VOA News: ព័ត៌មាន: “ខៀវ សំផន​ថា​ខ្លួន​គ្មាន​អំណាច​ពិត ហើយ​សុំ​ឱ្យ​កោះហៅ​អតីត​ព្រះមហាក្សត្រ​ចូល​តុលាការ” plus 5 more

VOA News: ព័ត៌មាន: “ខៀវ សំផន​ថា​ខ្លួន​គ្មាន​អំណាច​ពិត ហើយ​សុំ​ឱ្យ​កោះហៅ​អតីត​ព្រះមហាក្សត្រ​ចូល​តុលាការ” plus 5 more


ខៀវ សំផន​ថា​ខ្លួន​គ្មាន​អំណាច​ពិត ហើយ​សុំ​ឱ្យ​កោះហៅ​អតីត​ព្រះមហាក្សត្រ​ចូល​តុលាការ

Posted: 23 Nov 2011 01:35 PM PST

អតីត​ប្រមុខរដ្ឋ​សម័យ​ខ្មែរក្រហម​ ខៀវ​ សំផន ​បាន​ស្នើសុំ​ការអភ័យទោស​ពី​សាលាក្ដី​ខ្មែរក្រហម​ ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ដោយ​លើក​ហេតុផល​ថា​ ខ្លួន​មិន​មាន​អំណាច​ពិត​ប្រាកដ​ នៅ​ពេល​ដែល​ពួក​ខ្មែរក្រហម​កាន់កាប់​អំណាច​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ​ដល់​ឆ្នាំ ​១៩៧៩​នោះ​ទេ។

សំណើរ​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​អង្គជំនុំ​ជម្រះ​សាលាដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​បាន​ចាប់​ផ្ដើម​បើក​សវនាការ​សំណុំរឿង​០០២​ ឈាន​ដល់​ថ្ងៃ​ទី​បី​នៅ​ថ្ងៃ​ពុធ​នេះ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​តប​នឹង​ការចោទ​ប្រកាន់​របស់​សហ​ព្រះរាជ​អាជ្ញា​កាល​ពី​ព្រឹក​ម៉ិញ​ ខៀវ​ សំផន​ អាយុ ​៨០​ ឆ្នាំ ​បាន​ហៅ​ការចោទ​ប្រកាន់​មក​លើ​ខ្លួន​ថា ​ជា​ការ​ចោទ​ប្រកាន់​ «ដោយ​ស្មាន​ និង​គ្មាន​ភស្ដុតាង» ​ ហើយ​បាន​សំអាង​ឡើង​វិញ​ថា ​ខ្លួន​មិន​បាន​ដឹង​ពី​ឧក្រិដ្ឋកម្ម​ ដែល​បាន​កើត​ឡើង​នោះ​ទេ។

«ខ្ញុំ​សំណូមពរ​ (ដល់​) ​អស់​លោក ​លោកស្រី ​(ចៅក្រម) ​សូម​អធ្យាស្រ័យ​ឲ្យ​ខ្ញុំ​ផង។ ​ទោះ​ជា​អ្វី​ដែល​ខ្ញុំ​ទើប​តែ​និយាយ​នៅ​ពេល​នេះ​ក៏​ដោយ​ ខ្ញុំ​នៅ​តែ​និយាយ​ថា ​ខ្ញុំ​មិន​ដែល​បាន​ចូលរួម​សម្រេច​កិច្ចការ​អ្វី​ធំដុំ​សោះ។​ ហើយ​មិន​បាន​ដឹង​ទាល់​តែ​សោះ​អំពី​អ្វី​ដែល​បាន​កើត​មាន​នៅ​ក្នុង​ប្រទេស​យើង​ពី​ពេល​នោះ។ ​ដោយព្រម​ទាំង​រឿង​គួរ​ឲ្យ​រន្ធត់​ដូច​ដែល​អ្នកស្រី​សហ​ព្រះរាជ​អាជ្ញា​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២១ ​ខែ​វិច្ឆិកា»។

កាល​ពី​ថ្ងៃ​ច័ន្ទ ​និង​ថ្ងៃ​អង្គារ​សហ​ព្រះរាជ​អាជ្ញា​លោកស្រី​ជា ​លាង ​និង​លោក​អេនឌ្រូ ​ខេយលី ​បាន​ចោទ​ប្រកាន់​ទៅ​លើ​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​ចាស់​ជរា ​ដែល​នៅ​រស់រាន​មាន​ជីវិត​ចំនួន​បី​នាក់​ថា​ គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការស្លាប់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ចន្លោះ​ពី​១,៧ ​លាន​ ទៅ​ ២,២​លាន​នាក់ ​ក្នុ​ង​អំឡុង​ពេល​ដែល​ពួក​គេ​កាន់​កាប់​អំណាច។

ក្នុង​នោះ​ការទទួល​ខុសត្រូវ​ចំពោះ​ការរំលោភ​បំពាន ​និង​អំពើ​ឃោរឃៅ ​រួមទាំង​ការបណ្ដេញ​ចេញ​ដោយ​បង្ខំ ​ការធ្វើ​ទុក​បុក​ម្នេញ​ផ្នែក​សាសនា ​ការបង្អត់​អាហារ ​ការបង្ខំ​ឲ្យ​ធ្វើការ​ ការបង្ខំ​ឲ្យ​រៀបការ​និង​ការបង្អត់​អាហារ​ជា​ដើម។​ អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំង​បី​នាក់​នោះ​ គឺ​នួន ​ជា ​អតីត​ប្រធាន​សភា​ អៀង ​សារី ​អតីត​រដ្ឋមន្ដ្រី​ការបរទេស​ និង​ខៀវ​ សំផន។

សហ​ព្រះរាជ​អាជ្ញា​ទាំង​ពីរ​រូប​ក៏​បាន​លើក​ឡើង​ថា​​ អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំង​នេះ​ មាន​សិទ្ធិ​សម្រេច​និង​ទទួល​បាន​សេចក្ដី​រាយការណ៍​នានា​ពី​កម្មាភិបាល​ក្រោម​បង្គាប់​របស់​ពួក​គេ​ ដែល​ពួក​គេ​មិន​អាច​​ប្រកែក​បាន​ឡើយ។

លោក​ខៀវ ​សំផន​ បាន​ឆ្លើយ​តប​ទៅ​នឹង​សហ​ព្រះរាជ​អាជ្ញា​បរទេស​ដោយ​រំលឹក​ផ្ទួនៗ​ចំនួន​ពីរ​ដង​ឲ្យ​មាន​កោះហៅ​អតីត​ព្រះមហាក្សត្រ​នរោត្តម ​សីហនុ​ឲ្យ​ចូល​កាន់​តុលាការ​ផង​ដែរ។

«លោក​បាន​លើក​ឡើង​ថា​ ការណ៍​ដែល​ខ្ញុំ​ត្រូវ​បាន​តែងតាំង​ជា​គណៈប្រធាន​រដ្ឋ​ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ នាំ​ឲ្យ​ខ្ញុំ​ស្ថិត​នៅ​ក្នុង​សហ​ឧក្រិដ្ឋកម្ម​រួម។​ បើ​ដូច្នេះ​ហេតុអ្វី​បាន​ជា​លោក​មិន​ធ្វើ​ការចោទប្រកាន់​លើ​អតីត​ព្រះមហាក្សត្រ​នរោត្តម ​សីហនុ ​ផង​ទៅ? លោក​សហ​ព្រះរាជអាជ្ញា ​លោក​ហាក់​ដូច​ជា​គិត​ថា ​ខ្ញុំ​និយាយ​យ៉ាង​នេះ​មិន​ត្រឹមត្រូវ​ទេ ​បើ​ដូច្នេះ​ហេតុអ្វី​បាន​ជា​លោក​មិន​កោះ​យាង​សម្ដេច​ឲ្យ​លោក​យាង​មក​អង្គុយ​កៅអី​ចុងចោទ​ជាមួយ​យើង​ខ្ញុំ​ផង​ទៅ?»

ទាំង​លោក​ខៀវ​ សំផន ​និង​សហ​មេធាវី​សញ្ជាតិ​បារាំង​របស់​ខ្លួន​លោក ​ហ្ស៊ាក់ ​វែហ្ស៊ែស ​(Jaque Vergès) ​បាន​ស្នើ​ឲ្យ​តុលាការ​ពិចារណា​ លើ​ការ​ទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក​ ហើយ​ចាត់​ទុក​នោះ​គឺ ​«ជា​ការសម្លាប់​រង្គាល»។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលម៉ិញ​នេះ​នួន​ ជា​ បាន​និយាយ​យោង​ដល់​ការ​ទម្លាក់គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក​ មក​លើ​ប្រទេស​កម្ពុជា​ផង​ដែរ​ ប៉ុន្ដែ​បាន​ធ្វើ​ការ​ចោទប្រកាន់​ជា​ច្រើន​លើ​ប្រទេស​វៀតណាម។

អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​រូប​នេះ​ ក៏​បាន​ច្រានចោល​ការចោទ​ប្រកាន់​របស់​ក្រុម​ព្រះរាជ​អាជ្ញា​មក​លើ​ខ្លួន​ផង​ដែរ។ ​ដោយ​ឡែក​អៀង​ សារី ​អតីត​បង​ធំ​ទី​បី​ នៃ​របប​ខ្មែរក្រហម​ ដែល​សម្តែង​អាការៈ​ឈឺ​បេះដូង​ នៅ​ថ្ងៃ​នេះ​មិន​បាន​បក​ស្រាយ​តប​លើ​ការ​ចោទប្រកាន់​នោះ​ទេ។ ​ជន​ជាប់​ចោទ​រូប​នេះ​គ្រាន់តែ​លើក​ឡើង​ថា ​ការចាប់ផ្ដើម​កាត់ទោស​នៅ​ពេល​នេះ ​ធ្វើ​ឡើង​ដោយ​មិន​ទាន់​មាន​ការដោះ​ស្រាយ​បាន​រួចរាល់​ពី​ចំណោទ​នៃ​ការប្ដឹង​ឧទ្ធរណ៍​របស់​លោក​ពាក់ព័ន្ធ​នឹង​ការ​ច្រានចោល​ប្រសិទ្ធភាព ​នៃ​ការលើកលែង​ទោស​របស់​អតីត​ព្រះមហាក្សត្រ​ទៅ​លើ​រូប​លោក។

