VOA News: ព័ត៌មាន: “សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​បាន​បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី​” plus 2 more

VOA News: ព័ត៌មាន: “សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​បាន​បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី​” plus 2 more


សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​បាន​បញ្ជូន​ទៅ​គណៈរដ្ឋមន្ត្រី​

Posted: 02 Aug 2011 10:58 AM PDT

អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ​​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​សេចក្តីព្រាង​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ចុងក្រោយ​ ដែល​ធ្វើ​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ដល់​ការ​បង្កើត​ និង​ការ​ប្រតិបត្តិការ​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ថា​​ខ្លួន​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​ច្បាប់​ថ្មី​នេះ​ ដែល​ជា​បញ្ញត្តិ​រឹត​បន្តឹង​សេរីភាព​របស់​អង្គការ​​និង​សមាគម​មិនមែន​រដ្ឋាភិបាល​ ព្រមទាំង​រារាំង​ដល់​ការ​រីក​ចម្រើន​ និង​អភិវឌ្ឍន៍​ប្រទេស។

លោក​សុក​ សំអឿន​ នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ បាន​ថ្លែង​ថា​អនុសាសន៍​សំខាន់ៗ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​ត្រូវ​បាន​ដាក់​បញ្ជូល​ទៅ​ក្នុង​សេចក្តីព្រាង​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចុងក្រោយ​នេះ​ទេ​ ហើយ​អនុសាសន៍​ទាំងអស់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្ទើរ​តែ​មិន​ឃើញ​មាន​នៅ​ក្នុង​សេចក្តីព្រាង​ច្បាប់​ចុងក្រោយ​បង្អស់​នេះ​ទេ។ លោក​សុក​ សំអឿន​ បាន​បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​មិន​ចង់​បាន​ការ​ចុះ​បញ្ជី​ដោយ​បង្ខំ ​ការ​ធ្វើរ​បាយការណ៍​សកម្មភាព​ និង​ថវិកា​របស់​ខ្លួន​ទេ។ លោក​ថ្លែង​ថា៖

«យើង​ អង្គការ​ក្រៅ​រដ្ឋាភិបាល​គិត​ថា​ ចំណុច​បី​នេះ​ធ្វើ​ឱ្យ​សេរីភាព​នៃ​ការ​បង្កើត​អង្គការ​ សមគម​មាន​ការ​ចង្អៀត។​ ខ្ញុំ​នៅ​តែ​មិន​ទាន់​ពេញចិត្ត​ចំពោះ​សេចក្តី​ព្រាងច្បាប់​នេះ​នៅ​ឡើយ។​ យោង​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ យើង​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចង់​ឱ្យ​ការ​ចុះ​បញ្ជី​មិនមែន​ជា​កាតព្វកិច្ច (តែ) ដោយ​ស្ម័គ្រចិត្ត​ ហើយ​អ្នក​ចុះ​បញ្ជី​ទទួល​បាន​ផល​ប្រយោជន៍​ពី​ច្បាប់​នេះ»។

លោក​ ហម​ ស៊ុនរិទ្ធ​ អនុប្រធាន​ផ្នែក​គ្រប់គ្រង​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​ថ្លែង​ថា​ ចំណុច​ខ្លះ​មាន​ការ​ផ្លាស់ប្តូរ​ ហើយ​ចំណុច​មួយ​ចំនួន​ទៀត​នៅ​ទុក​ដដែល​ បើ​ប្រៀបធៀប​ទៅ​នឹង​សេចក្តី​ព្រាងច្បាប់​ទី​ពីរ។ លោក​ថ្លែង​ថា៖

