VOA News: ព័ត៌មាន: “អតីត​អ្នកទោស​បឹងត្របែក​រំលឹក​រឿង​ឈឺចាប់​ក្រោយ​ចូលរួម​សវនាការ​កាត់ទោស​មេខ្មែរ​ក្រហម” plus 4 more

VOA News: ព័ត៌មាន: “អតីត​អ្នកទោស​បឹងត្របែក​រំលឹក​រឿង​ឈឺចាប់​ក្រោយ​ចូលរួម​សវនាការ​កាត់ទោស​មេខ្មែរ​ក្រហម” plus 4 more


អតីត​អ្នកទោស​បឹងត្របែក​រំលឹក​រឿង​ឈឺចាប់​ក្រោយ​ចូលរួម​សវនាការ​កាត់ទោស​មេខ្មែរ​ក្រហម

Posted: 23 Dec 2011 11:54 AM PST

អតីត​អ្នកទោស​នៅ​មន្ទីរ​ឃុំឃាំង​បឹង​ត្របែក​ក្នុង​របប​ខ្មែរ​ក្រហម​គឺ​អ្នកស្រី​នៅ សារឹម ​បាន​ទៅ​ចូលរួម​ស្តាប់​សវនាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​លេខ​០០២​ក្នុង​ពេល​ដែល​ចាប់ផ្តើម​កាលពី​ចុង​ខែ​វិច្ឆិកា។

ការចូលរួម​ក្នុង​សវនាការ​នេះ​បាន​ធ្វើ​ឱ្យ​អ្នកស្រី​នៅ សារឹម​នឹក​ឃើញ​ដល់​អនុស្សាវរីយ៍​ឈឺចាប់​ពេល​រស់នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​និង​អតីត​អ្នកទោស​ដូច​គ្នា​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត។

លោកស្រី​បញ្ជាក់​បន្ថែម​ថា ​សវនាការ​នេះ​ជា​មេរៀន​ដ៏​ល្អ​មួយ​សម្រាប់​មេដឹកនាំ​នានា​យក​មក​រៀន​សូត្រ​ថា​ត្រូវ​ធ្វើ​ល្អ​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន​ពេល​នៅ​កាន់​អំណាច​បើមិន​ដូច្នេះ​ទេ​ ពួកគេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការកាត់​ទោស​ដូចនេះ។

អ្នក​ស្រី​នៅ  សារឹម ដែល​ជា​អតីត​បុគ្គលិក​នៃ​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ដែរ​បាន​ផ្តល់​បទសម្ភាស​ជាមួយ​លោក​ម៉ែន គឹមសេង​អំពី​ការសង្កេត​​លើ​សាលាក្តី​ខ្មែរ​ក្រហម​និងបទ​ពិសោធ​នៃ​ការចូលរួម​ក្នុង​សវនាការ​នេះ​នៅពេល​ដែល​វិល​ត្រឡប់​មកដល់​សហរដ្ឋ​អាមេរិក​វិញ។ ខាង​ក្រោម​នេះ​ជា​បទសម្ភាស​រវាង​លោក​ ម៉ែន គឹមសេង​ជាមួយ​នឹង​អ្នកស្រី​នៅ សារឹម។

<!--AV-->

<!--AV-->

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៣ ធ្នូ យប់

Posted: 23 Dec 2011 09:16 AM PST

កូរ៉េ​ខាង​ជើង៖ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ចោទ​ប្រកាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​សុក្រ​នេះ​ពី​ការ​ឆ្លើយ​តប​ពុំ​អាច​អត់ទ្រាំ​បាន​ ដល់​ការ​ស្លាប់​​មេដឹកនាំ​កំពូល​ គីម យុងអ៊ីល​ (Kim Jong Il) ដោយ​កូរ៉េ​ខាង​ត្បូង​សម្តែង​សមានចិត្ត​ដល់​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ជើង ប៉ុន្តែ​បាន​សម្រេច​មិន​បញ្ជូន​គណៈប្រតិភូ​រដ្ឋាភិបាល​ឲ្យ​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​របស់​លោក គីម យុងអ៊ីល នៅ​សប្តាហ៍​ក្រោយ​ទេ។

បារាំង៖ ក្រសួង​សុខាភិបាល​នៃ​ប្រទេស​បារាំង​ បាន​ជំរុញ​ស្រ្តី​៣​ម៉ឺន​នាក់​ដែល​បាន​វះ​កាត់​ពង្រីក​សុដន់​ជាមួយ​ក្រុមហ៊ុន​បារំាង​រលាយ​បាត់​មួយ​ ឲ្យ​យក​សុដន់​នោះ​ចេញ​វិញ​ហើយ​ការ​ជំរុញ​នេះ​ចាត់​ទុក​ថា​ជា​ការ​ប្រុង​ប្រយ័ត្ន​ជា​មុន។

