VOA News: ព័ត៌មាន: “ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​ពិភាក្សា​អំពី​បញ្ហាស្ត្រី” plus 2 more

VOA News: ព័ត៌មាន: “ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​ពិភាក្សា​អំពី​បញ្ហាស្ត្រី” plus 2 more


ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ក្រោម​ពិភាក្សា​អំពី​បញ្ហាស្ត្រី

Posted: 13 Jul 2012 08:58 PM PDT

សមាជិក​អាង​ទន្លេ​មេគង្គ​ក្រោម​ចំនួន​បួន​ប្រទេស​មាន​កម្ពុជា ថៃ ឡាវ វៀតណាម រួម​ជាមួយ​ប្រទេស​ភូមា​ផង នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី១២ ខែ​កក្កដា​នេះ បាន​ជួប​ជជែក​គ្នា​ដើម្បី​រក​វិធី​អភិវឌ្ឍន៍ និង​លើក​កម្ពស់​ស្រ្តី​នៅ​ក្នុង​តំបន់ របស់​ខ្លួន។

កិច្ចប្រជុំ​នេះ​ត្រូវ​បាន​គេ​ហៅថា កិច្ចពិភាក្សា​គោលនយោបាយ​ស្តី​ពី​សមភាពភេទ និង​ការ​លើក​កម្ពស់​ភាពអង់អាច​របស់​ស្ត្រី។ នេះ​ជាកិច្ច​ប្រជុំ​លើក​ដំបូង​របស់​ប្រទេស​នៅ​តាម​មេគង្គ​ក្រោម​ដែល​ជជែក​ពីបញ្ហា​ស្រ្តី​ក្នុង​តំបន់​នេះ ក្រោម​គំនិត​ផ្តួចផ្តើម​រួមគ្នា​ដោយ​ក្រសួង​ការបរទេស​អាមេរិក និង​ក្រសួង​កិច្ចការ​នារី​នៃ​ព្រះរាជាណាចក្រកម្ពុជា ដោយ​មាន​ការ​ចូលរួម​ពីតំណាង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ទ្វេភាគី និង​ពហុភាគី​នានា អ្នកដឹកនាំ​ក្នុង​វិស័យឯកជន អ្នក​ដឹកនាំ​ក្នុង​អង្គការ​ស្ត្រី និង​អ្នក​តស៊ូមតិ​នៃ​អង្គការ​សង្គមស៊ីវិល​សំខាន់ៗ​មក​ពី​កម្ពុជា ថៃ វៀតណាម ភូមា និង​សហរដ្ឋ​អាមេរិក​ប្រមាណ​២០០នាក់។

កិច្ចពិភាក្សា​នេះ​នឹង​ផ្តោត​លើការ​ចែក​រំលែកការ​អនុវត្ត​ល្អៗ បង្ហាញ​អំពី​ការ​បង្កើត​កម្មវិធី​សំខាន់ៗ​ក្នុង​តំបន់ កំណត់​កង្វះខាត​នៃ​គោលនយោបាយ និង​មូលនិធិ ព្រមទាំង​ធានា​ឲ្យ​មាន​ការបន្ត​សហការ​គ្នា​ក្នុង​ការ​លើកកម្ពស់​ភាពអង់អាច​របស់​ស្ត្រី និង​កុមារី។ ប្រធានបទ​ចំនួនប្រាំបី​ត្រូវ​បាន​លើក​យក​មក​ជជែក​រួមមាន​ការពង្រីក​ភារៈ​ទទួល​ខុសត្រូវ​របស់​ស្ត្រី​ក្នុង​វិស័យ​សេដ្ឋកិច្ច កាត់បន្ថយ​អំពើហឹង្សា​លើ​ស្ត្រី ពង្រីកការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ កិច្ចសហការ​រវាង​រដ្ឋ និង​វិស័យឯកជន​ដើម្បី​សមភាពភេទ ស្ត្រី​ក្នុង​វិស័យអប់រំ វិស័យ​សុខាភិបាល វិស័យ​បរិស្ថាន និង​វិស័យ​ហេត្ថារចនាសម្ព័ន្ធ។លោកស្រី ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​ថ្លែង​ថា កិច្ចប្រជុំនេះ​ពិតជា​មាន​អត្ថន័យ​សំខាន់​ណាស់​សម្រាប់​ទាំង​អស់​គ្នា​ ដោយ​បន្ត​ពិនិត្យ​ចែក​រំលែក​បទពិសោធន៍ និង​ចំណេះ​ដឹងថ្មីៗ​សំដៅ​ធ្វើឲ្យ​សមភាព​ភេទ​នៅ​ក្នុង​តំបន់ ស្ថានភាព​ស្ត្រី និង​កុមារី​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ដើម្បី​រួមចំណែក​ធ្វើ​ឲ្យ​មាន​ការរីក​ចម្រើន​ថ្មីៗថែមទៀត​ទាំង​ផ្នែក​សេដ្ឋកិច្ច​សង្គម និង​នយោបាយ​នៅ​ក្នុង​តំបន់៖