«ខ្ញុំ​នៅ​តែ​ពិនិត្យ​មើល​ជារួម​ឃើញ​ថា វា​នៅ​តែ​ជា​ការ​ព្រួយបារម្ភ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ សមាគម​ និង​ក្រុម​ក្រៅ​ប្រព័ន្ធ​ផ្សេងៗ​ទៀត​ក្នុង​ការ​ធ្វើ​សកម្មភាព​នានា​ ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​នៃ​ក្រុម​របស់​ខ្លួន​ ឬ​ប្រយោជន៍​សាធារណៈ។​ ការ​ព្រួយបារម្ភ​នេះ​ដោយសារ​វា​នៅ​តែ​មាន​លក្ខខណ្ឌ​នៃ​ការ​ចុះបញ្ជី​វែង​ច្រើន​ពេក​ ការ​ធ្វើ​របាយការណ៍​សកម្មភាព​ការងារ​ និង​ការ​ពិនិត្យ​មើល​គណនេយ្យភាព»។

លោក​ឈិត​ សំអាត​ នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ បានថ្លែង​ថា ​មាត្រា​៦​មាន​ការ​ផ្លាស់​ប្តូរ​ពាក្យ​ ប៉ុន្តែ​អត្ថន័យ​របស់​ វា​មិន​មាន​ការ​ផ្លាស់ប្តូរ​ទេ។ លោក​ប្រាប់​វីអូអេខ្មែរ​ថា៖

«(ក្នុង)​មាត្រា​៦ យើង​ឃើញ​ថា​មាន​ការ​កែ​ប្រែ​ខ្លះ​ដែរ​ ប៉ុន្តែ​ជា​ទូ​ទៅ​ អត្ថន័យ​របស់​វា​មិន​មាន​ការ​កែប្រែ​ទេ​ គឺ​នៅ​តែ​ការ​ចុះបញ្ជី​ត្រូវ​តែ​ជា​កាតព្វកិច្ច​របស់​អង្គការ ​សមាគម​ក្រៅ​រដ្ឋាភិបាល។ ​អញ្ចឹង​ វា​បាន​ន័យ​ថា​ទាល់​តែ​គាត់​ចុះបញ្ជី​ទើប​គាត់​ទទួល​បាន​ផល​ប្រយោជន៍​ពី​ច្បាប់​អង្គការ​ សមាគម​នេះ។ អញ្ចឹង​បានន័យ​ថា បើ​គាត់​អត់​ចុះបញ្ជី​ទេ។ គាត់​មិន​អាច​(ធ្វើ)​ប្រតិបត្តិការ​ក្នុង​នាម​អង្គការ​ សមាគម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទេ»។

លោក​អ៊ូ ​វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បានថ្លែង​ថា លោក​ស្វាគមន៍​ចំណុច​មួយ​ចំនួន​ដែល​យើង​ឃើញ​មាន​ការ​រីក​ចម្រើន​ ប៉ុន្តែ​លោក​មាន​ការព្រួយបារម្ភ​ចំពោះ​ចំណុច​មួយ​ចំនួន​មិន​ច្បាស់។ លោក​វីរៈ​ថ្លែង​ថា៖

«ខ្ញុំ​មើល​ទៅ​អត្ថន័យ​ (ក្នុង​មាត្រា​ខ្លះ) អត់​ច្បាស់។​ អញ្ចឹង​ក្នុង​ការ​បកស្រាយ​មួយ​មិន​ច្បាស់​លាស់​ វា​ធ្វើឱ្យ​ការបកស្រាយ​មួយ​មិន​ល្អ​សម្រាប់​សិទ្ធិ​ក្នុង​ការចូលរួម​សមាគម​ និង​សិទ្ធិបុគ្គល​ពិសេស។​ នេះ​ជា​ចំណុច​មួយ​ដែល​យើង​មាន​ការព្រួយបារម្ភ​ធំ​ជាង​គេ​បង្អស់»។

ក្រសួង​មហាផ្ទៃ​បាន​ផ្សព្វផ្សាយ​សេចក្តី​ព្រាង​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចុងក្រោយ​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​សុក្រ។

លោក​ នុត​ សាអាន​ រដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ ​បានថ្លែង​ថា​បើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចង់​ផ្តល់​អនុសាសន៍​ អាច​ផ្តល់​ទៅ​កាន់​គណៈ​រដ្ឋមន្ត្រី។ ក្រសួង​កំពុង​រៀបចំ​នីតិវិធី​បញ្ជូន​សេចក្តីព្រាងច្បាប់​នេះ​ទៅ​គណៈរដ្ឋមន្ត្រី៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ២ សីហា