ហ្វីលីពីន៖ ពួក​មន្រ្តី​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ចំនួន​មនុស្ស​ដែល​បាន​បាត់​ខ្លួន​ពី​ទឹក​ជំនន់​កាល​ពី​សប្តាហ៍​មុន​បាន​កើន​ឡើង​ដល់​ជាង​១​ពាន់​នាក់។ ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ជាតិ​ ប្រាប់​ឲ្យ​ដឹង​ថា​ ខ្យល់​ព្យុះ​តំបន់​ត្រូពិក​វ៉ាស្ស៊ី​ (Washi) ​ហើយ​នឹង​ទឹក​ជំនន់​ដ៏​ខ្លាំង​មួយ​​ដែល​បាន​កើត​មាន​ឡើង​នៅ​ភាគ​ខាង​ត្បូង​នៃ​កោះ​មីនដាណាវ (Mindanao) ក៏​បាន​សម្លាប់​យ៉ាង​ហោច​ណាស់​ក៏​១.០៨០​នាក់​ដែរ។

អ៊ីរ៉ង់៖ អ្នក​ការទូត​អ៊ីរ៉ង់​ដែល​គេ​បណ្តេញ​ចេញ​​បាន​រៀប​ចំ​វ៉ាលី​នៅ​ស្ថានទូត​អ៊ីរ៉ង់​ក្នុង​ទីក្រុង​ឡុងដ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ ខណៈពេល​ដែល​ហ្វូង​មនុស្ស​រៀបចំ​ការ​ប្រឆាំង​តវ៉ា​ថ្មី​នឹង​អង់គ្លេស​នៅ​ក្នុង​រដ្ឋធានី​តេរ៉ង់ (Tehran)។

អេហ្ស៊ីប៖ ពួក​សកម្មជន​អេហ្ស៊ីប​ កំពុង​រៀប​ចំ​ផែនការ​ធ្វើ​បាតុកម្ម​ក្នុង​រដ្ឋធានី​គែរ (Cairo) នៅ​ថ្ងៃសុក្រ​នេះ​ដើម្បី​ទាម​ទារ​ឲ្យ​ពួក​មេដឹកនាំ​យោធា​អន្តរកាល​របស់​ប្រទេស​នោះ​ សុំ​អភ័យ​ទោស​​ចំពោះ​អំពើ​ហិង្សា​កាល​ពី​ពេល​ថ្មីៗ​នេះ​ប្រឆាំង​បាតុករ​ស្រ្តី​ ហើយ​នឹង​ឲ្យ​បង្កើន​ល្បឿន​ផែនការ​របស់​គេ​ដើម្បី​ផ្ទេរ​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល។

ស.រ.អ.៖ បុរស​ស្បែក​ស​ម្នាក់​នៅ​ក្នុង​រដ្ឋ​ម៉ាសាជូសេត (Massachusettes) ភាគ​ឦសាន្ត​ស.រ.អ. បាន​ត្រូវ​កាត់ទោស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ឲ្យ​ជាប់​គុក​ចំនួន​១៤​ឆ្នាំ​ ចំពោះ​ការ​ដុត​ព្រះវិហារ​គ្រិស្តសាសនា​អាមេរិក​ស្បែក​ខ្មៅ​ ដើម្បី​ប្រឆាំង​តវ៉ា​ការ​ជាប់ឆ្នោត​របស់​លោក​បារ៉ាក់ អូបាម៉ា។

ឆែក៖ មេដឹកនាំ​ពិភពលោក និង​ប្រជាពល​រដ្ឋ​​សាធារណរដ្ឋ​ឆែក​ (Czech Republic) នឹង​គោរព​វិញ្ញាណក្ខន្ធ​ចុង​ក្រោយ​ដល់​អតីត​​ប្រធានាធិបតី​វ៉ាក្លាវ (Vaclav) នៅ​ពិធី​បុណ្យ​សព​ផ្លូវ​រដ្ឋ​មួយ​ក្នុង​រដ្ឋធានី​ប្រាក​នៅ​ថ្ងៃ​សុក្រ​នេះ។ អតីត​មេដឹកនាំ​ឆែក​អាយុ​៧៥​ឆ្នាំ​នេះ​ បាន​ទទួល​មរណភាព​ដោយសារ​បញ្ហា​ជំងឺ​ផ្លូវ​ដង្ហើម​ ​ក្នុង​​ពេល​ទទួល​ទាន​ដំណេក​​កាល​ពី​ថ្ងៃ​អាទិត្យ។

ចិន៖ តុលាការ​ចិន​បាន​កាត់​ទោស​អ្នក​ប្រឆាំង​ដ៏​លេច​ធ្លោ​ម្នាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ ឲ្យ​ជាប់​ពន្ធនាគារ​៩ឆ្នាំ ពី​បទ​ញុះញង់​ការ​បះបោរ​ប្រឆាំង។