អង្គជំនុំ​ជម្រះ​សាលាដំបូង​បាន​ផ្អាក​សវនាការ​ពេញអង្គ​សេចក្ដី​រយៈពេល​បី​ថ្ងៃ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ ដោយ​គ្រោងនឹង​បន្ដ​សវនាការ​ទៀត​នៅ​ថ្ងៃ​ទី​ ៥​ ខែ​ធ្នូ។ ​សវនាការ​នោះ​នឹង​ផ្ដោត​លើ​ការ​ជជែក​ដេញ​​ដោល​លើ​ភស្ដុតាង៕

This posting includes an audio/video/photo media file: Download Now

វៀតណាម​បដិសេធ​ថា​ខ្លួន​ជា​អ្នក​ដើមចម​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ

Posted: 23 Nov 2011 01:17 PM PST

ក្នុង​វ័យ​៧៥​ឆ្នាំ​អតីត​បង​ធំ​ទី​ពីរ​ នួន ​ជា ​និង​ជា​ប្រធាន​រដ្ឋសភា​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ធ្វើ​ការចោទ​ប្រកាន់​ចំៗ​ថា​គឺ​ប្រទេស​វៀតណាម​ដែល​នាំ​ទៅ​ដល់​ការសម្លាប់​អាយុ​ជីវិត​មនុស្ស​អស់​ជាង​​១,៧​លាន​នាក់​ដោយសារ​តែ​ការកាប់​សម្លាប់ ​ការធ្វើ​ទារុណកម្ម ​ការបង្អត់​អាហារ​ និង​ដោយសារ​ជំងឺ។

ថ្លែង​ប្រាប់​សាលាក្តី​ខ្មែរក្រហម​ កាលពី​ថ្ងៃ​អង្គារ​ម្សិលម៉ិញ​នេះ ​អស់​រយៈពេល​ជាង​មួយ​ម៉ោង​ លោក​នួន ​ជា ​បាន​វាយ​ប្រហារ​ប្រទេស​វៀតណាម​ស្ទើរតែ​មិន​ដាច់​ពាក្យ ​ដោយ​លោក​បាន​ចោទ​ប្រកាន់​ថា​ ប្រទេស​វៀតណាម​ មាន​បំណង​លេប​ទឹកដី ​ឈ្លានពាន ​និង​បំបាត់​ពូជសាសន៍​កម្ពុជា។

និយាយ​មួយៗ ​តែ​សំឡេង​ច្បាស់​លោក​នួន ​ជា ​បាន​និយាយ​ថា​កត្តា​ដែល​ប្រទេស​វៀតណាម​ មាន​មហិច្ឆតា​គ្រប់គ្រង​ត្រួតត្រា​ប្រទេស​កម្ពុជា ​និង​ប្រទេស​ឡាវ ​ដោយសារ​តែ​វៀតណាម​ មាន​គំនិត​ជាតិ​ធំ ​ឬ​ហៅ​ថា​លទ្ធិ​ជាតិ​និយម ​ដែល​លទ្ធិ​នេះ ​ត្រូវ​បាន​អនុវត្ត​ទៅលើ​ប្រទេស​តូចៗ ​ប្រជាជន​តិច​ ទន់​ខ្សោយ​ និង​មើល​ងាយ​មើល​ថោក​ប្រទេស​តូចតាច។

«វៀតណាម​ប្រកាន់​យក​នូវ​លទ្ធិ​ឈ្លានពាន ​វាតទី​លេប​ទឹកដី​បំបាត់​ពូជសាសន៍។​ វៀតណាម​លោភ​លន់​អំណាច ​និង​ផលប្រយោជន៍ ​ខាង​សេដ្ឋកិច្ច​ ឬ​ហៅថា​ផលប្រយោជន៍​និយម​ឬ​អំណាច​និយម។ ចាប់​តាំង​ជា​សហព័ន្ធ​ឥណ្ឌូចិន ​ដោយ​នៅ​ក្រោម​ការត្រួតត្រា​របស់​ប្រទេស​វៀតណាម​ តាម​រូបភាព​មិត្តភាព​ពិសេស​ និង​គំនិត​ធ្វើ​រាមច្បង​នៅ​ក្នុង​ប្រទេស​អាស៊ាន ​ក៏​វៀតណាម​នៅ​មាន​មហិច្ឆតា​នេះ​ដែរ»។

ដោយ​បាន​ធ្វើការ​រៀបរាប់​យ៉ាង​វែង ​ទាំង​ការ​បង្កើត​បក្សកុម្មុយនីស្ត​ឥណ្ឌូចិន ​នៅ​ក្នុង​ឆ្នាំ​១៩៥១​ រហូត​ដល់​របប​ខ្មែរក្រហម​ លោក​នួន​ ជា ​ក៏​បាន​ទាញ​យក​ទឡ្ហីករណ៍​ជាក់ស្តែង​មួយ​ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​បន្ទាប់​ពី​ប្រទេស​វៀតណាម ​បាន​បង្កើត​សមាគម​របស់​ខ្លួន​ចំនួន​២៤​ខេត្ត​ក្រុង​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​លោក​នួន​ ជា ​បាន​បញ្ជាក់​ថា ​ការបង្កើត​សមាគម​នេះ​ មាន​សាខា​ដឹកនាំ​ធ្វើ​សកម្មភាព​នយោបាយ ​សេដ្ឋកិច្ច ​យោធា ​និង​មនោគមវិជ្ជា​ នៅ​តាម​ខេត្ត​ ដែល​នេះ​គឺ​ជា​យុទ្ធវិធី​ពស់​ថ្លាន់​ រឹត​កូន​ឈ្លូស​ឲ្យ​ទន់​ឆ្អឹង ​រួច​ហើយ​លេប​តែ​ម្តង។

«កត្តា​វៀតណាម​គឺ​ជា​បច្ច័យ​មួយ​សំខាន់ ​ដែល​បង្ក​ឲ្យ​មាន​ការច្របូក​ច្របល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រជាធិបតេយ្យ​ពី​ឆ្នាំ​១៩៧៥​ ដល់​ខែ​មេសា ​ឆ្នាំ​១៩៧៩»។

លោក ​ឡេ ម៉ិញ ង៉ុក(Le Minh Ngoc) ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ​បាន​និយាយ​ថា​ការលើកឡើង​របស់​លោក​នួន​ ជា ​គឺ​ជា​ការណ៍​មិន​ពិត​ និង​ជា​ការមួល​បង្កាច់។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ កងទ័ព​វៀតណាម​ បាន​មក​រំដោះ​ប្រជា​ពលរដ្ឋ​កម្ពុជា ​ឲ្យ​រួច​ផុត​ពី​របប​ខ្មែរក្រហម​ ហើយ​យើង​មិន​មាន​មហិច្ឆតា​លេប​ទឹកដី​ដូច​ការលើក​ឡើង​របស់​លោក ​នួន ​ជា ​នោះ​ទេ។

«រដ្ឋាភិបាល ​ក៏​ដូច​ជា​ប្រជាជន​វៀតណាម ​មិន​ដែល​គិត​ថា​កម្ពុជា​ ដែល​ជា​មិត្ត​ល្អ​ដូច​ប្រទេស​ជិត​ខាង​ យើង​សុទ្ធ​តែ​ជួយ​វិញ ​ជួយ​មក។ ​គ្មាន​គំនិត​ណា​ប៉ង​ធ្វើ​អំពើ​ឃោរឃៅ ​ឬក៏​ធ្វើ​អី្វ​បំពាន​ទឹក​ដី​ទេ»។

លោក ​ឆាំង ​យុ ​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​បាន​និយាយ​ថា​វៀតណាម​មាន​ការចរចា​ និង​មាន​ការវាយ​ប្រហារ​ជាមួយ​កងទ័ព​ខ្មែរក្រហម​ ដោយសារ​តែ​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ ជាមួយ​គ្នា​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៥១។ លោក​បាន​មាន​ប្រសាសន៍​ថា​នេះ​ គឺ​ជា​យុទ្ធវិធី​ចាស់​គំរិល ​ដែល​យើង​ធ្លាប់​ឮ​និង​ធ្លាប់​ឃើញ​រួច​មក​ហើយ ​ហើយ​លោក​នួន​ ជា​ ឥត​មាន​អ្វី​លើក​ឡើង​ដើម្បី​ទាក់ទាញ​ប្រជាជន ​នឹង​បង្វែរ​ការណ៍ពិត ​តាម​ការចោទ​ប្រកាន់​របស់​តុលាការ​ និង​បញ្ឆេះ​កំហឹង​ប្រកាន់​ពូជសាសន៍។

«អ្វី​ដែល​សំខាន់​ គឺ​តុលាការ​នេះ ​មាន​តែ​សមត្ថកិច្ច​មួយ​ទៅ​លើ​បទឧក្រិដ្ឋ​មួយ​ ដែល​បាន​កើត​ឡើង​ ក្នុង​រវាង​ឆ្នាំ​៧៥ ​និង​៧៩។ ​នួន​ ជា ​គាត់​អាច​ចង្អុល​បន្ទោស​វៀតណាម​ ឬ​ក៏​ទេវតា​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ គឺ​អ្វី​ដែល​បាន​កើត​ឡើង ​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ គឺ​ជា​ការទទួល​ខុស​ត្រូវ​របស់​មេដឹកនាំ​ជាន់​ខ្ពស់​ នៃ​កម្ពុជា​ប្រជាធិបតេយ្យ ​ដែល​មាន​រូប​គាត់​នៅ​ក្នុង​នោះ»។