Posted: 01 Aug 2011 08:19 PM PDT

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

ស៊ីរី៖ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​និយាយ​ថា​ កង​កម្លំាង​ស៊ីរី​បាន​សម្លាប់​ជន​ស៊ីវិល​២៤​នាក់ ​នៅ​ក្នុង​ការ​វាយ​ប្រហារ​មក​លើ​ទី​ក្រុង​មួយ​ចំនួន​ខណៈ​ដែល​ក្រុម​ប្រឹក្សា ​សន្ដិសុខ​របស់​អ.ស.ប. ​បាន​ជួប​ប្រជុំ​ដើម្បី​វែកញែក​ការ​វាយ​បង្ក្រាប​ដ៏​ឃោរឃៅ​ប្រព្រឹត្ដ​ធ្វើ​ ដោយ​ប្រធានាធិបី ​Bashar​ al Assad ​មក​លើ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល។

វៀតណាម៖ ប៉ូលិស​បាន​បិទ​ផ្លូវ​នៅ​ជុំវិញ​អគារ​តុលាការ​កំពូល​របស់​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​អង្គារ​នេះ​ ក្នុង​អំឡុង​ពេល​មាន​សវនាការ​ឧទ្ធរណ៍​មួយ​ សម្រាប់​សកម្មជន​ល្បី​ឈ្មោះ​ម្នាក់​នៅ​ក្នុង​ប្រទេស។

សហរដ្ឋ​អាមេរិក៖ ព្រឹទ្ធសមាជិក​សភា​ស.រ.អ.​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​ មក​លើ​សេចក្ដី​ព្រៀង​ច្បាប់​សម្រុះសម្រួល​គ្នា​មួយ ​អំពី​ការ​កាត់​ចំណាយ​ថវិកា​របស់​រដ្ឋាភិបាល​សហព័ន្ធ ​និង​តំឡើង​កម្រិត​ប្រាក់​កម្ចី​របស់​រដ្ឋាភិបាល​ដែល​នាំ​ឲ្យ​បញ្ចប់​ការ​ភ័យខ្លាច​ជា​ច្រើន​សប្ដាហ៍​មក​លើ ​ការ​ខកខាន​មិន​សង​បំណុល​របស់​ស.រ.អ.។

ចិន៖ បណ្ដាញ​ព័ត៌មាន​ដែល​រដ្ឋ​ចិន​កាន់​កាប់​សរសេរ​ថា ​ការ​ទទួល​យក​កិច្ចព្រមព្រៀង​នាទី​ចុង​ក្រោយ​ ដើម្បី​តំឡើង​កម្រិត​ប្រាក់​កម្ចី​របស់​ស.រ.អ.​ គ្រាន់​តែ​ពន្យារ​ពេល​បញ្ហា​ជ្រាលជ្រៅ​របស់​ស.រ.អ.​ ដែល​គំរាម​មក​លើ​សេដ្ឋកិច្ច​សកល។

ចិន៖ ប៉ូលីស​នៅ​ក្នុង​តំបន់​ខាង​លិច​ខេត្ដ​ស៊ិន​ជាង​នៃ​ប្រទេស​ចិន​និយាយ​ថា​ ពួក​គេ​បាន​បាញ់​សម្លាប់​ជន​ពីរ​នាក់​ដែល​ចូលរួម​ក្នុង​ការ​កាប់​សម្លាប់​ឥត​រើស​មុខ ​ហើយ​បាន​ដាក់​កំហុស​មក​លើ​ភេរវករ​ហាត់​ហ្វឹកហ្វឺន​នៅ​ក្នុង​ប្រទេស​បាគីស្ថាន។

អាហ្វហ្គានីស្ថាន៖ មន្ដ្រី​អាហ្វហ្គានីស្ថាន​និយាយ​ថា​ ការ​វាយ​ប្រហារ​ដោយ​អត្ដឃាតជន​ម្នាក់​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៤​នាក់​ និង​ធ្វើ​ឲ្យ​របួស​១០​នាក់​ទៀត​នៅ​តំបន់​ខាង​ជើង​ប្រទេស​អាហ្វហ្គានីស្ថាន។