ស៊ីរី៖ ទូរទស្សន៍​រដ្ឋ​របស់​ប្រទេស​ស៊ីរី​និយាយ​ថា អ្នក​សកម្ម​ប្រយុទ្ធ​នៃ​ភេរវកម្ម​អាល់ខៃដា ប្រហែល​ជា​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត នៅ​អគារ​សន្តិសុខ​របស់​រដ្ឋាភិបាល​ចំនួន​២​កន្លែង​ ក្នុង​ក្រុង​ដាម៉ាសកូស (Damascus) នៅ​ថ្ងៃ​សុក្រ​នេះ ដែល​បាន​សម្លាប់​ជន​ស៊ីវិល និង​ទាហាន​ជា​ច្រើន។

ប៉ាគីស្ថាន៖ កងទ័ព​ប៉ាគីស្ថាន​បាន​បដិសេធ​ការ​រក​ឃើញ​របស់​អាមេរិក​ទាក់ទង​នឹង​ការ​វាយ​ប្រហារ​របស់​កង​កម្លាំង​ចម្រុះ​កាល​ពី​ខែ​មុន ដែល​បាន​សម្លាប់​ទាហាន​ប៉ាគីស្ថាន​២៤​នាក់ នៅ​ព្រំ​ដែន​រវាង​ប៉ាគីស្ថាន និង​អាហ្វហ្កានីស្ថាន។

ស.រ.អ.៖ ក្រោយ​ពី​ជជែក​តវ៉ា​គ្នា​ជា​ច្រើន​ខែ​ សភា ស.រ.អ. នៅ​ថ្ងៃ​សុក្រ​នេះ កំណត់​ថា ​គេ​នឹង​ពន្យារ​ពេល​ការ​កាត់​ពន្ធ​បន្ថែម​លើ​ប្រាក់​ខែ​ ដែល​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា ​និយាយ​ថា វា​គឺ​ជា​រឿង​សំខាន់​ដល់​សេដ្ឋកិច្ច​ស.រ.អ.។

<!--AV-->

This posting includes an audio/video/photo media file: Download Now

មាន​ការរៀបចំ​តិចតួច​នៅឡើយ​សម្រាប់​ពេល​ព្រះមហាក្សត្រ​សីហនុ​សោយ​ទីវង្គត

Posted: 23 Dec 2011 06:06 AM PST

សមាជិក​រាជវង្សានុវង្ស​មួយ​អង្គ​បាន​ឲ្យ​ដឹង​ថា​ ព្រះបរមរាជវាំង​បាន​រៀបចំ​ត្រៀម​ទុក​ជា​មុន​សម្រាប់​ការសោយ​ទីវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ នរោត្តម ​សីហនុ ​ខណៈដែល​ព្រះអង្គ​មាន​ព្រះជន្ម​ឈាន​ដល់​៩០​ ព្រះវស្សា​ហើយ​នោះ។

ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ ​ធម្មិកោ ​មាន​បន្ទូល​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក ​កាល​ពី​សប្ដាហ៍​មុន​ថា​ មាន​ការរៀបចំ​ទុក​សម្រាប់​ថ្ងៃ​ចុងក្រោយ​ណា​មួយ​របស់​អតីត​ព្រះមហាក្សត្រ ​ក៏ប៉ុន្ដែ​ព្រះអង្គ​មិន​អាច​បង្ហាញ​ថា​ ការរៀបចំ​នោះ​មាន​អ្វីខ្លះ​នោះ​ទេ។

«ត្រៀមទុក​អស់​ហើយ។ ​ដូច្នេះ​ពេល​នោះ​ទើប​ខាង​ព្រះបរម​រាជវាំង​នឹង​ផ្សាយ​ជា​ផ្លូវការ»។
ជាទូទៅ​នៅ​ក្នុង​ប្រទេស​រាជានិយម​ ការប្រុងប្រៀប​សម្រាប់​ការសោយ​ទីវង្គត​របស់​អង្គក្សត្រ​ តែងតែ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ក្សត្រអង្គ​នោះ​យាងចូល​ព្រះជន្ម​កាន់តែ​ច្រើន​ ត្បិត​ការ​ប្រតិបត្តិ​តាម​តំណ​រាជវង្ស​​មាន​ភាព​ស្មុគស្មាញ​ជាង​ប្រជានុរាស្ដ្រ​ធម្មតា។ ​ក៏ប៉ុន្ដែ​ព្រះអង្គ​ម្ចាស់​ស៊ីសុវត្ថិ ​ធម្មិកោ​ មាន​បន្ទូល​ថា ​ វា​មិនមែន​ជា​ហេតុផល​សមស្រប​ទេ​ក្នុង​ពេល​នេះ​ក្នុង​ការគិត​គូរ​ទុក​ជា​មុន​ពី​ការសោយ​ទីវង្គត​របស់​ព្រះមហាវីរក្សត្រ​នោះ។ ​ត្បិត​អតីត​ព្រះមហាក្សត្រ​នៅ​មាន​ព្រះរាជ​សុខភាព​មាំទាំ​នៅ​ឡើយ ​ពុំ​មាន​សញ្ញា​ណា​គួរ​ឲ្យ​បារម្ភ​ពី​ព្រះអង្គ​ឡើយ។