លោក​បណ្ឌិត​ រស់​ ចន្រ្តាបុត្រ​ អ្នកប្រវត្តិសាស្រ្ត​កម្ពុជា​នៃ​រាជបណ្ឌិតសភា​កម្ពុជា​ បាន​និយាយ​ថា ​ការចោទ​ប្រកាន់​ទៅ​លើ​ប្រទេស​វៀតណាម​ គឺ​ជា​ការដោះស្រាយ​មួយ​តែ​ប៉ុណ្ណោះ ​របស់​លោក​នួន​ ជា​ ដែល​គេច​ចេញ​ពី​ការទទួល​ខុស​ត្រូវ ​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍។​ លោក​បាន​មាន​ប្រសាសន៍​ថា ​លោក​នួន ​ជា​ ចង់​បង្ហាញ​ថា​លោក ​ជា​អ្នកសេ្នហា​ជាតិ​ ជា​អ្នកការពារ​ជាតិ​ ចេញ​ពី​ការឈ្លានពាន​ពី​បរទេស​ ក៏​ប៉ុន្តែ​យើង​ពិបាក​វាយ​តម្លៃ​ទៅ​លើ​ចំណុច​ទាំង​នេះ។

«ការឃោសនា​របស់​ក្រុម​ប្រជាធិបតេយ្យ​គឺ​តែងតែ​យក​រូបភាព​ណា​ឈ្លានពាន​មក​លើ​កម្ពុជា​នេះ​ធ្វើជា​គោល​ជំហរ​នយោបាយ​របស់​ខ្លួន​ក្នុង​ការរៀបចំ​ទឹក​ដី​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​ ក៏​ដូចជា​ក្នុង​ការឃោសនា​ផ្សេងៗ​ទៅ​ទៀត​ ដើម្បី​បង្ហាញ​ជាតិ​និយម​ជ្រុល​របស់​ខ្លួន»។

កងទ័ព​វៀតណាម​ធ្លាប់​បាន​ចូល​រំដោះ​ប្រទេស​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​មករា​ ឆ្នាំ​១៩៧៩​ ក៏​ប៉ុន្តែ​មាន​មតិ​ប្រឆាំង​ជា​ច្រើន ​បាន​ហៅ​ព្រឹត្តិកាណ៍​នេះ​ គឺ​ជា​ថ្ងៃ​ឈ្លានពាន​របស់​កងទ័ព​វៀតណាម​ មក​លើ​ប្រទេស​កម្ពុជា​ទៅ​វិញ៕

This posting includes an audio/video/photo media file: Download Now

សហគមន៍​រងគ្រោះ​បញ្ហា​ដីធ្លី​ទាមទារ​កម្មសិទ្ធិ​ស្របច្បាប់

Posted: 23 Nov 2011 12:41 PM PST

នៅ​ថ្ងៃ​ពុធ​នេះ​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​ដែល​ប្រឈម​នឹង​ការបណ្តេញ​ចេញ​នៅ​កម្ពុជា​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី​ធ្លី​ស្រប​ច្បាប់​ដល់​ពួកគាត់​ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ជម្លោះ​ដីធ្លី​និង​ការបណ្តេញ​ចេញ​ដោយ​បង្ខំ។

តំណាង​សហគមន៍​ប្រមាណ​៣០០​នាក់​មកពី​ទូទាំង​ប្រទេស​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​សិក្ខា​សាលា​រយៈពេល​ពីរ​ថ្ងៃ​នៅ​សណ្ឋាគារ​ Sunway​ដើម្បី​លើក​ឡើង​អនុសាសន៍ ​ការព្រួយបារម្ភ ​ការឈឺចាប់​ចំពោះ​ការរំលោភ​ដី​ធ្លី​ ការបណ្តេញ​ចេញ​ដោយ​បង្ខំ ​ការរើសអើង​ក្នុង​ការផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី​ធ្លី​ស្រប​ច្បាប់​និង​ការប្រើ​ប្រព័ន្ធ​តុលាការ​ប្រឆាំង​នឹង​អ្នកតវ៉ា​រឿង​ដី​ធ្លី​ ជូន​រដ្ឋាភិបាល​និង​រដ្ឋសភា​ឱ្យ​ជួយ​ដោះស្រាយ។

សេចក្តី​ថ្លែងការណ៍​រួម​បាន​បញ្ជាក់​ថា​តំណាង​សហគមន៍​បាន​ផ្តល់​អនុសាសន៍​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​សកម្មភាព​ចុះ​បញ្ចី​ដី​ធ្លី ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​និង​ការដោះស្រាយ​វិវាទ​ដី​ធ្លី។

សេចក្តី​ថ្លែងការណ៍​រួម​នេះ​បាន​ត្អូញត្អែរ​ថា​មាន​ការរើសអើង​ក្នុង​ការចេញ​ប័ណ្ណ​កម្មសិទ្ធិ។ ​ការរំលោភ​យក​ដី​ដោយ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ និង​ផ្តល់​សំណង​មិន​សមរម្យ​ក្នុង​ការផ្លាស់ប្តូរ​ព័ត៌មាន​លំនៅដ្ឋាន។ ​មាន​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​ការចោទប្រកាន់​និង​ការចាប់​ខ្លួន​ប្រជាពលរដ្ឋ​ ដែល​ការពារ​សិទ្ធិ​រស់​នៅ​លើ​ដី​ធ្លី​របស់​ខ្លួន។

លោក​ ឌួង ​ស៊ីបុណ្ណថុល ​តំណាង​សហគមន៍​ដី​ធ្លី ​លំនៅដ្ឋាន ​និង​សម្បទាន​ដី​សេដ្ឋកិច្ច​ប្រចាំ​ខេត្ត​កំពង់ស្ពឺ​ បាន​បញ្ជាក់​ថា​ ជនរងគ្រោះ​ដោយ​ជម្លោះ​ដី​ធ្លី​ទំនង​ជា​កើត​មាន​ជំងឺ​ផ្លូវ​ចិត្ត​ ឬ ​ជំងឺ​ភ័យព្រួយ​ចំពោះ​ការខ្លាច​បាត់បង់​ដី​ធ្លី​របស់​គាត់។

«ប្រជា​ពលរដ្ឋ​បារម្ភ​បំផុត​អំពី​កម្មសិទ្ធិ​មិន​ច្បាស់លាស់​របស់​គាត់​ និង​ការគំរាម​កំហែង​ចាប់​គាត់​ដាក់​ពន្ធនាគារ។ ​បញ្ហា​នេះ​សំខាន់​មែនទែន»។

លោក​ សុខ ​ហេង ​តំណាង​បណ្តាញ​កសាង​សន្តិភាព​សហគមន៍ ​បាន​ថ្លែង​ថា​ ជម្លោះ​ដី​ធ្លី​ នៅ​កម្ពុជា​បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ប៉ុន្តែ​ការដោះស្រាយ​របស់​រដ្ឋាភិបាល​មាន​តិច​តួច​ណាស់។

«យើង​ឃើញ​មាន​ការចោទ​ប្រកាន់ ​ឬ ​ការចាប់​ខ្លួន​ (អ្នកតវ៉ា​រឿង​ជម្លោះ​ដី​ធ្លី) នៅ​ប្រទេស​កម្ពុជា​ច្រើន​មែន​ទែន។ ​យើង​ប្រមូល​បាន​រយៈពេល​ជិត​១០​ឆ្នាំ​នេះ​ ប្រហែល​ជាង​៥០០​នាក់»។

លោក​ នី​ ចរិយា ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​ នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក ​បាន​លើក​ឡើង​ថា​ អ្នកតវ៉ា​រឿង​ជម្លោះ​ដី​ធ្លី​ចំនួន​២០១​នាក់ ​ត្រូវ​បាន​ចោទ​ប្រកាន់ ​និង​២៩​នាក់​ កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ។

«ក្នុង​ឆ្នាំ​២០១១​នេះ ​ចំនួន​ដី​ធ្លី​ដែល​សមាគម​អាដហុក​ទទួល​បាន​ គឺ​តិច​ជាង​ឆ្នាំ​២០១០។​ ក៏ប៉ុន្តែ​ អ្វី​ដែល​យើង​កត់សម្គាល់​ គឺ​ចំនួន​ប្រជាពលរដ្ឋ​ ដែល​ប៉ះពាល់​កើន​ឡើង​ជាង​ឆ្នាំ​២០១០ ​និង​ទំហំ​ដី​ដែល​ប៉ះពាល់​ មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​២០១០»។

នៅ​ក្នុង​រយៈពេល​៩​ខែ​នេះ​ សមាគម​សិទ្ធិមនុស្ស​អាដហុក​ទទួល​បាន​ពាក្យ​បណ្តឹង​អំពី​ជម្លោះ​ដីធ្លី​ជាង​១៨០​ករណី ​ហើយ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ទទួល​បាន​បណ្តឹង​រឿង​ជម្លោះ​ដីធ្លី​ចំនួន​៧៥​ករណី។

ក្រុម​មន្ត្រី​រដ្ឋាភិបាល​ដែល​បាន​ចូលរួម​នៅ​ក្នុង​សិក្ខា​សាលា​នេះ​ បាន​ថ្លែង​ថា​រដ្ឋាភិបាល​នឹង​យក​អនុសាសន៍ ​និង​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​មក​ពិចារណា​និង​ដោះស្រាយ៕

This posting includes an audio/video/photo media file: Download Now

ក្រែម​លាប​ឱ្យ​ស្បែក​ស​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ជាង​គុណប្រយោជន៍

Posted: 23 Nov 2011 12:51 PM PST

នៅ​ប្រទេស​កម្ពុជា​ការប្រើប្រាស់​ក្រែម​លាប​ស្បែក​ឱ្យ​ស​កំពុង​ពេញ​និយម​ក្នុង​ចំណោម​ស្រ្តី​ដែល​ចង់​បាន​សម្បុរ​ភ្លឺ​ជ្រះ​ជាង​ធម្មជាតិ។ ប៉ុន្តែ​មាន​ស្រ្តី​មួយ​ចំនួន​ត្រូវ​គេ​អះអាង​ថា​បាន​ស្លាប់​កាលពី​ពេល​ថ្មីៗ​នេះ​ដោយសារ​ការប្រើប្រាស់​ផលិតផល​ប្រភេទ​នេះ។

នាង​ធីតា​ វីន​នៃ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​បាន​ជួប​សម្ភាស​ជាមួយ​លោក​បណ្ឌិត​ថូម៉ាស មឺហ្វី អ្នក​វិទ្យាសាស្រ្ត​ជាន់​ខ្ពស់​និង​ជា​សហ​នាយក​មន្ទីរ​ពិសោធន៍​នៃ​សាកលវិទ្យាល័យ​សុខាភិបាល​នៅ​ក្នុង​​ប្រទេស​កម្ពុជា។ តទៅ​នេះ​ជាបទ​សម្ភាស​រវាង​នាង​ធីតា​ វីន ជាមួយ​នឹង​លោក​ថូម៉ាស មឺហ្វី។

សំណួរ៖ សូម​ជម្រាប​សួរ​លោក ​ថូម៉ាស​ មឺហ្វី ​តើ​លោក​បាន​ធ្វើ​ពិសោធ​លើ​គ្រឿង​សំអាង​អ្វី​ខ្លះ​ដែរ?