ជប៉ុន៖ ប្រទេស​ជប៉ុន​និយាយ​ថា​ខ្លួន​រំពឹង​ថា​ ប្រទេស​ចិន​នឹង​ពង្រីក​សកម្មភាព​កង​នាវា​របស់​ខ្លួន​នៅ​ជុំវិញ​ទី​កន្លែង​ជិត​ឆ្នេរ​សមុទ្រ​ជប៉ុន​ដែល​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​តូក្យូ​តំឡើង​កង​កម្លាំង​ជើង​ទឹក​របស់​ខ្លួន​និង​កិច្ច​ការពារ​ តំបន់​សមុទ្រ​របស់​ខ្លួន។

អូស្ត្រាលី៖ រដ្ឋាភិបាល​អូស្ត្រាលី​ថ្លែងថា​ខ្លួន​នឹង​ថត​ជា​ខ្សែ​វីដេអូ​ជន​ស្វែងរក​ទី​ជម្រក​លំនៅ​ថ្មី​ ដែល​បាន​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ ហើយ​នឹង​យក​រូបភាព​នោះ​ចុះផ្សាយ​នៅ​ក្នុង​បណ្ដាញ​អ៊ីនធឺណិត​ ក្នុង​គោលបំណង​នឹង​ធ្វើ​ឲ្យ​រអារ​ដល់​អ្នកស្វែង​រក​ទីជម្រក​ថ្មី។

អាស៊ី៖ សៀវភៅ​ថ្មី​មួយ​រៀបចំ​ឡើង​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​និយាយ​ថា​ មេដឹកនាំ​អាស៊ី​ត្រូវចាត់​វិធានការ​ចំត្រង់ៗ​ ក្នុង​ការ​ធ្វើ​ឲ្យ​ការ​លូតលាស់​សេដ្ឋកិច្ច​ដើរលឿន​ បើ​ចង់​ឲ្យ​តំបន់​នោះ​ឡើង​ដល់​សក្កានុពល​នៅ​ពាក់​កណ្ដាល​សតវត្ស​នេះ។

ស.រ.អ./កូរ៉េ​ខាង​ជើង៖ ក្រុម​អ្នក​ស្រាវជ្រាវ​អាមេរិក​មួយ​និយាយ​ថា​ខ្លួន​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​លទ្ធភាព​នៃ​ការ​ចរចា​គ្នា​បន្ដ​ជាមួយ​រដ្ឋាភិបាល​ព្យុងយ៉ាង​ ក្រោយ​ពី​បាន​ធ្វើ​ការ​ចរចា​ជាមួយ​គណៈប្រតិភូ​កូរ៉េ​ខាងជើង​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក។

<!--AV-->

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

<!--IMAGE-->

ថៃ៖ សភា​ប្រទេស​ថៃ​បាន​បើក​សម័យ​ប្រជុំ​ថ្មី​មួយ​ដែល​នៅ​ក្នុង​នោះ​គេ​រំពឹង​ថា​ ប្អូន​ស្រី​ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ត្រូវ​បណ្តេញចេញ​ពី​តំណែង​នឹង​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​នៅ​ក្រោយ​មាន​ចលាចល​នយោបាយ​៥​ឆ្នាំ​មក​ហើយ។

ស៊ីរី៖ កាលពី​ថ្ងៃច័ន្ទ​សហភាព​អឺរ៉ុប​បាន​ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាលស៊ីរី​ ដោយ​ដាក់​កំហិត​ការ​ហាមប្រាម​មិន​ឱ្យ​ធ្វើដំណើរ​និង​ផ្អឹប​ធនធាន​របស់​មន្ត្រី​៥នាក់​ទៀត​ដែល​មាន​ទាក់ទង​ជាមួយ​ការ​បង្ក្រាប​ដោយ​បង្ហូរ​ឈាម​ទៅ​លើ​ក្រុម​បាតុករ​ប្រឆាំង​នឹង​រដ្ឋាភិបាល។