«បណ្តា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គក្រោម​តែង​តែ​ចាត់​ទុក​បញ្ហា​ស្ត្រី និង​សមភាពភេទ​ជាបញ្ហា​ស្នូល​មួយ ហើយ​ប្តេជ្ញា​ធានា​ឲ្យ​បាន​ថា​ ស្ត្រី​ត្រូវ​បាន​ទទួល​បាន​ភាពស្មើ​គ្នា យុត្តិធម៌ សន្តិភាព និងឱកាស​ក្នុង​ការ​ចូលរួម​សម្រេច និង​ទទួលផល​ពី​ការ​អនុវត្ត​ដូច​បុរស​ដែរ»។

លោកស្រី​បាន​បន្ត​ថា កិច្ចប្រជុំ​នេះ​នឹង​រួមចំណែក​ជំរុញ​បណ្តា​ប្រទេស​នៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម និង​សហរដ្ឋ​អាមេរិក​ឲ្យ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង និង​ពង្រឹង​បន្ថែម​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ក្នុង​ការ​រួមវិភាគទាន​ច្រើន​ថែមទៀត​ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​តំបន់ ជាពិសេស​ការ​បន្ត​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​សមភាពភេទ​ និង​ស្ថានភាព​ស្ត្រី និង​កុមារី។ ម្យ៉ាងទៀត​មិន​ត្រឹម​តែ​ រួមវិភាគទាន​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម​ក្នុង​បរិបទ​យុទ្ធសាស្ត្រ​សមភាពភេទ​ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រួម​ចំណែក ក្នុង​ការ​ពង្រឹង​សមភាពភេទ​ និង​ស្ថានភាព​ប្រជាពលរដ្ឋ​ក្នុង​បរិបទ​សកល​លោក​ផង​ដែរ។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ដែល​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​ថ្លែង​ថា​កិច្ចសន្ទនា​ពី​គោលនយោបាយ​លើក​ទី១​ស្តីពី​សមភាពភេទ និង​ការ​ផ្តល់​ភាព​អង់អាច​ដល់​ស្ត្រី គឺ​ជា​កាតាលិករ​ជំរុញ​ឲ្យ​មាន​ការពិភាក្សា​អំពី​បញ្ហា​នានា​ដែល​មាន​សារៈសំខាន់ និង​ជា​យុទ្ធសាស្ត្រ​សម្រាប់​ស្ត្រី​នៅ​ក្នុង​តំបន់​នេះ​ដូចជា​ការ​ផ្តល់​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​នយោបាយ ការ​លុប​បំបាត់​អំពើ​ហិង្សា​រវាង​ភេទ ការ​ចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ស្ត្រី​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង បញ្ហា​សុខភាព ការអប់រំ​បញ្ហា​ហេត្ថា​រចនាសម្ព័ន្ធ បរិស្ថាន​ព្រមទាំង​បញ្ហា​នានា​ជា​ច្រើន​ទៀត៖​

«អញ្ចឹង​យើង​ចង់​ជំរុញ​ឲ្យ​ស្ត្រី​ទៅ​រៀន​សូត្រ​ឲ្យ​បាន​ច្រើន​នូវ​បច្ចេកវិទ្យា​ដើម្បី​ឲ្យ​ប្រកួត​ប្រជែង​ជា​មួយ​បុរស​ដែល​គេ​មាន​ចំណេះដឹង​ច្រើន​ជាង​យើង​នេះ ហើយ​ដើម្បី​ទៅ​រក​ការងារ​ធ្វើ​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់ នេះ​ជាឧទាហរណ៍​មួយ»។