ថូម៉ាស មឺហី្វ៖ ​យើង​ប្រើ​ឧបករណ៍​ញែក​សារធាតុ​គីមី​យួរ​ដៃ​ ដែល​មាន​ប្រសិទ្ធភាព​បំផុត។​ វា​គឺ​ជា​ម៉ាស៊ីន​ពិសេស​សម្រាប់​ញែក​រក​សារធាតុ​លោហធាតុ​និង​សារធាតុ​ទាំង​ឡាយ​ណា​ដែល​គេ​ប្រើ​សម្រាប់​លាយ​ក្នុង​ក្រែម​លាប​ស្បែក។ ​លទ្ធផល​ទទួល​បាន​គឺ​លឿន​មែនទែន។ ​ យើង​ធ្វើ​ការពិសោធ​លើ​ក្រែម​លាប​ស្បែក​ទាំង​ឡាយ​ណា​ ដែល​ក្រុម​និស្សិត​ស្រី​ៗ​នាំ​យក​មក។ ​យើង​ចង់​ពិសោធ​លើ​ក្រែម​លាប​ស្បែក​ឲ្យ​ស។ ​យើង​បាន​ពិសោធ​លើ​ក្រែម​បញ្ចុះ​ទម្ងន់​ក្រែម​ការពារ​ពន្លឺ​ថ្ងៃ​ហើយ​ជួន​កាល​ពួក​គាត់​នាំ​យក​ពិសោធន៍​នូវ​សារធាតុ​សម្រាប់​ប្ដូរ​ពណ៌។ ​ប៉ុន្ដែ​ភាគ​ច្រើន​គឺ​យើង​ពិសោធ​លើ​ក្រែម​សម្រាប់​លាប​ឲ្យ​ស្បែក​ស។

សំណួរ៖ តើ​ហេតុអ្វី​បាន​ជា​លោក​ធ្វើការ​ពិសោធ​ទៅ​លើ​គ្រឿង​សំអាង​ទាំង​នោះ​ដែរ?

ថូម៉ាស មឺហី្វ៖ បាទ!​ នេះ​គឺ​ជា​បញ្ហា​ដែល​គេ​ដឹង​ឮ​ពាសពេញ​ពិភពលោក​ដែល​ថា​ក្រែម​លាប​ស្បែក​ជា​ទូទៅ​មាន​សារធាតុ​បារ៉ត​ហើយ​យើង​ធ្វើ​ការសិក្សា​នេះ​ នៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ​កាល​ពី​ពីរ​បី​ឆ្នាំ​មក​ហើយ។ ​ហើយ​យើង​ចង់​សិក្សា​វា​ជាមួយ​នឹង​និស្សិត​ឲ្យ​បាន​ច្រើន​ហើយ​អប់រំ​ពួក​គេ​ពី​បញ្ហា​ប្រឈម។ ​ហើយ​វា​ហាក់​ដូច​ជា​ថា​មាន​ការប្រើប្រាស់​ក្រែម​កាន់​តែ​ច្រើន​ឡើងៗ​ បើ​ធៀប​ទៅ​នឹង​ការចាប់ផ្ដើម​សិក្សា​របស់​យើង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​ហើយ​ប្រហែល​ជា​មួយ​ឆ្នាំ​មុន​យើង​ធ្វើ​ការសិក្សា​លើ​បញ្ហា​នេះ​ស្រ្ដី​វ័យក្មេង​ម្នាក់​ទំនង​ជា​បាន​ស្លាប់​បន្ទាប់​ពី​បាន​ប្រើប្រាស់​ក្រែម​ដែល​មាន​សារធាតុ​បារ៉ត។​ ដូច្នេះ​យើង​ចង់​ស្វែង​យល់​ពី​វា​ឱ្យ​កាន់​តែ​ច្រើន​ឡើង​ថែមទៀត​ពីព្រោះ​នៅ​ពេល​ដែល​យើង​កំពុង​ធ្វើ​ការស្រាវជ្រាវ​នោះ​ មាន​ស្ដ្រី​វ័យ​ក្មេង​ម្នាក់​ទៀត​បាន​ស្លាប់។​ ដូច្នេះ​យើង​ចង់​អប់រំ​ស្ដ្រី​វ័យក្មេង​អំពី​ការប្រឈម​នឹង​គ្រោះថ្នាក់។ ​មាន​ស្ដ្រី​ក្មេងៗ​មួយ​ចំនួន​បាន​ទិញ​វា​ហើយ​វា​ហាក់​ដូច​ជា​កាន់​តែ​ពេញ​និយម។ ​យើង​គិត​ថា ​ក្មេង​ស្រី​ក្នុង​គ្រួសារ​ក្រីក្រ​បំផុត​នោះ​ មិន​អាច​លៃលក​ទិញ​ក្រែម​ទាំង​នេះ​សម្រាប់​ប្រើប្រាស់​បាន​ទេ។​ មាន​ស្ដ្រី​ជាង​ពាក់​កណ្ដាល​នៅ​ប្រទេស​ថៃ​ប្រើប្រាស់​ក្រែម​សំអាង។​ ហើយ​វា​កំពុង​វិវត្តន៍​ដូច​នៅ​ប្រទេស​ថៃ​ដែរ។

សំណួរ៖ បន្ទាប់​ពី​លោក​ធ្វើ​ការពិសោធ​ហើយ​ តើ​លោក ​ថូម៉ាស មឺហ្វី ​រក​ឃើញ​សារធាតុ​អ្វី​ខ្លះ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់?

ថូម៉ាស មឺហី្វ៖ យើង​បាន​រក​ឃើញ​ចំនួន​សារធាតុ​បារ៉ត​ យ៉ាង​ច្រើន​ក្នុង​ទឹកនោម​របស់​ស្ដ្រី​មួយ​ចំនួន​ ដែល​អាច​បង្ហាញ​ថា ​នេះ​គឺ​ជា​បញ្ហា។ ​ស្ដ្រី​មួយ​ចំនួន​ឈឺ​ ប៉ុន្ដែ​យើង​មិន​អាច​ដឹង​ថា​ ហេតុអ្វី​បាន​ជា​ពួក​គាត់​ឈឺ។​ នេះ​បង្ហាញ​ថា ​សារធាតុ​បារ៉ត​មាន​វត្តមាន​ ប៉ុន្ដែ​យើង​មិន​ដែល​សិក្សា​ដើម្បី​ឲ្យ​ដឹង​ថា ​បុគ្គល​នោះ​ឈឺ​ដោយសារ​ជាតិ​បារ៉ត​នោះ​ទេ។​ នោះ​គឺ​ជា​អ្វី​មួយ​ដែល​ស្ដ្រី​ជា​ច្រើន​មិន​បាន​យល់។ ​យើង​ឃើញ​ថា ​ភាគច្រើន​គឺ​សារធាតុ​បារ៉ត។​ ប៉ុន្ដែ​វា​មាន​សារធាតុ​ពុល​ផ្សេង​ទៀត​ នៅ​ក្នុង​ក្រែម​ហើយ​យ៉ាង​ហោច​ណាស់​មាន​សារធាតុ​គីមី​បួន​មុខ​ទៀត​នៅ​ក្នុង​ក្រែម​លាប​ស្បែក។​ នៅ​ពេល​ដែល​ពួក​គេ​បន្ថែម​វត្ថុ​ធាតុ​ផ្សំ​ផ្សេង​ទៀត​ ដើម្បី​បង្កើន​សារធាតុ​ថ្នាំ​ចូល​ទៅ​ក្នុង​ស្បែក​ នោះ​គឺ​ជា​ការបន្ថែម​ភាពស្មុគ្រស្មាញ​កាន់​តែ​ច្រើន។ ​ភាគ​ច្រើន​នៃ​ក្រែម​លាប​ស្បែក​ទាំង​នេះ​ផលិត​ដោយ​អ្នក​គីមី​វិទ្យា​ធម្មតា​ហើយ​មួយ​ភាគ​បី​ នៃ​ក្រែម​មាន​សារធាតុ​ពុល ​ដែល​ក្រែម​ទាំង​នោះ​បាន​មក​ពី​ហាង​កែសម្ផស្ស។ ​ម្យ៉ាង​ទៀត​ នៅ​ពេល​ដែល​មាន​ការបណ្ដុះ​បណ្ដាល​តិចតួច​ ហើយ​ពួកគេ​ប្រើប្រាស់​ជាតិ​គីមី​ខ្លាំងៗ ​ដូច្នេះ​ អ្វី​គួរ​ឲ្យ​គ្រោះថ្នាក់​បំផុត​នោះ​គឺ​ដោយ​មាន​បុគ្គល​ ធ្វើ​ផលិតផល​បែប​នេះ​ដោយ​មិន​មាន​ការ​បណ្ដុះ​បណ្ដាល ​និង​ដោយ​មិន​មាន​ការត្រួត​ពិនិត្យ។

សំណួរ៖ តើ​សារធាតុ​ទាំង​នោះ​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ ​ឬ​គ្រោះថ្នាក់​អ្វី​ខ្លះ​ដល់​អ្នក​ប្រើប្រាស់​ដែរ?