ព្រះអង្គម្ចាស់​ធម្មិកោ ​ដែល​ត្រូវ​ជា​ក្មួយ​របស់​អតីត​ព្រះមហាក្សត្រ ​និង​ត្រូវ​ជា​លេខា​របស់​ព្រះអង្គ​ផ្ទាល់​ផងដែរ ​មាន​បន្ទូល​បន្ថែម​ថា ​សម្ដេច​ឪ ​នរោត្តម ​សីហនុ ​អាច​នឹង​មាន​ព្រះជន្ម​រហូត​ដល់​៩៦​ ព្រះ​វស្សា។

«ប្រសិន​បើ​យើង​គិត​អំពី​ប្រវត្តិខ្មែរ ​គ្មាន​ព្រះមហាក្សត្រ​ខ្មែរ​ណា​មាន​ព្រះជន្ម​យឺនយូរ​ ដូច​ព្រះករុណា​ព្រះមហាវីរក្សត្រ ​ព្រះនរោត្តម ​សីហនុ​ ទេ។ ​ព្រះបាទ​ជ័យវរ្ម័ន​ សុគត ​នៅ​ព្រះជន្ម​៨០ ​ព្រះវស្សា។ ​ព្រះករុណា​ព្រះបាទ ​ស៊ីសុវត្ថិ​ ដែល​ត្រូវ​ចាត់ទុក​ថា ​លោក​មាន​ព្រះជន្ម​យឺនយូរ​ជាង​គេ ​គឺ​៨៤ ​ព្រះវស្សា។​ រីឯ​ព្រះបាទ​សីហនុ ​ព្រះជន្ម​៩០​ហើយ​។ ​បើ​សិន​ជា​យើង​ជឿ​លើ​ហោរាសាស្ដ្រ​ឥណ្ឌា ​គឺ​ថា ​ព្រះអង្គ​នឹង​មាន​ព្រះជន្ម​រហូតដល់​៩៦ ​ព្រះវស្សា»។

អតីត​ព្រះមហាក្សត្រ ​បាន​យាង​ចូល​ព្រះជន្ម​៩០​ ព្រះវស្សា​ កាល​ពី​ចុង​ខែ​តុលា ​ឆ្នាំ​២០១១​នេះ។​ ពីធី​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ​ត្រូវ​បាន​រៀបចំ​យ៉ាង​អធិកអធម​ក្នុង​ទីក្រុង​ភ្នំពេញ។ ​ហើយ​ព្រះអង្គ​បាន​មាន​ព្រះរាជឱង្កា​យ៉ាងវែង​មួយ​ទៅ​កាន់​សាធារណជន​​ដោយ​ថ្លែង​ថា ​ព្រះអង្គ​នឹង​មិនយាង​ចេញ​ទៅ​ព្យាបាល​ព្រះរោគ ​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ទៀត​ទេ ​គឺ​ព្រះអង្គ​នឹង​បន្ដ​គង់នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​រៀង​រហូត។ ​ក៏ប៉ុន្ដែ​ព្រះអង្គម្ចាស់​ធម្មិកោ ​មាន​បន្ទូល​ថា ​ព្រះមហាវីរក្សត្រ​ទំនង​ជា​នឹង​នៅ​តែ​បន្ដ​យាង​ទៅ​ពិនិត្យ​ព្រះរោគ​ នៅ​ក្រុង​ប៉េកាំង​ទៀត​ ដោយ​មាន​ការទាមទារ​ពី​ក្រុម​គ្រូពេទ្យ​ចិន។​ សម្តេច​ឪ ​នរោត្តម​ សីហនុ ​ទទួល​រងទុក្ខ​ដោយ​ព្រះរោគ​មហារីក​អស់រយៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​ម្យ៉ាង​វិញ​ទៀត​ព្រះអង្គ​ត្រូវ​យាង​ទៅ​ពិនិត្យ​ និង​ព្យាបាល​ព្រះរោគ​នៅ​ប្រទេស​ចិន​ជា​ទៀងទាត់​រាល់​បី​ខែ​ម្ដង​ ឬ​យឺត​ជាង​នេះ​បន្ដិច។

លោក​ ជា ​គាន ​អនុប្រធាន​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ជាតិ​ និង​អន្តរជាតិ​មាន​ប្រសាសន៍​ថា​ មិន​ទាន់​មាន​ការដាក់​ផែនការ​ណាមួយ​ឲ្យ​មាន​ការរៀបចំ​ទុក​សម្រាប់​ការយាង​ចូល​ទីវង្គត​របស់​អតីត​ព្រះមហាក្សត្រ​ទេ។