លោកស្រី​ឲ្យ​ដឹង​ថា កម្ពុជា​មាន​លិខិតុ​បករណ៍​សំខាន់ៗ​ជាច្រើន​ដើម្បី​ឈាន​ទៅ​សម្រេច​សមភាព​ភេទ និង​ការ​ផ្តល់ភាព​អង់អាច​ដល់​ស្ត្រី​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​រួមមាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្រ្ត នារី​រតនៈ​របស់​ក្រសួង​កិច្ចការនារី ដែល​ត្រូវ​បាន​តាក់តែង​ឡើង​រួមគ្នា​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ របស់​រាជរដ្ឋាភិបាល និង​ដៃគូ​ទាំងអស់​ដើម្បី​បង្ក​លក្ខណៈ​ជូន​រាជរដ្ឋាភិបាល​បន្ត​កិច្ចខិតខំប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ធ្វើឲ្យ​ការលើក​កម្ពស់​ស្ថានភាព​ស្ត្រី​ប្រព្រិត្ត​ទៅ​ក្នុង​ក្របខណ្ឌ​ច្បាស់​លាស់ និងទូលំទូលាយ។

កិច្ចពិភាក្សា​អំពី​នយោបាយការ​ផ្តល់​អំណាច​ដល់​ស្ត្រី បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​ទី១៣ ខែកក្កដា​នេះ ដោយ​មាន​ការថ្លែង​សុន្ទរកថា​ដោយ​លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក៕

This posting includes an audio/video/photo media file: Download Now

អាស៊ាន​មិន​អាច​សេចក្តី​ថ្លែងការណ៍​រួម​ក្រោយ​កិច្ច​ប្រជុំ

Posted: 14 Jul 2012 09:53 AM PDT

បណ្តា​ប្រទេស​សមាជិក​អាស៊ាន នៅ​ថ្ងៃ​សុក្រ​នេះ​មិន​អាច​ចេញ​​សេចក្ដីថ្លែងការណ៍​រួម​ក្រោយ​ពី​កិច្ចប្រជុំ​ ដោយសារតែ​ភាពចម្រូង​ចម្រាស់​ក្នុង​ការពិភាក្សា​លើ​ជម្លោះ​នៃ​ដែន​សមុទ្រ​ចិន​ខាងត្បូង។

ប្រទេស​ជា​សមាជិកអាស៊ាន​ ចំនួន​បួន​ក្នុង​ចំណោម​ប្រទេស​សរុប​ចំនួន​ដប់​បានស្ថិត​ក្នុង​ជម្លោះ​ដ៏រ៉ាំរ៉ៃ​មួយ​នេះ​ជាមួយ​នឹង​ប្រទេស​ចិន។ សមាជិក​ទាំង​បួន​នោះ​រូម​មាន​ប្រទេស​ហ្វ៊ីលីពីន វៀតណាម ​ប្រ៊ុយណេ និង​ប្រទេស​ម៉ាឡេស៊ី។

លោក​ហោ ណាំហុង ឧបនាយក​រដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ការបរទេស​កម្ពុជា​បានប្រកាស​ក្នុង​សន្និសីទ​ព័ត៌មាន​​ក្រោយ​ពី​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​ក្នុង​ទីក្រុង​ភ្នំពេញ​អស់​រយៈពេល​ប្រាំបី​ថ្ងៃ​រួច​មក​ថា មូលហេតុ​ដោយសារ​តែ​ប្រទេស​ភាគី​ជម្លោះ​មួយ​ចំនួន​បាន​ទាមទារ​ឲ្យ​ដាក់​បញ្ហា​ជម្លោះ​ដែនសមុទ្រ​រវាង​ប្រទេស​ចិន​ជាមួយ​វៀតណាម និង​ហ្វ៊ីលីពីន​ក្នុង​សេចក្ដីថ្លែងការណ៍​រួម។

«ប្រទេស​ខ្លះ​នៅតែ​ទទូច​ហើយ​ទទូចទៀតScarborough Shoal ដែល​ជាជម្លោះ​ទ្វេភាគី​រវាង​ហ្វ៊ីលីពីន​ជាមួយ​ប្រទេសចិន គេ​នៅ​តែ​ទទូច​ដាក់​ជម្លោះ​រវាង​វៀតណាម និង​ចិន​អំពី​បញ្ហា​តំបន់​សេដ្ឋកិច្ចតំបន់​ផ្តាច់មុខ​និង​តំបន់​ផ្ទៃរាប​សមុទ្រ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​នេះ»។