ថូម៉ាស មឺហី្វ ៖ ពួកគេ​អាច​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ហើយ​បញ្ហា​ដែល​ញឹកញាប់​ជាង​គេ​គឺ​សារធាតុ​បារ៉ត​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​ដំណើរការ​ខុស​សង្វាក់។​ បញ្ហា​ទីពីរ​គឺធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រលៀន​ហើយ​នេះ​ គឺ​ជា​ការព្រួយ​បារម្ភ​មួយ​ហើយ​ការប្រើប្រាស់​សារធាតុ​បារ៉ត​ជ្រុលហួស​អាច​ធ្វើ​ឲ្យ​ស្លាប់​បាន។ ​វា​មិន​មែន​ជា​ករណី​ញឹកញាប់​ទេ​ ប៉ុន្ដែ​មាន​មនុស្ស​មួយ​ចំនួន​បាន​ស្លាប់​គឺ​យ៉ាង​ហោច​ណាស់​មាន​ពីរ​នាក់​ហើយ​ខ្ញុំ​គិត​ថា​ប្រហែល​ជា​មាន​អ្នកស្លាប់​ច្រើន​ជាង​នេះ។ ​ដូច្នេះ​ការស្លាប់ ​ការបណ្ដាល​ឲ្យ​មនុស្ស​មិន​អាច​គិត​អ្វី​បាន​ច្បាស់​ស្រឡះ​ល្អ​ គឺ​ជា​ផលវិបាក​ញឹកញាប់ ​ជាង​គេ​ដែល​បណ្ដាល​មក​ពី​សារធាតុ​បារ៉ត​ ហើយ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ក្លាយ​ទៅ​ជា​ឆេវឆាវ ​ឆាប់​ខឹង​ដោយសារ​បញ្ហា​នេះ​ដែរ។​ ដូច​ជា ​ពួក​គេ​មិន​អាច​មាន​អារម្មណ៍​ស្ងប់​និង​ពួកគេ​អន់​ចិត្ត​ជា​ដើម។​ ប៉ុន្ដែ​យ៉ាង​ណា​ក៏​ដោយ​ មាន​សេចក្ដី​រាយការណ៍​ព័ត៌មាន​តិចតួច​ ជា​ពិសេស​នៅ​តាម​បណ្ដា​ខេត្ត។ ​ខ្ញុំ​គិត​ថា ​វា​មិន​សាមញ្ញ​ពេក​នោះ​ទេ។ ​ខ្ញុំ​គិត​ថា​ មិន​មាន​អ្នក​រងគ្រោះ​រហូត​ដល់​រាប់រយ​នាក់​នោះ​ទេ។​ ខ្ញុំ​គិត​ថា ​មាន​អ្នក​ស្លាប់​ច្រើន​ជាង​បួន​នាក់​ ប៉ុន្ដែ​មិន​ច្រើន​ជាង​១០០ ​នាក់​នោះ​ឡើយ។

សំណួរ៖ ហេតុអ្វី​បាន​ជា​សារធាតុ​ទាំង​នោះ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់?

ថូម៉ាស មឺហី្វ៖ បាទ‌!​ ក្នុង​ករណី​ពួកគេ​ចង់​ឲ្យ​សារធាតុ​គីមី​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ជ្រាប​ចូល​ក្នុង​ស្បែក​ វា​នឹង​រាំង​ខ្ទប់​ការផលិត​សារធាតុ​ពណ៌​ខ្មៅ​របស់​ស្បែក​ ដែល​ធ្វើ​ឲ្យ​ស្បែក​ឡើង​ទៅ​ជា​ពណ៌ត្នោត។ ​ដូច្នេះ​សារធាតុ​គីមី​ឆ្លងកាត់​ស្បែក​ហើយ​ទៅ​ប្ដូរ​សារធាតុ​គីមី​វិទ្យា​ នៃ​ផ្នែក​ខាង​លើ​របស់​ស្បែក។ ​ ពណ៌​ត្នោត​នៃ​ស្បែក​របស់​មនុស្ស​ប្រើ​សម្រាប់​ការពារ​កាំរស្មី​ពណ៌ស្វាយ ​(UV light)។​ ហើយ​គេ​ធ្វើ​បែប​នេះ​ដោយ​ពួក​គេ​ដឹង​ថា ​សារធាតុ​គីមី​មួយ​ចំនួន​មាន​ជាតិ​ពុល ​ហើយ​គេ​រាំង​ខ្ទប់​ការបញ្ចេញ​ប្រតិកម្ម​របស់​ស្បែក។ ​ហើយ​ប្រតិកម្ម​ទៅ​លើ​ស្បែក​នោះ​គឺ​ជា​សារធាតុពុល។ គេ​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​ពណ៌​ស ​ប៉ុន្ដែ​គេ​មិន​អាច​ការពារ​ផ្នែក​ផ្សេង​ទៀត ​នៃ​រាងកាយ​របស់​គេ។

សំណួរ៖ តើ​គ្រឿង​សំអាង​ដែល​លោក​បាន​យក​មក​ពិសោធន៍​ហ្នឹង​ ជា​គ្រឿង​សំអាង​ប្រភេទ​លាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ ឬ​ក៏​គ្រឿង​សំអាង​​ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស?

ថូម៉ាស មឺហី្វ ៖ ជួនកាល​យើង​មិន​អាច​ដឹង​បាន​ទេ។​ មាន​អ្វី​មួយ​ដែល​គេ​ផលិត​ខុស​ច្បាប់។ ​ផលិតផល​ទាំង​នោះ​ មើល​ទៅ​ហាក់​ដូច​ ជា​ផលិត​ចេញ​ពី​សហរដ្ឋ​អាមេរិក​ ប៉ុន្ដែ​ខ្ញុំ​មិន​ជឿ​ថា ​វា​ផលិត​ចេញ​ពី​ទី​នោះ​ទេ។ ​និយាយ​មែនទែន​ទៅ​ មាន​ក្រែម​មួយ​ចំនួន​ដូច​ជា​នាំចូល​ពី​ប្រទេស​ចិន​ តៃវ៉ាន់ ​វៀតណាម​ ថៃ ​ប៉ុន្ដែ​យើង​មិន​ដឹង​ប្រាកដ​នោះ​ទេ​ ឬ​ក្រែម​មួយ​ចំនួន​នោះ​អាច​ត្រូវ​បាន​ផលិត​នៅ​កម្ពុជា។ ​ប៉ុន្តែ​នេះ​មិនមែន​ជា​ការ​សិក្សា​ស្របច្បាប់​ទេ។ ​ខ្ញុំ​ដឹង​ប្រាកដ​ថា​ ក្រែម​មួយ​ចំនួន​ផលិត​នៅ​ប្រទេស​កម្ពុជា។ ​ប៉ុន្ដែ​ខ្ញុំ​មិន​អាច​បញ្ជាក់​ភស្ដុតាង​បាន​តាម​ផ្លូវ​ច្បាប់​នោះ​ទេ។​ ក្រែម​មួយ​ចំនួន​ទំនង​ជា​ផលិត​នៅ​កម្ពុជា ​ប៉ុន្ដែ​ពួកគេ​បែរ​ជា​ដាក់​ស្លាក​ថា ​ផលិត​នៅ​ប្រទេស​ផ្សេង​ៗ​ទៅ​វិញ។

សំណួរ៖ តើ​គ្រឿង​សំអាង​ដែល​លោក​ ថូម៉ាស មឺហ្វី ​​បាន​ប្រមូល​យក​មក​ធ្វើ​ការពិសោធ​នេះ​ បាន​ប្រមូល​យក​មក​ពី​ទី​កន្លែង​ណា​ខ្លះ​ដែរ​ទៅ?

ថូម៉ាស មឺហី្វ៖ ក្រុម​និស្សិត​ពេទ្យ​បាន​ទៅ​ទិញ​នៅ​តាម​កន្លែង​ជា​ច្រើន​រាប់​ទាំង​ខេត្ត​សៀមរាប ​បាត់ដំបង​ផង​ដែរ។ ​ប៉ុន្ដែ​ភាគច្រើន​ទិញ​នៅ​ភ្នំពេញ។ ​ពួកគេ​ទិញ​នៅ​តាម​ផ្សារ​ ជួន​កាល​ពួក​គេ​ទិញ​នៅ​កន្លែង​កែ​សម្ផស្ស ​ក្រែម​កែ​សម្ផស្ស​ទាំង​នោះ​ជួន​កាល​ថ្លៃ​ណាស់​គឺ​ចាប់​ពី​ ២០​ ទៅ​១០០ ​ដុល្លារ​ឯ​ណោះ។

សំណួរ៖ តើ​គ្រឿង​សំអាង​ទាំង​នោះ​ប្រើ​សម្រាប់​អ្វី​ខ្លះ?

ថូម៉ាស មឺហី្វ៖ ក្រែម​ការពារ​កំដៅ​ថ្ងៃ​ចំនួន​តិច​តួច​ណាស់​ ដែល​យើង​ឃើញ​មាន​ជាតិ​បារ៉ត។ ​វា​មិន​ត្រូវ​ការ​ដាក់​ជាតិ​បារ៉ត​នោះ​ទេ។​ ប៉ុន្ដែ​បញ្ហា​ធំ​បំផុត​នោះ​ គឺ​ក្រែម​សម្រាប់​ធ្វើ​ឲ្យ​ស្បែក​ស។ ​មាន​ស្ដ្រី​ខ្លះ​ដែល​យើង​បាន​ជួប​សម្ភាស​បាន​ប្រើប្រាស់​ក្រែម​នេះ​ តែ​លើ​ផ្ទៃ​មុខ​តែ​ប៉ុណ្ណោះ​។ ​ប៉ុន្ដែ​ស្ដ្រី​ផ្សេង​ទៀត​ លាប​ក្រែម​ទាំង​នោះ​ពេញ​ខ្លួន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។​ ហើយ​កាលណា​ពួក​នាង​ប្រើ​កាន់​តែ​ច្រើន​ ការប្រឈម​នឹង​គ្រោះថ្នាក់​កាន់​តែ​ខ្លាំង។​ ប្រសិន​បើ​មាន​ការប្រើប្រាស់​លើ​ខ្លួន​កាន់​តែ​ច្រើន​ជា​ពិសេស​សម្រាប់​ ឱកាស​ពិសេស​ដូច​ជា​មុន​ពិធី​មង្គលការ​ជា​ដើម​ដែល​មាន​ស្ដ្រី​ពីរ​នាក់​ បាន​ស្លាប់​ក្នុង​ករណី​ដូច្នេះ ​ដោយសារ​ការប្រើប្រាស់​ក្រែម​ដូច្នេះ​ច្រើន​គ្រោះថ្នាក់​កាន់​តែ​ខ្ពស់។

សំណួរ៖ បន្ទាប់​ពី​ការរក​ឃើញ​សារធាតុ​មួយ​ចំនួន​ ដែល​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​បែប​នេះ​ហើយ ​តើ​ការពិសោធន៍​អាច​មាន​ប្រយោជន៍​អ្វី​ខ្លះ​ដែរ?