សហរដ្ឋ​អាមេរិក៖ កាល​ពី​ថ្ងៃច័ន្ទ​ផ្សារ​ហិរញ្ញវត្ថុ​សាកល​បាន​ស្វាគមន៍​កិច្ច​ព្រមព្រៀង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ការ​គ្មាន​ប្រាក់​សង​បំណុល​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។

អេហ្ស៊ីប៖ ពួកទាហាន​អេហ្ស៊ីប​បាន​ប្រើ​កម្លាំង​ដើម្បី​បណ្តេញ​ពួក​បាតុករ​ពី​ទីលាន​តារៀ​នៅ ក្រុង Le Caire កាល​ពី​ថ្ងៃច័ន្ទ​នៅ​ក្រោយ​មាន​បាតុកម្ម​ជិត​១ខែ​មក​ហើយ។ ​ក្រុម​បាតុករ​បាន​ស្វះស្វែង​ឱ្យ​មាន​ការ​កែទម្រង់​យ៉ាង​លឿន​នៅ​ក្រោយ​ការ​បណ្តេញ​លោក ​Hosni Mbarak ​អតីត​មេដឹកនាំ​ឱ្យ​ចេញពី​តំណែង​កាល​ពី​ខែកុម្ភៈ។

ទួរគី៖ លោក​នាយក​រដ្ឋមន្ត្រី ​Recep Tayyip Erdogan ​នៃ​ប្រទេស​ទួរគី​បាន​បើក​ការ​ប្រជុំសំខាន់​មួយ​ដើម្បី​សម្រេច​អំពី​ការ​តែងតាំង​យោធា​សំខាន់ៗ​នៅ​ក្រោយ​អគ្គមេបញ្ជាការ​ជាន់​ខ្ពស់​៤នាក់​របស់​ប្រទេស​បាន​លាលែង​ចេញ​ពី​តំណែង​កាល​ពី​សប្តាហ៍​មុន។

This posting includes an audio/video/photo media file: Download Now

ការ​បែកបាក់​ផ្ទៃ​ក្នុង​នៅ​សហគមន៍​បឹងកក់​ខណៈ​គម្រោង​អភិវឌ្ឍ​ចាប់​ផ្តើម

Posted: 01 Aug 2011 03:38 PM PDT

ប្រជាពលរដ្ឋ​តំបន់​បឹងកក់​ប្រមាណ​ជាង​៥០​នាក់​បាន​ប្រកាស​បដិសេធ​តំណាង​ប្រជាពលរដ្ឋ​មួយ​ក្រុម​ផ្សេង​ទៀត​ដែល​ធ្លាប់​តវ៉ា​អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ។

បន្ទាប់​ពី​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ចាប់​ផ្តើម​បើក​ការដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កក្កដា​ក្រោម​គម្រោង​អភិវឌ្ឍន៍​ ក្រុម​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ប្រមាណ​ជិត​១.០០០​គ្រួសារ​ដែល​នៅ​សេស​សល់​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​បាន​ពុះ​បំបែក​ចេញ​ជា​ពីរ​ក្រុម។ ខណៈ​ដែល​ប្រជាពលរដ្ឋ​មួយ​ក្រុម​ដែល​សុទ្ធ​សឹង​ជា​អ្នក​ក្រីក្រ​បាន​ទាមទារ​ឲ្យ​សាលា​ក្រុង​ភ្នំពេញ​ផ្តល់​ដី​ទំហំ​បួន​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀត​ដែល​ភាគ​ច្រើន​ជា​អ្នក​មាន​ដី​ធំៗ និង​ជា​អ្នក​មាន​ជីវភាព​ធូរធារ​បាន​ទាមទារ​ឲ្យ​កាត់​ដី​ចេញ​ពី​គំរោង​អភិវឌ្ឍន៍​និង​ផ្ដល់​សំណង​ទៅ​តាម​តម្លៃ​ទីផ្សារ។