នេះ​ជា​លើក​ទី១​ហើយ​ដែល​ប្រទេស​អាស៊ាន​មិនអាច​ឈាន​ដល់​ចំណុច​ព្រមព្រៀងគ្នា​ នៅ​ក្នុង​ការធ្វើ​សេចក្ដីថ្លែងការណ៍​រួម​ក្រោយ​ពី​កិច្ចប្រជុំ​។ តាម​ធម្មតា​ក្រោយ​ពី​កិច្ចប្រជុំ​នីមួយៗ​ប្រទេស​អាស៊ាន​ត្រូវ​ធ្វើ​សេចក្តីថ្លែងការណ៍​រួម​ដោយ​មាន​ការព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ។

លោក​ហោ ណាំហុង បង្ហាញ​ការសោកស្តាយ​សម្រាប់​​កម្ពុជា​ដែល​កំពុង​ធ្វើ​ជា​ប្រធាន​ប្តូរវេណ​របស់​អាស៊ាន​នេះ។ លោក​បញ្ជាក់​ថា កម្ពុជា​មិន​បាន​ដាក់​ទំនោរ​ទៅរក​ភាគី​ជម្លោះ​ណាមួយ​នោះ​ទេ ហើយ​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្ដីប្រកាស​រួម​នេះ​គឺជា «ការ​ទទួល​ខុស​ត្រូវ» រួម​របស់​អាស៊ាន​ទាំងមូល។

«មាន​ចំណុច​ជា​ច្រើន​ដែល​យើង​បាន​ឯកភាព​គ្នា​ហើយ។ មាន​ចំណុច​ជាង​១០០ នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​រួម​នេះ នៅ​សល់​បញ្ហា​តែ​មួយ​ គឺ​ជម្លោះរ​វាង​ប្រទេស​ខ្លះ​ ក្នុង​អាស៊ាន​ជាមួយ​ចិន ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​តែ​ប៉ុណ្ណោះ។ ដូច្នេះ​ខ្ញុំ​យល់​ថា យើង​មិន​គួរ​យក​សេចក្ដីថ្លែងការណ៍រួម​នេះ​ជា​ចំណាប់​ខ្មាំង​របស់​ជម្លោះ​ទ្វេភាគី របស់​ប្រទេស​ខ្លះ​ក្នុង​អាស៊ាន​ជាមួយ​ប្រទេសខ្លះ​ក្នុងតំបន់(ទេ)»។

លោក​ហោ ណាំហុង បាន​ហៅ​ជម្លោះ​នៅ​ដែនសមុទ្រ​ចិន​ខាង​ត្បូង​ថា ជម្លោះទ្វេភាគី​មិនមែនជា​ជម្លោះ​របស់​អាស៊ាន​ទាំងមូល​ទេ។

ក៏ប៉ុន្តែ​នៅ​ក្នុង​សេចក្ដីថ្លែងការ​របស់​ខ្លួន ប្រទេស​ហ្វីលីពីន​បានចាត់​ទុក​ថា ជម្លោះ​ដែនសមុទ្រ​ជាមួយ​ចិន​បាន​ក្លាយ​ជា​ជម្លោះ​ពហុភាគី​ហើយ​ត្រូវតែ​ដោះស្រាយ​ដោយ​លក្ខណ​ពហុភាគី។ ហ្វីលីពីន​បាន​បញ្ជាក់​ថា រដ្ឋមន្ដ្រី​របស់​ខ្លួន​បាន​ទទូច​ឲ្យ​មាន​ការចែង​ពី​ជម្លោះ​នៅ​ដែនកោះ​Scarborough ​ជាមួយ​ចិន​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ ក៏ប៉ុន្តែ​លោក​ហោ ណាំហុង បាន​បដិសេធ។

លោក ម៉ាទី ណាតាឡេហ្គាវ៉ា រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូណេស៊ី​បាន​ហៅ​ការខ្វែង​គំនិត​គ្នា​នៃ​បណ្តា​ប្រទេស​អាស៊ាន​លើក​នេះ​ថា គឺ​ជា​ការខ្វែង​គំនិត​លើ​បញ្ហា​នៃ​អតីតកាល​តែ​ប៉ុណ្ណោះ។