ថូម៉ាស មឺហី្វ៖ ប្រសិន​បើ​នៅ​ប្រទេស​កាណាដា ​ឬ​នៅ​សហរដ្ឋ​អាមេរិក​ យើង​អាច​បញ្ជូន​ស្ដ្រី​រងគ្រោះ​ ដោយសារ​ជាតិ​បារ៉ត​ទៅ​កាន់​មន្ទីរពេទ្យ​បាន​ ក៏ប៉ុន្ដែ​ នៅ​កម្ពុជា​មិន​មាន​លទ្ធភាព​ដូច​គ្នា​ទេ។ ​ពីព្រោះ​គឺ​ជា​អ្វី​មួយ​ដែល​ពិបាក​ធ្វើ ​ហើយ​ការព្យាបាល​មាន​តម្លៃ​ថ្លៃ​ទៀត។

សំណួរ៖ បើសិន​ជា​មិន​មាន​វិធានការណ៍​ទប់ស្កាត់​ការលក់​ផលិតផល​គ្រឿង​សំអាង​បែប​នេះ​ទៀត​នោះ​ទេ​ តើ​វា​ផ្តល់​ផលវិបាក​ដូច​ម្តេច​ខ្លះ​ ដែរ​ចំពោះ​អ្នក​ប្រើប្រាស់ ​ឬ ​ក៏​ប្រជាពលរដ្ឋ​ខ្មែរ?

ថូម៉ាស មឺហី្វ ៖ អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ស្រួល​បំផុត​នៅ​កម្ពុជា​ គឺ​ថា​ ប្រាប់​ដល់​ពួក​គេ​ឲ្យ​ឈប់​ប្រើប្រាស់​ក្រែម​ដែល​មាន​សារធាតុ​បារ៉ត​ទាំង​នោះ។​ យើង​សង្ឃឹម​ថា​ នឹង​មាន​អ្នក​វិទ្យាសាស្ដ្រ​ច្រើន​ជាង​នេះ ​មាន​ឧបករណ៍​ពិសោធន៍​ប្រសើរ​ជាង​នេះ ​និង​មាន​ការត្រួត​ពិនិត្យ​លើ​ក្រែម​ប្រសើរ​ជាង​នេះ។ ​ប៉ុន្ដែ​បច្ចុប្បន្ន​នេះ​ នៅ​ប្រទេស​កម្ពុជា ​និង​ នៅ​ប្រទេស​វៀតណាម​ គ្រោះថ្នាក់​ដោយសារ​បញ្ហា​នេះ​ខ្ពស់​ណាស់។ ​មធ្យោបាយ​តែ​មួយ​គត់​គឺ​ឈប់​ប្រើប្រាស់​ក្រែម ​ធ្វើ​ឲ្យ​ស្បែក​ស​ត​ទៅ​ទៀត៕

This posting includes an audio/video/photo media file: Download Now

អ.ស.ប៖ ការកាត់ទោស​មេ​ខ្មែរ​ក្រហម​ជា​សារ​សម្រាប់​ពិភពលោក

Posted: 23 Nov 2011 12:52 PM PST

ការជំនុំ​ជម្រះទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​នៃរបប​វាលពិឃាត​ខ្មែរក្រហម​ដែល​គេរង់ចាំ​យុត្តិធម៌​ជាង​បី​ទសវត្សរ៍​នេះ​ បានចាប់ផ្តើម​ហើយ​កាលពីថ្ងៃ​ច័ន្ទ។ ក្រៅពី​ការស្វែងរក​យុត្តិធម៌​និង​ការស្វែងរក​ការណ៍​ពិត​ ការកាត់ទោស​នេះ​ជា​សារ​មួយ​បញ្ជូន​ទៅ​ឧក្រិដ្ឋជន​ ជនទាំងឡាយ​ណា​ដែល​ប្រព្រឹត្ត​ការកាប់​សម្លាប់​រួម​នឹង​បទល្មើស​ផ្សេងៗ​ឲ្យ​បាន​ដឹងថា​ នៅ​ទី​បំផុត​ត្រូវគេ​នាំខ្លួន​យក​មក​កាត់ទោស​ដែរ។ នេះ​ជា​ការបញ្ជាក់​អះអាង​របស់​លោក​សាស្ត្រាចារ្យ​ ស៊ូយ៉ា ស៊ូបេឌី ​(Surya P. Subedi )​ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ដែល​ថ្លែង​មុន​ពេល​ចាប់ផ្តើម​ការកាត់ទោស​សំណុំរឿង​០០២។

«ជនទាំង​ឡាយ​ណា​ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ ថ្ងៃ​ណា​មួយ​នឹង​ទទួល​ខុសត្រូវ ​ចំពោះ​សាធារណជន​ចំពោះ​សហគមន៍​អន្តរជាតិ។​ដូច្នេះ​ដូចខ្ញុំ​និយាយ​អញ្ចឹង​គឺ​ថា​ តុលាការ​គួរ​ត្រូវ​ដំណើរការ​នេះ​យូរ​ហើយ។​ ប៉ុន្តែ​អ្វី​ដែល​កើតឡើង​ឥឡូវ​នេះ​គឺជា​ការលើក​ទឹកចិត្ត​ហើយ​ជា​ការ​បញ្ជូន​សារ​ដ៏​វិជ្ជមាន​មិនគ្រាន់តែ​ដល់​ជនជាតិ​កម្ពុជា​ទេ​តែ​ពិភពលោក​ដ៏​ទូលំ​ទូលាយ​ផង​ដែរ។​ សារ​នោះ​គឺថា​ប្រសិនបើ​លោក ​អ្នក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ហើយ​ប្រសិនបើ​លោក​អ្នកប្រព្រឹត្ត​អំពើ​សាហាវ​យង់ឃ្នង​ថ្ងៃ​ណា​មួយ​គេ​នឹង​នាំ​លោកអ្នក​ទៅ​កាត់ទោស​ជា​មិនខាន»។

លោក​ ស៊ូបេឌី​បានថ្លែង​យ៉ាង​ដូច្នេះ​ប្រាប់​វីអូអេ​សំឡេង​ស.រ.អា​នៅ​ឯ​សាកល​វិទ្យាល័យ​ Berkeley​ រដ្ឋកាលីហ្វ័រញ៉ា​កាលពី​ថ្ងៃសៅរ៍​ចុង​សប្តាហ៍​កន្លង​ទៅ​បន្ទាប់​ពី​មានកិច្ច​ពិភាក្សា​អំពី​បញ្ហា​កេរដំណែល​ក្រោយ​រយៈពេល​២០ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ហើយ​ចំ​ថ្ងៃ​ដែល​សាលាក្តី​កាត់ទោស​ខ្មែក្រហម​ដែល​ចូលរួម​ដោយ ​អ.ស.ប​កំពុង​រៀបចំ​ការកាត់ទោស​អតីត​មេដឹកនាំ​នៃ​របប​នេះ។

ទោះបីជា​ជនជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​៤នាក់​ គឺ​អ្នកស្រី​ អៀង ធីរិទ្ធ​ជា​អតីត​រដ្ឋមន្ត្រី​សង្គម​កិច្ចការងារ​ត្រូវ​តុលាការ​សម្រេច​ថា​មិនអាច​កាត់ទោស​បាន​ដោយសារ​ជំងឺ​បាត់​ការចងចាំ​ តែ​ជនជាប់ចោទ​ចំណាស់ៗ​បី​នាក់​នៃ​របប​ខ្មែរក្រហម​មាន ​នួន ជា​ បងធំទី២​ ខៀវ សំផន​ ប្រមុខរដ្ឋ​ អៀង សារី​រដ្ឋមន្ត្រី​ការបរទេស​ត្រូវ​តុលាការ​ដែលចូលរួម​ដោយ​អ.ស.ប​ ចាប់ផ្តើម​ជំនុំ​ជម្រះ​ទោស​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ជាដើម​ ដែល​មាន​ពលរដ្ឋ​ជិត​ពីរ​លាន​នាក់​ត្រូវស្លាប់​ដោយ​ទារុណកម្ម​ ការបង្អត់​អាហារ​ ការបង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង​ ការរំលោភ​ផ្លូវភេទ​ ការសម្លាប់​រង្គាល​ក្រៅច្បាប់​និង​ឧក្រិដ្ឋ កម្ម​ផ្សេងៗ​ទៀត។​ ក្រុមខ្មែរ​ក្រហម​ទាំងនេះ​ត្រូវគេ​ចោទ​ថា​បានប្រព្រឹត្ត​ការសម្លាប់​រង្គាល​កាលពី​ចន្លោះ​ ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩។​ ទោះជា​យ៉ាងណា​ក៏ដោយ​ លោក​ ស៊ូ បេឌី​ បាន​អះអាង​ថា​តុលាការ​កាត់ទោស​សំណុំរឿង​០០២​នេះ ​ទោះជា​រៀបចំ​យឺតមែន​ ទោះបី​គ្រាន់តែ​ជា​និមិត្តរូប​តែវា​ជា​ឧទាហរណ៍​មួយ​ដ៏​សំខាន់​ហើយ​ប្រសើរជាង​គ្មាន​ការ​កាត់ទោស។​ លោក​បាន​ពន្យល់​បន្ថែម​ថា៖