ប្រជា​ពលរដ្ឋ​មួយ​ក្រុម​ដែល​តំណាង​ដោយ​អ្នក​ស្រី​ ទេព វន្នី​ មាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ដោយ​បាន​ប្រកាស​បដិសេធ​តំណាង​មួយ​ក្រុម​ផ្សេង​ទៀត​ដែល​ដឹក​នាំ​ដោយ​អ្នក​ស្រី​លី មុំ។

អ្នក ស្រី ទេព វន្នី​ បាន​និយាយ​ប្រាប់​អ្នក​កាសែត​ថា ពួក​គាត់​មិន​អាច​ទទូល​យក​តំណាង​របស់​អ្នក​ស្រី​លី​ មុំ បាន​ទេ​ពី​ព្រោះ​ពួកយើង​គ្មាន​ទំនុក​ចិត្ត។

អ្នក​ស្រី​បាន​បញ្ជាក់​ថា យើង​នឹង​យក​ស្នាម​ផ្តិត​មេដៃ​របស់​ប្រជាពលរដ្ឋ​ចំនួន​ជាង​៦០០​គ្រួសារ​ទៅ​ជូន​សាលា​ក្រុង​ភ្នំពេញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដើម្បី​បញ្ជាក់​ប្រាប់ថា យើង​នៅ​តែ​ប្រកាន់​ជំហរ​ទាមទារ​ដី​ទំហំ​បួន​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ។

«គាត់​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​ដឹង​ថា តំណាង​ពិត​ប្រាកដ​តាម​ភូមិ​គាត់​នីមួយៗ​ដែល​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ ហើយ​ជ្រើស​តាំង​យក​ជា​ផ្លូវការ។ ជំហរ​គាត់​ទាមទារ​៤​ម៉ែត្រ​គុណ​១៦​ម៉ែត្រ​ជំហរ​ស៊ូស្លាប់​ទាំង​អស់​គ្នា»។

លោក​ ជា​ ចាន់​ណា អាយុ​៣២​ឆ្នាំ​រស់​នៅ​ផ្ទះ​លេខ​៤៥ ភូមិ​ទី​២០​បាន​បា្រប់​អ្នក​សារ​ព័ត៌មាន​ថា​លោក​ធ្លាក់​ខ្លួន​ជា​អ្នក​ដើរ​រើស​អេត​ចាយ​ដោយសារ​តែ​ការ​អភិវឌ្ឍ​នៅ​ដំបន់​បឹងកក់។ លោក​បាន​បញ្ជាក់​ថា លោក​គាំទ្រ​តំណាង​របស់​អ្នក​ស្រី​ទេព វន្នី ពី​ព្រោះ​លោក​ចង់​បាន​តែ​ដី​៤​ម៉ែត្រ​គុណ​នឹង​១៦ម៉ែត្រ​ប៉ុណ្ណោះ។

«ផ្ទះ​ខ្ញុំ​មាន​ត្រឹម​ត្រូវ​រហូត​ដល់​ដេក​តាម​សំយ៉ាប​ផ្ទះ​គេ ហើយ​ដើរ​រើស​អេតចាយ​ក្នុង​ក្រុង​អញ្ចឹង។ សូម​អញ្ជើញ​អា​ណិត​គ្រួសារ​ខ្ញុំ​ ហើយ​អយុត្តិ​ធម៌​ចំ​ពោះ​គ្រួសារ​ខ្ញុំ​ខ្លាំង​ណាស់។ សព្វ​ថ្ងៃ​វេទនា​ខ្លាំង​ណាស់»។

អ្នក​ស្រី លី មុំ តំណាង​ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀត​បាន​និយាយ​ថា យើង​មិន​អាច​ទាមទារ​ដដែលៗ​ចំពោះ​អ្វី​ដែល​សាលា​ក្រុង​ធ្លាប់​បាន​ជំទាស់​នោះ​ទេ។​ អ្នក​ស្រី​បាន​បញ្ជាក់​ទៀត​ថា មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​មាន​មោទនភាព​ថា​ នឹង​ទាមទារ​ឲ្យ​បាន​សម្រេច​ចំពោះ​ដី​បួនម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ ក៏ប៉ុន្តែ​អ្នក​ស្រី​មិន​មាន​ជំនឿថា​ សាលា​ក្រុង​យល់​ព្រម​ទេ។