«យើង​មិនអាច​ឈាន​ដល់​ការទទួល​បាន​ទស្សន​រួម​ថា ​តើ​យើង​សម្តែង​មតិ​របស់​យើង​ចំពោះ​ឧបទ្ទេវហេតុ​ដែល​បាន​កើតឡើង​កាល​ពី​អតីតកាល​យ៉ាង​ដូចម្តេច»។

លោក​ស៊ូរីន ពិតស៊ូវ៉ាន់ អគ្គលេខាធិការ​អាស៊ាន​នៅ​តែ​ចាត់​ទុក​ថា នេះ​គឺ​ជាបញ្ហា​ច្រឡោះ​ប្រហោង​​របស់​អាស៊ាន ឬ​គឺ​ជា​បញ្ហា​បច្ចេកទេស​ដែល​សមាគម​អាស៊ាន​អាច​ស្តារ​ឡើងវិញ​បាន។ រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​មិន​អាច​ព្រមព្រៀង​លើ​ក្រមប្រតិបត្តិ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​មាន​ជំហរ​ខ្វែងគ្នា​មួយ​ចំនួន​ជាពិសេស​ក្នុង​ការប្រើ​ពាក្យ​ពេចន៍។ ក្រមប្រតិបត្តិនេះ គឺ​ជា​យន្តការ​ជំនួយ​ដល់​ការ​ដោះស្រាយ​ជម្លោះ​នៅ​ដែន​សមុទ្រ​ដ៏​ប្រទាញប្រទង់​នោះ៕

This posting includes an audio/video/photo media file: Download Now

លោកស្រី​គ្លីនតុន​នៅ​កម្ពុជា​ពិភាក្សា​អំពី​ពាណិជ្ជកម្ម​និង​បំណុល

Posted: 13 Jul 2012 08:37 PM PDT

លោកស្រី​គ្លីនតុន​នៅ​កម្ពុជា​ពិភាក្សា​ជាមួយ​លោកហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ អំពី​ការ​វិនិយោគ​ទុន​ស.រ.អា.​នៅ​កម្ពុជា​និង​បំណុល​កម្ពុជា​ជំពាក់ស.រ.អា.។ ​

​កម្ពុជា​ចង់ឲ្យស.រ.អា.​លុបចោល​បំណុល​ជាង​៤០០​លានដុល្លារ​សល់​ពី​របប​លោក​លន់ នល់ ​ដែលគាំទ្រ​ដោយ​អាមេរិក។ ​លោកលន់ នល់​បាន​ធ្វើរដ្ឋប្រហារ​ទម្លាក់​សម្តេច​នរោត្តម​សីហនុ​នៅឆ្នាំ​១៩៧០ ​ហើយ​បាន​ខ្ចីលុយ​ពីអាមេរិក​ ដែល​មាន​ការប្រាក់៣% ​ដើម្បី​ចិញ្ចឹម​អ្នក​គាំទ្រ​នៅភ្នំពេញ​ មុន​ពេល​ខ្មែរ​ក្រហម​ចូល​កាន់​អំណាច។​

លោក​ហ៊ុន សែន​និយាយ​ថា ​នេះជា​បំណុល​ក្រខ្វក់​ដែល​កម្ពុជា​មិន​គួរសង​វិញ​ទេ។​

លោកស្រី​ហ៊ីលឡារី​គ្លីនតុន​ត្រូវ​បាន​សួរ​អំពី​បំណុល​នេះ​ ក្រោយពី​បាន​ពិភាក្សា​ជា​មួយ​លោកហ៊ុន​សែន ​ហើយ​ថា ​តាមច្បាប់​អន្តរជាតិ ​រដ្ឋាភិបាល​កូន​បំណុល​ត្រូវ​ទទួលខុស​ត្រូវ​បន្ត​ពី​រដ្ឋាភិបាល​ចាស់ ​ទោះជា​ហាក់​ដូចជា​អយុត្តិធម៌​ក្តី។​លោកស្រី​បង្ហាញ​សុឆ្ទៈ​ធ្វើការ​ជាមួយ​កម្ពុជា​ដោះស្រាយ​បំណុល​នេះ។​