«បើទោះបី​ជា​យឺត​បន្តិច​មែន​ជារឿង​ប្រពៃ​ក្នុង​ការនាំ​ជនឧក្រិដ្ឋ​មកកាត់ទោស​ហើយ​ដាក់​អ្វី​គ្រប់យ៉ាង​លើ​ប្រព័ន្ធ​ទាក់ទង​សង្គម​ជា​សាធារណៈ​ ដូច្នេះ​ពលរដ្ឋ​នឹង​ដឹង​ មនុស្ស​ជំនាន់​ក្រោយ​នឹង​ដឹង​ថា​ប្រសិនបើ​គេ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ថ្ងៃ​ណា​មួយ​ស្ថាប័ន​អនុវត្តន៍​ច្បាប់​នឹង​នាំខ្លួន​គេ​មក​ឲ្យ​ទទួល​ខុស ​ត្រូវ​ពី​បទឧក្រិដ្ឋ​ដែលគេ​បាន​ប្រព្រឹត្ត»។

លោកស្រី​ ហេដឺ រ៉ាយអឹន(Heather Ryan)​ អតីត​អ្នកឃ្លាំមើល​សាលាក្តី​ខ្មែរក្រហម​នៃ​អង្គការ សិទ្ធិ​មនុស្ស​របស់​ស.រ.អា​OSJI​ ដែលបាន​ចូលរួម​កិច្ចពិភាក្សា​នៅ​សាកល​វិទ្យាល័យ​ Berkeley​ ដែរ​បាន​ថ្លែង​ថា​មេដឹកនាំ​ខ្មែរ​ក្រហម​ទាំង​នេះ​នៅ​ទីបំផុត​ ត្រូវ​កាត់ទោស។​លោកស្រី​អះអាង​ថា​ ទោះជា​ពួកគេ​មិនបាន​ប្រព្រឹត្ត​ដោយ​ខ្លួនឯង​នូវ​ឧក្រិដ្ឋកម្ម​ ការកាប់សម្លាប់​ដែល​កើតឡើង​ទូទាំង​ប្រទេស​ជំនាន់​នោះ​មែន​ តែ​វា​ស្ថិត​នៅ​ក្រោម​អំណាច​របស់​គេ​ ស្ថិត​ក្រោម​ការបង្គាប់​បញ្ជារ​របស់​ពួកគេ។​ លោកស្រី​ថ្លែង​ថា​ការកាត់ទោស​នេះ​ ទោះជា​មាន​លក្ខណៈ​ស្មុគស្មាញ​មែន​ តែ​ជា​រឿង​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍​និង​គួរជាទី​រំភើប​រីករាយ​ណាស់​ដែល​លោកស្រី​បាន​តាម​ដាន។

«ជនជាប់ចោទ​ទាំងនេះ​គឺជា​អ្នក​ដែល​បាន​ចូលរួម​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​ដ៏​ឃោរ​ឃៅ​របស់​ពួកខ្មែរ​ក្រហម​ឬ​ក៏​ជា​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ឧក្រិដ្ឋកម្ម​ឃោរឃៅ​របស់​ខ្មែរក្រហម​ ហើយ​ខ្ញុំ​គិត​ថា​ប្រជា​ពលរដ្ឋ​កម្ពុជា​នឹង​បានយល់ដឹង​ច្រើន»។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ប្រឈមមុខ​នឹង​ការចោទ​ប្រកាន់​ពី​ការជ្រៀត​ជ្រែក​ផ្នែក​នយោបាយ​ពី​រដ្ឋាភិបាល​កម្ពុជា​ជាពិសេស​ទៅលើ​សំណុំរឿង​បន្ថែម​ដែល​គេ ​ហៅថា​០០៣​និង​០០៤។ ការជ្រៀតជ្រែក​នេះ​បានធ្វើឲ្យ​មាន​ការលាឈប់​ពី​មុខតំណែង​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​ម្នាក់​នៃ​ភាគី​អ.ស.ប​គឺលោក ​ស៊ីតហ្រ្វិក ប៊្លុង (Siegfried Blunk)។ មន្ត្រី​អ.ស.ប​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កម្ពុជា​ក៏​ពិតមែន​ថ្មីៗ​នេះ​តែ​ក្រុមអ្នក​វិភាគ​បានអះអាង​ថា​ជារឿង​មិនគ្រប់គ្រាន់​ទេ​ដែល​ការគ្រាន់តែ​និយាយ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការជ្រៀតជ្រែក​នោះ។​ ការស៊ើបអង្កេត​មួយ​របស់​អសប​ គួរត្រូវ​ធ្វើឡើង។

លោក ​រីឆាដ សូឡូម៉ុង (Richard Solomon)​ ជា​អតីត​ឯកអគ្គរដ្ឋទូត​ ហើយ​ធ្លាប់ជា​អនុរដ្ឋមន្ត្រី ការបរទេស​សរអា​ពី​ឆ្នាំ​១៩៨៩ ​ដល់​ឆ្នាំ១៩៩២។​ បច្ចុប្បន្ន​លោកជា​នាយក​វិទ្យាស្ថាន​សន្តិភាព​របស់​សរអា​ USIP។​លោក​បាន​ចោទសំណួរ​ពី​ភាព​មិនច្បាស់លាស់​អំពី​លទ្ធផល​នៃ​ការកាត់ទោស​ខ្មែរក្រហម​ពេលមាន​ការជ្រៀតជ្រែក​ពី​រដ្ឋាភិបាល។​ លោកបាន​ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ចំៗ​ថាជា​អ្នកធ្វើ​វិទ្ធង្សនា​សាលាក្តី​ខ្មែរក្រហម។

«លោក​ ហ៊ុន សែន​ជា​គោលការណ៍​បានធ្វើ​វិទ្ធង្សនា​ដំណើរការ​តុលាការ។​ រឿង​នេះ​គឺជា​ដំណើរការ​ដ៏គ្រោះថ្នាក់…»។

លោក​បាន​រិះគន់​ដល់​អ.ស.ប​ផងដែរ​ចំពោះ​ជំហរ​ទន់ជ្រាយ​អំពី​ការជ្រៀតជ្រែក​ពី​រដ្ឋាភិបាល​កម្ពុជា​នេះ។

«ខ្ញុំ​គិត​ថា​ពួកយើង​ជាច្រើន​មាន​ការស្រងាក​ចិត្ត​ដែល​អ.ស.ប​ មិនបាន​ចាត់វិធានការណ៍​ខ្លាំង​ថែម​ទៀត​ចំពោះ​វិទ្ធង្សនា​ទាក់ទង​នឹង​ដំណើរការ​សាលាក្តី​នេះ»។

លោក​ សូឡូម៉ុង​ បានថ្លែង​បន្ថែម​ថា​សម្ពាធ​ពី​លោកអគ្គ​លេខាធិការ​អ.ស.ប បាន គីមូន (Ban-Ki-Moon)​ ជារឿង​ដែល​លោក​ចង់ឃើញ៖

«ខ្ញុំ​ចង់ឃើញ​លោក​ បាន គីមូន​ ចាត់វិធានការ​បន្ថែម​ទៀត​ក្នុង​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ដើម្បី​បង្កើត​ស្ថានភាព​សាលាក្តី​ខ្មែរក្រហម​ឲ្យ​មាន​ប្រសិទ្ធភាព​ឡើងវិញ។​ ការធ្វើ​ដូច្នោះ​អាចជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ពី​ខាងក្រៅ​ដើម្បី​បើកឡើង​ដំណើរការ​នយោបាយ»។

លោក​ សូឡូម៉ុង ​ដែលធ្លាប់​ជាអ្នក​ចរចា​រឿង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្លែង​ដូច្នេះ​ប្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​និង​ជនជាតិ​អាមេរិកាំង​ទាំង​និស្សិត​សាស្ត្រាចារ្យ​ជាង១០០នាក់​ នៅពេល​លោក​ត្រូវ​អញ្ជើញ​ជាភ្ញៀវ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​២០ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​ឯ​សាកល​វិទ្យាល័យ ​Berkeley ​រដ្ឋ​កាលីហ្វ័រញ៉ា។ ការចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នេះ​ មួយ​ផ្នែក​គឺ​លោក ​រីឆាដ សូឡូម៉ុង ​និយាយ​យោង​ទៅដល់​ការព្រមព្រៀង​ជា​សម្ងាត់​រវាង​លោក​ ហ៊ុន សែន​និង​ក្រុម​ខ្មែរក្រហម​ពេលធ្វើ​សមាហរណកម្ម​ ចាប់ផ្តើម​ឆ្នាំ​ ១៩៩៦​ ដែល​ការធានា​នោះ​រួមមាន​ទាំង​ការរារាំង​មិនឲ្យ​មាន​ការកាត់ទោស​ផង​ដែរ។​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្លាប់ថ្លែង​ជា​សាធារណៈ​ជាច្រើនលើក​មិនឲ្យ​មានការ​នាំ​ខ្លួន​កម្មាភិបាល​ខ្មែរ​ក្រហម​បន្ថែម​លើសពី​៥នាក់​ទៅ​កាត់ទោស​ទេ​ដោយ​ឈរលើ​ហេតុផល​សន្តិភាព។ មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ធ្លាប់​បដិសេធ​ជារើយៗ​ថា​គ្មាន​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ​ទេ។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ចំណាយ​ថវិកា​អស់​ជិត​២០០លាន​ដុល្លារ​បាន​កាត់ទោស​កាំង ហ្កេកអ៊ាវ​ ហៅឌុច​អតីត​ប្រធានគុក​ទួលស្លែង​ខ្មែរក្រហម​រួច​ហើយ​និង​កំពុង​រង់ចាំ​សាលដីកា​ឧទ្ធរណ៍។​ ឌុច​បាន​ទទួលស្គាល់​ពី​ការពាក់ព័ន្ធ​នឹង​ការកាប់​សម្លាប់​អ្នកទោស​ជាង​១២.០០០​នាក់​សម័យ​ខ្មែរក្រហម៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ២៣ វិច្ឆិកា