«​តំណាង​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​មាន​មោទភាព​ថា​ គាត់​នឹង​ទាម​ទារ​អ្វី​ដែល​គេ​មិន​ឲ្យ​ហើយ​គាត់​នឹង​ទាមទារ​ឲ្យ​ទាល់​តែ​បាន។ អញ្ចឹង​ខ្ញុំ​ជឿ​ជាក់​ថា​ ការ​ទាម​ទារ​របស់​គាត់​ធ្វើ​ឲ្យ​គេ​បាក់​ទឹក​ចិត្ត​ធ្វើ​ការ​ជ្រើស​រើស​ទៅ​ម្តង​បន្តិចៗ​គ្មាន​ទិស​ដៅ»។

នៅ​ថ្ងៃ​ច័ន្ទ​នេះ វីអូអេ​ខ្មែរ​ព្យាយាម​ទាក់​ទង​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​តែ​មិន​បាន​ទទួល​ផល​ទេ​ ក៏​ប៉ុន្តែ​សាលា​ក្រុង​ធ្លាប់​បាន​បដិសេធ​ការ​ទាមទារ​ដី​ទំហំ​បួន​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ។

លោក​ សៀ ភារម្យ​ អគ្គ​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន​បាន​បញ្ជាក់​ថា​ការ​ខ្វែង​គំនិត​គ្នា​របស់​ប្រជា​ពលរដ្ឋ​នឹង​ធ្វើ​ឲ្យ​ពួកគេ​បរាជ័យ​ក្នុង​ការ​ទាមទារ។ លោក​មាន​ប្រសាសន៍​ថា លោក​គាំទ្រ​មតិ​ភាគ​ច្រើន​ដោយសារ​តែ​អ្នក​ស្រី​លី​ មុំ​មាន​ការ​ប្រែប្រួល​ច្រើន។

«នេះ​ជាការ​មួយ​អាច​ឈាន​ទៅ​ដល់​ខាង​សាលា​រាជធានី​ភ្នំពេញ​រឺក៏​ខាង​រដ្ឋា​ភិបាល។ គេ​អាច​យក​លេស​ហ្នឹង​ដើម្បី​ចោទ​ថា ប្រជា​ពលរដ្ឋ​មិន​មាន​សណ្តាប់​ធ្នាប់​ (និង​គ្មាន) ជំហរ​ច្បាស់​លាស់។ អញ្ចឹង​អាច​ឈាន​ទៅ​រក​ការ​បណ្តេញ​ចេញ​នៅ​ពេល​ណា​នោះ»។

ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន​របស់​លោក​ឧកញ៉ា​ឡាវ ម៉េងឃីន​ សមាជិក​ព្រឹទ្ឋ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជួល​ដី​បឹង​កក់​រយៈ​ពេល​៩៩​ឆ្នាំ​សម្រាប់​សង់​មជ្ឃមណ្ឌល​ពាណិជ្ជ​កម្ម​ទំនើបៗ និង​ផ្ទះ​ល្វែង​ក៏​ប៉ុន្តែ​ការ​អភិវឌ្ឍ​នេះ​បាន​ប៉​ពាល់​ដល់​ផ្ទះ​ប្រជាជន​ជាង​៤.០០០​ពាន់​គ្រួសារ។

ក្រុម​ហ៊ុន​និង​សាលា​ក្រុង​ភ្នំពេញ​បាន​​ផ្លល់​ជម្រើស​ចំនួន​បី។ ​ទី១​ផ្តល់​លុយ​ចំនួន​៨.០០០​ដុល្លារ​ និង​២លាន​រៀល​ ទី​២​សំណង​ជា​ផ្ទះ​ល្វែង​៤ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ​នៅ​ដំណាក់ត្រយឹង​ដែល​មាន​ចម្ងាយ​ជាង​២០​គម​ពី​ទី​ក្រុង​ភ្នំពេញ និង​ទី​៣​អភិវឌ្ឍ​នៅ​នឹង​កន្លែង៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!