គង់​ក្នុង​វត្ត​បុទមវតី ​ក្នុង​ទីក្រុង​ភ្នំពេញ ​សម្តេច​ព្រះសង្ឃរាជ​គណៈធម្មយុត្ត ​បួរ ​គ្រី ​មាន​សង្ឃដីកា​ថា ​ព្រះអង្គ​ក៏​មិន​ទាន់​បាន​ទទួល​ដំណឹង​ណាមួយ​ពី​ការរៀបចំ​ទុក​សម្រាប់​ការចូល​ទីវង្គត​ជាយថាហេតុ​របស់​អតីត​ព្រះមហាក្សត្រ​នោះ​ទេ។

«មិន​ទាន់​មាន​ដំណឹង​ណា​ដែល​ព្រះករុណា​សម្តេច​ព្រះមហាវីរក្សត្រ​មាន​ព្រះ​បន្ទូល​ផ្ដាំផ្ញើ​ ឬ​ក៏​មាន​ការចាត់​វិធានការ​យ៉ាង​ណា​មិនទាន់​បាន​ទទួល​ដំណឹង​អ្វី​ទេ។ ​ព្រះជន្ម​៨៩ ​យាង​ចូល​៩០​ ព្រះវស្សា​​ក៏​(ព្រះអង្គ) ​មាន​ព្រះរាជ​សុខភាព​មាំទាំ ​មិនមែន​ដូច​ជា​ផ្ទុំ​លើគ្រែ ​ងើប​មិន​រួច​ ឬ​ក៏​យាង​មិន​កើត​ទេ»។

ព្រះជន្ម​កាន់​តែ​ច្រើន​ ប៉ុន្ដែ​អតីត​ព្រះមហាក្សត្រ ​នរោត្តម ​សីហនុ ​នៅ​បន្ត​កាតព្វកិច្ច​មួយ​ចំនួន​នៅ​ឡើយ​ ដូច​ជា​ការ​ប្រគល់​អំណោយ​សប្បុរស​ដល់​ប្រជាជាតិ ​ការទទួល​ការ​ចូល​គាល់​ពី​មន្ដ្រី​ជាតិ ​និង​អន្ដរជាតិ​ក្នុង​ព្រះបរមរាជវាំង​ជា​ដើម។ ​នេះ​បើ​តាម​ការអះអាង​របស់​លេខា​ផ្ទាល់​របស់​ព្រះអង្គ ​គឺ​ព្រះ​អង្គម្ចាស់ ​ស៊ីសុវត្ថិ ​ធម្មិកោ ​និង​ការកត់សម្គាល់​របស់​សម្ដេច​ព្រះសង្ឃរាជ​គណៈធម្មយុត្ត ​បួរ​ គ្រី។

បើទោះ​ជា​ព្រះអង្គ​យល់​ថា ​មិន​ទាន់​ដល់​ពេល​ដែល​ត្រូវ​និយាយ​ពី​ការត្រៀមទុក​សម្រាប់​ថ្ងៃ​ដែល​អតីត​ព្រះមហាក្សត្រ​សោយទីវង្គត​ជា​យថាហេតុ​នោះ​ក៏ដោយ​ ប៉ុន្ដែ​ព្រះអង្គ​ម្ចាស់​ធម្មិកោ ​បាន​រំលឹក​ពី​ស្នាព្រះហស្ថ​ជា​ច្រើន​របស់​សម្តេច​ឪ ​នរោត្តម ​សីហនុ ​ក្នុង​ការ​កសាង​សាលារៀន ​រោងចក្រ​ និង​កសាង​សង្គម​មួយ​ដែល​មាន​ការរីកចម្រើន ​នោះ​គឺ​របប​សង្គមរាស្ដ្រ​និយម៕

This posting includes an audio/video/photo media file: Download Now

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​សុំ​ឱ្យ​ម្ចាស់​ជំនួយ​គាប​រដ្ឋាភិបាល​លើ​បញ្ហា​ច្បាប់​អង្គការ

Posted: 23 Dec 2011 07:08 AM PST

នៅ​ថ្ងៃ​សុក្រ​នេះ ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ បាន​អំពាវនាវ​ដល់​ប្រទេស​ផ្តល់​ជំនួយ​ឲ្យ​ដាក់​ការគាបសង្កត់​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​កែ​សម្រួល​ ឬ​ បោះបង់​ចោល​សេចក្តីព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​រឹតត្បិត​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចំនួន​១១​ រួមមាន​អង្គការ​សិទ្ធិមនុស្ស​ Human Rights Watch ​អង្គការ​ Freedom House ​និង​អង្គការ​ Global Witness ​បាន​ត្អូញត្អែរ​ប្រាប់​ប្រទេស​ផ្តល់​ជំនួយ​ថា​ សេចក្តី​ព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​លើក​ទីបួន​នេះ​បាន​រឹតបន្តឹង​សេរីភាព​នៃ​ការធ្វើ​សកម្មភាព​របស់​អង្គការ​សហគមន៍​មូលដ្ឋាន​ ការបិទ​អង្គការ​ ឬ ​ការបដិសេធ​ការ​ចុះបញ្ជី​អង្គការ​ដែល​ធ្វើ​តាម​អំពើ​ចិត្ត។

សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​ បាន​លើក​ឡើង​ថា​ប្រទេស​ផ្តល់​ជំនួយ​គួរតែ​ទទូច​ឲ្យ​មាន​ការការពារ​ចំពោះ​អង្គការ​សង្គម​ស៊ីវិល ​និង​បញ្ជាក់​ឲ្យ​ច្បាស់​ដល់​រដ្ឋាភិបាល​កម្ពុជា​ថា​សេចក្តី​ព្រាងច្បាប់​អង្គការ​ សមាគម​មិនមែន​រដ្ឋាភិបាល​លើក​ ទី​បួន​ត្រូវ​បាន​កែសម្រួល​ដើម្បី​ការពារ​អង្គភាព​សង្គម​ស៊ីវិល ​ឬ ​ដក​ចេញ។

លោក ​ប្រែដ អាដាម (Brad Adams) ​នាយក​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​ប្រចាំ​អាស៊ី ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​ជំរុញ​សេចក្តី​ព្រាងច្បាប់​មួយ​ដែល​ផ្តល់​អំណាច​ទូលំទូលាយ​ដើម្បី​ធ្វើ​សេចក្តី​សម្រេច​តាម​តែ​អំពើ​ចិត្ត​ដែល​ក្រុមអង្គការ​ទាំង​អស់​អាច ​ឬ ​មិន​អាច​ប្រតិបត្តិ​បាន។

លោក​ យ៉ាប់ ស្វី សេង (Yap Swee Seng) ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​វេទិកា​អាស៊ី​ដើម្បី​សិទ្ធិ​មនុស្ស ​និង​ការ​អភិវឌ្ឍ​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​សេចក្តី​ព្រាងច្បាប់​ចុង​ក្រោយ​នេះ​ អាច​ត្រូវ​បាន​ប្រើខុស​តាម​អំពើចិត្ត​ដើម្បី​កម្ចាត់​អង្គការ​អន្តរជាតិ​ ដែល​ពឹង​ធ្វើ​ការ​អភិវឌ្ឍ​សិទ្ធិ​ជា​មូលដ្ឋាន​ ហើយ​ផ្តល់​គំនិត​រិះគន់​ប្រកប​ដោយ​ន័យ​ស្ថាបនា​ និង​ពាក្យ​ទិតៀន​គោលនយោបាយ ​និង​ការ​អនុវត្ត​របស់​រដ្ឋាភិបាល។

លោក ស៊ូហាយ បេលហាសេន (Souhayr Belhassen) ​ប្រធាន​អង្គការ​ឃ្លាំមើល​ការការពារ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​  (FIDH) ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ប្រទេស​ផ្តល់​ជំនួយ​សម្រាប់​ប្រទេស​កម្ពុជា​គួរ​គាបសង្កត់​ក្រសួងមហាផ្ទៃ​ឲ្យ​បន្ថែម​ពេល​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​លើក​ទី​បួន ​ដើម្បី​ឲ្យ​ទស្សនៈ ​និង​សំឡេង​ទាំងអស់​ត្រូវ​បាន​គេ​ដឹង​ឮ។

លោក ​សន ម៉ាក់ ស៊ីនតុស (Sean J. McIntosh) ​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ​បាន​ថ្លែង​ថា​ សហរដ្ឋ​អាមេរិក​ជឿជាក់​យ៉ាង​មុតមាំ​ថា​ អង្គភាព​សង្គម​ស៊ីវិល​ខ្លាំង​ឯករាជ្យ​ និង​ផ្សេង​គ្នា​គឺ​ចាំបាច់​ចំពោះ​លទ្ធិ ​ប្រជាធិបតេយ្យ ​និង​ចំពោះ​ការអភិវឌ្ឍ​ជា​បន្ត​របស់​ប្រទេស​កម្ពុជា។

«យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ទស្សនៈ​ទាំង​អស់​ ដែល​បាន​លើក​ឡើង​ដោយ​ប្រទេស​ផ្តល់​ជំនួយ ​និង​អង្គការ​សង្គម​ស៊ីវិល​ ហើយ​កុំ​អនុម័ត​ច្បាប់​ថ្មី​ណា​មួយ​ដែល​រឹតត្បិត​ជា​ជាង​លើក​កម្ពស់​តួនាទី​ដ៏​សំខាន់​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា»។

