ឋ​ដែល​ឈរ​ស្រែក​តវ៉ា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ មិន​មាន​ឯកសារ​ត្រឹមត្រូវ​ទេ ​ទើប​ក្រុមហ៊ុន​មិន​ផ្តល់​ផ្ទះសម្បែង​ដល់​ពួក​គេ។​ អ្នកស្រី​បាន​និយាយ​ទៀត​ថា​ អ្នក​ដែល​នៅ​សេសសល់ ​មាន​ចំនួន​តែ​១០​គ្រួសារ​តែប៉ុណ្ណោះ។ ​ក៏ប៉ុន្តែ​បើ​ពួក​គេ​យល់ព្រម ​ពួកគេ​នឹង​ទទួល​បាន​ដី​មួយ​ឡូ ​នៅ​តំបន់​ភ្នំបាត ​ឬ​នៅ​តំបន់​ទួល​សម្បូរណ៍​សម្រាប់​អ្នក​ដែ​លនៅ​សេសសល់​ចុង​ក្រោយ។

«ឯកសារ​និង​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្រុមហ៊ុន​និង​អាជ្ញាធរ​បាន​ផ្តល់​ជូន​ហើយ។​ អ្នក​ដែល​តវ៉ា​ព្រឹកម៉ិញ​ហ្នឹង ​គឺ​សុទ្ធតែ​ជា​អ្នក​ដែល​ឥត​មាន​ឯកសារ​គ្រប់គ្រាន់​ទី​១​។ ​ទី​២ ​គាត់​បាន​ផ្ទះ​ហើយ​ គាត់​លក់​ផ្ទះ​ហើយ​មក​នៅ​តវ៉ា​ទៀត។​ ចំពោះ​ប្រជាជន​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ហ្នឹង​ឥត​ខ្វះ​ទេ»។

កាល​ពី​ថ្ងៃ​ទី​៣ ​ខែ​មករា ​ក្រុមហ៊ុន​ផានអ៊ីម៉ិច​របស់​អ្នកស្រី​ស៊ុយ ​ស៊ីផាន ​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ច្រើន​រាប់រយ​នាក់​ប្រដាប់​ដោយ​អាវុធ​ ខែល ​និង​ដំបងឆក់ ​ឧស័្មន​បង្ហូរ​ទឹក​ភ្នែក​ និង​រថយន្ត​បាញ់​ទឹក​ បាន​មក​បណ្តេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​សហគមន៍​បុរីកីឡា​ លាយឡំ​ជាមួយ​នឹង​ការ​បង្ហូរឈាម​។ ​ការបណ្តេញ​ប្រជា​ពលរដ្ឋ​ដោយ​បង្ខំ​នោះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​គ្មាន​ទីជម្រក ​ហើយ​ធ្វើ​ការ​តវ៉ារ​ហូត​មក​ដល់​សព្វថ្ងៃ​នេះ​ និង​មួយ​ចំនួន​ទៀត​ ត្រូវ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទៅ​រស់នៅ​តំបន់​ភ្នំបាត ​ដែល​មាន​ទីតាំង​ឋិត​នៅ​ក្នុង​ស្រុក​ឧត្តុង​ ខេត្ត​កំពង់ស្ពឺ​ និង​មួយចំនួន​ទៀត​ទៅ​រស់នៅ​តំបន់​ទួល​សម្បូរណ៍​ជាយ​ទីក្រុង​ភ្នំពេញ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!