Posted: 22 Nov 2011 09:58 PM PST

ព័ត៌មានចុងក្រោយបំផុត៖

កម្ពុជា៖ អតីត​គណ:ប្រធានរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរ​ក្រហម​ ដែល​កំពុងតែ​ត្រូវ​កាត់​សេចក្ដី​ក្នុង​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិប្រកែក​ថា​ មិន​បាន​ចូល​រួម​ក្នុង​អំពើ​ឃោរឃៅ​ទេ។

លោក​ខៀវ សំផន​ដែល​មាន​អាយុ​៨០ឆ្នាំ​ ជំរាប​តុលាការ​ដែល​អសប​គាំទ្រ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​ថា​ ការ​អះអាង​ប្រឆាំង​រូប​លោក​ យោង​ទៅ​តាម​ព័ត៌មាន​អាក្រក់។ លោក​ចោទ​ព្រះរាជអាជ្ញា​ថា​ ប្រឌិត​ព័ត៌មាន​ដើម្បី​ធ្វើ​ឲ្យ​លោក​មាន​ទោស។

គាត់​និយាយ​ថា​ពេល​ខ្ញុំ​ស្ដាប់​អស់លោក​ដែល​ប្រើ​រឿងរ៉ាវ​យ៉ាង​ប៉ិន​ប្រសប់​ ដើម្បី​ធ្វើ​ឲ្យ​គេ​ជឿថា​វា​ជា​រឿង​ពិត​ ខ្ញុំ​យល់ថា​អស់លោក​ពិត​ជា​ចង់​ដាក់​ក្បាល​របស់​ខ្ញុំ​លើ​ក្ដារ​កាត់​ក្បាល។

អេហ្ស៊ីប៖ វិបត្ដិន​យោបាយ​នៃ​ប្រទេស​អេហ្ស៊ីប​ កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ក្រោយ​ពី​អ្នក​តវ៉ា​រាប់​ម៉ឺន​នាក់​នៅ​ទី​លាន​តារៀ​ទាម​ទារ​ឲ្យ​ក្រុម​ឧត្ដមសេនីយ៍​ថ្នាក់​ខ្ពស់​ ចុះ​ចេញ​ពី​តំណែង។ ពួក​គេ​ប្រកែក​មិន​ទទួល​យក​សំណើ​របស់​ក្រុម​ប្រឹក្សា​យោធា​កាន់កាប់​អំណាច​ថា​ ខ្លួន​នឹង​ពន្លឿន​អន្ដរកាល​ទៅ​កាន់​របប​ស៊ីវិល។

យេម៉េន៖ លោក​ Ali Abdullah Saleh​ ប្រធានាធិបតី​នៃ​ប្រទេស​យេម៉េន​ កំពុងតែ​ស្ថិត​នៅ​ទីក្រុង​រីយ៉ាត​ ដើម្បី​ចុះ​ហត្ថ​លេខា​លើ​ផែនការ​ដែល​ប្រទេស​នៅ​ឈូង​សមុទ្រ​ Perse​បាន​គាំទ្រ​ សុំ​ឲ្យ​លោកផ្ទេរ​អំណាច​ទៅ​ឲ្យ​អនុប្រធានាធិបតី​របស់​លោក។ ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ឲ្យ​មាន​ការ​បង្កើត​រដ្ឋាភិបាល​ឯកភាព​ ដែល​នឹង​ខំ​ប្រឹង​ប្រែង​បញ្ចប់​វិបត្ដិ​នយោបាយ​ជាតិ​មួយ​ ដែល​មាន​មក​១០​ខែ​ហើយ។

លីប៊ី៖ ក្រុម​មេ​ដឹកនាំ​ជីវពល​លីប៊ី​ ដែល​ជួយ​រំលំអតីត​មេដឹក​នាំ​ Moammar Gadhafi ​នៅ​ក្នុង​ការ​បះបោរ​នៅ​ឆ្នាំ​នេះ​ បាន​ទទួល​តំណែង​ផ្នែក​សន្ដិសុខ​ថ្នាក់​ខ្ពស់​នៅ​ក្នុង​គណ:រដ្ឋមន្ដ្រី​ថ្មី​ដែល​ក្រុម​ប្រឹក្សា​អន្ដរកាល​ជាតិ​បាន​តែងតាំង។

សរអា៖ បេក្ខជន​មក​ពី​គណបក្ស​សាធារណ: ​រដ្ឋ​ជជែក​ដេញ​ដោល​គ្នា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​អង្គារ​តាម​ទូរទស្សន៍​ អំពី​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ប៉ាគីស្ថាន​ អាហ្វហ្កានីស្ថាន​ហើយនឹង​កម្មវិធី​នុយក្លេអ៊ែរ​នៃ​ប្រទេស​អ៊ីរ៉ង់។

ប៉ាគីស្ថាន៖ ប្រទេស​ប៉ាគីស្ថាន​មាន​ឯក​អគ្គរដ្ឋទូត​ថ្មី​ប្រចាំ​សរអា​ ក្រោយ​ពី រឿង​ចម្រូងចម្រាស់​អំពី​អនុសារណ:សុំ​ឲ្យ​សរអា​ជួយទប់ទល់​នឹង​យោធា​ដ៏​មាន​អំណាច​នៃ​ប្រទេស​នេះ។

ប៉ាគីស្ថាន៖ យោធា​នៃ​ប្រទេស​ប៉ាគីស្ថានបដិសេធ​សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ដែល​ថា ខ្លួន​ធ្វើ​ការ​ចរចា​គ្នា​ជា​មួយ​ពួក​តាលីបាន​ ឬ​ក៏​ជាមួយ​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​ជា​សាខា​របស់​ពួក​នោះ។

<!--AV-->

ព័ត៌មាននៅពេលមុននេះ៖

<!--IMAGE-RIGHT-->

ម៉ាឡេស៊ី​៖ រដ្ឋាភិបាលម៉ាឡេស៊ីបាន​ស្នើឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ការរឹតត្បិត​លើ​ការ​ជួប​ប្រជុំ​សាធា​រ​ណៈ​ តែ​ក្រុម​ប្រឆាំង​ខ្លះ​និយាយ​ថា​ច្បាប់​ថ្មី​នឹង​ធ្វើ​ឲ្យ​មាន​​ការ​រីក​លូតលាស់​យឺត​ៗ​ដល់​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិនៅ​ក្នុង​ប្រទេស។

អេហ្ស៊ីប​៖ ពួក​មេដឹកនាំ​យោធា​អេហ្ស៊ីប​ បាន​ព្រម​ព្រៀង​គ្នា​បង្កើត​​រដ្ឋាភិបាល​ថ្មីមួយ​​ហើយ​បាន​សន្យា​​ផ្ទេរ​អំណាច​​ទៅ​ឲ្យ​​រដ្ឋាភិបាល​ស៊ីវិល​នៅ​ខែ​កក្កដា​។

លីប៊ី​៖ ប្រធាន​រដ្ឋអាជ្ញា​តុលាការ​ឧក្រិដកម្ម​អន្តរជាតិ​ និយាយ​ថា​កូន​ប្រុស​របស់​ Moammar Gadhafi ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ អាច​ត្រូវ​កាត់​ទោស​នៅ​ក្នុង​ប្រទេស​លីប៊ី​ជាជាង​ក្នុង​​ទីក្រុងឡាអេរ៍​ ដរាបណា​​ ការកាត់ទោស​នោះ​ បំពេញ​ទៅតាម​បទដ្ឋាន​អន្តរជាតិ។

សហរដ្ឋ​អាមេរិក​៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា បាន​អំពាវនាវ​សភា​កាលពី​ថ្ងៃ​អង្គារ​ឲ្យ​បន្ត​ហើយ​នឹង​បង្កើន​ការ​កាត់​បន្ថយ​ពន្ធ​ដល់​កម្មករ​អាមេរិកាំង​ដែល​ផុត​កំណត់​នៅ​ខែ​ក្រោយ។

ស៊ីរី​៖ ប្រធានាធិបតី​ស៊ីរី Bashar al- Assad កំពុង​ប្រឈមមុខ​​ការ​កៀបសង្កត់​ពី​អន្តរជាតិ​កាន់​តែ​ខ្លាំង​ឡើង​​ឲ្យ​បញ្ចប់​​ការ​បង្ក្រាប​របស់​លោក​​លើ​ពួក​ប្រឆាំង​នៅពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​ពី​អំពើ​ហិង្សា​​នៅ​ក្នុង​ប្រទេស​បន្ត​កើនឡើង។

ប៉ាគីស្ថាន​៖ យោធា​ប៉ាគីស្ថាន​បាន​ច្រាន​ចោល​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​ថា​ ខ្លួន​កំពុង​ធ្វើ​ការ​ចរចារ​សន្តិភាព​ជាមួយ​ពួក​តាលីបាន​ប៉ាគីស្ថាន​។

ក្រិក​៖ សហភាព​អឺរ៉ុប​បាន​ប្រាប់​រដ្ឋាភិបាល​ក្រិក​ថា​ខ្លួន​នឹង​មិន​ទទួល​ប្រាក់​សម្រាប់​សង​បន្តិច​ម្តងៗ​ចំនួន​១១​ពាន់​លាន​ដុល្លា​មកពី​ប្រាក់​ជួយ​សង្គ្រោះ​កាល​ពី​ឆ្នាំ​ទៅ បើ​មេដឹកនាំ​នយោបាយ​បែក​បាក់​របស់​ប្រទេស​នោះ​មិន​បាន​ចុះហត្ថ​លេ​ខា​លើ​សេចក្តី​ថ្លែង​ការណ៍​ជាលាយ​លក្ខណ៍​អក្ស​រ​​ដើម្បី​ប្តេជ្ញា​អនុវត្ត​វិធានាការណ៍​ថ្មី​តឹង​រឹង​ដើម្បី​កាត់​បន្ថយ​​បំណុល​របស់​ប្រទេស​នោះទេ៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!