លោកស្រី​ ឡូរ៉ែន ប៊ែណាឌី (Laurence Bernardi) ​អ្នក​នាំពាក្យ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ បាន​បន្ថែម​ថា​ប្រទេស​បារាំង​ បាន​ស្វាគមន៍​សេចក្តី​ព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​លើក​ទីបួន​ និង​បាន​ទទួល​ស្គាល់​ថា​កិច្ចខំប្រឹងប្រែង​នានា​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​បង្កើត​សេចក្តី​ព្រាងច្បាប់​នេះ​ដែល​ឆ្លើយតប​ទៅ​នឹង​កង្វល់​ជា​ច្រើន​ បាន​លើក​ឡើង​អំពី​សេចក្តីព្រាងច្បាប់​លើក​មុន។

លោកស្រី​ ប៊ែណាឌី ​បាន​បន្ថែម​ថា​បញ្ហា​មួយ​ចំនួន​នៅ​តែ​ត្រូវ​បាន​បញ្ជាក់​ ប៉ុន្តែ​យើង​ជឿជាក់​ថា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ​តំណាង​អង្គការ ​មិនមែន​រដ្ឋាភិបាល​ និង​រដ្ឋាភិបាល​នឹង​ធ្វើ​ការ​រួមគ្នា​ដើម្បី​ធ្វើ​ឲ្យ​អត្ថបទ​ច្បាប់​កាន់​តែ​ល្អ។

លោក​ ផៃ ​ស៊ីផាន ​រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ប្រចាំ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​ថ្លែង​ថា​រដ្ឋាភិបាល​មិន​អាច​បោះបង់​ចោល​សេចក្តី ​ព្រាងច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ទេ​ ពីព្រោះ​រដ្ឋធម្មនុញ្ញ​បាន​តម្រូវ​ឲ្យ​មាន។

«ការ​ជំរុញ​ឲ្យ​បោះបង់ចោល​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល ​ក៏​ដូច​ជា​ជំរុញ​រដ្ឋាភិបាល​មិន​ឲ្យ​គោរព​រដ្ឋធម្មនុញ្ញ។ ​អាហ្នឹង​ជា​ការវាយប្រហារ​ដល់​អធិបតេយ្យភាព​របស់​កម្ពុជា ​ហើយ​ជា​បំណង​មួយ​មិន​គួរ​ទទួល​យក​បាន​ទេ។​ សេចក្តី​ថ្លែងការណ៍​នេះ​បង្ហាញ​ពី​ការ​លូកដៃ ​ដោយ​ប្រាសចាក​ពី​នីតិរដ្ឋ​ និង​ការរំលោភ​លើ​អធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​ដែល​កំពុង​ពង្រឹង​នីតិរដ្ឋ»។

កាលពី​ថ្ងៃ​ច័ន្ទ​ លោក ​នុត ​សាអាន ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​បាន​ស្នើសុំ​ដល់​អង្គការ​សង្គមស៊ីវិល​បញ្ជូន​អនុសាសន៍ ​និង​កង្វល់​ជូន​ក្រសួង​មហាផ្ទៃ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ មុន​នឹង​កិច្ចប្រជុំ​ផ្សេងទៀត​ត្រូវ​បាន​ធ្វើ​ឡើង៕

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៣ ធ្នូ ព្រឹក

Posted: 22 Dec 2011 08:37 PM PST

កូរ៉េខាងជើង៖ បាន​ប្រកាស​ពី​ការ​ចាប់​ផ្តើម​យុគ្គ​របស់​លោក​គីម យុងអ៊ុន​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ គីម យុងអ៊ុន​ត្រូវ​បាន​គេ​ប្រកាស​ថា​ជា ​«អ្នក​កាន់​តំណែង​បន្ត» ​នៅ​ក្នុង​ដំណើរការ​បដិវត្តិ​របស់​ប្រទេស​ជាតិ​ «និង​ជា​មេ​ដឹក​នាំ​របស់​ប្រជារាស្រ្ត​កូរ៉េ​ខាង​ជើង»។

អ៊ីរ៉ាក់៖ មន្រ្តីអ៊ីរ៉ាក់​និយាយ​ថា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍មាន​ការ​ផ្ទុះ​គ្រាប់​បែក​ជាង​ដប់លើក​ បាន​កើត​ឡើង​នៅ​ក្នុង​រដ្ឋធានី​បាកដាដ​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច​៦៣​នាក់​ និង​ធ្វើ​ឲ្យ​របួស​ជាង​១៨០​នាក់​ រឿង​នេះ​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​កង​ទ័ព​សហរដ្ឋអាមេរិក​បាន​ដក​ថយ​ចេញ​ពី​ប្រទេស​នេះ​។

ប៉ាគីស្ថាន៖ ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក​និយាយ​ថា​ ការ​សម្រប​សម្រួល​គ្នា​មិន​គ្រប់​គ្រាន់​រវាង​កង​កម្លាំងប៉ាគីស្ថាន​និង​កង​កម្លាំង​ដឹក​នាំ​ដោយ​សហរដ្ឋអាមេរិក​ ដែលនាំឲ្យទាហាន​ប៉ាគីស្ថាន​ចំនួន២៤​នាក់​ត្រូវ​បាន​សម្លាប់ ​ដោយច្រឡំ​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​កាល​ពី​ខែ​មុននៅ​តាម​ព្រំដែន​ជា​មួយអាហ្វហ្គានីស្ថាន។