«យើង​ចង់ធ្វើ​ការងារ​នេះ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​ដោយ​យុត្តិធម៌​អំពី​បញ្ហា​ដ៏យូរ​នេះ ​ដើម្បី​ជួយ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មាន​កិត្តិយស​ បង្កើន​ពាណិជ្ជ​កម្ម​ក្នុង​ទីផ្សារ​អន្តរជាតិ។​ យើង​គិត​ថា ​ការឈាន​ចូល​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​គឺជា​ប្រយោជន៍​កម្ពុជា​ ដោយ​មិន​ពឹង​ផ្អែក​លើប្រភព​ហិរញ្ញវត្ថុ​ណា​មួយ​ តែមាន​លទ្ធភាព​ដោយ​ខ្លួន​ឯង»។​

វិធីមួយ​គឺ​ការ​សង​បំណុល​ក្នុង​រូបភាព​ជា​ជំនួយ​អភិវឌ្ឍន៍​បន្ថែម​របស់​ស.រ.អា.​ក្នុង​វិស័យ​អប់រំ ​និង​បរិស្ថាន ។ ​ជំនួយ​នោះ​កន្លងមក​ត្រូវផ្អាក​ដោយ​តម្រូវ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ ​ដើម្បី​ធានា​ថា ​ជំនួយ​នេះ​បាន​ទៅ​ពលរដ្ឋ​ខ្មែរ។​

លោកស្រី​គ្លីន​តុនប្រាប់​អ្នកយក​ព័ត៌មាន​ថា ​ជំនួយ​ស.រ.អា.​សម្រាប់​កម្ពុជា​ឡើង​ទ្វេ​ដង​ក្នុង​ពេល​មួយ​ទសវត្សរ៍​កន្លង​នេះ​គឺ​ដល់​ទៅ​៧៥លាន​ដុល្លារ។​ លុយ​នេះជួយ​ប្រយុទ្ធ​ជំងឺអេដស៍ ​មេរោគ​អេដស៍ ​ជួយ​ខ្មែរ​ក្រីក្រ​ជិត​១ភាគ៤​ក្នុង​ប្រទេស​នេះ ដែល​ខ្វះខាត​អាហារ ​ជួយ​កាត់​បន្ថយ​មរណភាព​មាតា​ និងទារក។​

«ខ្ញុំទទួល​ស្គាល់​ថា​ ជួនកាល​ស.រ.អា.​មាន​ការ​សៅហ្មង​បន្តិច។​ យើង​ផ្តល់​ជំនួយ​ឲ្យប្រជាជន​ផ្ទាល់។ ​យើង​ចង់ឲ្យ​មាន​ចំណី​អារហារ ​ឲ្យ​ប្រជាជន​មាន​សុខភាព​ប្រសើរ​ឡើង។​ ដូច្នេះ ​យើង​មិនអាច​អួតអាង​អំពី​អាគារ​ធំៗទេ​ ប៉ុន្តែ​យើង​អាច​និយាយ​ពីការ​សង្គ្រោះ​ជីវិតកុមារ​បាន​ច្រើន»។​

តាំងពី​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ធម្មតា​ឡើងវិញ​ជាមួយ​កម្ពុជា​នៅឆ្នាំ​១៩៩២​ វិនិយោគ​ទុន​ស.រ.អា.​នៅ​កម្ពុជា​កើន​ជា​ប្រចាំ​ដល់​ជាង​១៤៤​លាន​ដុល្លារកាល​ពី​ឆ្នាំទៅ។​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​និយាយ​ថា ​តួលេខ​នេះ​ឡើង​ទ្វេលើ​ឆ្នាំ​២០១០។​

កម្ពុជា​នាំចេញ​ច្រើន​មក​ស.រ.អា.​គឺ​ជាង​១ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ ភាគ​ច្រើន​ខាង​វិស័យកាត់​ដេរ។​

លោក​ស្រីគ្លីនតុន​កំពុង​ដឹកនាំ​គណៈ​ប្រតិភូពាណិជ្ជករ​អាមេរិកាំង​ច្រើន​បំផុត​ទៅ​កម្ពុជា ​ជា​ផ្នែកមួយ​នៃ​វេទិការ​វិនិយោគទុន​សម្រាប់​តំបន់​អាស៊ាន។ ​ក្រុម​ហ៊ុន​ចូលរួម​ រួមមាន​ Boeing, Chevron, Coca-Cola, FedEx, Ford, General Electric និង​Proctor and Gamble។​

​ប្រែសម្រួល​ដោយ៖ ពិន ស៊ីសុវណ្ណ

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!