រុស្សី៖ ប្រធានាធិបតីរុស្ស៊ី​ ឌីមីទ្រី មេតវីដេវបាន​ស្នើ​ឲ្យ​មានកំណែទម្រង់​នយោបាយ​ដោយបន្ថយ​តម្រូវ​ការ​សម្រាប់​ចុះ​ឈ្មោះ​របស់​គណបក្ស​នយោបាយ​ និង​បេក្ខជន​ប្រធានាធិបតី បន្ទាប់​ពី​មាន​បាតុកម្ម​កាល​ពី​ពេល​ថ្មីៗ​នេះ​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​អំពី​ការ​លួច​បន្លំ​ក្នុង​ការ​បោះ​ឆ្នោត។​

នីហ្សេរីយ៉ា៖ អាជ្ញាធរនីហ្សេរីយ៉ាកំពុង​ខំ​ព្យាយាម​ការពារ​ការ​លេច​ប្រេង​ពី​អណ្តូង​ប្រេង​មួយ​របស់​ក្រុម​ហ៊ុនរ៉ូយ៉ាល់ដាច់ស្ហែល​​ដ៏​អាក្រក់​បំផុត​មួយ​តាម​ឆ្នេរ​សមុទ្រ​ក្នុង​ពេល​មួយ​ទសវត្សរ៍​កន្លង​ទៅ​នេះ​ មិន​ឲ្យ​អណ្តែត​មក​ដល់​ឆ្នេរ​ខ្សាច់​ភាគ​ខាង​ត្បូង​នៃ​ប្រទេសនៅ អាហ្រ្វិក​ខាង​លិច។

សហរដ្ឋអាមេរិក៖ លោកមីត ម៉ាក់ខលកូននីល មេ​ដឹក​នាំ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​នៃ​គណបក្ស​សាធារណរដ្ឋ​ បាន​អំពាវនាវ​ឲ្យ​សភា​តំណាងរាស្រ្ត​សរអា​អនុម័តការ​បន្ត​ការ​កាត់​ពន្ធ​ប្រាក់​ចំណូល​ក្នុង​រយៈ​ពេល​ពីរ​ខែ​ទៀត​ ដែល​ព្រឹទ្ធសភា​បាន​អនុម័តកាល​ពី​សប្តាហ៍​មុន។​

សហរដ្ឋអាមេរិក៖ ទី​ផ្សារ​ការងារ​នៅអាមេរិកមាន​ភាព​ប្រសើរ​ឡើង​បន្តិច​ កាល​ពី​សប្តាហ៍​មុន​ នៅ​ពេល​ដែល​មនុស្ស​ដាក់​ពាក្យ​សុំ​ជំនួយ​សម្រាប់​ការ​ឥត​ការ​ងារ​ធ្វើ​បាន​ចុះ​ថយ​ដល់​កម្រិត​ទាប​បំផុត​ ក្នុង​រយៈ​ពេល​ជាង​បី​ឆ្នាំ​កន្លង​ទៅ​នេះ គឺបាន​ចុះ​ថយ​ចំនួន​ ៤០០០​នាក់​ មក​នៅ​ត្រឹម​៣​សែន​៦​ម៉ឺន​៤​ពាន់​នាក់​សរុប​ទូទាំង​ប្រទេស។ គេ​រំពឹង​ថា​ភាព​ប្រសើរ​នៃ​ទីផ្សារ​ការងារ​អាចបង្កើនតម្រូវការអតិថិជន ​ដែល​ជា​កត្តា​ជួយ​រុញ​ច្រាន​សេដ្ឋកិច្ចអាមេរិកចំនួន​៧០%។

ស៊ីរី៖ ក្រុម​ទី​មួយ​របស់​អ្នក​សង្កេតការណ៍​នៃសហគមន៍អារ៉ាប់​បាន​ទៅ​ដល់​ស៊ីរី​ហើយ ពេល​ដែលចំនួន​មនុស្ស​ស្លាប់​កាន់​តែ​ច្រើន​ឡើង​ពី​ការ​បង្រ្កាប​មួយ​លើ​ការ​បះ​បោរ​របស់​ក្រុម​អ្នក​ប្រឆាំង។ ក្រុម​អ្នក​តាម​ដាន​នឹង​ចាំ​ឃ្លាំ​មើល​ថា​តើស៊ីរី​នឹង​ធ្វើ​តាម​សេចក្តី​សន្យា​មួយ​ដែល​ថា​ខ្លួន​នឹង​ឈប់​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​បាតុករ​អ្នក​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​ឬ​ដូច​ម្តេច?

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!